កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចថ្នាក់តំបន់ទូលំទូលាយ ហៅកាត់ថា អាសេព (RCEP) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសជាសមាជិកអាស៊ានទាំង ១០ និងដៃគូពាណិជ្ជកម្មធំៗ ៦ ដែលមានប្រជាជនសរុបច្រើនជាង ៣ពាន់លាននាក់ និងផលិតផលក្នុងស្រុករួមជាង ២២ទ្រីលាន ឬ ២២លានលានដុល្លារសហរដ្ឋអាមេរិក។ ទោះបីជាទំហំនៃកិច្ចព្រមព្រៀងនេះមានទំហំមហាសាលយ៉ាងនេះក្តី សង្គមស៊ីវិលព្រួយបារម្ភថា ការចរចាធ្វើឡើងពោរពេញដោយការសម្ងាត់ គ្មានការចែករំលែកព័ត៌មានគ្រប់គ្រាន់ ឬជជែកពិភាក្សាជាមួយវិស័យសាធារណៈឡើយ ដែលអាចបង្កបញ្ហាដល់កម្ពុជា។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចថ្នាក់តំបន់ទូលំទូលាយ ហៅកាត់ថា អាសេព (RCEP) ដែលមានសមាជិក ១៦ ត្រូវបានប្រកាសជាផ្លូវការដាក់ដំណើរការចរចាជាផ្លូវការនៅជំនួបប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៤៤ នៅទីក្រុងសៀមរាប កាលពីឆ្នាំ២០១២។
ប្រទេសជាសមាជិកអាស៊ានទាំង ១០ និងដៃគូពាណិជ្ជកម្មធំៗ ៦ ដូចជា ចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង អូស្ត្រាលី និងណូវែលហ្សេឡង់ដ៍ បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះក្រោមគោលដៅពង្រីកកំណើនសេដ្ឋកិច្ច អភិវឌ្ឍតំបន់ប្រកបដោយសមធម៌ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិក អាសេព ទាំងអស់។
ព្រោះតែកិច្ចព្រមព្រៀងនេះមានវិសាលភាពធំធេង បានជាសង្គមស៊ីវិលរំពឹងថា រដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាលប្រទេសក្រីក្រ នឹងជជែកពិភាក្សាស្តាប់យោបល់ពីវិស័យសាធារណៈសិន មុននឹងធ្វើការសម្រេចចិត្តនានា។
ផ្ទុយពីការរំពឹងទុក ការចរចាទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម អាសេព គិតមកដល់ឆ្នាំ២០១៦ ចំណាយរយៈពេលអស់ជិត ៤ឆ្នាំ មិនមានខ្លឹមសារនៃការចរចាត្រូវបានចែករំលែកទៅវិស័យសាធារណៈឡើយ។
ថ្មីៗនេះ នៅក្រោយជំនួបប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធលើកទី២៨ និងលើកទី២៩ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ថ្នាក់ដឹកនាំអាស៊ាន និងប្រទេសដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្ម អាសេព ទាំង៦ បានចេញសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចថ្នាក់តំបន់ទូលំទូលាយ ឬ អាសេព នេះដែរ។
ខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍នោះលើកឡើងថា ការចរចាកំពុងតែវិវឌ្ឍន៍ទៅមុខ ទោះបីជាមានភាពស្មុគស្មាញដោយសារភាពខុសគ្នានៃការអភិវឌ្ឍរបស់ប្រទេសជាសមាជិកក៏ដោយ។ ប្រទេសទាំងអស់កំពុងពិភាក្សារកដំណោះស្រាយមួយដែលមានតុល្យភាព មានគុណភាព និងផ្តល់ផលចំណេញដល់គ្រប់ភាគី។ សេចក្តីថ្លែងការណ៍ដដែលបានបន្តទៀតថា ប្រទេសជាសមាជិកកំពុងពន្លឿនការចរចាដើម្បីឲ្យកិច្ចព្រមព្រៀងនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗ។
ទោះជាយ៉ាងនេះក្តី សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំកំពូលអាស៊ាននេះ មិនបានបញ្ជាក់ថាភាពស្មុគស្មាញនៃភាពខុសគ្នានោះមានអ្វីខ្លះ ឬពេលឆាប់ៗនោះ គឺពេលណាឡើយ។
