ផលប្រយោជន៍នៃការទុកជញ្ជ្រាំងស្រូវក្រោយពេលច្រូតកាត់
2015.12.20
ខណៈរដូវប្រមូលផលស្រូវរបស់កសិករចូលមកដល់ អង្គការផ្នែកកសិកម្ម បានអំពាវនាវឲ្យប្រជាកសិករទាំងអស់ ឈប់ដុតជញ្ជ្រាំងស្រូវ និងប្រើប្រាស់ជញ្ជ្រាំងស្រូវឲ្យបានល្អ ក្រោយពេលច្រូតកាត់។
ហេតុអ្វីបានជាអង្គការផ្នែកកសិកម្ម ចង់ឲ្យកសិកររក្សាជញ្ជ្រាំងស្រូវទុក? តើផលប្រយោជន៍នៃការទុកជញ្ជ្រាំងស្រូវក្រោយពេលច្រូតកាត់មានអ្វីខ្លះ?
អ្នកជំនាញកសិកម្ម និងកសិករដែលមានបទពិសោធន៍ជោគជ័យក្នុងវិស័យកសិកម្ម ចាត់ទុកជញ្ជ្រាំងស្រូវ ចំបើង ក៏ដូចជាអង្កាម គឺជាជីធម្មជាតិដ៏ល្អ ដើម្បីជួយបង្កើនជីជាតិដី។
ដោយសម្លឹងឃើញពីសារសំខាន់នៃការរក្សាជញ្ជ្រាំងស្រូវទុក ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា សេដាក (CEDAC) លោក យ៉ង សាំងកុមារ បានប្រាប់វិទ្យុអាស៊ីសេរី ថា កន្លងមកមានកសិករមួយចំនួននៅមានភាពខ្វះចន្លោះ មិនទាន់បានគិតគូរយកចិត្តទុកដាក់ជញ្ជ្រាំងស្រូវក្រោយពេលច្រូតកាត់ ដើម្បីត្រៀមខ្លួនជាស្រេចនារដូវវស្សាឆ្នាំក្រោយនៅឡើយ។ លោកថា នៅពេលកសិករដុតជញ្ជ្រាំងចោលដោយចេតនា ឬអចេតនាក្តី វានឹងនាំឲ្យប្រឈមនឹងបញ្ហាសំខាន់៣ គឺទី១ ប្រឈមនឹងបាត់បង់សារធាតុសរីរាង្គសម្រាប់ប្រើជាជីជំនួយដល់ដី។ ទី២ បាត់បង់នូវគម្របការពារដីពីកម្តៅថ្ងៃ ដែលវានឹងអាចប៉ះពាល់ដល់សត្វល្អិតមានប្រយោជន៍ក្នុងដី និងទី៣ ប៉ះពាល់ដល់បរិស្ថាន។
លោកថា បញ្ហាប្រឈមទាំងនេះ នឹងជំរុញឲ្យទិន្នផលស្រូវរបស់ប្រជាកសិករថយចុះពីមួយឆ្នាំទៅមួយឆ្នាំ៖ «បើកសិករគ្រប់ៗគ្នាថែរក្សា និងប្រើប្រាស់ជញ្ជ្រាំង ដើម្បីភ្ជួរលុបជាជីសរីរាង្គ ធ្វើឲ្យដីស្រែអាចរក្សាជីជាតិបានរយៈពេលយូរអង្វែង ទិន្នផលស្រូវខ្ពស់ និងកាត់បន្ថយការចំណាយលើការទិញជីពីខាងក្រៅបន្ថែម ហើយនៅពេលដីមានសារធាតុសរីរាង្គច្រើន ធ្វើឲ្យវាមានសមត្ថភាពរក្សាសំណើមបានយូរ ទប់ទល់នឹងភាពរាំងស្ងួតបានល្អផង»។
អ្នកជំនាញកសិកម្មរូបនេះអះអាងថា ប្រសិនបើកសិករអនុវត្តការពារ និងប្រើប្រាស់ជញ្ជ្រាំងស្រូវបានល្អក្រោយច្រូតកាត់ វាមិនត្រឹមតែផ្តល់ជីធម្មជាតិដ៏ល្អជួយឲ្យដីផុសល្អប៉ុណ្ណោះទេ កសិករនឹងចំណេញទិន្នផលស្រូវចាប់ ២០% ទៅ ៣០%។
ឯកសារណែនាំរបស់អង្គការសេដាក ស្ដីពី «យើងនាំគ្នាការពារ និងប្រើប្រាស់ជញ្ជ្រាំងស្រូវឲ្យបានប្រសើរ» ក៏បានបង្ហាញថា ជញ្ជ្រាំងស្រូវនាំមកនូវផលប្រយោជន៍ច្រើនដល់កសិករ និងសង្គមជាតិ ទាំងផលប្រយោជន៍សេដ្ឋកិច្ច និងបរិស្ថាន។ អង្គការនេះបានស្នើឲ្យកសិករ និងអ្នកពាក់ព័ន្ធ ជាពិសេសគ្រូបង្រៀន និងអាជ្ញាធរមូលដ្ឋាន ជួយចាត់វិធានការការពារធនធានធម្មជាតិដ៏សំខាន់នេះឲ្យមានប្រសិទ្ធភាព។
