ការរៀបចំដីស្រែ ឬចម្ការឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជារឿងសំខាន់ដំបូងគេដែលប្រជាកសិករត្រូវអនុវត្តដើម្បីដីមានជីជាតិ និងទិន្នផលខ្ពស់សម្រាប់ដំណាំកសិកម្មគ្រប់ប្រភេទ។
មន្ត្រីជំនាញក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ព្រមទាំងមន្ត្រីជំនាញគ្រឿងយន្តកសិកម្ម អំពាវនាវឲ្យកសិករពិនិត្យមើលបញ្ហារៀបចំដីស្រែ និងរក្សាគុណភាពដីក្រោយពីសង្កេតឃើញថា កសិករមួយចំនួននៅតែបន្តធ្វើស្រែពឹងមេឃ ខណៈដីស្រែរបស់ពួកគេត្រូវបានបំផ្លាញគុណភាពដោយការប្រើប្រាស់ជីគីមីច្រើនពេក និងមិនបានបន្ថែមជីធម្មជាតិក្នុងស្រែដែលស្ទូងរាល់ឆ្នាំនោះ។
អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លោក លាង ដេត មានប្រសាសន៍ថា ជញ្ជ្រាំងស្រូវ គឺជាប្រភពជីធម្មជាតិមួយប្រភេទដែលជួយឲ្យដីស្រែធូរ មានសំណើម និងសន្ទូងធន់នឹងអាកាសធាតុ។ ដូច្នេះ កសិករគួរភ្ជួរលុបគល់ជញ្ជ្រាំងក្រោយប្រមូលផលស្រូវរួចភ្លាម ដោយមិនត្រូវដុតវាចោល ឬទុកឲ្យវាហើរប៉ើងតាមខ្យល់ចោលនោះទេ៖ « តាមការសង្កេតកន្លងមកយើងឃើញថា ថ្វីត្បិតតែខាងបច្ចេកទេសបានណែនាំជូនដល់កសិករដែរ ប៉ុន្តែកសិករមិនទាន់អនុវត្តបាន ព្រោះគាត់គិតថាគល់ជញ្ជ្រាំងនេះជាចំណីរបស់សត្វពាហនៈ។ អ៊ីចឹងគាត់មិនអាចភ្ជួរលុបបានទេ។ អ៊ីចឹងជាជំហានដំបូង កសិករត្រូវភ្ជួរលុបគល់ជញ្ជ្រាំងដើម្បីគ្រប់គ្រងជីជាតិដីឲ្យបានល្អ »។
ចូលដល់ពេលភ្លៀងធ្លាក់កក់ខែ ឬនៅខែពិសាខដើមឆ្នាំ នៃរដូវបង្កបង្កើនផលស្រូវវស្សាម្ដងៗ កសិករត្រូវរៀបចំទប់ភ្លឺស្រែ ភ្ជិតរន្ធក្ដាម និងសត្វចង្រៃដែលតែងកាយទម្លាយភ្លឺស្រែ ដើម្បីរក្សាទឹកភ្លៀងក្នុងស្រែ។ ពេលមានទឹកក្នុងស្រែ កសិករត្រូវពិនិត្យដីអាចម៍បំណះដែលភ្ជួរទុកចោលកាលពីប្រមូលផលរួចឆ្នាំមុននោះ ថាតើវាជ្រាបទឹកចូលក្នុងដីបានជ្រៅណា និងរលួយគល់ជញ្ជ្រាំងឬនៅ? ទើបអនុវត្តការភ្ជួរជាថ្មី។
អ្នកជំនាញកសិកម្ម លោក លាង ដេត ថានៅដំណាក់កាលនេះ កសិករត្រូវអនុវត្តការភ្ជួររាស់ចំនួនបីលើកទៀត មុនយកសំណាបមកស្ទូង។ កសិករត្រូវភ្ជួរម្ដងបណ្ដោយ ហើយលើកក្រោយៗទៀតត្រូវភ្ជួរទទឹងអាចម៍បំណះ ដើម្បីឲ្យដីច្របល់ចូលគ្នាសព្វល្អ និងងាយស្រួលកៀរពង្រាបទីស្ទូង។ បើភ្ជួរបានត្រឹមត្រូវ ស្មៅនឹងងាប់អស់ កម្ចាត់ពងសត្វល្អិតចង្រៃ និងធ្វើឲ្យដីផុសល្អមានខ្យល់ចេញចូលដែលអំណោយផលដល់ការលូតលាស់របស់សន្ទូង និងធ្វើឲ្យសន្ទូងធន់នឹងអាកាសធាតុ៖ « ជាទូទៅ កសិករត្រូវតែភ្ជួរដីឲ្យបានសព្វល្អ និងមានជម្រៅពី ១៥ ទៅ ២០សង់ទីម៉ែត្រ។ ការភ្ជួរដីត្រូវធ្វើឲ្យបានបីដង និងកៀរពង្រាបដីឲ្យបានស្មើល្អ ដើម្បីងាយស្រួលនឹងការគ្រប់គ្រងទឹក សត្វល្អិត និងការប្រើប្រាស់ជី។ អ៊ីចឹងយើងត្រូវភ្ជួរលើកទី១ ផ្អាប់រយៈពេល ៧ថ្ងៃ បន្ទាប់កសិករត្រូវភ្ជួរដីលើកទី២ បន្ទាប់ពីភ្ជួរលើកទី១ រយៈពេល ៧ថ្ងៃ ហើយភ្ជួរលើកទី៣ គឺយើងភ្ជួររាស់ដីសម្រាប់ស្ទូង ក្រោយពីភ្ជួរលើកទី២ រយៈពេល ៧ថ្ងៃ។ សរុបនៃការភ្ជួរដីទាំងបីលើកមានរយៈពេល ២១ថ្ងៃ »។
