មន្ត្រីស្ថានទូតសហរដ្ឋអាមេរិក បានជំរុញឲ្យកសិករកម្ពុជា អនុវត្តកសិកម្មបែបទំនើបដើម្បីជំរុញទិន្នផលកសិកម្មឲ្យកាន់តែខ្ពស់។ ស្របគ្នានេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា លើកឡើងថា រដ្ឋាភិបាលក៏មានបំណងធ្វើទំនើបកម្មវិស័យកសិកម្ម ជំនួសឲ្យការធ្វើកសិកម្មបែបប្រពៃណីដែរ។
ខណៈប្រទេសកម្ពុជា មានប្រជាជន ៨៥% រស់នៅជនបទ ក្នុងនោះប្រជាជន ៦០% កំពុងប្រកបរបរកសិកម្ម សហរដ្ឋអាមេរិក យល់ថា កសិករកម្ពុជា ភាគច្រើនពួកគេបានបន្តទម្លាប់ធ្វើស្រែចម្ការតាមប្រពៃណីបុរាណដោយប្រើប្រាស់កម្លាំងអូសទាញពីសត្វពាហនៈ និងពឹងផ្អែកទឹកភ្លៀងសម្រាប់ស្រោចស្រពដំណាំកសិកម្ម។ ហេតុនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ចាត់ទុកថា ការអនុវត្តកសិកម្មបែបទំនើប រួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ឲ្យធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) មានប្រសាសន៍ថា កម្ពុជា ជាប្រទេសមានសក្ដានុពលផ្នែកកសិកម្ម ព្រោះកម្ពុជា ទទួលអត្ថប្រយោជន៍ផ្នែកភូមិសាស្ត្រក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ លោកថា អ្វីដែលកម្ពុជា ខ្វះ គឺការវិនិយោគផ្នែកកសិកម្មធំ និងការអនុវត្តកសិកម្មទំនើប នៅតែជាបញ្ហាប្រឈមសម្រាប់ការកែលំអរបស់វិស័យនេះ។
ថ្លែងបើកសន្និសីទអបអរសាទរសមិទ្ធផល ៥ឆ្នាំ កម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគតកម្ពុជា (Feed the Future) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា រូបនេះយល់ថា ស្បៀងអាហារមិនមែនគ្រាន់តែដើម្បីចិញ្ចឹមរូបរាងកាយមនុស្សប៉ុណ្ណោះទេ ប៉ុន្តែស្បៀងអាហារក៏ជួយធានាឲ្យប្រព័ន្ធសន្តិសុខសង្គមប្រសើរឡើងផងដែរ។
លោក វីល្លៀម ហៃដ្ដ៍ បានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តកសិកម្មបែបទំនើបតាមរយៈការអប់រំដល់កសិករពីបច្ចេកទេសកសិកម្មបែបទំនើប បង្រៀនកសិករ ផ្តល់សម្ភារៈផ្គត់ផ្គង់ក្នុងការងារកសិកម្ម បើកទូលាយចំពោះការវិនិយោគឯកជនលើវិស័យនេះ ដើម្បីឲ្យកសិករចេះធ្វើកសិកម្មតាមបែបទំនើបដ៏មានប្រសិទ្ធភាព៖ « ចំពោះកសិករខ្នាតតូចដែលកំពុងជួបប្រទះបញ្ហាប្រឈម យើងត្រូវតែអប់រំបង្រៀនពួកគេពីការធ្វើកសិកម្មបែបទំនើបឲ្យប្រសើរ ផ្សារភ្ជាប់ពួកគេឲ្យមានទំនាក់ទំនងជាមួយអ្នកវិយោគធំៗ ជាមួយបច្ចេកវិទ្យាទំនើប ដើម្បីឲ្យកសិករគាត់អាចជួយបង្កើនទិន្នផលកសិកម្មក្នុងប្រទេសរបស់ខ្លួន »។
