បច្ចេកទេស​ដាំ​ដំណាំ​ឆៃយ៉ា

0:00 / 0:00

ឆៃយ៉ា ជា​រុក្ខជាតិ​ដែល​មាន​ប្រភព​ដើម​នៅ​តំបន់​អាមេរិក​កណ្ដាល។ ឆៃយ៉ា​ជា​រុក្ខជាតិ​រស់​បាន​យូរ​ឆ្នាំ ហើយ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ដាំ​ដុះ​នៅ​កម្ពុជា។ ប្រជាជន​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា ហៅ​ឈ្មោះ​ដំណាំ​នេះ​ថា បន្លែ​ផ្អែម អូលីវ ឬ ខាត់ណា​យក្ស ទៅ​តាម​ការ​និយម​ហៅ​តាម​តំបន់។ ដំណាំ​ប្រភេទ​នេះ ច្រើន​ឃើញ​គេ​ដាំ​ក្នុង​សួន​បន្លែ ដាំ​ធ្វើ​ជា​របង ឬ​ដាំ​ធ្វើ​ជា​រុក្ខជាតិ​លំអ​ក៏បាន។

តើ​ដំណាំ​ឆៃយ៉ា ងាយ​ស្រួល​ដាំ ឬ​ទេ? តើ​ដំណាំ​ប្រភេទ​នេះ​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?

កសិករ និង​អ្នក​បច្ចេកទេស​លើក​ឡើង​ថា ដំណាំ​ឆៃយ៉ា ផ្តល់​ផលប្រយោជន៍​យ៉ាង​ច្រើន ទាំង​នៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​ក្នុង​វិស័យ​កសិកម្ម។ ដើម​ឆៃយ៉ា អាច​យក​ទៅ​ធ្វើ​ម្ហូប​អាហារ​បាន​ច្រើន​បែប​ដូចជា​អាច​បរិភោគ​ធ្វើ​ជា​អន្លក់ (ស្រុស​ឲ្យ​ឆ្អិន) ឆា សម្លកកូរ ប្រហើរ និង​អាហារ​ជា​ច្រើន​ទៀត។

ចំណែក​ស្លឹក​ដំណាំ​ឆៃយ៉ា​វិញ បាន​ចូល​រួម​ចំណែក​ក្នុង​ការ​បង្កើន​គុណភាព​ដី​ឲ្យ​មាន​សារធាតុ​អាសូត និង​ប្រើ​សម្រាប់​ជា​ចំណី​សត្វ ដូចជា មាន់ ទា បាន​ដែរ។ ឆៃយ៉ា ក៏​ជា​ដំណាំ​សម្បូរ​សារធាតុ​ចិញ្ចឹម​ច្រើន ដែល​កសិករ​ជា​ច្រើន​យក​ធ្វើ​ជា​ជី​ស្រស់​ជួយ​ឲ្យ​ដី​ដាំ​ដុះ​កាន់​តែ​ល្អ។

បច្ចេកទេស​ដាំ​ដំណាំ​ឆៃយ៉ា ត្រូវ​បាន លោក តូច សុភាព ជា​អ្នក​គ្រប់គ្រង​កសិដ្ឋាន ហ្គ្រែន ភ្នំពេញ រស់​នៅ​ខណ្ឌ​​សែនសុខ រាជធានី​ភ្នំពេញ អះអាង​ថា ជា​ដំណាំ​ងាយ​ដាំ​មិន​លំបាក​ថែទាំ ដោយ​គ្រាន់តែ​កាត់​មែក​យក​មក​ដាំ ដូចជា​ដាំ​ដំណាំ​ដំឡូងមី​ដែរ។