ទន្ទឹមគ្នានេះ ឯកសារណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពីបច្ចេកទេសទុកដាក់ជញ្ជ្រាំងក្រោយច្រូតកាត់ ក៏បានអំពាវនាវដល់កសិករឲ្យមានការទប់ស្កាត់ កុំដុតជញ្ជ្រាំងស្រូវក្រោយពេលច្រូតកាត់។ ឯកសារនេះ ណែនាំទៅកសិករថា ត្រូវបង្កើនការភ្ជួរលុបជញ្ជ្រាំងស្រូវ និងគ្របដីដើម្បីបង្កើនជីជាតិដី កសិករគួរប្រើជីធម្មជាតិ ជាពិសេសជីកំប៉ុសឲ្យបានច្រើន បង្កើនការដាំជីស្រស់ និងដំណាំគ្របដីឲ្យបានច្រើនមុនពេលដាំដុះ និងក្រោយពេលច្រូតកាត់ និងដាំដើមឈើសម្បូរស្លឹកនានាឲ្យបានច្រើន ដើម្បីយកស្លឹកវាដាក់ស្រែ ដូចជាដើមអង្កាញ់ ដើមស្ដៅ ជាដើម។
ចំណែកឯកសិករដែលមានបទពិសោធន៍ពីការរក្សាជញ្ជ្រាំងស្រូវបានជោគជ័យ មកពីខេត្តកំពង់ស្ពឺ លោក ស៊ឹម រ៉ុម សោកស្ដាយនៅពេលដែលកសិករមួយចំនួនដុតជញ្ជ្រាំងស្រូវចោល។ លោកអះអាងថា លោកតែងភ្ជួរលុបគល់ជញ្ជ្រាំងស្រូវក្រោយច្រូតកាត់ជារៀងរាល់ឆ្នាំ។ លោកថា វិធានការនេះធ្វើឲ្យទិន្នផលស្រូវកើនខ្ពស់ និងមិនសូវនឿយហត់ក្នុងការប្រមូលជីដាក់ស្រែនោះឡើយ៖ «ជាលទ្ធផល ខ្ញុំសង្កេតឃើញទិន្នផលស្រូវបានបន្តកើនឡើង និងដីស្រែធូរ ដីផុសល្អ និងមានជីជាតិគ្រប់គ្រាន់ ទោះបីជាគាត់មានជីធម្មជាតិតិចតួចក៏ដោយ»។
ខណៈភាពរាំងស្ងួត និងគ្រោះមហន្តរាយនៅកម្ពុជា នៅតែជាប្រធានបទដ៏សំខាន់ កំពុងបន្តអូសបន្លាយធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកសិកម្មកម្ពុជា នៅឆ្នាំនេះ។ ជាងនេះទៀត កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា លោកមានការព្រួយបារម្ភចំពោះភាពរាំងស្ងួត និងគ្រោះមហន្តរាយធម្មជាតិដែលកើតមានបច្ចុប្បន្ននេះ ហើយលោកបានអំពាវនាវឲ្យស្ថាប័ននានាយកចិត្តទុកដាក់សង្គ្រោះសន្ទូងប្រជាពលរដ្ឋដែលខ្វះទឹក។ ជាងនេះទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏អំពាវនាវឲ្យបណ្ដាប្រទេសជាសមាជិកអាស៊ាន បង្កើនកិច្ចសហប្រតិបត្តិការ និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់គ្រោះមហន្តរាយ ដែលបានបង្កឲ្យបាត់បង់ជីវិតមនុស្សរាប់ពាន់នាក់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអស់រាប់ពាន់លានដុល្លារ។
ករណីនេះ អ្នកជំនាញកសិកម្មនៅតែអះអាងថា ការចាត់វិធានការឲ្យប្រជាកសិករឈប់ដុតជញ្ជ្រាំងស្រូវក្រោយពេលច្រូតកាត់ មិនត្រឹមតែចំណេញដល់សេដ្ឋកិច្ចប៉ុណ្ណោះទេ វិធានការនេះក៏ជាចំណែកសំខាន់ឈានទៅកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិបានដែរ៕