កាលពីចុងឆ្នាំ២០១៥ ឯកសារដែលមានផ្ទុកខ្លឹមសារនៃកិច្ចចរចារបស់ប្រទេសសមាជិក អាសេព បានបែកធ្លាយ ហើយចែកចាយនៅតាមបណ្ដាញអង្គការសង្គមស៊ីវិល។ ឯកសារបែកធ្លាយបានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម អាសេព គឺគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៦។ ឯកសារដដែលនេះផ្តល់ឱកាសជាលើកដំបូងឲ្យវិស័យសាធារណៈបានសិក្សា និងវិភាគទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនេះ ហើយបានរកឃើញចំណុចខ្វះខាត ដែលផ្តល់ឱកាសឲ្យសាជីវកម្មធំៗទាញយកផលប្រយោជន៍ពីប្រជាជនក្នុងស្រុក ហើយឲ្យប្រទេសអភិវឌ្ឍន៍ទទួលផលចំណេញច្រើនជាងប្រទេសក្រីក្រ។
នៅខែកក្កដា ឆ្នាំ២០១៦ ស្ថាប័នសង្គមស៊ីវិលមកពីប្រទេសសមាជិក អាសេព ទាំង១៦ បានជួបពិភាក្សាគ្នានៅទីក្រុងកូឡាឡាំពួរ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី ដើម្បីវិភាគទៅលើខ្លឹមសារនៃកិច្ចចរចា អាសេព ដែលបែកធ្លាយនោះ ហើយស្វែងរកយុទ្ធការដែលអាចឲ្យសង្គមស៊ីវិលចូលរួមក្នុងការសម្រេចចិត្ត។
ជំនួបពិភាក្សានេះរៀបចំឡើងដោយស្ថាប័នសង្គមស៊ីវិលអន្តរជាតិ ៤ រួមមានអង្គការ សឺត វើល ណេតវើក (Third World Network) អង្គការ ហ្វកឃើស អន ដឺ គ្លូបល សៅ (Focus on the Global South) អង្គការ អេ.ភី.ដាបិលយូ.អិល.ឌី (APWLD) និងអង្គការ គ្រេន (Grain)។
ស្ថាប័នសង្គមស៊ីវិលកម្ពុជា ៤ ដែលបានទៅចូលរួមកិច្ចពិភាក្សានោះ មានសម្ព័ន្ធបងប្អូនស្រី សហភាពការងារកម្ពុជា អង្គការសីលការ និងបណ្ដាញពហុវិស័យ។
ក្នុងចំណោមបុគ្គលិកសង្គមស៊ីវិលដែលទៅចូលរួមវេទិកាស្ដីពី អាសេព នៅទីក្រុងកូឡាឡាំពួរ នោះ គឺមន្ត្រីសម្របសម្រួលនៃអង្គការតស៊ូមតិស្ត្រីមួយឈ្មោះថា សកម្មភាពសង្គមដើម្បីការផ្លាស់ប្ដូរ និងជាតំណាងឲ្យសម្ព័ន្ធបងប្អូនស្រី កញ្ញា លី ពិសី។ កញ្ញា លី ពិសី ឲ្យអាស៊ីសេរីដឹងពីចំណុចមួយចំនួននៃកិច្ចព្រមព្រៀង ដែលកញ្ញាថានឹងប៉ះពាល់ខ្លាំងដល់ប្រជាជនក្រីក្រ ដូចជាបញ្ហាកម្មសិទ្ធិបញ្ញា។
កម្ពុជា ត្រូវបានអនុគ្រោះដោយអង្គការពាណិជ្ជកម្មពិភពលោក ឲ្យពន្យារការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាក្នុងវិស័យសុខភាពសាធារណៈដល់ឆ្នាំ២០៣៣ ក្រោមមូលហេតុថា កម្ពុជា ជាប្រទេសក្រីក្រ មិនទាន់រៀបចំខ្លួនរួចរាល់សម្រាប់ការអនុវត្តច្បាប់នេះទេ។ ការលើកលែងនេះមានន័យថា ប្រទេសក្រីក្រដូចកម្ពុជា អាចនាំចូល និងចែកចាយថ្នាំចេនេរីក (Generic) ឬថ្នាំមិនជាប់កម្មសិទ្ធិបញ្ញាដែលមានតម្លៃថោក។
ខ្លឹមសារកិច្ចព្រមព្រៀង អាសេព ដូចចែងក្នុងឯកសារបែកធ្លាយនោះ ទាមទារឲ្យប្រទេសសមាជិកអនុលោមតាមច្បាប់កម្មសិទ្ធិបញ្ញា ដែលតម្រូវឲ្យកម្ពុជា ប្ដូរមកប្រើថ្នាំមានកម្មសិទ្ធិបញ្ញាតម្លៃថ្លៃវិញ ដោយសារកម្ពុជា មិនទាន់រៀបចំច្បាប់រួចរាល់សម្រាប់ឆ្លើយតបនឹងបញ្ហានេះទេ។ កញ្ញា លី ពិសី សម្ដែងការព្រួយបារម្ភថា កិច្ចព្រមព្រៀងពាណិជ្ជកម្មបែបនេះនឹងផ្តល់ផលចំណេញទៅម្ចាស់សាជីវកម្មធំៗប៉ុណ្ណោះ ដែលខាងសង្គមស៊ីវិលមានគម្រោងចូលអន្តរាគមន៍៖ « អ៊ីចឹងអាចធ្វើអ្វីបាន ? មួយបើ អាចទៅរួច គឺជួបជាមួយតំណាងអ្នកចរចារបស់ប្រទេសនីមួយៗ ។ បើ មិនអាច ទៅរួច ទម្រង់មួយទៀត គឺ ធ្វើលិខិត បើកចំហ ដែលនិយាយពីសំឡេងរបស់សង្គមស៊ីវិលនៅ ១៦ប្រទេសហ្នឹង ។ គេផ្ញើ តាមរយៈ សារព័ត៌មាន ឲ្យ ដឹងថា ប្រជាជនមាន ការព្រួយបារម្ភ អ្វី »។
