ដំណាំ​កាហ្វេ​នៅ​មណ្ឌលគិរី (ភាគ​១)

អ្នក​ទទួល​ទាន​កាហ្វេ​ជា​ច្រើន​បាន​សរសើរ​ថា កាហ្វេ​ដែល​ដាំ​នៅ​ខេត្ត​មណ្ឌលគិរី អាច​ប្រកួតប្រជែង​ជាមួយ​កាហ្វេ​នាំ​ចូល​ពី​បរទេស​បាន។

0:00 / 0:00

ខេត្ត​មណ្ឌលគិរី ជា​ខេត្ត​ដែល​សំបូរ​ភ្នំ និង​មាន​ដី​ក្រហម ដែល​គេ​ហៅ​ថា ដី​លេខ​១ ពិសេស​ទៅ​ទៀត គឺ​ជា​ខេត្ត​ដែល​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​ជាង​តំបន់​ភាគ​និរតី​ប្រទេស​កម្ពុជា។ ដោយសារ​តែ​អាកាសធាតុ​ត្រជាក់​ជា​អំណោយ​ពី​ធម្មជាតិ ផ្ដល់​ដី​ឲ្យ​មាន​ជីជាតិ​ជាង​តំបន់​ដទៃ ទើប​គេ​ឃើញ​សំបូរ​ចម្ការ​កាហ្វេ​ដាំ​នៅ​ទី​នោះ។

ចម្ងាយ​ប្រមាណ ៣​គីឡូម៉ែត្រ​ពី​ក្រុង​មណ្ឌលគិរី ទៅ​កាន់​រមណីយដ្ឋាន​ទឹក​ជ្រោះ​ប៊ូស្រា ក្នុង​ភូមិ​ចម្ការ​តែ ឃុំ​ស្ពានមានជ័យ ស្រុក​សែនមនោរម្យ មាន​ស្លាក​រមណីយដ្ឋាន​ចម្ការ​កាហ្វេ​មួយ​កន្លែង។ នៅ​ក្នុង​ចម្ការ​កាហ្វេ​នោះ​មិន​មាន​ដំណាំ​ដើម​កាហ្វេ​សុទ្ធ​ទេ គឺ​មាន​ដាំ​ចម្រុះ​ជាមួយ​ដើម​ទុរេន ដើម​ប៊ើ ជាដើម។

លោក ប៊ូ សុភាព ជា​ម្ចាស់​រមណីយដ្ឋាន​ចម្ការ​កាហ្វេ​នោះ​អះអាង​ថា ដី​ដាំ​កាហ្វេ​របស់​គាត់​ទំហំ ៣​ហិកតារ។ កាល​ពី​ជាង ១០​ឆ្នាំ​មុន កាហ្វេ​គ្មាន​ឈ្មួញ​ទិញ​ទេ អ្នក​ដាំ​កាហ្វេ​ខាត​គ្រប់​គ្នា​អ្នក​ខ្លះ​បាន​កាប់​ដើម​កាហ្វេ​ចោល អ្នក​ខ្លះ​គ្រាន់តែ​លែង​ថែទាំ​កាហ្វេ និង​បាន​ដាំ​ដើម​ឈើ​ហូប​ផ្លែ​ក្នុង​ចន្លោះ​ដើម​កាហ្វេ ដើម្បី​រង់ចាំ​តម្លៃ​កាហ្វេ​ឡើង​ថ្លៃ​មក​វិញ។ បច្ចុប្បន្ន​កាហ្វេ​មាន​តម្លៃ​បន្តិច​វិញ ព្រោះ​ឈ្មួញ​ក្នុង​ស្រុក​ងាក​មក​ទិញ​ផលិតផល​កាហ្វេ​មណ្ឌលគិរី ធ្វើ​ឲ្យ​ម្ចាស់​ចម្ការ​កាហ្វេ​ងាក​មក​ថែទាំ​កាហ្វេ​ឡើង​វិញ។

លោក​បន្ត​ថា ៖ «មួយ​ដើម​អត់​បាន​ដល់ ២០​ដុល្លារ​ទៀត អត់​បាន ១០​ដុល្លារ​ទេ។ យើង​សរុប​ថា អា​កាហ្វេ​ខ្ញុំ ៣​ហិកតារ​ហ្នឹង យើង​ដឹង​តែ​ប្រមូល​មួយ​ឆ្នាំ យើង​ផាត់​កម្មករ ផាត់​អី​ហ្នឹង​ទៅ វា​អាច​សល់ ៥-​៦​ពាន់ ឬ ៧​ពាន់ (ដុល្លារ) អា​ហ្នឹង​តាម​ហាង​ឆេង បើ​ហាង​ឆេង​ឡើង​ថ្លៃ បាន​សល់​ច្រើន ហាង​ឆេង​ចុះ​សល់​តិច។ បើ​ហាង​ឆេង​ចុះ​មែន​ទែន ដូច​អា​កាល​ពី​ជំនាន់ ១៩៩៨ ១៩៩៩​ហ្នឹង សូន្យ ខាត​រក​ដើម​អត់​មាន។ អ៊ីចឹង​បាន​ជា​នៅ​មណ្ឌលគិរី​ហ្នឹង​គេ​ចោល​ច្រើន គេ​ចោល​ច្រើន​ណាស់!»

