ខេត្តមណ្ឌលគិរី ជាខេត្តដែលសំបូរភ្នំ និងមានដីក្រហម ដែលគេហៅថា ដីលេខ១ ពិសេសទៅទៀត គឺជាខេត្តដែលមានអាកាសធាតុត្រជាក់ខ្លាំងជាងតំបន់ភាគនិរតីប្រទេសកម្ពុជា។ ដោយសារតែអាកាសធាតុត្រជាក់ជាអំណោយពីធម្មជាតិ ផ្ដល់ដីឲ្យមានជីជាតិជាងតំបន់ដទៃ ទើបគេឃើញសំបូរចម្ការកាហ្វេដាំនៅទីនោះ។
ចម្ងាយប្រមាណ ៣គីឡូម៉ែត្រពីក្រុងមណ្ឌលគិរី ទៅកាន់រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ក្នុងភូមិចម្ការតែ ឃុំស្ពានមានជ័យ ស្រុកសែនមនោរម្យ មានស្លាករមណីយដ្ឋានចម្ការកាហ្វេមួយកន្លែង។ នៅក្នុងចម្ការកាហ្វេនោះមិនមានដំណាំដើមកាហ្វេសុទ្ធទេ គឺមានដាំចម្រុះជាមួយដើមទុរេន ដើមប៊ើ ជាដើម។
លោក ប៊ូ សុភាព ជាម្ចាស់រមណីយដ្ឋានចម្ការកាហ្វេនោះអះអាងថា ដីដាំកាហ្វេរបស់គាត់ទំហំ ៣ហិកតារ។ កាលពីជាង ១០ឆ្នាំមុន កាហ្វេគ្មានឈ្មួញទិញទេ អ្នកដាំកាហ្វេខាតគ្រប់គ្នាអ្នកខ្លះបានកាប់ដើមកាហ្វេចោល អ្នកខ្លះគ្រាន់តែលែងថែទាំកាហ្វេ និងបានដាំដើមឈើហូបផ្លែក្នុងចន្លោះដើមកាហ្វេ ដើម្បីរង់ចាំតម្លៃកាហ្វេឡើងថ្លៃមកវិញ។ បច្ចុប្បន្នកាហ្វេមានតម្លៃបន្តិចវិញ ព្រោះឈ្មួញក្នុងស្រុកងាកមកទិញផលិតផលកាហ្វេមណ្ឌលគិរី ធ្វើឲ្យម្ចាស់ចម្ការកាហ្វេងាកមកថែទាំកាហ្វេឡើងវិញ។
លោកបន្តថា ៖ «មួយដើមអត់បានដល់ ២០ដុល្លារទៀត អត់បាន ១០ដុល្លារទេ។ យើងសរុបថា អាកាហ្វេខ្ញុំ ៣ហិកតារហ្នឹង យើងដឹងតែប្រមូលមួយឆ្នាំ យើងផាត់កម្មករ ផាត់អីហ្នឹងទៅ វាអាចសល់ ៥-៦ពាន់ ឬ ៧ពាន់ (ដុល្លារ) អាហ្នឹងតាមហាងឆេង បើហាងឆេងឡើងថ្លៃ បានសល់ច្រើន ហាងឆេងចុះសល់តិច។ បើហាងឆេងចុះមែនទែន ដូចអាកាលពីជំនាន់ ១៩៩៨ ១៩៩៩ហ្នឹង សូន្យ ខាតរកដើមអត់មាន។ អ៊ីចឹងបានជានៅមណ្ឌលគិរីហ្នឹងគេចោលច្រើន គេចោលច្រើនណាស់!»។
ការរើសទីតាំងដាំកាហ្វេ
លោក ប៊ូ សុភាព ឲ្យដឹងថា ដំណាំកាហ្វេងាយដុះ ប៉ុន្តែវាជាដំណាំរើសដី និងអាកាសធាតុត្រជាក់។
