បច្ចេកទេសដាំដំណាំម្រេចតាមបែបប្រពៃណីរបស់កសិករខេត្តកំពត
2015.12.11
ម្រេចជាដំណាំមួយប្រភេទដែលកំពុងតែទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចង់វិនិយោគលើវិស័យកសិកម្ម ក៏ព្រោះតែដំណាំនេះ កំពុងមានតម្រូវការទីផ្សារ និងឆាប់ទទួលបានប្រាក់ចំណូលត្រឡប់មកវិញ។ ដោយសម្លឹងឃើញផលប្រយោជន៍ច្រើននៃដំណាំម្រេច កសិករនៅខេត្តកំពត នៅតែរក្សាអាជីពដាំដំណាំម្រេចបែបប្រពៃណី ដើម្បីលើកកម្ពស់ជីវភាព។
តើហេតុអ្វីបានជាកសិករនៅខេត្តកំពត នៅតែរក្សាដាំដំណាំម្រេចបែបប្រពៃណី? តើបច្ចេកទេសដាំម្រេចរបស់កសិករក្នុងខេត្តកំពត មានរបៀបដូចម្ដេចខ្លះ?
ដំណាំម្រេចភាគច្រើនត្រូវបានអ្នកវិនិយោគលើវិស័យកសិកម្ម និងកសិករខ្មែរមួយចំនួនចាប់ផ្ដើមងាកមកចាប់អារម្មណ៍ និងដាំដុះដំណាំយុទ្ធសាស្ត្រមួយនេះ។ បច្ចុប្បន្ន ផ្ទៃដីដាំម្រេចនៅកម្ពុជា មានសឹងគ្រប់ខេត្តក្នុងប្រទេស ក្នុងនោះរួមទាំងខេត្តកំពត មួយដែរ។
បើគេនិយាយដល់គុណភាពម្រេចកំពត មានលក្ខណៈពិសេសខុសពីម្រេចផ្សេងទៀត ដោយមានរសជាតិហឹរ មិនរលាកមាត់ និងមានក្លិនឈ្ងុយ។
កសិករដែលប្រកបរបរដាំដំណាំម្រេច ក្នុងសមាគមលើកកម្ពស់ម្រេចកំពត ដែលស្ថិតនៅភូមិអង្គរជ័យ២ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត លោក ងួន ឡាយ ចាត់ទុកដំណាំម្រេច ថាមិនត្រឹមតែដើរតួសំខាន់ជួយលើកកម្ពស់កម្រិតជីវភាពគ្រួសារប៉ុណ្ណោះទេ តែម្រេចក៏ជាដំណាំឧស្សាហកម្មមិនអាចខ្វះបាន ដែលជួយនាំកេរ្តិ៍ឈ្មោះល្បីល្បាញដល់កម្ពុជា ដែរ៖ «ចំណុចពិសេសរបស់ម្រេចកំពត ទី១ ទីតាំងភូមិសាស្ត្រ ទី២ ពូជ ដោយសារដីដែលយើងដាំនេះមានលក្ខណៈពិសេសខុសតំបន់ផ្សេងនៅលើពិភពលោក មានតែនៅស្រុកខ្មែរទេ គេថាដោយសារភូមិសាស្ត្រដីហ្នឹងហើយបានធ្វើឲ្យម្រេចកំពត មានគុណភាពលើសគេ លើសត្រង់ថា វាឈ្ងុយ វាក្លិនលើសផលិតផលផ្សេងទៀត»។