ការ​រើស​ទីតាំង​ដាំ​កាហ្វេ

លោក ប៊ូ សុភាព ឲ្យ​ដឹង​ថា ដំណាំ​កាហ្វេ​ងាយ​ដុះ ប៉ុន្តែ​វា​ជា​ដំណាំ​រើស​ដី និង​អាកាសធាតុ​ត្រជាក់។

ដី​ដាំ​កាហ្វេ​ដែល​តម្រូវ​ឲ្យ​ផ្លែ​កាហ្វេ​មាន​ឱជារស​ឆ្ងាញ់ គី​គេ​រក​ដី​ក្រហម​មក​ដាំ ហើយ​ជា​ដី​ស្រស់​ទឹក និង​ជា​ដី​ជម្រាល​ជើង​ភ្នំ ក្បែរ​មាត់​អូរ ទើប​ដើម​កាហ្វេ​វា​ដុះ​ល្អ និង​ងាយ​ថែទាំ។ ដំណាំ​កាហ្វេ​ត្រូវ​ការ​អាកាសធាតុ​ត្រជាក់​ចន្លោះ​ពី ១២​អង្សា​សេ ទៅ ២២​អង្សា​សេ។ កាហ្វេ​គឺ​ជា​ដើម​ឈើ​ដែល​មាន​ទំហំ និង​កម្ពស់​ដូច​ដើម​ខ្នុរ ដើម​ស្វាយ​ជាដើម។ ការ​ដាំ​កាហ្វេ​មិន​ចាំបាច់​ភ្ជួរ​ដី​ទេ គឺ​កាប់​រណ្ដៅ​ដាំ​តែម្ដង។

លោក ប៊ូ សុភាព មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «ដី​ហ្នឹង​យើង​រៀបចំ​ដូច​ថា យើង​វាស់​ជា​ម៉ែត្រ ជា​ខ្នាត ដូច​ថា ឥឡូវ​ចន្លោះ​ក្នុង​មួយ​ដើម​វា​ហ្នឹង ៣​ម៉ែត្រ​បួន​ជ្រុង។ យើង​ជីក​រណ្ដៅ​វា​ជម្រៅ​ពី ៥​តឹក ទៅ ៦​តឹក។ យើង​ធ្វើ​ជា​ជ្រុង ប្រហែល​ជា ៥​តឹក​បួន​ជ្រុង ឬ ៦​តឹក​បួន​ជ្រុង ហើយ​ជម្រៅ​ចាប់​ពី ៥​តឹក ទៅ ៦​តឹក»

វិធី​បណ្ដុះ​គ្រាប់​កាហ្វេ

កាហ្វេ​ដែល​លោក ប៊ូ សុភាព កំពុង​ដាំ លោក​មិន​ចាំ​ឈ្មោះ​ពូជ​វា​ទេ តែ​បាន​នាំ​ពូជ​មក​ពី​ប្រទេស​វៀតណាម ជា​ពូជ​ប្រភេទ​គ្រាប់​ធំ នៅ​ពេល​បេះ​វា​យក​ទៅ​លីង​វា​ជះ​ក្លិន​ឈ្ងុយ។

លោក ប៊ូ សុភាព ឲ្យ​ដឹង​ថា ក្រោយ​ពី​រក​ទី​តាំង​ដី​ដាំ​កាហ្វេ​តម្រូវ​អាកាសធាតុ និង​រើស​ដី​បាន​ហើយ រួម​ទាំង​កាប់​រណ្ដៅ​ទុក​រួច​ហើយ ត្រូវ​យក​គ្រាប់​កាហ្វេ​មក​បណ្ដុះ​សិន​មុន​យក​ទៅ​ដាំ ៖ «អា​ហ្នឹង​យើង​យក​គ្រាប់​យក​មក​សាប។ មុន​ដំបូង​យើង​សាប​ជា​ថ្នាល​ដូច​កូន​ស្ពៃ។ សាប​រួច​បាន​វា​ដុះ​ពន្លក​មក បាន​យើង​ដក​យក​ទៅ​ផ្សាំ យើង​ដក​យក​ទៅ​ច្រក​ថង់ ហ្នឹង​ទី​១។ សាប​រយៈពេល​ប្រហែល​ជា ២០​ថ្ងៃ ទៅ ១​ខែ បាន​វា​ប្រេះ​ចេញ​ជា​មួយ​ត្រួយ មួយ​សន្លឹក​មួយ បាន​យើង​ដក។ ពេល​សាប​ហ្នឹង​យើង​យក​មក​ផ្សាំ​ដាក់​ក្នុង​ថង់​ផ្សាំ»

