អង្គការក្រៅរដ្ឋាភិបាលមួយចំនួនចុះសម្របសម្រួល ណែនាំកសិករ នៅតាមតំបន់ដែលងាយប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងទឹកស្រោចស្រព ដើម្បីឱ្យពួកគាត់ចងក្រងជាក្រុមពិភាក្សា រៀបចំផែនការរក្សាទឹកទុក និងការប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីកុំឱ្យករណីខ្វះទឹកនេះ ក្លាយជាឧបសគ្គ ដល់ដំណើរការដាំដុះរបស់កសិករ។
តើមានវិធីយ៉ាងដូចម្ដេចខ្លះ ដែលងាយឱ្យកសិករចូលរួមផែនការរក្សាទឹកទុក និងការប្រើទឹកដោយសន្សំសំចៃ ទទួលបានជោគជ័យនោះ..?
អង្គការក្រៅរដ្ឋាភិបាលដែលផ្តោតលើបញ្ហាកសិកម្ម ជំរុញឱ្យប្រជាពលរដ្ឋចូលរួមក្នុងយុទ្ធនាការសន្សំសំចៃទឹក និងរក្សាទឹកទុកប្រើប្រាស់ឱ្យបានខួបប្រាំង ខួបវស្សា ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួត។
អង្គការទាំងនោះក្រៅពីផ្ដល់បច្ចេកទេស និងបទពិសោធន៍នោះ ពួកគេក៏បានផ្តល់នូវសម្ភារៈក្នុងការរៀបចំដំឡើងប្រព័ន្ធស្រោចស្រពមួយចំនួនផងដែរ។
ប្រធានវិទ្យាស្ថានអន្តរជាតិ ដើម្បីស្តារជនបទឡើងវិញហៅកាត់(IIRR) លោក ឱ ធី បានឱ្យដឹងថា អង្គការកំពុងដំណើរការកម្មវិធីជួយកសិករ ក្នុងការតភ្ជាប់ប្រព័ន្ធស្រោចស្រពដំណក់ទឹក ដែលជាប្រព័ន្ធស្រោចស្រពមួយប្រើទឹកតិច និងចំណេញពេល៖ «គម្រោងរបស់យើងហ្នឹង ជំរុញពួកគាត់ធ្វើម៉េចឱ្យចេះសន្សំសំចៃទឹក ដូចជាកសិករណា ដែលគាត់មានស្រះ ឬក៏អណ្ដូង យើងតភ្ជាប់ប្រព័ន្ធពីប្រភពទឹកទាំងនោះ ដោយបូមដាក់ធុង ឬសាទែនតាមរយៈការតភ្ជាប់ប្រព័ន្ធស្រោចចេញជាដំណក់ទឹកតូចៗ ឱ្យបាចសាចលើដំណាំសព្វកន្លែង ដើម្បីឱ្យគាត់ដាំបានពេញមួយឆ្នាំ។
នេះជាដំណោះស្រាយមួយ ក្នុងចំណោម ដំណោះស្រាយផ្សេងទៀត ក្នុងនោះរួមមានការជ្រើសរើសពូជដាំដំណាំដែលធន់នឹងអាកាសធាតុ រាំងស្ងួត ដូចជា ពពួកបន្ថែផ្ទី ត្រប់ សណ្ដែកកួរ ដែលជាប្រភេទដំណាំត្រូវការទឹកតិច ក្រៅពីនេះនៅមានវិធីលើកដី រងដំណាំដោយប្រើជីធម្មជាតិ។
ការចំណាយ និងសម្ភារៈប្រើប្រាស់
ការចំណាយទៅលើគម្រោងទាំងនេះ មិនច្រើនពេកទេ គឺ២ ទៅ ៣រយដុល្លារ គឺយើងអាចធ្វើបាន សម្រាប់ចម្ការដំណាំ ក្នុងអាជីវកម្មខ្នាតតូច ដោយសារតែបច្ចុប្បន្ន ឧបករណ៍ទាំងនេះ សម្បូរណ៍មានលក់នៅលើទីផ្សារ។
