អ្នក​ជំនាញ​កសិកម្ម​បង្ហាញ​គោលការណ៍​៤​ចំណុច​ដើម្បី​ផលិត​បន្លែ​លក់​បាន​ចំណូល​ខ្ពស់

0:00 / 0:00

អ្នក​ជំនាញ​កសិកម្ម លើក​ឡើង​ថា ទីផ្សារ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា បច្ចុប្បន្ន កាន់​តែ​កើន​ឡើង​ជា​លំដាប់ ដោយសារ​កំណើន​តម្រូវ​ការ​ប្រជាជន​កាន់​តែ​ច្រើន ប៉ុន្តែ​មាន​កសិករ​តិចតួច​ណាស់​បាន​ចាប់​យក​ឱកាស​នេះ​ដែល​ជា​ហេតុ​ជំរុញ​ឲ្យ​កម្ពុជា នៅ​តែ​នាំ​ចូល​បន្លែ​កាន់​តែ​ច្រើន​ឡើងៗ​ពី​ប្រទេស​ជិត​ខាង។ ហេតុ​នេះ​ដើម្បី​ឲ្យ​កសិករ​អាច​ទទួល​ផល​ពី​ឱកាស​នេះ អ្នក​ជំនាញ​បាន​ផ្តល់​គោលការណ៍​គន្លឹះ​សំខាន់ៗ​ចំនួន​៤ ដែល​អាច​ឲ្យ​កសិករ​ក្លាយ​ខ្លួន​ជា​អ្នក​ដាំ​បន្លែ​លក់​មក​កាន់​ទីផ្សារ​ឲ្យ​បាន​ចំណូល​ច្រើន។

តើ​គោលការណ៍​គន្លឹះ​សំខាន់ៗ​ទាំង​៤ នោះ មាន​អ្វី​ខ្លះ?

ការ​ដាំ​ដុះ​ដំណាំ ឬ​បន្លែ​នៅ​ក្នុង​ស្រុក មិន​ត្រឹម​តែ​ជួយ​លើក​កម្ពស់​កម្រិត​ជីវភាព​របស់​ប្រជា​កសិករ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជា​កម្មវិធី​ជំនួញ​បែប​សង្គម ដែល​អាច​ជួយ​ផ្គត់ផ្គង់​ចំណី​អាហារ​ប្រកប​ដោយ​សុវត្ថិភាព​ដល់​អ្នក​បរិភោគ និង​រួម​ចំណែក​កាត់​បន្ថយ​លំហូរ​ផលិតផល​កសិកម្ម​ពី​ក្រៅ​ប្រទេស​ផង​ដែរ។

ដោយ​សម្លឹង​ឃើញ​ពី​សារសំខាន់​នៃ​ការ​ផលិត​ក្នុង​ស្រុក អ្នក​គ្រប់គ្រង​ប្រតិបត្តិការ​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា សេដាក (CEDAC) លោក គាម មករាឌី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​ព្រួយ​បារម្ភ​ពី​ការ​ហូរ​ចូល​ផលិតផល​កសិកម្ម និង​ចំណី​អាហារ​ពី​ប្រទេស​ផ្សេងៗ មិន​ត្រឹម​តែ​គំរាម​កំហែង​សម្រាប់​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​ទេ វា​ក៏​គំរាម​កំហែង​ដល់​សុវត្ថិភាព​ចំណី​អាហារ​នៅ​កម្ពុជា ផង​ដែរ។ បន្ថែម​ពី​នេះ លោក​ថា កន្លង​មក​មាន​កសិករ​មួយ​ចំនួន ធ្វើ​ការ​ដាំ​ដុះ​បន្លែ និង​ដំណាំ​ផ្សេងៗ មិន​សូវ​គិត​ពី​ផែនការ​ច្បាស់លាស់​លើ​ការ​ដាំ​ដុះ​ប៉ុន្មាន​នោះ​ទេ។ លោក​ថា កសិករ​ខ្លះ​បាន​នាំ​គ្នា​ប្រើប្រាស់​ជី​គីមី និង​ថ្នាំ​ពុល​ទៅ​លើ​បន្លែ និង​ដំណាំ​ជាច្រើន​ប្រភេទ​ទៀត​កាន់​តែ​ច្រើន​ឡើងៗ។ លោក​ថា ការ​ប្រើប្រាស់​ជី​គីមី និង​ថ្នាំ​ពុល​លើ​ដំណាំ​បន្លែ​នោះ នឹង​ប៉ះពាល់​ដល់​សុខភាព បរិស្ថាន សុវត្ថិភាព​ចំណី​អាហារ និង​ជីវិត​សត្វ​ចម្រុះ​ទៀត​ផង៖ « ប្រជា​កសិករ​យើង​មួយ​ចំនួន​គាត់​មិន​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​ផលិត និង​គិត​ទៅ​លើ​ភាព​ទៀងទាត់​នៃ​ការ​ផលិត​នៅ​ឡើយ។ បញ្ហា​នេះ​គាត់​ពិបាក​ទទួល​បាន​ចំណូល​ខ្ពស់​ពី​ការ​លក់​ផលិតផល​របស់​គាត់​ណាស់ ព្រោះ​ឈ្មួញ​មក​ទិញ​គាត់​ច្រើន​បន្ទាប់​តម្លៃ។ ហេតុ​នេះ​បាន​ធ្វើ​ឲ្យ​កសិករ​មួយ​ចំនួន​បាក់​ទឹក​ចិត្ត ហើយ​បោះបង់​នៅ​ការ​ផលិត »