​លោក​បន្ត​ថា មុន​ដាំ​ត្រូវ​កាប់​ដី​ជម្រៅ​ពី ១ ទៅ ១,៥​តឹក បន្ទាប់​មក​យក​ដើម​ដែល​បាន​កាត់​ជា​កង់ៗ ប្រវែង ១,៥​តឹក ដោត​ដាំ​លើ​កន្លែង​ដែល​បាន​រៀបចំ​រួច​នោះ ហើយ​គម្លាត​រវាង​រណ្ដៅ​មួយ​ទៅ​រណ្ដៅ​មួយ​ប្រវែង ១ ទៅ ២​ម៉ែត្រ៖ «ការ​រៀបចំ​ដី យើង​រៀបចំ​ដី​ទំហំ​រណ្ដៅ ២​តឹក​ទៅ ហើយ​ជម្រៅ​រណ្ដៅ​វា ១​តឹក ទៅ ១,៥​តឹក ហើយ​យើង​យក​ជីកំប៉ុស​គោក​ដែល​យើង​លាយ ហើយ​ដាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​ទៅ ហើយ​នៅ​ពេល​ដែល​យើង​រៀបចំ​ពូជ យើង​ត្រូវ​យក​ដើម​ឆៃយ៉ា ដែល​ថ្លោសៗ កាត់​វា​ប្រវែង ១,៥​តឹក ហើយ​យក​ដើម​វា​មក​ដោត​លើ​ដី​នោះ»

​ឯកសារ​កសិកម្ម​ឆ្នាំ​២០១៣ របស់​អង្គការ USAID ស្ដីពី​បច្ចេកទេស​ដាំ​ដំណាំ​ឆៃយ៉ា​បញ្ជាក់​ថា ឆៃយ៉ា​ជា​រុក្ខជាតិ​ងាយស្រួល​ដុះ គេ​ដាំ​វា​ដោយ​ការ​កាត់​មែក​យក​ដាំ គឺ​មិនមែន​ដាំ​ដោយ​គ្រាប់​នោះ​ទេ។ យើង​អាច​កាត់​យក​មែក​ឆៃយ៉ា ដែល​មាន​ថ្នាំង​ពីរ ឬ​បី និង​មាន​ប្រវែង ២០ ទៅ ៣០​សង់ទីម៉ែត្រ ពី​ផ្នែក​ខាង​លើ​ក៏បាន ផ្នែក​ខាងក្រោម​ក៏បាន ក៏ប៉ុន្តែ​ការ​កាត់​ផ្នែក​ខាងលើ​វា​អាច​មាន​បញ្ហា​ខ្លះៗ ដូចជា​រលួយ​នៅ​អំឡុង​ពេល​ដែល​វា​ចាប់​ផ្ដើម​ចាក់​ឫស។ លើស​ពី​នេះ គេ​ត្រូវ​យក​ស្លឹក​ចេញ​ពី​មែក​ដែល​កាត់ និង​រក្សា​មែក​នោះ​ទុក​ក្នុង​ម្លប់​ពី ៣ ទៅ ៤​ថ្ងៃ ដើម្បី​ឲ្យ​មែក​ឆៃយ៉ា ដែល​កាត់​មាន​សភាព​រឹងមាំ និង​មិន​ងាយ​រលួយ។

សម្រាប់​មែក​ដែល​សម​ល្មម​សម្រាប់​យក​ទៅ​ដាំ គឺ​មែក​ដែល​មាន​ដុះ​ស្លឹក ហើយ​ការ​ដាំ​ដែល​ល្អ​បំផុត ត្រូវ​ចាប់​ផ្ដើម​ដាំ​នៅ​ដើម​រដូវ​វស្សា ដើម្បី​ឲ្យ​វា​ងាយ​រស់ និង​លូតលាស់​បាន​ល្អ។

