និស្សិត​បញ្ចប់​បរិញ្ញាបត្រ​កសិកម្ម​មួយ​រូប​បើក​កសិដ្ឋាន​ចិញ្ចឹម​ទា​នៅ​ខេត្ត​តាកែវ

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

និស្សិត​បញ្ចប់​បរិញ្ញាបត្រ​កសិកម្ម​មួយ​រូប បាន​បើក​កសិដ្ឋាន​ចិញ្ចឹម​ទា​មួយ​កន្លែង​នៅ​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ ការ​ចិញ្ចឹម​ទា​របស់​គាត់​នោះ ដើម្បី​ពិសោធ​ប្រៀបធៀប​ថា តើ​ការ​ចិញ្ចឹម​ឲ្យ​ចំណី​ធម្មជាតិ​សុទ្ធ ខុស​ពី​ឲ្យ​ចំណី​ដែល​ទិញ​ពី​ទីផ្សារ​យ៉ាង​ដូចម្តេច?

កសិដ្ឋាន​ចិញ្ចឹម​ទា​ហ្វូង​មួយ​កន្លែង​ក្នុង​ភូមិ​ព្រៃក្តួច ឃុំ​ត្រពាំងក្រញូង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ មាន​អ្នក​គ្រប់គ្រង​ជា​និស្សិត​បញ្ចប់​បរិញ្ញាបត្រ​កសិកម្ម ឈ្មោះ ស្រ៊ី តុលា។ និស្សិត​រូប​នោះ​ឲ្យ​ដឹង​ថា ក្នុង​កសិដ្ឋាន​នេះ គាត់​ចិញ្ចឹម​ទា​យក​ស៊ុត​មាន ១​ពាន់​ក្បាល និង​ទា​ជំទង់ ៣​ពាន់​ក្បាល។ ក្រៅ​ពី​នោះ គាត់​ក៏​ចិញ្ចឹម​មាន់​ដែរ។ សត្វ​មាន់ និង​ស៊ុត​ទា​នេះ គាត់​ផ្គត់ផ្គង់​ទៅ​ផ្សារ​សេដាក (CEDAC)។ លោក​បន្ត​ថា ទា​ដែល​គាត់​កំពុង​ចិញ្ចឹម​នេះ​យក​មក​ពី​ខេត្ត​កំពត ជា​ពូជ​នៅ​ក្នុង​ស្រុក ស៊ុត​ពណ៌​លឿង​ខ្ចី មិន​មែន​ពណ៌​ក្រហម​ទេ។ លោក​ថា មុន​គាត់​សម្រេច​រើស​យក​ពូជ​ទា​មក​ចិញ្ចឹម​នេះ គាត់​បាន​ទៅ​ដល់​កន្លែង​ចិញ្ចឹម​ចាស់ ដើម្បី​រើស​មើល​មេ​ណា​អាយុ​ចាប់​ពី ៥​ខែ​យក​មក​ចិញ្ចឹម ជា​មេ​ទា​គ្មាន​ជំងឺ និង​ពូជ​ឆាប់​ផ្តល់​ស៊ុត៖ «»។

និស្សិត​បញ្ចប់​បរិញ្ញាបត្រ​រូប​នេះ​បន្ត​ថា បាន​ជា​គាត់​រៀន​ចប់​បរិញ្ញាបត្រ ហើយ​ងាក​មក​ចិញ្ចឹម​សត្វ គឺ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​គាត់​ពី​តូច​មក។ គាត់​រៀន​ដើម្បី​បង្កើន​បច្ចេកទេស​ចិញ្ចឹម​សត្វ​យ៉ាង​ណា​ចំណេញ ហើយ​សត្វ​មិន​ងាប់ ដើម្បី​យក​បទពិសោធន៍​រក​ឃើញ​នេះ​ទៅ​បង្រៀន​ដល់​កសិករ​ដទៃ​ទៀត​ឲ្យ​រៀន​សូត្រ​តាម ពី​វិធី​ចិញ្ចឹម​សត្វ​ដែល​ងាយ​ប្រមូល​ផល មិន​ឆ្លង​ជំងឺ ឆាប់​ទទួល​បាន​កម្រៃ​ពី​ការ​លក់​ដូរ ជាដើម៖ «»។

