ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម សុទ្ធតែអះអាងថាបានខ្នះខ្នែងជួយដោះស្រាយបញ្ហាទីផ្សារ ឬរក្សាលំនឹងទីផ្សារកសិផលដោយប្រើទាំងច្បាប់ និងវិធានការចាំបាច់នានា។ ប៉ុន្តែកសិករតាមខេត្តជាច្រើន នៅតែបន្តត្អូញត្អែររឿងតម្លៃដំឡូង ពោត សណ្ដែក និងល្ង ជាដើម ចុះថោក ហើយអំពាវនាវឲ្យរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍រាប់ខែមកហើយ។
តើអ្វីជាឫសគល់នៃបញ្ហាទីផ្សារនៅកម្ពុជា បច្ចុប្បន្ន ហើយរដ្ឋាភិបាលបានធ្វើអ្វីខ្លះដើម្បីរក្សាលំនឹងទីផ្សារកសិផល?
តម្លៃទំនិញ ឬកសិផលឡើងចុះតិចតួច គឺជារឿងធម្មតាក្នុងប្រទេសដែលប្រកាន់យករបបទីផ្សារសេរី ខុសពីប្រទេសដែលប្រកាន់យករបបទីផ្សារបែបផែនការ។ ប៉ុន្តែអ្វីដែលខុសពីធម្មតាក្នុងរបបទីផ្សារសេរីនៅកម្ពុជា បច្ចុប្បន្ន គឺកសិករដែលជាអ្នកផលិតយ៉ាងសំខាន់នោះ ត្រូវខាតបង់ប្រាក់ និងជំពាក់បំណុលគេ ដោយកសិផលលក់បានថោកស្ទើរពាក់កណ្ដាល ឬជាងពាក់កណ្ដាលនៃថ្លៃដើមសរុប។
អតីតប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា សេដាក (CEDAC) លោក យ៉ង សាំងកុមារ ថ្លែងថា ឫសគល់នៃតម្លៃកសិផលចុះថោកអាចមកពីកសិករផលិតស្រូវ ពោត សណ្ដែក និងល្ងជាដើម ពុំមានគុណភាពល្អត្រូវនឹងតម្រូវការទីផ្សារ កសិករមិនបានចងក្រងជាសហគមន៍ ឬជាក្រុមដើម្បីលក់ផលិតផលចេញ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធ ផ្ដល់ការគាំទ្រតិចតួចនៅឡើយ៖ « គាំទ្រដល់កសិករ សហគមន៍ ក្រុមហ៊ុន ធ្វើការទាក់ទងនឹងទីផ្សារ ឬក្រុមហ៊ុនសិប្បកម្មដែលទាក់ទងនឹងការកែច្នៃលើផលកសិកម្ម។ អ៊ីចឹងបានថាអន្តរាគមន៍របស់រដ្ឋាភិបាលមានកម្រិត។ ជារួម ធ្វើសមត្ថភាពផលិតយើងដើម្បីផ្គត់ផ្គង់នៅទីផ្សារ សមត្ថភាពយើងក្នុងការប្រកួតប្រជែងក្នុងទីផ្សារជាមួយគេមានកម្រិតទាប »។
លោកថា រដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាទីផ្សារ ដោយជំរុញឲ្យមានក្រុមហ៊ុន ឬសហគ្រាសកែច្នៃកសិផលក្នុងស្រុកឲ្យបានច្រើន ដើម្បីនាំចេញ ទំនាក់ទំនងទីផ្សារក្រៅប្រទេសដោយផ្ទាល់ ផ្ដល់បច្ចេកទេសផលិតជូនកសិករ ឬឲ្យពួកគេចងក្រងជាក្រុមដើម្បីលក់ផលិតផល ស្របពេលគ្នានេះ រដ្ឋក៏ត្រូវផ្ដល់ប្រាក់កម្ចីបន្ថែមដល់ក្រុមហ៊ុន ដើម្បីទិញកសិផលទាំងនោះដែរ។