ទន្ទឹមនឹងការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា អ្នកសម្របសម្រួលគម្រោងថ្នាក់ជាតិនៃអង្គការ World Fish លោក គីម មីរ៉ាតូរី យល់ថា ដើម្បីជំរុញឲ្យទិន្នផលកសិកម្មឲ្យកាន់តែខ្ពស់ រដ្ឋាភិបាលគួរតែដោះស្រាយបញ្ហាសំខាន់ គឺទុន ទឹក និងទីផ្សារ ពិសេសពង្រឹងអភិបាលកិច្ចល្អ៖ « បញ្ហាចម្បងដែលសំខាន់ ខ្ញុំមើលឃើញថា ទីផ្សារអត់ទៀងទាត់ ទឹកមិនគ្រប់គ្រាន់ និងទុនជូនកសិករ។ ខ្ញុំយល់ថា ភាពក្រីក្រមិនមែនបណ្ដាលមកតែពីវិស័យកសិកម្មប៉ុណ្ណោះទេ ផ្នែកអភិបាលកិច្ចល្អ ក៏ជាចំណែកមួយ។ ចឹងវាសំខាន់លើការគ្រប់គ្រង មានការចូលរួមប៉ុនណា សហការគ្នាប៉ុនណា ដូច្នេះទិសដៅនេះសម្រេច ឬមិនសម្រេច សំខាន់ការអនុវត្ត »។
ឆ្លើយតបនឹងការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងសង្គមស៊ីវិល លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដារ និងអភិវឌ្ឍន៍កសិកម្ម បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា មានបំណងធ្វើទំនើបកម្មវិស័យកសិកម្មតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មី ការស្រាវជ្រាវ និងអភិវឌ្ឍការប្រើប្រាស់គ្រឿងយន្តកសិកម្ម ជំនួសឲ្យការធ្វើកសិកម្មបែបប្រពៃណី។ លោកបានស្វាគមន៍ចំពោះការផ្ដួចផ្ដើមឲ្យកសិករងាកមកប្រើម៉ាស៊ីន គ្រាប់ពូជផ្សាំ និងជីគីមីដែលណែនាំដោយសហរដ្ឋអាមេរិក។ ជាងនេះ លោក យឹម ឆៃលី អះអាងថា រដ្ឋាភិបាលក៏បានប្ដេជ្ញាបង្កើនទិន្នផលកសិកម្ម និងឈានទៅលុបបំបាត់ភាពអត់ឃ្លានឲ្យបានត្រឹម ០% ទូទាំងប្រទេសឲ្យបញ្ចប់ត្រឹមឆ្នាំ២០២៥៖ « ទិសដៅនៃរដ្ឋាភិបាល គឺធ្វើទំនើបកសិកម្មក្នុងសមភាពក្នុងល្បឿនថ្មី ដើម្បីប្រែក្លាយវិស័យនេះពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបវិបុលកម្ម ពោលគឺការពឹងផ្អែកជាសំខាន់លើ គឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ការស្រាវជ្រាវ និងការអភិវឌ្ឍការប្រើប្រាស់គ្រឿងយន្តកសិកម្ម ព្រមទាំងការបង្កើនសមត្ថភាពស្រោចស្រពដើម្បីលើកកម្ពស់ផលិតភាព »។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្កើតកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគតនៅកម្ពុជា រយៈពេល ៥ឆ្នាំ នៅក្នុងឆ្នាំ២០១០ ក្នុងខេត្តចំនួន៤ ជុំវិញបឹងទន្លេសាប (ខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប) ព្រមទាំងបានជួយកាត់បន្ថយភាពអត់ឃ្លាន និងភាពក្រីក្រដល់គ្រួសារកសិករជាង ១ម៉ឺនគ្រួសារនៅខេត្តទាំង៤ នោះ។
បើទោះជាយ៉ាងណា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ឲ្យដឹងថា តាមរយៈការអនុវត្តគម្រោង ៥ឆ្នាំលើកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគត ដែលសហរដ្ឋអាមេរិក បានផ្តល់ជំនួយប្រមាណជាង ៥៥លានដុល្លារ ឃើញថា ស្ថានភាពវិស័យកសិកម្មកម្ពុជា នៅតែជួបបញ្ហាប្រឈម និងនៅតែជាក្តីព្រួយបារម្ភនៅឡើយ។ សហរដ្ឋអាមេរិក នៅតែជំរុញឲ្យកម្ពុជា រៀនសូត្រពីបញ្ហាប្រឈមក្នុងវិស័យកសិកម្មដែលជួបប្រទះកន្លងមក ឈានទៅដោះស្រាយដើម្បីបង្កើនការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។