ស្រ៊ី តុលា បន្ត​ថា រើស​បាន​មេ​ទា​ហើយ ត្រូវ​សង់​រោង​ចិញ្ចឹម​ដោយ​គិត​ពី​បរិមាណ​ទា និង​ទំហំ​រោង។ ស្រ៊ី តុលា ថា​មេ​ទា ១​ពាន់​ក្បាល គាត់​សង់​រោង​ទទឹង ១០​ម៉ែត្រ បណ្តោយ ២០​ម៉ែត្រ និង​កម្ពស់​រោង ៣​ម៉ែត្រ សង់​នៅ​ក្បែរ​ស្រះ​ទឹក ធ្វើ​យ៉ាង​ណា​ទីតាំង​ចិញ្ចឹម​ទា​ត្រូវ​នៅ​កន្លែង​ត្រជាក់។ នៅ​ពេល​មេឃ​ក្តៅ​ខ្លាំង គាត់​កាប់​ស្លឹក​ឈើ​គ្រប​ដំបូល​រោង ឬ​យក​សំណាញ់​បៃតង​ចង​ពី​ក្រោម​ដំបូល ដើម្បី​បន្ថយ​កម្ដៅ ព្រោះ​ទា​នៅ​ក្នុង​រោង​វា​ក្តៅ ត្រូវ​លែង​វា​ឲ្យ​ចុះ​លេង​ទឹក​ស្រះ។

លោក ស្រ៊ី តុលា បន្ត​ថា មេ​ទា​គាត់​ទិញ​មក​ចិញ្ចឹម ត្រូវ​លែង​ឲ្យ​វា​បាន​លេង​ទឹក ១​ថ្ងៃ ២​ដង ហើយ​បំប៉ន​ចំណី​វា​ក្នុង​រយៈពេល ២០​ថ្ងៃ វា​នឹង​ផ្តល់​ស៊ុត។ ចំណី​ក្នុង​ទា ១​ពាន់​ក្បាល ត្រូវ​ឲ្យ​ចំណី ១៣០​គីឡូក្រាម​ក្នុង​១​ថ្ងៃ ទើប​វា​ស៊ី​គ្រប់គ្រាន់។ ចំណី​ត្រូវ​ដាក់​ក្នុង​ស្នូក។ ស្នូក​ដាក់​ចំណី ត្រូវ​តម្រៀប​ជា​ជួរ​នៅ​សង​ខាង​ទ្រុង។ ការ​រៀប​ស្នូក​ច្រើន​សម្រាប់​ដាក់​ចំណី​ឲ្យ​ទា​ស៊ី​នេះ បង្ការ​កុំ​ឲ្យ​វា​ដណ្ដើម​គ្នា​ស៊ី ដែល​វា​ជះ​ឥទ្ធិពល​ដល់​ការ​ផ្តល់​ស៊ុត​មិន​ស្រុះ​គ្នា ព្រោះ​ស្នូក​តិច មេ​ទា​ខ្លះ​វា​ស៊ី​ឆ្អែត វា​ឲ្យ​ស៊ុត​ទៀងទាត់ មេ​ទា​ដែល​ស៊ី​មិន​ឆ្អែត ការ​ផ្តល់​ស៊ុត​ក៏​អាក់​តាម​នោះ​ដែរ។ លោក​បន្ត​ថា ចំណី​ដែល​ផ្តល់​ឲ្យ​ទា​ស៊ី មិន​ត្រូវ​លាយ​ចំណី​ផ្សំ​នៅ​ទីផ្សារ​ដាក់​ឲ្យ​វា​ស៊ី​ទេ ព្រោះ​ផ្សារ​អង្គការ​សេដាក មិន​ទទួល​យក​ស៊ុត​ទា​ណា​ដែល​ស៊ី​ចំណី​ផ្សំ​រួច​លក់​នៅ​ទីផ្សារ​ទេ ព្រោះ​វា​អាច​មិន​មែន​ចំណី​ធម្មជាតិ៖ «»។