ដីដាំកាហ្វេដែលតម្រូវឲ្យផ្លែកាហ្វេមានឱជារសឆ្ងាញ់ គីគេរកដីក្រហមមកដាំ ហើយជាដីស្រស់ទឹក និងជាដីជម្រាលជើងភ្នំ ក្បែរមាត់អូរ ទើបដើមកាហ្វេវាដុះល្អ និងងាយថែទាំ។ ដំណាំកាហ្វេត្រូវការអាកាសធាតុត្រជាក់ចន្លោះពី ១២អង្សាសេ ទៅ ២២អង្សាសេ។ កាហ្វេគឺជាដើមឈើដែលមានទំហំ និងកម្ពស់ដូចដើមខ្នុរ ដើមស្វាយជាដើម។ ការដាំកាហ្វេមិនចាំបាច់ភ្ជួរដីទេ គឺកាប់រណ្ដៅដាំតែម្ដង។
លោក ប៊ូ សុភាព មានប្រសាសន៍បន្ថែមដូច្នេះ ៖ «ដីហ្នឹងយើងរៀបចំដូចថា យើងវាស់ជាម៉ែត្រ ជាខ្នាត ដូចថា ឥឡូវចន្លោះក្នុងមួយដើមវាហ្នឹង ៣ម៉ែត្របួនជ្រុង។ យើងជីករណ្ដៅវាជម្រៅពី ៥តឹក ទៅ ៦តឹក។ យើងធ្វើជាជ្រុង ប្រហែលជា ៥តឹកបួនជ្រុង ឬ ៦តឹកបួនជ្រុង ហើយជម្រៅចាប់ពី ៥តឹក ទៅ ៦តឹក»។
វិធីបណ្ដុះគ្រាប់កាហ្វេ
កាហ្វេដែលលោក ប៊ូ សុភាព កំពុងដាំ លោកមិនចាំឈ្មោះពូជវាទេ តែបាននាំពូជមកពីប្រទេសវៀតណាម ជាពូជប្រភេទគ្រាប់ធំ នៅពេលបេះវាយកទៅលីងវាជះក្លិនឈ្ងុយ។
លោក ប៊ូ សុភាព ឲ្យដឹងថា ក្រោយពីរកទីតាំងដីដាំកាហ្វេតម្រូវអាកាសធាតុ និងរើសដីបានហើយ រួមទាំងកាប់រណ្ដៅទុករួចហើយ ត្រូវយកគ្រាប់កាហ្វេមកបណ្ដុះសិនមុនយកទៅដាំ ៖ «អាហ្នឹងយើងយកគ្រាប់យកមកសាប។ មុនដំបូងយើងសាបជាថ្នាលដូចកូនស្ពៃ។ សាបរួចបានវាដុះពន្លកមក បានយើងដកយកទៅផ្សាំ យើងដកយកទៅច្រកថង់ ហ្នឹងទី១។ សាបរយៈពេលប្រហែលជា ២០ថ្ងៃ ទៅ ១ខែ បានវាប្រេះចេញជាមួយត្រួយ មួយសន្លឹកមួយ បានយើងដក។ ពេលសាបហ្នឹងយើងយកមកផ្សាំដាក់ក្នុងថង់ផ្សាំ»។
លោក ប៊ូ សុភាព បន្តថា នៅពេលបណ្ដុះគ្រាប់កាហ្វេបាន ១ខែ វានឹងដុះចេញបាន ២ ទៅ ៣សន្លឹក ចាំដកយកកូនកាហ្វេដុះនោះយកទៅផ្សាំក្នុងថង់ប្លាស្ទិក ដែលបានលាយដីមុខលើក្នុងដី ១០០% ត្រូវលាយជីកំប៉ុស ៣០% រួចត្រូវយកដៃចាប់ដកកូនកាហ្វេថ្នមៗ រួចយកចង្អុលដៃទៅចុចដីក្នុងថង់ឲ្យបានជម្រៅ ១ថ្នាំងដៃ កប់វាក្នុងដីនោះ និងស្រោចទឹកឲ្យវាសើមដីថង់បន្តិច ៖ «ឧទាហរណ៍ថា ដី ៧០% អាចម៍គោ ៣០% ហើយយើងលាយវា លាយវាច្របល់វាឲ្យល្អ ហើយយើងរោយថ្នាំកណ្ដៀរ។យើងរោយថ្នាំកណ្ដៀរជាមួយគ្នាហើយ បានយើងកើបច្រកទៅកូនថង់ ហើយបានយើងដកកូនបណ្ដុះ»។