ឯកសារ​នេះ​ដដែល​បញ្ជាក់​ទៀត​ថា មែក​ដែល​ដាំ ទោះជា​នៅ​ក្នុង​ផើង​ក្តី ឬ​នៅ​ក្នុង​ដី​ក្តី ក៏​ត្រូវ​មាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់​ដែរ។ ដំណាំ​នេះ ត្រូវ​ស្រោច​ទឹក​វា​រហូត​ដល់​ចាក់​ឫស ក៏ប៉ុន្តែ​មិន​ឲ្យ​ជោកជាំ​ពេក​ទេ។ ជាង​នេះ​ទៀត គេ​ត្រូវ​បន្ថែម​ជីកំប៉ុស​ទៅ​ក្នុង​រណ្ដៅ ដើម្បី​ផ្ដល់​អាហារ​ដែល​វា​ត្រូវការ​សម្រាប់​លូត​គ្រប់គ្រាន់។ គេ​ក៏​អាច​យក​ចំបើង ឬ​សម្ភារៈ​ផ្សេងៗ​ទៀត មក​ដាក់​ជុំវិញ​គល់​កូន​ដំណាំ ដើម្បី​រក្សា​សំណើម និង​សីតុណ្ហភាព ព្រមទាំង​ជួយ​កម្ចាត់​ស្មៅ​ជាដើម។

​លោក តូច សុភាព អះអាង​ថា សម្រាប់​កសិដ្ឋាន​លោក​ដែល​មាន​ដើម​ឆៃយ៉ា ជិត ៤០០​គុម្ព ដែល​សព្វថ្ងៃ​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​សេដាក​នៅ​រាជធានី​ភ្នំពេញ មាន​តម្លៃ ១​គីឡូ ៣.៥០០​រៀល។ លោក​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​ថែទាំ​ដំណាំ​ឆៃយ៉ា ទាន់​តម្រូវការ​ទីផ្សារ លោក​ថែទាំ​វា​ដោយ​ប្រើ​ជីកំប៉ុស​គោក និង​ជីកំប៉ុស​ទឹក។ លោក​ថា ប្រភេទ​ជី​ទាំង​ពី​នេះ ជា​វត្ថុធាតុដើម​ផ្សំ​ចេញ​ពី​ស្លឹក​ឈើ​ស្រស់​ដែល​ងាយ​រលួយ ដូច​ស្លឹក​អង្គាដី ទឹកនោម និង​លាមក​គោ។

លោក​ថា ការ​ប្រើ​ជី​ប្រភេទ​នេះ ដើម្បី​ឲ្យ​ឆៃយ៉ា ឆាប់​លូតលាស់​ត្រួយ បែក​មែក និង​ឆាប់​បាន​ប្រមូល​ផល​បន្ត៖ «ដល់​ពេល​ការ​ថែទាំ យើង​គ្រាន់តែ​យក​ជីកំប៉ុស​គោក ហើយ​ដល់​ពេល​ការ​ថែ​វា​យើង​ប្រើ​ជីកំប៉ុស​ទឹក​វិញ ១​អាទិត្យ​យើង​ស្រោច​ម្ដង ចំពោះ​រដូវ​វស្សា​មិន​បាច​ស្រោច​ទឹក វា​ច្រើន​ពេក​ទេ តែ​បើ​រដូវ​ប្រាំង​វិញ​យើង​ ២​ថ្ងៃ​ម្ដង»

លើស​ពី​នេះ ឯកសារ​កសិកម្ម​របស់​អង្គការ USAID តាមរយៈ​គម្រោង​ជួយ​ដោះស្រាយ​ភាព​ងាយ​រងគ្រោះ​នៅ​តាម​ជនបទ និង​ស្ថិរភាព​ប្រព័ន្ធ​អេកូឡូស៊ី បាន​ឲ្យ​ដឹង​ដែរ​ថា ស្លឹក​របស់​រុក្ខជាតិ​ឆៃយ៉ា ដែល​អាច​យក​បរិភោគ​បាន គឺ​បន្ទាប់​ពី​ដាំ​វា​បាន​រយៈពេល​ចាប់​ពី ៣​ខែ ទៅ ៥​ខែ ហើយ​បន្ទាប់ពី​វា​អាយុ​មួយ​ឆ្នាំ​ទៅ គឺ​គេ​អាច​ធ្វើ​ការ​កាត់​មែក​បាន ដែល​ការ​កាត់​នេះ​ជួយ​ធ្វើ​ឲ្យ​ដើម​ឆៃយ៉ា ដុះ​លាស់​បាន​លឿន។ នៅ​ពេល​ប្រមូល​ផល គេ​មិន​ត្រូវ​កាត់​ស្លឹក​វា​ឲ្យ​លើស​ពី ៥០% នៃ​ស្លឹក​ទាំង​អស់​ទេ គឺ​ដើម្បី​ឲ្យ​ដើម​បន្ត​ការ​លូតលាស់​ជា​ថ្មី។

