យុវជនកម្ពុជាប្រឈមនឹងការប្រកួតប្រជែងការងារជំនាញតាមតម្រូវការទីផ្សារក្នុងអាស៊ាន
2015.12.20
ភាពវិជ្ជមាននៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន គឺការនាំមកនូវឱកាសការងារជាច្រើនដល់ប្រជាជនក្នុងតំបន់ ដែលមានចំនួនជាង ៦០០លាននាក់ ក្នុងនោះប្រហែល ៦០% មានអាយុក្រោម ២៥ឆ្នាំ។ ដូច្នេះ យុវជន គឺជាក្រុមគោលដៅចម្បង ដែលនឹងទទួលបានឱកាសការងារជាច្រើនដែលសមាហរណកម្មនេះបង្កើតបាន។ ទោះបីយ៉ាងនេះក្ដី ការងារភាគច្រើន ទំនងជាមិនធ្លាក់ដល់ដៃយុវជនកម្ពុជា នោះទេ ប្រសិនបើពួកគេមិនមានជំនាញដែលទីផ្សារត្រូវការខ្លាំង។
កង្វះខាតពលកម្មជំនាញដើម្បីបំពេញតម្រូវការទីផ្សារការងារ នៅតែជាបញ្ហាប្រឈមចម្បងបំផុតសម្រាប់យុវជនក្នុងប្រទេសដែលមានវិស័យអប់រំទាបដូចជាកម្ពុជា ឡាវ (Lao) និងមីយ៉ាន់ម៉ា (Myanmar)។
របាយការណ៍របស់ក្រុមហ៊ុនផ្ដល់សេវារើសបុគ្គលិកឈ្មោះ អេច្ឆ.អ.អ៊ីង (HR Inc) បង្ហាញថា ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៤ និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅកម្ពុជា មានចំនួនប្រមាណ ២២ម៉ឺននាក់ ខណៈទីផ្សារការងារស្រូបយកកម្លាំងពលកម្មបានប្រមាណ ៨ម៉ឺន ៦ពាន់នាក់តែប៉ុណ្ណោះ។
ការសិក្សាកន្លងមកបង្ហាញថា យុវជនកម្ពុជាជាច្រើនមានជំនាញដែលទីផ្សារការងារមិនសូវត្រូវការ ខណៈវិស័យដែលឈានមុខគេក្នុងសេដ្ឋកិច្ច មិនអាចរកអ្នកជំនាញមកធ្វើការបានគ្រប់គ្រាន់ទៅវិញ។
វិស័យដែលជួបប្រទះបញ្ហាកង្វះខាតជំនាញខ្លាំង រួមមាន វិស័យសំណង់ កសិឧស្សាហកម្ម វិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ទេសចរណ៍ និងសុខាភិបាល ជាដើម។ បណ្ដាវិស័យស្នូលទាំងអស់នេះ សុទ្ធតែពឹងផ្អែកខ្លាំងលើធនធានមនុស្សដែលមានជំនាញបច្ចេកវិទ្យា។
ផែនការមេរបស់អាស៊ានស្ដីពីវិស័យបច្ចេកវិទ្យាឆ្នាំ២០១៥ លើកឡើងថា វិស័យនេះនឹងនៅតែជាកម្លាំងសំខាន់បំផុតក្នុងការកសាងប្រទេសក្នុងគ្រប់រូបភាព ជាពិសេសនៅរយៈពេលពី ២ ទៅ ៣ទសវត្សរ៍ខាងមុខ។
មានបទពិសោធន៍ការងារក្នុងវិស័យបច្ចេកវិទ្យាជាង ១០ឆ្នាំ លោក សុខ លាភ កត់សម្គាល់ឃើញថា នៅកម្ពុជា វិស័យបច្ចេកវិទ្យារីកចម្រើនខ្លាំងនៅមួយរយៈចុងក្រោយនេះ៖ «Business (អាជីវកម្ម) មួយៗដែលកើតឡើងក្នុងស្រុកខ្មែរហ្នឹង ប្រហែលជាមួយក្នុងចំណោម៨ ជាវិស័យ IT (បច្ចេកវិទ្យាព័ត៌មាន) ហើយ។ យើងឃើញប្រព័ន្ធព័ត៌មានវិទ្យាហ្នឹង វារីកចម្រើនណាស់។ ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតតាមស្មាតហ្វូន (Smart phone) តាមកុំព្យូទ័រអីហ្នឹង វាកើនឡើង។ ចំនួនអ្នកប្រើអ៊ីនធឺណិតកើនឡើងដល់ជាងមួយលាន។ ចំនួនហ្នឹងយើងឃើញវាកើនឡើងក្នុងវិស័យបច្ចេកវិទ្យាហ្នឹងឯង»។
លោក សុខ លាភ សង្កេតឃើញថា បច្ចុប្បន្នចំនួនយុវជនដែលចាប់យកជំនាញនេះមានច្រើន ក៏ប៉ុន្តែពួកគេភាគច្រើនមិនមានជំនាញឯកទេសជាក់លាក់ ដែលក្រុមហ៊ុនត្រូវការនៅឡើយ៖ «ការងារនៅក្នុងវិស័យអាយធី (IT) ហ្នឹងវាច្រើន ប៉ុន្តែបញ្ហាដែលចម្បងរបស់ក្រុមហ៊ុន គឺគាត់ត្រូវការអ្នកដែលមានជំនាញច្បាស់លាស់។ ឧបមាថា បើសិនជាគាត់ជា Graphic Designer (អ្នករចនាក្រាហ្វិក) យើងត្រូវការគាត់ជា Good Graphic Designer (អ្នករចនាក្រាហ្វិកដែលពូកែ)។ ប៉ុន្តែសិស្សដែលចេញមកពេលខ្លះ គាត់ Too Broad (ចេះទូលាយពេក)។ អានេះជាបញ្ហាចម្បងសម្រាប់ ICT Company (អាយ.ស៊ី.ធី) ភាគច្រើន ហើយនិង IT Fresh Graduate Students (និស្សិតទើបរៀនចប់ជំនាញ IT ថ្មីៗ)»។
