វិសាលភាព​នៃ​ការ​នាំ​ចេញ​ខ្សាច់​របស់​កម្ពុជា​ទៅ​ក្រៅ​ប្រទេស

ដោយ ស៊ុន ហេង
2016.11.07
បូម​ខ្សាច់ កោះកុង ២០១៥ ៨៥៥ សកម្មភាព​កប៉ាល់ ឬ​សាឡង់​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង។ រូប​ថត​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥
RFA/Den Ayuthyea

ប្រទេស​កម្ពុជា ទោះ​បី​ជា​មាន​ទឹក​ដី​តូច ប៉ុន្តែ​សក្ដានុពល​ក្នុង​ការ​លក់​ធនធាន​ធម្មជាតិ ដូចជា​ខ្សាច់ គឺ​មិន​ចាញ់​ប្រទេស​ធំៗ​ដទៃ​ទៀត​ឡើយ។ ស្រប​ពេល​រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​ផ្តល់​ចម្លើយ ឬ​ទិន្នន័យ​ពិត​ប្រាកដ​ទាក់ទង​នឹង​ការ​បាត់​លុយ​ពី​ការ​លក់​ខ្សាច់​ច្រើន​ជាង ៧០០​លាន​ដុល្លារ​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥ ទិន្នន័យ​ពាណិជ្ជកម្ម​ពី​អង្គការ​សហប្រជាជាតិ និង​ស្ថាប័ន​សិក្សា​អន្តរជាតិ​ដទៃ​ទៀត បាន​បង្ហាញ​ពី​វិសាលភាព​នៃ​ការ​នាំ​ចេញ​ខ្សាច់​របស់​កម្ពុជា។

បើ​ក្រឡេក​មើល​ត្រឡប់​ទៅ​ក្រោយ​ជាង ១​ខែ​មុន​វិញ បញ្ហា​ទាក់ទង​នឹង​រឿង​ខ្សាច់​មិន​មែន​ជា​ប្រធានបទ​ក្តៅ ដែល​សាធារណជន​យក​មក​ជជែក​ពិភាក្សា​ដូច​ពេល​បច្ចុប្បន្ន​នោះ​ឡើយ។ ប្រសិន​បើ​គ្មាន​ការ​ជីក​កកាយ​ទៅ​លើ​ទិន្នន័យ​អង្គការ​សហប្រជាជាតិ ទេ តើ​ភាព​មិន​ប្រក្រតី​នៃ​ការ​លក់​ធនធាន​ធម្មជាតិ​ដ៏​សំខាន់​មួយ​នេះ និង​ការ​បាត់បង់​ថវិកា​ជាតិ នឹង​បន្ត​ដល់​ពេល​ណា​ទៀត?

តាម​រយៈ​ការ​ពិនិត្យ​មើល​បន្ថែម​ទៅ​លើ​ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ ព្រម​ទាំង​ទិន្នន័យ​ពី​ស្ថាប័ន​សិក្សា​អន្តរជាតិ​ផ្សេងៗ​ទៀត វិសាលភាព​នៃ​ការ​នាំ​ចេញ​ខ្សាច់​របស់​កម្ពុជា កាន់​តែ​លេច​ចេញ​រូបរាង​ច្បាស់។

បញ្ហា​នៃ​ការ​លក់​ខ្សាច់ ក៏​មិន​ខុស​គ្នា​ពី​បញ្ហា​ដទៃ​ទៀត​ដែរ គឺ​ការ​ផ្គត់ផ្គង់​កើត​ឡើង​មក​ពី​តម្រូវ​ការ​ពី​បរទេស។

មហិច្ឆតា​ពង្រីក​ទឹក​ដី​របស់​ប្រទេស​សិង្ហបុរី បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ទៅ​ជា​ទីផ្សារ ឬ​អ្នក​ទិញ​ខ្សាច់​ធំ​ជាង​គេ​បង្អស់​នៅ​លើ​សកលលោក។ សព្វថ្ងៃ​នេះ ប្រទេស​សិង្ហបុរី មាន​ផ្ទៃដី​ជាង ៧០០​គីឡូម៉ែត្រ​ការ៉េ គឺ​ធំ​ជាង​ទីក្រុង​ភ្នំពេញ​បន្តិច។ កាល​ពី​ទសវត្សរ៍​ឆ្នាំ​៦០ ផ្ទៃដី​ប្រទេស​នេះ​មាន​ត្រឹម​តែ​ជាង ៥៨០​គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ។