មុនដកយកកូនកាហ្វេទៅផ្សាំ ត្រូវរើសមើលឫសរបស់វា បើសិនកូនដើមកាហ្វេណាមានបែកឫស២ ត្រូវកាត់ឫសមួយចេញ។ កាត់ឫស២ ទុកតែឫសមួយនេះ គឺឲ្យដើមកាហ្វេមានកម្លាំងលូត និងធានាជំងឺ។ កូនកាហ្វេ ពេលដាំមានឫសតែមួយ នៅពេលវាផ្លែ វានឹងមានគ្រាប់ធំល្អ ហើយស្រណុកថែទាំ។ តែបើដាំកូនកាហ្វេដែលមានឫស២ នៅពេលយកទៅដាំ ដល់ពេលវាដុះធំឡើងវានឹងល្អតែស្លឹក ឯផ្លែវាមិនសូវមានច្រើនទេ។
វិធីដាំកូនកាហ្វេ
លោក ប៊ូ សុភាព ថា ការផ្សាំកូនកាហ្វេត្រូវរង់ចាំរយៈពេល ១ខែកន្លះ ទៅ ២ខែ ទើបអាចយកវាទៅដាំនៅក្នុងដីដែលកាយទុកក្នុងជម្រៅ និងទំហំ ៥០ ទៅ ៦០សង់ទីម៉ែត្រគូប។ ពេលយកកូនកាហ្វេទៅដាំត្រូវវាស់ក្រឡាទុកគម្លាតពីគុម្ពមួយទៅមួយ គឺ ៣ម៉ែត្រ ទៅ ៣ម៉ែត្រកន្លះ ឲ្យបានបួនជ្រុងស្មើ។ ការទុកគម្លាតឆ្ងាយពីគ្នានោះ ព្រោះដើមកាហ្វេមានកម្ពស់ខ្ពស់ និងដើមធំបែកមែកសាខា។
លោកបន្តថា ៖ «យើងត្រូវវាស់មើល ដូចថា ឥឡូវបើ ៣ម៉ែត្រ ឲ្យ ៣ម៉ែត្របួនជ្រុង បើថា ៣ម៉ែត្រកន្លះ ៣ម៉ែត្រកន្លះបួនជ្រុង ព្រោះអីបើសិនយើងទុកញឹកពេក វាចាក់គ្នា វាអត់សូវផ្លែទេ។ អ៊ីចឹងយើងត្រូវទុកគម្លាតវាឆ្ងាយ។ អ៊ីចឹង ៣ម៉ែត្រកន្លះហ្នឹងវាងាយស្រួល មែកមិនដល់គ្នា វាអាចផ្លែបានច្រើន»។
ការថែទាំដំណាំកាហ្វេ
នៅពេលយកកូនកាហ្វេទៅដាក់ដាំក្នុងដីចម្ការផ្ទាល់ហើយ ៣ខែក្រោយមក កូនកាហ្វេវានឹងដុះខ្នែងចេញពីដើមនិងមែក។
លោកថា ខ្នែងដុះមកនោះ ត្រូវកាត់ចេញជាចាំបាច់ពីដើម និងពីមែករបស់វា ដើម្បីឲ្យដើមវាលូត ៖ «បើសិនយើងទុកខ្នែង ទី១ អាខ្នែងហ្នឹងវាបឺតជី។ ទី២ វាបណ្ដាលឲ្យមែកហ្នឹងវាងាប់ ផ្លែហ្នឹងវារួម អ៊ីចឹងវាមានខ្នែងច្រើន។ អ៊ីចឹងអាខ្នែងហ្នឹងវាចេញច្រើនណាស់ អាកាហ្វេហ្នឹង និយាយរួមទៅបើថែ ការថែទាំវាពិបាកដែរ ដូចយើងថែកូនខ្ចីដូចគ្នា»។
ការកាត់ខ្នែងពីដើម និងមែកកាហ្វេ ក៏ត្រូវមើលដែរ បើដើមវាមិនសូវសំបូរមែកទេ គេអាចទុកខ្នែងវាឲ្យដុះបែកមែកបានដែរ។ លោកថា ពេលវាលូតធំ អាចល្អជាងមែកចាស់ក៏មានដែរ។ បើមើលថា វាដុះល្អជាង ចាំបាច់ត្រូវកាត់មែកចាស់ចោល ទុកឲ្យខ្នែងខ្ចីនោះដុះបែកទៅជាមែកវិញ។