លោក ប៊ូ សុភាព បន្ត​ថា នៅ​ពេល​បណ្ដុះ​គ្រាប់​កាហ្វេ​បាន ១​ខែ វា​នឹង​ដុះ​ចេញ​បាន ២ ទៅ ៣​សន្លឹក ចាំ​ដក​យក​កូន​កាហ្វេ​ដុះ​នោះ​យក​ទៅ​ផ្សាំ​ក្នុង​ថង់​ប្លាស្ទិក ដែល​បាន​លាយ​ដី​មុខ​លើ​ក្នុង​ដី ១០០% ត្រូវ​លាយ​ជីកំប៉ុស ៣០% រួច​ត្រូវ​យក​ដៃ​ចាប់​ដក​កូន​កាហ្វេ​ថ្នមៗ រួច​យក​ចង្អុល​ដៃ​ទៅ​ចុច​ដី​ក្នុង​ថង់​ឲ្យ​បាន​ជម្រៅ ១​ថ្នាំង​ដៃ កប់​វា​ក្នុង​ដី​​នោះ និង​ស្រោច​ទឹក​ឲ្យ​វា​សើម​ដី​ថង់​បន្តិច ៖ «ឧទាហរណ៍​ថា ដី ៧០% អាចម៍​គោ ៣០% ហើយ​យើង​លាយ​វា លាយ​វា​ច្របល់​វា​ឲ្យ​ល្អ ហើយ​យើង​រោយ​ថ្នាំ​កណ្ដៀរ។យើង​រោយ​ថ្នាំ​កណ្ដៀរ​ជាមួយ​គ្នា​ហើយ បាន​យើង​កើប​ច្រក​ទៅ​កូន​ថង់ ហើយ​បាន​យើង​ដក​កូន​បណ្ដុះ»

មុន​ដក​យក​កូន​កាហ្វេ​ទៅ​ផ្សាំ ត្រូវ​រើស​មើល​ឫស​របស់​វា បើ​សិន​កូន​ដើម​កាហ្វេ​ណា​មាន​បែក​ឫស​២ ត្រូវ​កាត់​ឫស​មួយ​ចេញ។ កាត់​ឫស​២ ទុក​តែ​ឫស​មួយ​នេះ គឺ​ឲ្យ​ដើម​កាហ្វេ​មាន​កម្លាំង​លូត និង​ធានា​ជំងឺ។ កូន​កាហ្វេ ពេល​ដាំ​មាន​ឫស​តែ​មួយ នៅ​ពេល​វា​ផ្លែ វា​នឹង​មាន​គ្រាប់​ធំ​ល្អ ហើយ​ស្រណុក​ថែទាំ។ តែ​បើ​ដាំ​កូន​កាហ្វេ​ដែល​មាន​ឫស​២ នៅ​ពេល​យក​ទៅ​ដាំ ដល់​ពេល​វា​ដុះ​ធំ​ឡើង​វា​នឹង​ល្អ​តែ​ស្លឹក ឯ​ផ្លែ​វា​មិន​សូវ​មាន​ច្រើន​ទេ។

វិធី​ដាំ​កូន​កាហ្វេ

លោក ប៊ូ សុភាព ថា ការ​ផ្សាំ​កូន​កាហ្វេ​ត្រូវ​រង់ចាំ​រយៈពេល ១​ខែ​កន្លះ ទៅ ២​ខែ ទើប​អាច​យក​វា​ទៅ​ដាំ​នៅ​ក្នុង​ដី​ដែល​កាយ​ទុក​ក្នុង​ជម្រៅ និង​ទំហំ ៥០ ទៅ ៦០​សង់ទីម៉ែត្រ​គូប។ ពេល​យក​កូន​កាហ្វេ​ទៅ​ដាំ​ត្រូវ​វាស់​ក្រឡា​ទុក​គម្លាត​ពី​គុម្ព​មួយ​ទៅ​មួយ គឺ ៣​ម៉ែត្រ ទៅ ៣​ម៉ែត្រ​កន្លះ ឲ្យ​បាន​បួន​ជ្រុង​ស្មើ។ ការ​ទុក​គម្លាត​ឆ្ងាយ​ពី​គ្នា​នោះ ព្រោះ​ដើម​កាហ្វេ​មាន​កម្ពស់​ខ្ពស់ និង​ដើម​ធំ​បែក​មែក​សាខា។