តំណាងឲ្យកសិករជាច្រើនទៀតដែលប្រកបរបរដាំដំណាំម្រេច មកពីសមាគមលើកកម្ពស់ម្រេចកំពត លោក ងួន ឡាយ បានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីថា ម្រេចមានពីរប្រភេទ គឺពូជកំចាយ និងពូជលំពុង។ លោកថា ប្រភេទពូជទាំងពីរនេះមានរយៈពេលចាប់ពីផ្ការហូតបានផល ៧ខែដូចគ្នា៖ «ពូជនៅលើទឹកដីយើង យើងប្រើតែពូជពីប្រភេទទេ គឺពូជស្លឹកតូច និងពូជស្លឹកធំ។ ពូជពីរនេះវាធន់នឹងទឹកដីនេះ វាមិនងាយងាប់ទេ ហើយវាអត់ផ្លែច្រើនដូចម្រេចផ្សេងទេ វាបានប៉ុន្មានវាផ្លែប៉ុណ្ណឹង អ៊ីចឹងបានវាអាយុវែង ហើយផ្លែល្អ»។
ម្ចាស់ចំការម្រេចរូបនេះបានរៀបរាប់បន្តពីរបៀបដាំម្រេចថា ដើម្បីដាំម្រេចបានជោគជ័យ អ្នកដាំត្រូវតែគិតលើកត្តាបីសំខាន់ៗ គឺភូមិសាស្ត្រ ពូជ និងការថែទាំ៖ «កត្តាទី១ គឺភូមិសាស្ត្រដី ដែលផុតពីទឹករដូវវស្សា មានទឹកផ្គត់ផ្គង់រដូវប្រាំង កត្តាទី២ គឺពូជ ដែលមានសុខភាពល្អ កត្តាទី៣ គឺការថែទាំ បើអនុវត្តតាមវិធីទាំងនេះ ហ្នឹងជោគជ័យ»។
ប៉ុន្តែលោកបញ្ជាក់ថា ចំការម្រេច ត្រូវតែស្ថិតនៅលើដីទួល ឬនៅតាមជើងភ្នំ ជាប្រភេទដីមានថ្មបាយក្រៀម មានលាយក្រួស ឬថ្ម ហើយជាប្រភេទដីខ្សាច់មិនជាំទឹក។ ក្រោយរើសទីតាំងភូមិសាស្ត្រ និងរៀបចំដីរួចហើយ លោកថា ម្រេចត្រូវតែដាំជាជួរ។
លោកបន្តថា ម្រេចលោកដាំក្នុងគម្លាតពីរណ្ដៅមួយទៅរណ្ដៅមួយ ត្រូវមានចន្លោះយ៉ាងតិច ១.៨០ម៉ែត្រ។ គម្លាតនេះទុកសម្រាប់ងាយស្រួលថែទាំ និងដាក់ជីធម្មជាតិ មានដូចជា លាមកសត្វ ដីឆៅ និងដីស្រទាប់លើ។
បន្ទាប់ពីទុកគុម្ពម្រេចរួចហើយ ត្រូវយកសសរក្រាក់ឈើខ្លឹម ដែលជាប្រភេទដើមផ្ចឹក និងសុក្រំ មកដាំកប់ក្នុងដីឲ្យមាំ ដែលគេហៅថា ជន្លង់។ ជន្លង់នោះដាំដើម្បីឲ្យម្រេចតោង ឲ្យឆាប់លូតលាស់ និងបញ្ចេញផ្លែផ្កា។ ក្រោយដាំជន្លង់រួច ចាំបាច់ត្រូវសង់រោងបន្ថែមទៀត ដើម្បីផ្ដល់ម្លប់ដល់ម្រេចចាប់ពីពេលដាំដំបូងរហូតដល់ម្រេចមានអាយុយ៉ាងតិច ៣ឆ្នាំ។
កសិករ ងួន ឡាយ បានឲ្យដឹងដែរថា ម្រេចគេអាចដាំដោយគ្រាប់ក៏បាន ដោយទងក៏បាន ប៉ុន្តែតែលោកថា ដាំជាទង ម្រេចចំណេញពេលវេលា ចាប់ទទួលផលលឿនជាងដាំដោយគ្រាប់។ លោកថា ក្នុងមួយរណ្តៅៗ លោកដាំម្រេចតែពីរទងប៉ុណ្ណោះ៖ «ក្នុងមួយរណ្ដៅ ខ្ញុំដាំវាតែពីទង ឬពីរកង់ទេ។ ក្នុងមួយទង មួយកងវាហ្នឹង យើងកាត់តែ៧ ទៅ ៨ថ្នាំង ដូច្នេះបើយើងដាក់ច្រើនទៅ នាំវាចង្អៀតដើមមិនល្អ»។
តើរបៀបថែទាំដំណាំម្រេច លោក ងួន ឡាយ ធ្វើដូចម្ដេចខ្លះ?