អ្នក​ជំនាញ​កសិកម្ម​រូប​នេះ​បញ្ជាក់​បន្ត​ថា ភាព​ជោគជ័យ​នៃ​ការ​ដាំ​ដុះ គឺ​ទាមទារ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់ ជាពិសេស​គឺ​ជា​ការ​ចំណាយ​ពេលវេលា​ក្នុង​ការ​គ្រប់គ្រង​ដំណាំ​រហូត​ពេល​បញ្ចប់​ការ​ប្រមូល​ផល ហើយ​ទន្ទឹម​ការ​ព្យាយាម​យក​ចិត្ត​ទុក​ដាក់ អ្នក​ផលិត​ក៏​ត្រូវ​ចេះ​រៀបចំ​ផែនការ ការ​តម្រង់​ទិស​ការងារ ហើយ​ត្រូវ​ធានា​ថា គ្រប់​មូលដ្ឋាន​ការងារ​បច្ចេកទេស ត្រូវ​បាន​អនុវត្ត​សម​ស្រប​តាម​ពេលវេលា។ ជាមួយ​គ្នា​នេះ អ្នក​ជំនាញ​កសិកម្ម​រូប​នេះ បាន​ណែនាំ​ទៅ​កសិករ​ថា ដើម្បី​គេច​ចេញ​ពី​ការ​បន្ទាប​តម្លៃ​របស់​ឈ្មួញ​កណ្ដាល ហើយ​ដើម្បី​អាច​ទាញ​យក​ប្រយោជន៍ ខណៈ​មាន​តម្រូវ​ការ​ផលិតផល​កសិកម្ម​កើន​ឡើង​ឲ្យ​បាន​ជោគជ័យ និង​ទទួល​បាន​ចំណូល​ខ្ពស់​នោះ កសិករ​គួរ​គិត​ពី​គោលការណ៍​សំខាន់​ចំនួន​៤។

១. បរិមាណ​ផលិតផល៖ លោក​ថា កសិករ​គួរ​គិត​ទៅ​លើ​បរិមាណ​ផលិត​ជា​រឿង​សំខាន់ មាន​ន័យ​ថា អ្នក​ផលិត​ត្រូវ​មាន​ការ​ដាំ​ដុះ​នូវ​មុខ​ដំណាំ​ជាក់លាក់។ ឧទាហរណ៍ ត្រកួន ត្រសក់ ឬ​សណ្ដែក​កួរ។ល។ ចំណុច​នេះ លោក​ថា កសិករ​ត្រូវ​ហ៊ាន​ធានា​ឲ្យ​បាន​ច្បាស់លាស់​នូវ​បរិមាណ​ដែល​ខ្លួន​អាច​ផលិត​បាន៖ « បរិមាណ​ផលិត គឺ​យើង​ចង់​ឲ្យ​កសិករ​ធ្វើ​ការ​ផលិត​បាន​ច្រើន ហើយ​ធានា​ថា បរិមាណ​នោះ​គាត់​ផលិត​ទៅ​តាម​ផែនការ។ គាត់​ផលិត​លើ​ទំហំ​ដី​ប៉ុន្មាន ? ផលិត​បន្លែ​អ្វី​ខ្លះ ? ធ្វើ​យ៉ាង​ណា​ឲ្យ​សមស្រប​ទៅ​នឹង​ទំហំ​ទីផ្សារ​ដែល​គេ​ចង់​បាន »