អ្នក​គ្រប់គ្រង​កសិដ្ឋាន​ចិញ្ចឹម​ទា​ជា​និស្សិត​បញ្ចប់​បរិញ្ញាបត្រ​កសិកម្ម លោក ស្រ៊ី តុលា នៅ​កសិដ្ឋាន​ចិញ្ចឹម​ទា​ក្នុង​ភូមិ​ព្រៃក្តួច ឃុំ​ត្រពាំងក្រញូង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៥។
អ្នក​គ្រប់គ្រង​កសិដ្ឋាន​ចិញ្ចឹម​ទា​ជា​និស្សិត​បញ្ចប់​បរិញ្ញាបត្រ​កសិកម្ម លោក ស្រ៊ី តុលា នៅ​កសិដ្ឋាន​ចិញ្ចឹម​ទា​ក្នុង​ភូមិ​ព្រៃក្តួច ឃុំ​ត្រពាំងក្រញូង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៥។ (RFA/Ouk Savborey)

លោក​អះអាង​ថា ការ​សម្គាល់​ស៊ុត​ទា​ឲ្យ​ស៊ី​ចំណី​ផ្សំ គឺ​ស៊ុត​ទា​ទំហំ​ធំៗ ហើយ​មាន​ក្លិន​លាមក ពេល​យក​វា​ទៅ​ចម្អិន វា​ខុស​ពី​ទា​ស៊ី​ចំណី​ធម្មជាតិ៖ «»។

ចំពោះ​ការ​ថែទាំ​រោង​ទា​វិញ លោក​ថា ទា​ស៊ី​ជុះៗ​ពាសវាលពាសកាល ត្រូវ​យក​អង្កាម​ចាក់​គ្រប​ពី​លើ​លាមក​វា​នោះ ដើម្បី​បន្ថយ​ក្លិន​ស្អុយ​ផង និង​ការពារ​ជំងឺ​ដែល​កើត​ពី​លាមក​វា​នោះ​ផង៖ «»។

ឯកសារ​កសិកម្ម​ឆ្នាំ​២០១០ ណែនាំ​ពី​ចំណី​ទា​ដែល​ត្រូវ​បំប៉ន​មេ​យក​ស៊ុត គឺ​ក្តាម ខ្យង កូន​ត្រី កំពឹស ឈ្លើង ជន្លេន ដែល​ជា​អាហារ​សាច់។ ចំណែក​អាហារ​ដែល​មាន​ជាតិ​ម្សៅ គឺ​ស្រូវ ពោត មើម​ថ្លុង។ បន្ថែម​លើ​នោះ ត្រូវ​មាន​អាហារ​រុក្ខជាតិ​ឲ្យ​វា​ស៊ី​ដែរ ដូចជា ស្លឹក​ស្មៅ ស្លែ សារាយ បន្លែ​សំណល់​ផ្ទះ​បាយ ជាដើម។ ការ​បំប៉ន​មួយ​ទៀត គឺ​ឃ្វាល​ឲ្យ​មេ​ទា​ស៊ី​តាម​ស្រែ ដែល​មាន​ស្រូវ​ជ្រុះ​ត្រាំ​ក្នុង​ទឹក ឬ​ស្រូវ​ដុះ ឬ​មួរ​ស្រូវ ដែល​តំបន់​ខ្លះ​ហៅ​ថា សាស្រូវ ទើប​វា​ស៊ី​គ្រប់​ជីវជាតិ​អាហារ។