​ឯកសារ​ដដែល​បញ្ជាក់​ថា ដើម​ឆៃយ៉ា គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​សារជាតិ​បំប៉ន​សំខាន់ៗ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​របប​អាហារ​មាន​តុល្យភាព និង​មាន​សុខភាព​ល្អ។ ឆៃយ៉ា សម្បូរ​សារធាតុ​ចិញ្ចឹម​ច្រើន​ជាង​បន្លែ ស្លឹក​ពណ៌​បៃតង​ផ្សេងៗ​ទៀត ដូចជា ជន្លង់ ស្ពៃក្ដោប និង​ផ្ទី។ ជាង​នេះ​ទៀត ស្លឹក​របស់​វា គឺ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន កាល់ស្យូម ជាតិ​ដែក ជីវជាតិ​អា និង​ជីវជាតិ​សេ​ខ្ពស់។

ទាក់ទិន​នឹង​អត្ថប្រយោជន៍​របស់​ដំណាំ​ឆៃយ៉ា នេះ​ដែរ អ្នក​បច្ចេកទេស​របស់​អង្គការ​សេដាក ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក វង្ស សាវឿន មាន​ប្រសាសន៍​ថា ដំណាំ​ឆៃយ៉ា គឺ​ធន់​នឹង​ភាព​រាំងស្ងួត បើ​ទោះ​ជា​គេ​ដាំ​វា​នៅ​ក្នុង​ដី​ខ្សាច់​ក៏ដោយ ហើយ​វា​ជា​ដំណាំ​ងាយ​ថែទាំ មិន​ភ័យ​សត្វ​ចង្រៃ​បំផ្លាញ ដោយសារ​ឆៃយ៉ា ជា​រុក្ខជាតិ​មាន​ជាតិ​ជ័រ។

លោក​ថា ដំណាំ​ឆៃយ៉ា បាន​ក្លាយ​ជា​ទិសដៅ​សំខាន់​របស់​អង្គការ​សេដាក ដើម្បី​ជំរុញ​ឲ្យ​កសិករ​ងាក​មក​ដាំ​ដំណាំ​ថ្មី​ប្រភេទ​បន្លែ​សរីរាង្គ​មួយ​នេះ ឲ្យ​មាន​ចំនួន​ច្រើន​ដើម្បី​សុខភាព និង​លើកស្ទួយ​កម្រិត​ជីវភាព។ លោក​ថា បច្ចុប្បន្ន​នៅ​កម្ពុជា ដំណាំ​ឆៃយ៉ា ត្រូវ​បាន​គេ​ដាំ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​សៀមរាប ព្រៃវែង តាកែវ កំពង់ធំ និង​កំពង់ស្ពឺ។

​ទាំង​កសិករ និង​អ្នក​បច្ចេកទេស ចង់​ឃើញ​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​សារសំខាន់​នៃ​ដំណាំ​ឆៃយ៉ា ព្រោះ​ដំណាំ​នេះ​ជា​ដំណាំ​ប្រភេទ​ថ្មី និង​កំពុង​ពេញ​និយម​ក្នុង​តម្រូវ​ការ​ទីផ្សារ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។