លោក​បន្ត​ថា ៖ «យើង​ត្រូវ​វាស់​មើល ដូច​ថា ឥឡូវ​បើ ៣​ម៉ែត្រ ឲ្យ ៣​ម៉ែត្រ​បួន​ជ្រុង បើ​ថា ៣​ម៉ែត្រ​កន្លះ ៣​ម៉ែត្រ​កន្លះ​បួន​ជ្រុង ព្រោះ​អី​បើ​សិន​យើង​ទុក​ញឹក​ពេក វា​ចាក់​គ្នា វា​អត់​សូវ​ផ្លែ​ទេ។ អ៊ីចឹង​យើង​ត្រូវ​ទុក​គម្លាត​វា​ឆ្ងាយ។ អ៊ីចឹង ៣​ម៉ែត្រ​កន្លះ​ហ្នឹង​វា​ងាយ​ស្រួល មែក​មិន​ដល់​គ្នា វា​អាច​ផ្លែ​បាន​ច្រើន»

ការ​ថែ​ទាំ​ដំណាំ​កាហ្វេ

នៅ​ពេល​យក​កូន​កាហ្វេ​ទៅ​ដាក់​ដាំ​ក្នុង​ដី​ចម្ការ​ផ្ទាល់​ហើយ ៣​ខែ​ក្រោយ​មក កូន​កាហ្វេ​វា​នឹង​ដុះ​ខ្នែង​ចេញ​ពី​ដើម​និង​មែក។

លោក​ថា ខ្នែង​ដុះ​មក​នោះ ត្រូវ​កាត់​ចេញ​ជា​ចាំបាច់​ពី​ដើម និង​ពី​មែក​របស់​វា ដើម្បី​ឲ្យ​ដើម​វា​លូត ៖ «បើ​សិន​យើង​ទុក​ខ្នែង ទី​១ អា​ខ្នែង​ហ្នឹង​វា​បឺត​ជី។ ទី​២ វា​បណ្ដាល​ឲ្យ​មែក​ហ្នឹង​វា​ងាប់ ផ្លែ​ហ្នឹង​វា​រួម អ៊ីចឹង​វា​មាន​ខ្នែង​ច្រើន។ អ៊ីចឹង​អា​ខ្នែង​ហ្នឹង​វា​ចេញ​ច្រើន​ណាស់ អា​កាហ្វេ​ហ្នឹង និយាយ​រួម​ទៅ​បើ​ថែ ការ​ថែទាំ​វា​ពិបាក​ដែរ ដូច​យើង​ថែ​កូន​ខ្ចី​ដូច​គ្នា»

ការ​កាត់​ខ្នែង​ពី​ដើម និង​មែក​កាហ្វេ ក៏​ត្រូវ​មើល​ដែរ បើ​ដើម​វា​មិន​សូវ​សំបូរ​មែក​ទេ គេ​អាច​ទុក​ខ្នែង​វា​ឲ្យ​ដុះ​បែក​មែក​បាន​ដែរ។ លោក​ថា ពេល​វា​លូត​ធំ អាច​ល្អ​ជាង​មែក​ចាស់​ក៏​មាន​ដែរ។ បើ​មើល​ថា វា​ដុះ​ល្អ​ជាង ចាំបាច់​ត្រូវ​កាត់​មែក​ចាស់​ចោល ទុក​ឲ្យ​ខ្នែង​ខ្ចី​នោះ​ដុះ​បែក​ទៅ​ជា​មែក​វិញ។

ក្រោយ​ពី​កាត់​ខ្នែង​ហើយ ត្រូវ​មើល​ដាក់​ជី​តាម​គុម្ព​កូន​កាហ្វេ​មួយៗ។ លោក​ថា ការ​ដាំ​កាហ្វេ​នៅ​ពេល​កូន​វា​នៅ​តូច មិន​សូវ​មាន​ជំងឺ​ទេ តែ​ដល់​ពេល​វា​ចាប់​ផ្ដើម​ផ្លែផ្កា​ហុច​ផល វា​កើត​ជំងឺ។