អ្នកសម្របសម្រួលមជ្ឈមណ្ឌលព័ត៌មានកម្មករ អ្នកស្រី ម៉ាក ច័ន្ទស៊ីថា មានការព្រួយបារម្ភថា កិច្ចព្រមព្រៀង អាសេព នឹងផ្តល់សិទ្ធិ និងអាទិភាពទៅឲ្យសាជីវកម្មធំៗច្រើនពេក ដែលធ្វើឲ្យខ្វះការអើពើទៅអាជីវកម្មធុនតូច និងមធ្យមនៅក្នុងស្រុក ដែលជាអ្នករងការប៉ះពាល់ម្នាក់ដែរ៖ « សង្គមស៊ីវិល និងប្រជាជនយើងត្រូវការយល់ដឹងពីកិច្ចព្រមព្រៀងហ្នឹង ។ ចំណុច មួយទៀត រដ្ឋាភិបាល ត្រូវបើក ឲ្យទូលាយក្នុង ការជជែក ពិភាក្សាជាមួយ សង្គមស៊ីវិល និងវិនិយោគិន ក្នុងស្រុក មិនមែន តែវិនិយោគិន បរទេសទេ។ ប្រសិនបើ រដ្ឋាភិបាលបើកឲ្យ មានការ ជជែក មុននឹង គាត់ធ្វើ កិច្ចព្រមព្រៀងមួយៗ វាអនុញ្ញាតឲ្យប្រជាជនយើង អ្នកជំនួញ ក្នុងស្រុក មានការ ពិភាក្សា »។
ប្រធានអង្គការសភាយុវជនខ្មែរ និងអនុបណ្ឌិតផ្នែកនយោបាយការបរទេស និងច្បាប់អន្តរជាតិ លោក ឡុង គឹមឃន ឲ្យដឹងថា នៅក្នុងកិច្ចព្រមព្រៀងលក្ខណៈតំបន់ដូច អាសេព នេះ ប្រទេសក្រីក្រដូចកម្ពុជា គ្មានជម្រើសអ្វីល្អជាងការចូលរួមទេ ទោះបីជាកិច្ចព្រមព្រៀងបែបនេះតែងផ្តល់ផលចំណេញច្រើនទៅឲ្យប្រទេសអ្នកមាន និងសាជីវកម្មធំៗក៏ដោយ។ ថាតើផលប្រយោជន៍បានមកដល់ប្រទេសក្រីក្រជាអតិបរមាដែរឬទេ? គឺឋិតលើរដ្ឋាភិបាលក្នុងការរៀបចំគោលនយោបាយមានប្រសិទ្ធភាព តាមរយៈការបើកចំហព័ត៌មាន និងទទួលយកការប្រឹក្សាមកវិញ៖ « ទីមួយ គឺសារព័ត៌មាន ។ គាត់ព្យាយាមឲ្យមាន ការជជែក ពីរឿងហ្នឹង យ៉ាងហោចណាស់ ឲ្យ មានការ ប្រឹក្សាយោបល់ ។ ទីពីរ យើងមានក្រុមឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច ហើយយើងមានក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ដែលមាន អ្នកចេះដឹង ច្រើន ហើយ បានធ្វើ ការងារច្រើន ប៉ុន្តែខ្ញុំ មិនដឹងថា គំនិតយោបល់ដែល គាត់បានឲ្យ គឺដល់ កម្រិតណា ។ ទីបី នៅពេល កិច្ចព្រមព្រៀង ចាប់ផ្ដើម អនុវត្តភ្លាម គឺវា ចាប់ផ្ដើម ប៉ះពាល់ដល់ ប្រជាកសិករ និងសហគ្រាសធុនតូច និងធុនមធ្យម នៅក្នុង ប្រទេសយើងហើយ »។
ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា នៅថ្ងៃអាទិត្យ ទី១៨ កញ្ញា សុំបដិសេធមិនផ្តល់បទសម្ភាសន៍ឲ្យអាស៊ីសេរីទាក់ទងនឹងរឿងនេះ។
អាសេព ត្រូវបានអ្នកវិភាគឃើញជាកិច្ចព្រមព្រៀងដែលប្រទេសចិន ជួយផ្ដួចផ្ដើមឡើងដើម្បីជាគូប្រជែងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ធី.ភី.ភី (TPP) របស់សហរដ្ឋអាមេរិក។
ពាណិជ្ជកម្មរបស់ប្រទេសជាសមាជិក អាសេព ទាំង១៦ គឺជិតស្មើនឹង ១ភាគ៣ នៃពាណិជ្ជកម្មពិភពលោកទាំងមូល។ ប្រសិនបើ អាសេព ដំណើរការបានជោគជ័យ តំបន់នេះនឹងក្លាយជាតំបន់ពាណិជ្ជកម្មធំជាងគេលើលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។