ឯកសារ​ដដែល​ប្រាប់​ពី​ការ​ឲ្យ​ចំណី​ដល់​សត្វ​ទា​ចិញ្ចឹម​យក​សាច់ អាហារ​របស់​វា​ខុស​ពី​មេ​ទា​យក​ស៊ុត។ ចំណី​កូន​ទា​អាយុ ១​ថ្ងៃ​ទៅ ៣០​ថ្ងៃ ឲ្យ​វា​ស៊ី​អង្ករ ឬ​គ្រាប់​ពោត កិន ឬ​ស្ងោរ​ឲ្យ​ឆ្អិន រួច​ចាក់​ទឹក​លាយ​ឲ្យ​ខាប់ ច្របាច់​ឲ្យ​សព្វ​ទុក​ឲ្យ​ត្រជាក់ ទើប​ដាក់​ឲ្យ​វា​ស៊ី ៤​ដង​ក្នុង ១​ថ្ងៃ។ កូន​ទា​ត្រូវ​ដាក់​ទឹក​ឲ្យ​វា​ផឹក ដោយ​បុក​ស្លឹក​ខ្ទឹម ១​គីឡូក្រាម​លាយ​នឹង​ទឹក ៥០​លីត្រ។ នៅ​ពេល​កូន​ទា​មាន​អាយុ ១៦​ថ្ងៃ​ទៅ ៣០​ថ្ងៃ ទើប​លែង​វា​ឲ្យ​ចុះ​លេង​ទឹក និង​ឲ្យ​វា​ដើរ​ស៊ី​ចំណី​តាម​វាល​ស្រែ។ ការ​ថែទាំ​កូន​ទា​ពេល​ញាស់​ភ្លាម ត្រូវ​បង្អត់​ចំណី​វា ៤ ទៅ ៥​ម៉ោង រួច​ចែក​កូន​ទា​ជា​ក្រុម​ពី ១០០ ទៅ ២៥០​ក្បាល កុំ​ឲ្យ​វា​ផ្តុំ​គ្នា ព្រោះ​វា​អាច​ជាន់​គ្នា​ងាប់ ឬ​វា​អាច​ក្រិន។ កន្លែង​ចិញ្ចឹម​ត្រូវ​មាន​កម្ដៅ និង​ពន្លឺ​គ្រប់គ្រាន់។ ការ​ថែទាំ​មេ​ទា​ពង គឺ​បង្ការ​កុំ​ឲ្យ​វា​ភ័យ​ខ្លាច កុំ​ដេញ​វា​ឡើង​ចំណោត​ខ្ពស់ ឬ​ចុះ​ចំណោត​ខ្ពស់។ មេ​ទា​ពង វា​ខ្លាច​ភាព​អ៊ូអរ ខ្លាច​ឆ្កែ ខ្លាច​សំឡេង​ភ្លេង​ខ្លាំង ខ្លាច​ដី​ភក់ ដី​បែក​ក្រហែង និង​ខ្លាច​វាល​ស្មៅ​ក្រាស់ និង​ស្មៅ​ខ្ពស់​ដែរ ត្រូវ​ផ្លាស់ប្ដូរ​ទ្រុង​មេ​ទា​ពង ១​អាទិត្យ ឬ​កន្លះ​ខែ​ម្តង។ ៣​ខែ​ក្រោយ​ពី​ប្ដូរ​វា​ចេញ ទើប​អាច​កៀង​វា​ឲ្យ​ចូល​ទ្រុង​ចាស់​វិញ។

ចំណែក​និស្សិត ស្រ៊ី តុលា គ្រប់គ្រង​សត្វ​នៅ​កសិដ្ឋាន​ត្រពាំងក្រញូង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ឲ្យ​ដឹង​ថា មេ​ទា ១.០០០​ក្បាល ក្នុង ១​ថ្ងៃ​វា​ផ្តល់​ស៊ុត​ចន្លោះ​ពី ៨៥០ ទៅ ៩០០​គ្រាប់។ ការ​ប្រមូល​ស៊ុត​ទា ត្រូវ​ធ្វើ​ដោយ​ប្រុង​ប្រយ័ត្ន ប្រើ​កញ្ច្រែង​រើស​វា​ដាក់​ចូល​ថ្នមៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។