ការ​ដាក់​ជី​ថែទាំ

កាហ្វេ​ដែល​មាន​រសជាតិ​ឈ្ងុយ​ខ្លាំង លោក​ប្រាប់​ថា ប្រើ​តែ​ជីកំប៉ុស​សុទ្ធ ដាក់​តាម​មួយ​គុម្ពៗ។ ក្នុង​មួយ​គុម្ព​ត្រូវ​ដាក់​ជីកំប៉ុស ២​ទៅ ៣​គីឡូក្រាម ជា​ការ​ល្អ។ លោក​ថា កាហ្វេ​នៅ​ពេល​វា​ចាប់​ផ្តើម​ហុច​ផល​ចេញ​ផ្លែផ្កា នឹង​មាន​សត្វ ឬ​មេរោគ​មក​យាយី​ដើម ស្លឹក។ ទោះ​បី​ម្ចាស់​កសិដ្ឋាន​ព្យាយាម​ប្រើ​តែ​ជី​ធម្មជាតិ​ក៏ដោយ មិន​អាច​ចៀស​ផុត​ពី​ការ​ប្រើ​ជីគីមី​លាយ​ទេ។ ជីគីមី​ត្រូវ​ប្រើ​ចាំបាច់​សម្រាប់​ការពារ និង​ព្យាបាល​ជំងឺ​ ដូចជា​កម្ចាត់​ផ្សិត​នៅ​លើ​ដើម សត្វ​ក្រា​រោម​ផ្កា និង​ផ្លែ​កាហ្វេ ឬ​ដង្កូវ​រុំ​ស្លឹក​ជាដើម។

ចម្ការ​កាហ្វេ​មួយ​ទៀត នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោរម្យ ក្រុង​មណ្ឌលគិរី ឬ​គេ​ហៅ​ថា ចម្ការ​តាថាច លោក ទុយ ថាច អះអាង​ថា គាត់​ដាំ​កាហ្វេ​ពូជ​ដែល​គេ​ដាំ​នៅ​ប្រទេស​វៀតណាម គឺ​ដើម​កំណើត​មក​ពី​ប្រទេស​ប្រេស៊ីល។ កាហ្វេ​នោះ​ជា​ពូជ​គ្រាប់​កាហ្វេ​តូច​ល្អិត​ដែល​គេ​និយម​ទទួល​ទាន។

លោក ទុយ ថាច ឲ្យ​ដឹង​ថា ការ​ថែទាំ​កាហ្វេ​គឺ​ចាំបាច់​ត្រូវ​ដើរ​បេះ​ខ្នែង​វា​ដុះ​ចេញ​ពី​មែក និង​ត្រូវ​ស្រោច​ទឹក​នៅ​រដូវ​ប្រាំង​ឲ្យ​បាន​ក្នុង ១​គុម្ព ចំណុះ​ទឹក ១​អម្រែក ក្នុង​១​ថ្ងៃ។ បើ​នៅ​រដូវ​វស្សា ទឹក​មិន​បាច់​ស្រោច​ក៏បាន ព្រោះ​អាកាសធាតុ​ត្រជាក់ និង​មាន​ភ្លៀង​ធ្លាក់​សើម​ដី។ តែ​បើ​ដី​ស្ងួត​អាច​ស្រោច​ទឹក ៣​ថ្ងៃ​ម្ដង និង​ថែម​ជី​ក្នុង​១​គុម្ព ២​បង្គី​សម្រាប់​ជីកំប៉ុស បើ​ជីគីមី​គាត់​ប្រើ​ជី​អិនប៉េកា ៖ «ដាក់​មួយ​កំប៉ុង​មួយ​គុម្ព មួយ​កំប៉ុង​ទឹក​ដោះ​គោ​យើង​ហ្នឹង។ ក្នុង​១​រដូវ​វស្សា​ដាក់​២​ដង​អី​ទៅ»

ម្ចាស់​ចម្ការ​កាហ្វេ​ទាំង​ពីរ​បាន​អះអាង​ថា ការ​ថែទាំ​កាហ្វេ​ដិតដល់​វា​នឹង​ហុច​ផល​ក្នុង​រយៈពេល ៣​ឆ្នាំ នៅ​ឆ្នាំ​ទី​៤ ទើប​គេ​ចាប់​ផ្ដើម​ប្រមូល​ផល​មែន​ទែន។ ដើម​កាហ្វេ បើ​គេ​អាច​ថែទាំ​វា​បាន​ល្អ ស្រោច​ទឹក​ដាក់​ថែម​ជី​គ្រប់គ្រាន់ វា​នឹង​ឲ្យ​ផល​បេះ​ផ្លែ​បាន​រហូត​ដល់​ជាង ១០​ឆ្នាំ៕