លោកថា ឧបករណ៍ ដែលត្រូវយកមកប្រើប្រាស់រៀបចំផ្គុំឱ្យជាបណ្ដាញស្រោចស្រពដោយសន្សំសំចៃទឹកនោះ គឺត្រូវការធុងជ័រធំល្មមមួយសម្រាប់ដាក់ទឹកទៅតាមត្រូវការទឹកស្រោចស្រព មានទុយោតរៀបជាប្រព័ន្ធចេញពីធុងទៅកន្លែងដំណាំដែលត្រូវស្រោច និងប្លាស្ទិកក្រាលគ្របលើរងដំណាំដើម្បីឱ្យដីត្រជាក់ និងឧបករណ៍រួមផ្សំមួយចំនួនទៀតតាមការច្នៃប្រឌិតទៅតាមស្ថានភាពជាក់ស្ដែង៖ «កសិករខ្លះគាត់អត់ ប្រើប្លាស្ទិកទេ គឺគាត់ប្រើជាគម្របសារធាតុសរីរាង្គ មានចំបើង ស្មៅស្លឹកឈើជាដើម ..»។
ក្រៅនេះក៏មានការជ្រើសរើសពូជដែលធន់ជាមួយគ្រោះរាំងស្ងួត រួមនឹងបច្ចេកទេសរៀបចំដីថ្នាលដំណាំ ជារាងសួនរង្វង់ និងរងដំណាំដែលមានទុកចង្អូរកណ្ដាលឱ្យដក់ទឹក ដើម្បីសន្សំសំចៃទឹកចិញ្ចឹមដំណាំបានយូរ។
គម្រោងតភ្ជាប់ប្រព័ន្ធស្រោចស្រពដំណក់ទឹកតូចៗ ដើម្បីស្រោចស្រពនេះ កំពុងដំណើរការ នៅខេត្ត កណ្ដាល បន្ទាយមានជ័យ មណ្ឌលគិរី និងខេត្តកោះកុង។
ទីប្រឹក្សាបច្ចេកទេសកសិកម្ម នៃអង្គការសេដាក (CEDAC) លោក វង្ស សាវឿន ក៏បានឱ្យដឹងដែរថា បច្ចុប្បន្នអង្គការលោក ក៏កំពុងចុះណែនាំប្រជាពលរដ្ឋនៅតាមជនបទ ជាពិសេសកន្លែងដែលកំពុងប្រឈមការខ្វះខាតទឹក ដូចជានៅខេត្តមណ្ឌលគិរីជាដើម អំពីការត្រៀមលក្ខណៈប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួត ដោយរកវិធីសាស្ត្រផ្សេងៗ ដូចជាត្រៀមពាងទឹកធំៗ អាងទឹក ឬស៊ីទែន សម្រាប់ស្តុកទឹកភ្លៀងនៅរដូវវស្សា ដើម្បីទុកប្រើនៅរដូវប្រាំង។ ក្រៅពីទៀតត្រូវរៀបចំកន្លែង ជីកស្រះ អណ្តូងទឹកថ្មីបន្ថែម ឬ ស្ដារស្រះ អូរ ប្រឡាយចាស់ៗ ឱ្យដំណើរការឡើងវិញ។ ទន្ទឹមគ្នានេះ ក៏ទាមឱ្យពួកគាត់យល់ដឹងអំពីការប្រើប្រាស់ទឹកដោយសន្សំសំចៃ ដោយប្ដូរទម្លាប់ពីការប្រើធុង រែកទឹកស្រោចដំណាំនោះ ឱ្យងាកមកប្រើប្រព័ន្ធស្រោចស្រពពាក់កណ្ដាលស្វ័យប្រវត្តិ ដូចជាប្រើប្រព័ន្ធដំណក់ទឹកស្រោចស្រពជាដើម៖ «អង្គការសេដាក និងអង្គការជាច្រើនទៀតបានជំរុញប្រជាពលរដ្ឋឱ្យមានការប្រើប្រាស់ទឹក ដោយសន្សំសំចៃឱ្យបានល្អ ទៅតាមលទ្ធភាព ទៅតាមអ្វីដែលគាត់អាចដោះស្រាយបាន តែទោះយ៉ាងណាចំណេះដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិតទាក់ទងទៅនឹងការប្រើប្រាស់ទឹកដោយសន្សំសំចៃនេះ»។