ទាក់ទងបញ្ហានេះ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាក់បន្ទោសគ្នាទៅវិញទៅមកនៅគ្រាដែលកសិករបន្តត្អូញត្អែររឿងតម្លៃកសិផលចុះថោកខ្លាំងនៅឆ្នាំ២០១៧ នេះ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម អ្នកស្រី សឹង សុផារី ថ្លែងថា ព័ត៌មានទាក់ទងទីផ្សារកសិផលមិនបានផ្សព្វផ្សាយឲ្យបានទូលំទូលាយ ធ្វើឲ្យកសិករ ឬអ្នករកស៊ីលំបាកនឹងសម្រេចចិត្ត។ ដូច្នេះ ក្រសួងសម្រេចបង្កើតក្រុមការងារតាមដានតម្លៃទីផ្សារកសិផលមួយ ដើម្បីប្រមូលព័ត៌មានពីការប្រែប្រួលតម្លៃទំនិញនៅលើទីផ្សារ ហើយត្រូវផ្សាយបន្តដល់កសិករឲ្យងាយយល់ និងទទួលយកបាន៖ « ប្រព័ន្ធសេដ្ឋកិច្ចយើងនៅខ្វះខាត គឺសារព័ត៌មានហ្នឹងឯង ពីព្រោះរបបទីផ្សារសេរី ព័ត៌មានដូចជាចរន្តឈាមអ៊ីចឹង តែឈាមរត់មិនដល់ខួរក្បាល ហើយអាការសម្រេចចិត្ដ ឬការពិចារណាហ្នឹង ក៏វាចុះខ្សោយដែរ។ នៅពេលណាដែលការផ្សព្វផ្សាយរបស់យើងនៅមានកម្រិត វាអត់បានជ្រាបដល់ប្រជាជននៅមូលដ្ឋានទេ អា Chanel ( ប៉ុស្តិ៍ ) ក្នុងការផ្សព្វផ្សាយព័ត៌មានមិនទាន់រៀបត្រូវរបត់ »។

ចំណែករឿងជួយរកទីផ្សារ ឬរក្សាលំនឹងកសិផលវិញ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា បញ្ហាទីផ្សារកសិផលមិនមែនជាបន្ទុករបស់ក្រសួងពាណិជ្ជកម្ម តែម្នាក់ឯងនោះទេ ប៉ុន្តែក្រសួងខិតខំទាក់ទងទីផ្សារក្រៅប្រទេសដូចជា ចិន និងនៅអឺរ៉ុប ហើយចុងឆ្នាំ២០១៧ នេះ ក្រសួងនឹងមានការពិភាក្សាជាមួយអាមេរិកឡាទីន ក្នុងគោលបំណងពង្រីកទីផ្សារកសិផលទៅកាន់ប្រទេសនៅក្នុងតំបន់នេះមួយទៀត៖ « អ៊ីចឹងបើជជែកទៅគេចាប់អារម្មណ៍ ចង់ទិញទំនិញកសិផលយើង អាហ្នឹងយើងអាចបើកច្រកទីផ្សារទៅណោះទៀតហើយ ប៉ុន្តែភ្ជាប់ទំនាក់ទំនងមែន តែសួរថាលទ្ធភាពនៃការផលិត ហើយគុណភាពដែលយើងផលិតបានហ្នឹង យើងអាចឈោងចាប់កម្រិតដែលគេអាចទទួលយកបាន ឬអត់ »។