លោក ងួន ឡាយ បាននិយាយពីរបៀបថែទាំថា ម្រេចកំពត នៅក្នុងសមាគមលើកកម្ពស់ម្រេច គឺដាំតាមបែបប្រពៃណី ដាំបែបធម្មជាតិតាំងពីដូនតា ដូច្នេះការថែទាំគ្រាន់តែប្រើជីសរីរាង្គសុទ្ធសាធ ក្នុងនោះមានដីឆៅ ជីលាមកសត្វ និងជីសរីរាង្គផ្សេងៗទៀតដែលអាចប្រើប្រាស់បាន៖ «យើងធ្វើយើងចាក់ដីឆៅ យើងជីកប្រឡាយ យើងជីករង យើងប្រក់រោង ដូនតាយើងប្រើតែថ្នាំធម្មជាតិ លាមកសត្វគោ ប្រចៀវ យើងប្រើតែគ្រាប់ស្លែង មើមក្ដួច និងជីផ្សេងទៀត ដែលសុទ្ធផ្សំចេញពីធម្មជាតិ»។
សៀវភៅបន្ទុក «ម្រេចកំពត» បានឲ្យដឹងដែរថា ដំណាំម្រេចគេត្រូវដាក់ជីយ៉ាងតិច ១ដង ក្នុងមួយឆ្នាំៗ នៅចន្លោះខែឧសភា និងខែកក្កដា ប៉ុន្តែនៅពេលម្រេចមានអាយុ ៤ឆ្នាំ គេអាចដាក់ជីក៏បាន មិនដាក់ក៏បាន។ ជាងនេះទៀត ចាប់ពីខែមិថុនា ដល់ខែធ្នូ អ្នកដាំត្រូវតែឧស្សាហ៍ពូនជ្រោយដីនៅជុំវិញគល់ម្រេច ដើម្បីបំបែកដី ធ្វើឲ្យទឹកជ្រាបបានល្អ និងសម្លាប់សត្វល្អិតចង្រៃនៅក្នុងដី ដូចជាកណ្ដៀរជាដើម។
សៀវភៅបន្ទុក «ម្រេចកំពត» ឲ្យដឹងទៀតថា ត្រូវលាងសម្អាតសម្ភារៈប្រើប្រាស់សម្រាប់ដាក់ម្រេចនៅពេលប្រមូលផលឲ្យបានស្អាតល្អ ត្រូវលាងសម្អាតសរីរាង្គទាំងឡាយណាដែលប៉ះផ្ទាល់នឹងម្រេចជាមួយនឹងសាប៊ូ នៅមុនពេលប្រមូលផល ឬប្រលេះគ្រាប់ម្រេច។ ក្រោយប្រមូលផលរួច ត្រូវហាលម្រេចលើស្បៃនីឡុង កន្ទេល ឬតង់ នៅលើកម្រាលបេតុងស៊ីម៉ង់ ប៉ុន្តែត្រូវតែធានាថា សម្ភារៈដែលត្រូវហាលម្រេចទាំងនោះបានសម្អាតស្អាតល្អ។
ទោះជាបច្ចុប្បន្ន ម្រេចកំពុងពេញនិយមក្នុងការជួញដូរដ៏សកម្មក្នុងទីផ្សារនៅកម្ពុជា ហើយខណៈអ្នកវិនិយោគលើវិស័យកសិកម្ម និងកសិករខ្មែរមួយចំនួនប្រើជី និងថ្នាំគីមី ពិសេសប្រើប្រាស់ឧបករណ៍ទំនើប ដូចជាប្រើឥដ្ឋ និងបង្គោលស៊ីម៉ង់ ទ្រទ្រង់ដំណាំម្រេច ដើម្បីឲ្យម្រេចធំលូតលាស់លឿន និងទទួលបានទិន្នផលឆាប់រហ័សនោះ។