ក្រោយពីកាត់ខ្នែងហើយ ត្រូវមើលដាក់ជីតាមគុម្ពកូនកាហ្វេមួយៗ។ លោកថា ការដាំកាហ្វេនៅពេលកូនវានៅតូច មិនសូវមានជំងឺទេ តែដល់ពេលវាចាប់ផ្ដើមផ្លែផ្កាហុចផល វាកើតជំងឺ។
ការដាក់ជីថែទាំ
កាហ្វេដែលមានរសជាតិឈ្ងុយខ្លាំង លោកប្រាប់ថា ប្រើតែជីកំប៉ុសសុទ្ធ ដាក់តាមមួយគុម្ពៗ។ ក្នុងមួយគុម្ពត្រូវដាក់ជីកំប៉ុស ២ទៅ ៣គីឡូក្រាម ជាការល្អ។ លោកថា កាហ្វេនៅពេលវាចាប់ផ្តើមហុចផលចេញផ្លែផ្កា នឹងមានសត្វ ឬមេរោគមកយាយីដើម ស្លឹក។ ទោះបីម្ចាស់កសិដ្ឋានព្យាយាមប្រើតែជីធម្មជាតិក៏ដោយ មិនអាចចៀសផុតពីការប្រើជីគីមីលាយទេ។ ជីគីមីត្រូវប្រើចាំបាច់សម្រាប់ការពារ និងព្យាបាលជំងឺ ដូចជាកម្ចាត់ផ្សិតនៅលើដើម សត្វក្រារោមផ្កា និងផ្លែកាហ្វេ ឬដង្កូវរុំស្លឹកជាដើម។
ចម្ការកាហ្វេមួយទៀត នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងមណ្ឌលគិរី ឬគេហៅថា ចម្ការតាថាច លោក ទុយ ថាច អះអាងថា គាត់ដាំកាហ្វេពូជដែលគេដាំនៅប្រទេសវៀតណាម គឺដើមកំណើតមកពីប្រទេសប្រេស៊ីល។ កាហ្វេនោះជាពូជគ្រាប់កាហ្វេតូចល្អិតដែលគេនិយមទទួលទាន។
លោក ទុយ ថាច ឲ្យដឹងថា ការថែទាំកាហ្វេគឺចាំបាច់ត្រូវដើរបេះខ្នែងវាដុះចេញពីមែក និងត្រូវស្រោចទឹកនៅរដូវប្រាំងឲ្យបានក្នុង ១គុម្ព ចំណុះទឹក ១អម្រែក ក្នុង១ថ្ងៃ។ បើនៅរដូវវស្សា ទឹកមិនបាច់ស្រោចក៏បាន ព្រោះអាកាសធាតុត្រជាក់ និងមានភ្លៀងធ្លាក់សើមដី។ តែបើដីស្ងួតអាចស្រោចទឹក ៣ថ្ងៃម្ដង និងថែមជីក្នុង១គុម្ព ២បង្គីសម្រាប់ជីកំប៉ុស បើជីគីមីគាត់ប្រើជីអិនប៉េកា ៖ «ដាក់មួយកំប៉ុងមួយគុម្ព មួយកំប៉ុងទឹកដោះគោយើងហ្នឹង។ ក្នុង១រដូវវស្សាដាក់២ដងអីទៅ»។
ម្ចាស់ចម្ការកាហ្វេទាំងពីរបានអះអាងថា ការថែទាំកាហ្វេដិតដល់វានឹងហុចផលក្នុងរយៈពេល ៣ឆ្នាំ នៅឆ្នាំទី៤ ទើបគេចាប់ផ្ដើមប្រមូលផលមែនទែន។ ដើមកាហ្វេ បើគេអាចថែទាំវាបានល្អ ស្រោចទឹកដាក់ថែមជីគ្រប់គ្រាន់ វានឹងឲ្យផលបេះផ្លែបានរហូតដល់ជាង ១០ឆ្នាំ៕