ទាក់ទងនឹងសមត្ថភាពប្រកួតប្រជែងរបស់យុវជនកម្ពុជា ក្នុងសមាគមអាស៊ាន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន អះអាងថា យុវជនកម្ពុជា មានសក្ដានុពលលើសមត្ថភាពភាសាអង់គ្លេស ជំនាញព័ត៌មានវិទ្យា និងកម្រិតនៃការយល់ដឹងពីអាស៊ាន បើធៀបនឹងបណ្ដាប្រទេសអាស៊ានដទៃដែលមានកម្រិតសេដ្ឋកិច្ចប្រហាក់ប្រហែលនឹងកម្ពុជា។
យ៉ាងណាក៏ដោយ ចំណាត់ថ្នាក់របស់កម្ពុជា ក្នុងសន្ទស្សន៍ស្ដីពីសមត្ថភាពភាសាអង់គ្លេសក្នុងឆ្នាំ២០១៥ នៅមានកម្រិតទាបខ្លាំងនៅឡើយ ធៀបនឹងប្រទេសដទៃក្នុងតំបន់អាស៊ីទាំងមូល។
ក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ថា មានភាពចាំបាច់ក្នុងការជំរុញឲ្យយុវជនចាប់យកជំនាញដែលទីផ្សារកំពុងត្រូវការខ្លាំង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន មានប្រសាសន៍ថា បច្ចុប្បន្នក្រសួងកំពុងធ្វើកំណែទម្រង់កម្មវិធីសិក្សា ដោយបញ្ជ្រាបមុខវិជ្ជាទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា តាំងពីកម្រិតមូលដ្ឋានមក ព្រមទាំងបង្កើនឱកាសអាហារូបករណ៍បរទេសសម្រាប់និស្សិតសិក្សាជំនាញទាំងនេះ៖ «យើងបានធ្វើការសិក្សា និងចរចាជាមួយប្រទេសដៃគូ ដែលជាមធ្យមមានជាង ៣០ប្រទេស ដែលផ្ដល់អាហារូបករណ៍មកដល់សិស្សនិស្សិតកម្ពុជា ហ្នឹង។ ជាមធ្យមក្នុងមួយឆ្នាំជាង ៥០០នាក់ ហើយក្នុងនោះ យើងបានស្នើសុំឲ្យមានការទទួលយកការសិក្សាខាងផ្នែកវិស្វកម្ម សំណង់ ព័ត៌មានវិទ្យា ជាដើម ហើយទន្ទឹមនេះ នៅក្នុងអាស៊ីអាគ្នេយ៍យើង ១០ប្រទេស អាហារូបករណ៍ដែលយើងបានទទួលហ្នឹង សរុបក្នុងមួយឆ្នាំជាងពាក់កណ្ដាល គឺយើងបានបញ្ជូនទៅប្រទេសក្នុងអាស៊ីអាគ្នេយ៍។ ហើយឥឡូវនៅក្នុងអាស៊ានរបស់យើងហ្នឹង ក៏មានការលើកទឹកចិត្តឲ្យមានការសិក្សាផ្នែកបច្ចេកវិទ្យា។ យើងមានទៅប្រទេសសាំងហ្គាពួរ (Singapore) ជាដើម ហើយទៅប្រទេសថៃ ច្រើនផ្នែកខាងបច្ចេកវិទ្យាមេកានិច កសិកម្ម អេឡិចត្រូនិក ជាដើម»។
ស្របពេលកម្ពុជា ចាប់ផ្ដើមងាកមករកវិស័យឧស្សាហកម្ម ដោយបានដាក់សម្ពោធគោលនយោបាយស្ដីពីការអភិវឌ្ឍឧស្សាហកម្ម ២០១៥-២០២៥ កាលពីពេលថ្មីៗនេះ តម្រូវការអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា នឹងបន្តកើនឡើងខ្លាំង។ អ្នកស្រាវជ្រាវពីវិស័យអប់រំក្នុងបណ្ដាប្រទេសអាស៊ាន សុទ្ធតែបញ្ជាក់ពីភាពចាំបាច់ក្នុងការវិនិយោគបន្ថែមទៀតលើការផលិតធនធានមនុស្សដែលមានជំនាញឯកទេសក្នុងវិស័យបច្ចេកវិទ្យា ដើម្បីបំពេញតម្រូវការខ្ពស់ក្នុងទីផ្សារការងារ ខណៈសកម្មភាពវិនិយោគក្នុងវិស័យឧស្សាហកម្មក្នុងប្រទេសអាស៊ាននីមួយៗ កើនឡើងជាលំដាប់។
ផ្អែកលើកំណែទម្រង់បច្ចុប្បន្ននៅកម្ពុជា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន ហាក់ដូចជាមានសុទិដ្ឋិនិយមខ្លាំងថា ក្នុងរយៈពេលប្រហែល ៥ឆ្នាំខាងមុខ ចំនួននិស្សិតដែលបញ្ចប់ការសិក្សាជំនាញដែលជាតម្រូវការចាំបាច់ក្នុងទីផ្សារ នឹងកើនឡើងយ៉ាងឆាប់រហ័ស៕