កាលពីឆ្នាំ២០១៦ រដ្ឋាភិបាលបានបើកឲ្យមានកម្ចីការប្រាក់ទាបដល់ក្រុមហ៊ុន និងសហគ្រាស ព្រមទាំងក្រុមកសិករដែលបង្កើតជាសហគមន៍ ដើម្បីប្រមូលទិញស្រូវស្ដុកទុក ឬកែច្នៃនាំចេញទៅក្រៅ ប៉ុន្តែមន្ត្រីជំនាញកសិកម្មឲ្យដឹងថា វិធានការនេះមានប្រសិទ្ធភាពតិចតួចបំផុត ព្រោះប្រាក់ដែលបានបញ្ចេញចំនួន ២៧លានដុល្លារនោះ មានម្ចាស់ក្រុមហ៊ុនខ្ចីទៅប្រើតែប្រមាណពីរលានដុល្លារប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហ៊ាន វណ្ណហន ថ្លែងថា ក្រសួងបានធ្វើការងារច្រើនលើបញ្ហាទីផ្សារកសិផល និងបង្កើនផលិតភាពកសិកម្ម។ បច្ចុប្បន្ន ក្រសួងចងក្រងសហគមន៍កសិករលក់កសិផលបានជាង ៨០០ក្រុមនៅទូទាំងប្រទេស បន្ទាប់ពីអនុម័តគោលនយោបាយមួយ តម្រូវឲ្យកសិករចុះកិច្ចសន្យាទិញលក់ជាមួយម្ចាស់ក្រុមហ៊ុនកែច្នៃកសិផលក្នុងស្រុក៖ « ដើម្បីឲ្យមានតុល្យភាព ដើម្បីផ្ដល់អំណាចចរចាជូនដល់កសិករ ឬសហគមន៍កសិករ មិនអាចឲ្យគាត់ផលិតតាមការដែលគាត់មើលឃើញគ្នានោះទេ គឺឲ្យគាត់មានកិច្ចសន្យាច្បាស់លាស់មុន។ ពេលដែលគាត់ផលិតដឹងថាគាត់ត្រូវផលិតអី ? ប៉ុន្មាន ? ហើយគាត់ដឹងថាគាត់នឹងលក់បានតម្លៃប៉ុន្មាននៅពេលប្រមូលផល ? នេះជាការងារដែលយើងធ្វើឲ្យមានលំនឹងតម្លៃ »។
អ្នកនាំពាក្យរូបនេះទទួលស្គាល់ថា គុណភាពកសិផលដែលកសិករផលិតបាននៅមានកម្រិត ដែលធ្វើឲ្យមានបញ្ហាខាងតម្លៃលក់ចេញ ប៉ុន្តែបរិមាណកសិផលកម្ពុជា មានការកើនឡើងស្ទើរគ្រប់មុខ។
របាយការណ៍របស់ក្រុមការងារផ្នែកស្រូវអង្ករនៃវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន បង្ហាញថា រយៈពេល ៦ខែដើមឆ្នាំ២០១៧ កម្ពុជា បាននាំចេញអង្ករចំនួនជិត ៣សែនតោន (២៨៨.៥៦២តោន) បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ កម្ពុជា នាំចេញអង្ករទៅក្រៅប្រទេសបានប្រមាណ ២សែន ៧ម៉ឺនតោន (២៦៨.១៩០តោន)។
ទោះជាយ៉ាងណា អ្នកជំនាញកសិកម្មថាចំនួនក្រុមហ៊ុនកែច្នៃកសិផលនាំចេញទៅក្រៅប្រទេសដើម្បីលក់បានថ្លៃនោះ នៅមានតិចតួចនៅឡើយ មិនសមាមាត្រនឹងបរិមាណកសិផលដែលកសិករផលិតបានប្រចាំឆ្នាំ។ ដូច្នេះ កសិករខ្លះត្រូវបង្ខំចិត្តលក់ស្រូវ ពោត និងសណ្ដែកជាដើមដែលមិនទាន់បានកែច្នៃ ទៅក្រៅប្រទេសតាមរយៈឈ្មួញកណ្ដាលក្នុងតម្លៃថោក ឬទាបជាងតម្លៃទីផ្សារក្រៅស្រុកទ្វេដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។