២. គុណភាព​ផលិតផល៖ ចំណុច​នេះ​លោក​ថា កសិករ​ត្រូវ​ចេះ​ដាំ​ដុះ ថែទាំ​ទុក​ដាក់​ផលិតផល​របស់​ខ្លួន​ឲ្យ​មាន​រូប​រាង​ល្អ មាន​រសជាតិ និង​មាន​សុវត្ថិភាព ជាពិសេស​ផលិតផល​ដែល​គ្មាន​ការ​ប្រើប្រាស់​ថ្នាំ​ពុល​កសិកម្ម ដើម្បី​ទាក់ទាញ​ចិត្ត​អតិថិជន​ឲ្យ​បាន​ច្រើន៖ « គុណភាព​របស់​យើង​យ៉ាង​ម៉េច កុំ​ឲ្យ​មាន​ការ​ប្រើប្រាស់​ជី​គីមី​នៅ​ក្នុង​ចំណី​អាហារ និង​បន្លែ​របស់​យើង ដើម្បី​ធានា​ថា​អ្នក​ទិញ​មិន​ប៉ះពាល់​ដល់​សុខភាព មាន​សុវត្ថិភាព អត់​មាន​ពុល អត់​មាន​រាករូស ហើយ​គ្មាន​កាក​សំណល់​គីមី​នៅ​ក្នុង​ផលិតផល​របស់​យើង »

៣. ភាព​ទៀងទាត់​នៃ​ការ​ផ្គត់ផ្គង់​ផលិតផល៖ ត្រង់​នេះ អ្នក​ជំនាញ​ពន្យល់​ថា កសិករ​ត្រូវ​គិត​ថា តើ​កសិករ​ខ្លួន​ឯង​អាច​ផ្គត់ផ្គង់​បន្លែ​របស់​ខ្លួន​មួយ​ថ្ងៃ​បាន​ប៉ុន្មាន និង​ប៉ុន្មាន​ថ្ងៃ​អាច​ផ្គត់ផ្គង់​បាន​មួយ​ដង។ បន្ថែម​ពី​នេះ កសិករ​ត្រូវ​ដឹង​ថា ផលិតផល​បន្លែ​ជា​ផលិតផល​ស្រស់​ខុស​ពី​ស្រូវ មិន​អាច​ទុក​បាន​យូរ ហើយ​អាច​លក់​បរិមាណ​ច្រើន​ក្នុង​ថ្ងៃ​តែ​មួយ​ដូច​ស្រូវ​បាន​នោះ​ទេ។ ចំណុច​នេះ​លោក​អះអាង​ថា កន្លង​មក អ្នក​ដាំ​បន្លែ​មាន​ការ​លំបាក​ក្នុង​ការ​ធានា​ភាព​ទៀងទាត់​នូវ​ការ​ផ្គត់ផ្គង់ ដោយ​ពេល​ខ្លះ​មាន​ច្រើន​ពេក ឬ​ពេល​ខ្លះ​អត់​មាន។ បញ្ហា​នេះ​ធ្វើ​ឲ្យ​កសិករ​មាន​ការ​លំបាក​ក្នុង​ការ​លក់​ផលិតផល​មក​ទីផ្សារ ហើយ​អ្នក​ទិញ​ក៏​គ្មាន​ទំនុក​ចិត្ត​មក​អ្នក​ផលិត​ដែរ។ ប៉ុន្តែ​លោក​ថា ដើម្បី​ធានា​បាន​នូវ​ភាព​ទៀងទាត់​ផ្គត់ផ្គង់​ផលិតផល អ្នក​ដាំ​បន្លែ​ត្រូវ​គិត​ពី​រដូវ​ដាំ និង​មាន​វិធានការ​ការពារ​នៅ​ពេល​មាន​ការ​ប្រែប្រួល​អាកាស​ធាតុ ជាដើម៖ « ធ្វើ​ម៉េច​ឲ្យ​មាន​ការ​ទៀងទាត់។ ឧទាហរណ៍ គាត់​ផលិត​បន្លែ​មួយ​ដែល​មាន​អាយុ​កាល ៣០​ថ្ងៃ។ ចឹង​គាត់​ត្រូវ​គិត​លើ​រដូវ​ដាំ​ដុះ ពេល​វេលា​ផលិត ពិនិត្យ​លើ​ប្រព័ន្ធ​ទឹក មាន​សម្ភារៈ​ប្រើប្រាស់​គ្រប់គ្រាន់​សម្រាប់​ការ​ដាំ​ដុះ និង​បង្កើន​ទិន្នផល​របស់​គាត់​ឲ្យ​បាន​ទៀងទាត់ »