ការ​កើន​ឡើង​ទំហំ​ទឹកដី​ស្ទើរ​តែ ១​ភាគ​៤ គឺ​មិន​មែន​កើត​ឡើង​ដោយ​ចំណាយ​អស់​តិច​នោះ​ទេ។ ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ចាប់​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៥ ប្រទេស​សិង្ហបុរី ចំណាយ​ទឹកប្រាក់​ជាង ១.៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​ទិញ​ខ្សាច់​ជាង ១៤០​លាន​តោន​ពី​បណ្ដា​ប្រទេស​ផ្សេងៗ ក្នុង​នោះ​គឺ​ជិត​ពាក់​កណ្ដាល​ទិញ​ពី​ប្រទេស​កម្ពុជា ដើម្បី​ចាក់​ពង្រីក​ដី​កោះ​ដ៏​តូច​របស់​ខ្លួន។

នៅ​ចន្លោះ​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៥ ទិន្នន័យ​ពី​ខមត្រេដ (Comtrade) របស់​អង្គការ​សហប្រជាជាតិ ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា តែ​មួយ​បាន​នាំ​ចេញ​ខ្សាច់​ទៅ​សិង្ហបុរី ជាង ៥០​លាន​តោន ស្មើ​នឹង ៤០​ភាគរយ​នៃ​ចំនួន​ខ្សាច់​ទាំងអស់​ដែល​ប្រទេស​សិង្ហបុរី បាន​ទិញ​ក្នុង​រយៈពេល​ដូច​គ្នា។ ប្រទេស​វៀតណាម ស្ថិត​នៅ​ក្នុង​លំដាប់​លេខ​ពីរ បន្ទាប់​ពី​កម្ពុជា គឺ​ចំនួន ២៣​ភាគរយ។ ប្រទេស​ម៉ាឡេស៊ី លក់​ចេញ ១៥​ភាគរយ មីយ៉ាន់ម៉ា ១៤​ភាគរយ និង​ហ្វីលីពីន ៦​ភាគរយ។

សក្ដានុពល​នៃ​ការ​លក់​ខ្សាច់​របស់​ប្រទេស​កម្ពុជា ដែល​មាន​ផ្ទៃដី ១៨១.០៣៥​គីឡូម៉ែត្រ​ការ៉េ គឺ​ច្រើន​ជាង​ប្រទេស​មីយ៉ាន់ម៉ា ដែល​មាន​ផ្ទៃដី​ជាង ៦០០.០០០​គីឡូម៉ែត្រ​ការ៉េ​ទៅ​ទៀត។ ប្រទេស​វៀតណាម ហ្វីលីពីន និង​ម៉ាឡេស៊ី សុទ្ធតែ​មាន​ផ្ទៃដី​ធំ​ជាង ៣០០.០០០​គីឡូម៉ែត្រ​ការ៉េ តែ​ការ​នាំ​ចេញ​ខ្សាច់​រួម​របស់​ប្រទេស​ទាំង​បី​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​មិន​ទាន់​ស្មើ​កម្ពុជា ផង។

បើ​មើល​ឲ្យ​ផុត​ពី​តំបន់​អាស៊ាន ទៅ​ដល់​ទ្វីប​អាស៊ី​ទាំងមូល​វិញ ទិន្នន័យ​ពី​វិទ្យាស្ថាន​បច្ចេកទេស​ម៉ាសាឈូសេត អិម.អាយ.ធី (Massachusetts Institute of Technology, MIT) បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា ជា​អ្នក​ផ្គត់ផ្គង់​ខ្សាច់​ធំ​ជាង​គេ​ទី​ពីរ​ក្នុង​ទ្វីប​អាស៊ី គឺ​ជិត ៧​ភាគរយ​នៃ​ទីផ្សារ​ពិភពលោក​ទាំងមូល ប្រកៀក​នឹង​ប្រទេស​ចិន ដែល​នាំ​ចេញ​ជាង ៨​ភាគរយ។ ការ​នាំ​ចេញ​ខ្សាច់​របស់​កម្ពុជា គឺ​នៅ​ពី​ក្រោយ​ចិន ១​ភាគរយ ស្រប​ពេល​ដែល​ផ្ទៃដី​ប្រទេស​ចិន ធំ​ជាង​កម្ពុជា រហូត​ទៅ​ដល់ ៥៣​ដង។

តើ​ហេតុ​អ្វី​បាន​ជា​ប្រទេស​តូច​មួយ​ដូច​កម្ពុជា អាច​នាំ​ចេញ​ខ្សាច់​ក្នុង​បរិមាណ​ច្រើន​បែប​នេះ បើ​ធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​ជាច្រើន​ដែល​ធំ​ជាង​កម្ពុជា លើសលប់​ទៅ​ទៀត​នោះ?