កសិករដាំដំណាំម្រេចម្នាក់នេះមិនប្រាថ្នាបែបនេះឡើយ នឹងនៅតែបន្តរក្សាដាំតាមបែបបច្ចេកទេសបុរាណដែលបន្សល់ទុកតាំងពីដូនតាមកនោះ។ កសិកររូបនេះយល់ថា ទោះជាការដាំម្រេចបែបធម្មជាតិលូតលាស់យឺត បើប្រៀបធៀបនឹងការដាំដោយប្រើជី និងថ្នាំគីមីក៏ដោយ តែវាផ្ដល់ឲ្យមានសុខភាពល្អដល់អ្នកបរិភោគ បានតម្លៃខ្ពស់ ហើយម្រេចកំពត នៅតែមានគុណភាពខ្ពស់ជាងគេលើពិភពលោក៖ «ដូនតាយើងបន្សល់ទុកនូវទេពកោសល្យផលិតករ យើងផ្សព្វផ្សាយឲ្យគេស្គាល់ថា ម្រេចកំពតវាមានស្តង់ដារយ៉ាងម៉េច យើងរៀបចំយ៉ាងម៉េច ឲ្យគេស្គាល់ ឲ្យគេស្គាល់ច្រើនណាស់។ កាលមុនគេស្គាល់តែអឺរ៉ុបទេ តែឥឡូវយើងមានអតិថិជន គេស្គាល់តាំងពីអាមេរិក នៅជប៉ុន នៅកូរ៉េ ចិន ហុងកុង នៅតៃវ៉ាន់ នៅម៉ាឡេស៊ី នៅណាក៏គេស្គាល់យើងដែរ»។
ជាក់ស្ដែងលោក លោក ងួន ឡាយ អះអាងថា ម្រេចកំពត ដែលផលិតតាមស្តង់ដារ និងលក់ចេញទៅផ្សារអន្តរជាតិ ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប មានតម្លៃរហូត ២៨ដុល្លារក្នុងមួយគីឡូក្រាម។ លោកអះអាងថា តម្លៃនេះខ្ពស់ជាងទ្វេដង បើធៀបនឹងដំណាំម្រេចដែលគេដាំនៅបណ្ដាខេត្តនៅទូទាំងប្រទេសកម្ពុជា។
មកដល់ត្រង់ចំណុចនេះ កសិករដែលមានមុខជាំខ្មៅអន្លើៗរូបនេះ បែរជានិយាយទាំងប្រែទឹកមុខស្រងូតស្រងាត់វិញថា ទោះបីម្រេចកំពត មានតម្លៃខ្ពស់ គុណភាពប្លែកខុសពីគេ ប៉ុន្តែសមាគមលើកកម្ពស់ម្រេចកំពត នៅតែប្រឈមបញ្ហាការបន្លំកម្មសិទ្ធិបញ្ញា និងម៉ាកផលិតផលម្រេចកំពត៖ «រាល់ថ្ងៃម្រេចយើងមានតែ ២០តោន គេយើងចរាចរណ៍នៅអឺរ៉ុប រហូតដល់ ២០០តោន ដូច្នេះវាច្រើនណាស់។ គេថា ម៉េចអ្នកឯងដាក់ឈ្មោះម្រេចកំពត? គេប្រាប់ថា បើអត់ដាក់ម្រេចកំពត គេអត់ទិញ ដូច្នេះគេយកឈ្មោះម្រេចកំពត ទៅដាក់លើផលិតផលផ្សេង»។
មូលហេតុទាំងនេះហើយ លោក ងួន ឡាយ ចង់ឃើញរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ អនុវត្តច្បាប់គ្រប់គ្រងកម្មសិទ្ធិបញ្ញា និងម៉ាកផលិតផលម្រេចកំពត ឲ្យមានប្រសិទ្ធភាព។ លោកថា ប្រសិនបើរដ្ឋាភិបាលអនុវត្តបែបនេះបាន ម្រេចកំពត នឹងកាន់តែទទួលបានតម្លៃខ្ពស់ជាងនេះនៅលើទីផ្សារអន្តរជាតិ៕