៤. តម្លៃ​ផលិតផល៖ លោក​ថា អ្នក​ផលិត​ត្រូវ​ច្បាស់​ពី​ថ្លៃ​ដើម​ក្នុង​ការ​ផលិត មាន​ន័យ​ថា អ្នក​ផលិត​ត្រូវ​គិត​ថា តើ​ចំណាយ​អស់​ប៉ុន្មាន​ក្នុង​ការ​ផលិត​បន្លែ ១​គីឡូក្រាម ព្រោះ​ការ​ដឹង​ពី​ថ្លៃ​ដើម​ផលិត​បាន​ច្បាស់លាស់ វា​ជួយ​ឲ្យ​កសិករ​ងាយ​ស្រួល​ក្នុង​ការ​កំណត់​តម្លៃ​ក្នុង​ការ​លក់​ចេញ ជាពិសេស​បាន​ដឹង​ពី​ភាព​ខាត ឬ​ចំណេញ​ក្នុង​មួយ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន៖ « តម្លៃ​នេះ គឺ​យើង​ត្រូវ​គិត​ថា កុំ​ឲ្យ​លើស​ខ្លាំង​ពេក​ទៅ​លើ​តម្លៃ​នៅ​លើ​ទីផ្សារ ប៉ុន្តែ​ក៏​ត្រូវ​សមស្រប​គ្នា​គិត​លើ​ការ​ផលិត​ផង​ដែរ ធ្វើ​យ៉ាង​ណា​ថ្លឹងថ្លែង​រវាង​អតិថិជន និង​ថ្លៃ​ដើម​ផលិត​ឲ្យ​បាន​ច្បាស់ »

មក​ដល់​ចំណុច​នេះ អ្នក​ជំនាញ​កសិកម្ម​រូប​នេះ​នៅ​តែ​អះអាង​ថា បើ​អ្នក​ដាំ​បន្លែ ពិសេស​កសិករ​អនុវត្ត​នូវ​គោលការណ៍​ណែនាំ​នេះ វា​នឹង​មាន​ផលិតផល​ដែល​មាន​គុណភាព​ល្អ ហើយ​មាន​ភាព​ទៀងទាត់​ក្នុង​ការ​ផ្គត់ផ្គង់​មក​កាន់​ទីផ្សារ​ក្នុង​បរិមាណ​ជាក់លាក់​មួយ។ ជាង​នេះ​ទៀត កសិករ​អាច​លក់​បាន​តម្លៃ​ថ្លៃ និង​មាន​ដៃគូ​ទីផ្សារ​យូរ​អង្វែង​ថែម​ទៀត​ផង។

ទន្ទឹម​នឹង​អត្ថប្រយោជន៍​នៃ​គោលការណ៍​ទាំង​៤ នេះ​ដែរ កសិករ​ដែល​មាន​បទពិសោធន៍​ពី​ការ​ផលិត​បន្លែ​លក់​បាន​ចំណូល​ខ្ពស់ លោក ស៊ឹម រ៉ុម ឲ្យ​ដឹង​ដែរ​ថា ដើម្បី​ឲ្យ​ការ​អនុវត្ត​គោលការណ៍​ទាំង​៤ នេះ កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​នោះ លោក​ថា អ្នក​ផលិត​ក៏​ត្រូវ​ដាំ​ដុះ​ទៅ​តាម​ទំហំ​ធនធាន​របស់​ខ្លួន ដោយ​ចាំបាច់​ត្រូវ​គិត​ទៅ​លើ​ជី​ធម្មជាតិ កម្លាំង​ពលកម្ម និង​ទឹក​ស្រោចស្រព​ផង​ដែរ។ កសិករ​ជោគជ័យ​ក្នុង​ការ​ដាំ​បន្លែ​ម្នាក់​នេះ ក៏​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជាង ២៥​អា គ្រួសារ​លោក​អាច​ទាញ​យក​ផល​ចំណេញ​ពី​ដំណាំ ឬ​បន្លែ​ទាំង​នោះ​ប្រមាណ ៣,៥​លាន​រៀល​ផង​ដែរ។

អ្នក​ជំនាញ​កសិកម្ម ក្រៅ​ពី​ណែនាំ​ពី​គោលការណ៍​ទាំង​៤ ដល់​កសិករ​ដើម្បី​លក់​មក​កាន់​ទីផ្សារ​ឲ្យ​បាន​ចំណូល​ច្រើន។ អ្នក​ជំនាញ​កសិកម្ម ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​បញ្ហា​ប្រព័ន្ធ​ធារាសាស្ត្រ ទុន និង​ពូជ ដើម្បី​ដោះស្រាយ​លំហូរ​ទំនិញ​ពី​ប្រទេស​ជិត​ខាង ទើប​អាច​ជំរុញ​ឲ្យ​កសិករ​បង្កើន​ការ​ផលិត​ក្នុង​ស្រុក​បាន​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។