នេះ​ជា​សំណួរ​មួយ​ដែល​ស្ថាប័ន​សង្គម​ស៊ីវិល​នៅ​កម្ពុជា ជាង​៥០ បាន​ចោទ​ទៅ​ក្រសួង​រ៉ែ និង​ថាមពល របស់​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ដើម​ខែ​វិច្ឆិកា តាម​រយៈ​លិខិត​ចំហ។ ស្ថាប័ន​ទាំងនោះ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​នូវ​ទិន្នន័យ​ទាំងអស់​ដែល​ខ្លួន​មាន​ទាក់ទង​នឹង​ការ​នាំ​ចេញ​ខ្សាច់ ព្រម​ទាំង​របាយការណ៍​វាយ​តម្លៃ​ទៅ​លើ​ផល​ប៉ះពាល់​នៃ​ការ​បូម​ខ្សាច់​រាប់​ជាមួយ​ផង។

រយៈពេល​ពីរ​ថ្ងៃ​ក្រោយ​ពី​លិខិត​ចំហ​បាន​ដាក់​ជូន​ទៅ​ក្រសួង​រ៉ែ និង​ថាមពល លិខិត​ចំហ​មួយ​ពី​ក្រសួង​នេះ បាន​ឆ្លើយតប​ជូន​ទៅ​ខាង​ស្ថាប័ន​សង្គម​ស៊ីវិល​វិញ។ ក្រសួង​បាន​លើក​ឡើង​ពី​ចំណាត់​ការ​ដែល​ខ្លួន​បាន​ធ្វើ​ក្នុង​ឆ្នាំ​២០១៦ នេះ ដូចជា​ការ​លុប​បំបាត់​ការ​បូម​ខ្សាច់​ខុស​ច្បាប់ និង​ការ​ផ្អាក​បណ្ដោះអាសន្ន​នូវ​ការ​ចេញ​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ថ្មី និង​ការ​ផ្អាក​ការ​នាំ​ចេញ​ខ្សាច់​របស់​ក្រុមហ៊ុន​នានា​ដែល​មិន​មាន​ឯកសារ​គ្រប់គ្រាន់។ ចំពោះ​ទិន្នន័យ​ដែល​ចម្រូងចម្រាស​រវាង​កម្ពុជា និង​សិង្ហបុរី វិញ ក្រសួង​ថា​ខ្លួន​នឹង​ពិនិត្យ​តួលេខ​ទាំងនោះ​ឡើង​វិញ។

លិខិត​ដដែល​បន្ត​ទៀត​ថា ក្រសួង​អញ្ជើញ​ស្ថាប័ន​សង្គម​ស៊ីវិល​ឲ្យ​មក​មើល​របាយការណ៍​វាយ​តម្លៃ​ការ​ប៉ះពាល់​បរិស្ថាន​ដោយ​ផ្ទាល់ ហើយ​ព្រម​ទាំង​ថា ខ្លួន​នឹង​រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​សង្គម​ស៊ីវិល​ក្នុង​ពេល​ឆាប់ៗ​នេះ​ទៀត​ផង។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ដែល​ជា​ហត្ថលេខី​មួយ​រូប​នៃ​លិខិត​ចំហ​មួយ​នោះ យល់​ឃើញ​ថា លិខិត​ចំហ​របស់​ក្រសួង​រ៉ែ និង​ថាមពល នៅ​ខ្វះ​ការ​ពន្យល់​ច្រើន ជាពិសេស​ទៅ​លើ​តួលេខ​ខុស​គ្នា​រវាង​កម្ពុជា និង​ប្រទេស​សិង្ហបុរី។ លោក​ថា ការ​ពិនិត្យ​លម្អិត​ឡើង​វិញ មិន​មែន​ជា​រឿង​ពិបាក​នោះ​ទេ គ្រាន់​តែ​ទាមទារ​ឲ្យ​ក្រសួង​សហការ​ជាមួយ​ភាគី​សិង្ហបុរី ដែល​លោក សន ជ័យ ជឿ​ថា របាយការណ៍​របស់​ពួក​គេ គឺ​មាន​ភាព​ច្បាស់លាស់។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក សន ជ័យ ថា​ការ​ឆ្លើយតប​របស់​ក្រសួង​ជា​ចំណុច​ចាប់​ផ្ដើម​មួយ​ដ៏​ល្អ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ខ្សាច់​ដ៏​ធំ​នេះ៖ «លិខិត​របស់​ក្រសួង ជា​ការ​ចាប់​ផ្ដើម​មួយ​នៃ​ការ​និយាយ​រក​គ្នា​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ក្នុង​រឿង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ខ្សាច់។ យើង​សង្គម​ស៊ីវិល យើង​ស្វាគមន៍​ចំពោះ​ការ​បង្ហាញ​ណា​មួយ​ក្នុង​ប្រជុំ​ទល់​មុខ​គ្នា​រវាង​សង្គម​ស៊ីវិល និង​ក្រសួង​រ៉ែ និង​ថាមពល»

ជំនួប​ប្រជុំ​រវាង​ក្រសួង និង​ស្ថាប័ន​សង្គម​ស៊ីវិល​ទាក់ទង​នឹង​បញ្ហា​បាត់​លុយ​លក់​ខ្សាច់​នេះ នឹង​ដំណើរ​ការ​នៅ​ថ្ងៃ​សុក្រ ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។