ចំណែកអ្នកជំនាញគ្រឿងយន្តកសិកម្មវិញអះអាងថា កសិករមួយចំនួនមិនអាចអនុវត្តគោលការណ៍ភ្ជួរដីឲ្យបានជម្រៅពី ១៥ ទៅ ២០សង់ទីម៉ែត្រនោះទេ ជាពិសេសសម្រាប់កសិករដែលប្រើកម្លាំងអូសទាញដោយគោក្របី។ ការភ្ជួររាស់មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ធ្វើឲ្យដីមិនផុសល្អ ស្ទូងបានរាក់ សន្ទូងមិនលូតលាស់ល្អ ហើយគុម្ពស្រូវងាយដួលខូច ពេលមូរដើមជិតចេញ ឬពេលចេញផ្លែរួច។
ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លោក គង់ រស់ ថាសព្វថ្ងៃ កសិករភាគច្រើនបានងាកមកប្រើគោយន្តសម្រាប់ភ្ជួររាស់ស្រែជំនួសនង្គ័លរនាស់ដែលអូសដោយកម្លាំងគោក្របី។ លោកថា វាជាសញ្ញាមួយល្អដែរសម្រាប់ការរៀបចំដីកសិកម្ម ព្រោះគោយន្តមានទម្ងន់ធ្ងន់ កម្លាំងខ្លាំងអាចភ្ជួរដីមុតជ្រៅជាងនង្គ័ល ដែលកសិករខ្មែរនិយមប្រើតាំងពីបុរាណមកនោះ៖ « គោក្របីអាចភ្ជួរបានជម្រៅត្រឹមតែ ១តឹក ឬ ១តឹក ២ហ៊ុនអីបាន តែបើគោយន្ត ឬត្រាក់ទ័រយើងអាចភ្ជួរជម្រៅលើសរហូតដល់ពីរតឹកបាន ប៉ុន្តែការភ្ជួរបានរហូតដល់ពីរតឹកហ្នឹង វាសំខាន់ទៅលើស្ថានភាពដីទេ ព្រោះថាដីខ្លះយើងភ្ជួរបានដោយសារស្រទាប់ដីខាងក្រោមវារឹង វាអាចទ្រនូវទម្ងន់ត្រាក់ទ័រ ឬគោយន្តបាន ប៉ុន្តែស្រទាប់ដីខ្លះមានភាពជ្រាយខាងក្រោយ យើងអត់អាចភ្ជួរបានទេ »។
លោកបន្ថែមថា ស្ថិតិគ្រឿងយន្តកសិកម្មប្រចាំឆ្នាំ២០១៦ បានបង្ហាញថា ចំនួនគោយន្ត និងត្រាក់ទ័រកើនឡើងច្រើន។ សម្រាប់ខេត្តកំពង់ឆ្នាំង ត្រាក់ទ័រខ្នាតមធ្យមមានចំនួន ១៥៣គ្រឿង និងគោយន្តមានជាង ២ម៉ឺនគ្រឿង (២១.១៥៧គ្រឿង)។ លោកណែនាំថា បើទោះបីជាកសិករលែងសូវមានគោក្របីចិញ្ចឹមសម្រាប់យកអាចម៍ចាក់ស្រែ និងសម្រាប់ភ្ជួររាស់ ប៉ុន្តែកសិករអាចសន្សំជីធម្មជាតិដូចជា ស្លឹកឈើធ្វើជាជីធម្មជាតិជំនួសការប្រើជីគីមី។
អ្នកជំនាញកសិកម្មថាការប្រើប្រាស់ជីគីមីសម្រាប់ដាក់ស្រូវ ឬដំណាំផ្សេងៗមានប្រសិទ្ធភាពល្អរយៈពេលខ្លី ហើយអាចធ្វើឲ្យដីក្ដាំង ឆាប់ហួតទឹក និងខូចគុណភាពដីបន្តិចម្ដងៗ បើកសិករប្រើវាលើសកំណត់។ វាជាការល្អដែលកសិករកាត់បន្ថយការប្រើប្រាស់ជីគីមី ហើយងាកមកប្រើជីធម្មជាតិជំនួសវិញ ដើម្បីរក្សាគុណភាពដី និងមិនប៉ះពាល់សុខភាពរបស់អ្នកបរិភោគផលដំណាំនោះ។
អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន តែងតែលើកពាក្យស្លោកថា «ផ្ទះស្អាត ស្រែល្អ» ដែលពាក្យនេះលោកសំដៅឲ្យប្រជាកសិករបោសសម្អាតបរិវេណផ្ទះសម្បែង ឬប្រមូលស្លឹកឈើនៅក្នុងភូមិឋានទុកដាក់ឲ្យបានត្រឹមត្រូវ សម្រាប់ដឹកទៅចាក់ស្រែធ្វើជាជីធម្មជាតិ។ ការប្រើជីធម្មជាតិ ជួយរក្សាគុណភាពដី ធ្វើឲ្យដំណាំស្រូវល្អបានយូរ ហើយធន់នឹងអាកាសធាតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។