ទាក់ទងបញ្ហានេះដែរ លោកបណ្ឌិត យ៉ង់ សាំងកុមារ អ្នកជំនាញលើវិស័យកសិកម្ម និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានឱ្យដឹងថា នៅរដូវប្រាំង កសិករនៅតំបន់ខ្លះ អាចខ្វះខាតទឹកស្រោចស្រពជិត៩០%។
លោកថា ដើម្បីទប់ទល់បញ្ហានេះ និងសម្រួលដល់ដំណើរការដាំដុះបានរលូន ខួបប្រាំង ខួបវស្សាដោយគ្មានឧបសគ្គនោះ កសិករ ត្រូវមានផែនការរក្សាទឹក ឬស្វែងប្រភពទឹកបម្រុងទុកជាមុន និងត្រូវមានគោលការណ៍ និងវិធីប្រើប្រាស់សន្សំសំចៃទឹក ឱ្យស្របទៅតាមផែនការដាំដុះពេញមួយឆ្នាំដោយម៉ត់ចត់។
លោកបានផ្ដល់ជាដំណោះស្រាយដែរថា កសិករគួរតែរកដីជាងតិច១០% នៃទំហំដីសរុបដែលត្រូវដាំដុះ ដោយត្រូវជីកស្រះស្តុកទឹកទុក ជីកអណ្ដូង ហើយបើមានលទ្ធភាពសាងសង់អាងស្តុកទឹកធ្វើពីបេតុងទៀតនោះរឹតតែប្រសើរ។ លោកបន្តថា ការធ្វើបែបនេះ ដោយសារបច្ចុប្បន្ន កសិករ មិនអាចពឹងផ្អែកបានទាំងស្រុងលើប្រភពទឹកធម្មជាតិ ប្រព័ន្ធធារាស្ត្ររបស់រដ្ឋ ឬប្រព័ន្ធស្រោចស្រពដែលមានស្រាប់ ទាំងស្រុងនោះបានទេ។
លោកឱ្យដឹងទៀតថា ដើម្បីធ្វើការងារនេះបានជោគជ័យ កសិករត្រូវតែមានអ្នកដឹកនាំ សម្របសម្រួល ធ្វើផែនការសន្សំទុន ស្វែងរកប្រភពប្រាក់កម្ចីដើម្បីសាងសង់ប្រភពទឹកនេះ៖ «យើងត្រូវរកទុនបន្ថែមខ្លះ ខ្ញុំធ្លាប់អំពាវនាវឱ្យបង្កើតមូលនិធិ បង្កើតក្រុមប្រាក់សន្សំ ដើម្បីជីកស្រះទឹក អណ្ដូងជាដើម .....!»។
អង្គការសេដាក ក៏បានផ្សព្វផ្សាយនូវអត្ថបទស្រាជ្រាវរបស់ខ្លួនលើបណ្ដាញសង្គមដែរថា៖ ទឹកជាប្រភពសំខាន់មួយដែលនាំកសិករទទួលបានជោគជ័យលើការដាំដុះ។
ដើម្បីទទួលបានទឹកពេញមួយឆ្នាំកសិករត្រូវជីកស្រះ និងប្រព័ន្ធប្រឡាយ ឱ្យច្រើនបានខ្វាត់ខ្វែង ដើម្បីស្តុកទឹកទុកប្រើប្រាស់ សម្រាប់រដូវប្រាំងផង និងជាពិសេសទៀតនោះគឺអាចជួយរំដោះទឹក ពេលមានការជន់លិចផងដែរ។
អត្ថបទស្រាវជ្រាវដដែលបង្ហាញទៀតថា៖ ការវិនិយោគលើប្រព័ន្ធប្រឡាយ ត្រូវចំណាយច្រើនពីដំបូង ប៉ុន្តែផ្ដល់អត្ថប្រយោជន៍បានច្រើនទាំងពេលបច្ចុប្បន្ន និងអនាគត ព្រោះ«មានទឹក គឺមានជីវិត»។ ការដែលមានទឹកគ្រប់គ្រាន់កសិករអាចដាំដុះបន្លែ ផ្លែឈើ ចិញ្ចឹមត្រី ចិញ្ចឹមសត្វផ្សេងៗ ប្រើប្រាស់ក្នុងជីវភាពគ្រួសារប្រចាំថ្ងៃ និងជួយឱ្យមានភាពត្រជាក់ត្រជំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។