អ្នក​វិភាគ​ថា​គោលដៅ​អាស៊ាន​កំណត់​តំបន់​គ្មាន​ថ្នាំ​ញៀន​គឺ​មិន​អាច​ទៅ​រួច​ទេ

ដោយ ស៊ុន ហេង
2016.10.31
គ្រឿង​ញៀន ២០១៦ ៨៥៥ គ្រឿង​ញៀន​ដែល​អាជ្ញាធរ​រឹប​អូស​បាន និង​ដុត​បំផ្លាញ​ចោល​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Leng Maly
RFA/Leng Maly

គោលដៅ​ចម្បង​មួយ​របស់​សហគមន៍​អាស៊ាន គឺ​ការ​ធ្វើ​ឲ្យ​សហគមន៍​ក្លាយ​ទៅ​ជា​តំបន់​គ្មាន​គ្រឿង​ញៀន​នៅ​ឆ្នាំ​២០១៥។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​១០ នៃ​សហគមន៍​អាស៊ាន បាន​ទទួល​ស្គាល់​ថា មក​ដល់​ឆ្នាំ​២០១៦ ហើយ ថ្នាំ​ញៀន​កំពុង​ត្រូវ​បាន​ផលិត ចែកចាយ និង​ប្រើប្រាស់​នៅ​ក្នុង​កម្រិត​មួយ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​ឡើយ។

នៅ​ក្នុង​ជំនួប​ប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​លើក​ទី​៥ ស្ដីពី​បញ្ហា​គ្រឿង​ញៀន​នៅ​ប្រទេស​សិង្ហបុរី រដ្ឋមន្ត្រី​របស់​ប្រទេស​សមាជិក​ទាំង​១០ បាន​ឯកភាព​គ្នា​ទទួល​ស្គាល់​ថា ថ្នាំ​ញៀន​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

បញ្ហា​ចម្បង​ចំនួន​៧ ដែល​ថ្នាក់​ដឹកនាំ​អាស៊ាន​បាន​ឯកភាព​ក្នុង​កិច្ច​ប្រជុំ​នោះ កាល​ពី​ថ្ងៃ​ទី​២០ តុលា ថា​ជា​មូលហេតុ​ដែល​អាស៊ាន​មិន​ទាន់​អាច​សម្រេច​គោលដៅ​ជា​តំបន់​គ្មាន​ថ្នាំ​ញៀន​បាន​នៅ​ក្នុង​តំបន់​អាស៊ាន។

បញ្ហា​មួយ គឺ​ថា​ថ្នាំពេទ្យ​ដែល​មាន​ធាតុ​ផ្សំ​ពី​អាភៀន និង​សារធាតុ​អំហ្វេតាមីន (Amphetamine) ដែល​អាច​បង្ក​ការ​ញៀន កំពុង​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ដោយ​ត្រឹមត្រូវ ឫ​ដោយ​គ្មាន​វេជ្ជបញ្ជា​ច្បាស់លាស់។

ក្រៅ​ពី​សារធាតុ​ញៀន​ដែល​គេ​ស្គាល់ បញ្ហា​មួយ​ទៀត គឺ​ការ​កើន​ឡើង​នូវ​ប្រភេទ​សារធាតុ​ញៀន​ថ្មីៗ​ដែល​យក​មក​ផលិត​ជា​ថ្នាំ​ញៀន។ ជា​រៀង​រាល់​ឆ្នាំ​មាន​សារធាតុ​ញៀន​ថ្មី​យ៉ាង​ហោច​ណាស់ ១០០​ប្រភេទ ត្រូវ​បាន​រក​ឃើញ។

បណ្ដាញ​ឧក្រិដ្ឋជន​ឆ្លង​ដែន​ក្នុង​តំបន់​ដែល​ជា​អ្នក​ផលិត និង​ជា​អ្នក​ចែកចាយ នៅ​ជា​បញ្ហា​ដែល​អាជ្ញាធរ​ក្នុង​តំបន់​មិន​ទាន់​អាច​ដោះស្រាយ​បាន ហើយ​ការ​ពង្រឹង​ភាព​តភ្ជាប់​រវាង​បណ្ដា​ប្រទេស​អាស៊ាន ដូចជា​ចរាចរ​ផ្លូវ​ទឹក ក៏​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់​តែ​លំបាក​ដោះស្រាយ​ទៅ​ទៀត។

ទន្ទឹម​នឹង​នេះ សហគមន៍​ក្រីក្រ​ដែល​កំពុង​ដាំ​ដុះ​ដំណាំ​ខុស​ច្បាប់​ដែល​យក​មក​ធ្វើ​ថ្នាំ​ញៀន​នោះ មិន​ទាន់​ត្រូវ​រដ្ឋាភិបាល​រៀបចំ​ដោះស្រាយ​មាន​ប្រសិទ្ធភាព​ជូន​ពួក​គាត់​នៅ​ឡើយ។ ឧទាហរណ៍​ដូចជា​ប្រទេស​មីយ៉ាន់ម៉ា ដែល​ជា​អ្នក​ផលិត​ដាំ​ដុះ​អាភៀន​ធំ​ជាង​គេ​ទី​ពីរ​នៅ​លើ​លោក និង​បញ្ហា​ចុង​ក្រោយ គឺ​តំបន់​ត្រីកោណ​មាស​នៅ​ចន្លោះ​ប្រទេស​ឡាវ ភូមា និង​ថៃ ដែល​នៅ​តែ​ជា​កន្លែង​ផលិត និង​ចរាចរ​ថ្នាំ​ញៀន​ដ៏​ធំ​មួយ​ក្នុង​តំបន់​ដដែល។

នៅ​ប្រទេស​ថៃ អ្នក​ជាប់​ពន្ធនាគារ​ជាង ២​សែន ៣​ម៉ឺន​នាក់​ដែល​ត្រូវ​នឹង ៧០​ភាគរយ​នៃ​អ្នក​ជាប់​ពន្ធនាគារ​ទាំងអស់ គឺ​ដោយសារ​បទ​ឧក្រិដ្ឋ​ទាក់ទង​នឹង​គ្រឿង​ញៀន។

ចំណែក​ប្រទេស​កម្ពុជា វិញ របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ឲ្យ​ដឹង​ថា មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ឃាត់​ខ្លួន​ទាក់ទង​នឹង​ថ្នាំ​ញៀន​បាន​កើន​ឡើង​ជាង ៧០​ភាគរយ ពី ៤.៨០០​នាក់​មក ៨​ពាន់​នាក់។

កាល​ពី​ខែ​កុម្ភៈ ដើម​ឆ្នាំ​២០១៦ កន្លង​ទៅ ការិយាល័យ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​ឧក្រិដ្ឋកម្ម និង​ថ្នាំ​ញៀន​បាន​ចេញ​របាយការណ៍ រក​ឃើញ​ថា កម្ពុជា កំពុង​ក្លាយ​ជា​កន្លែង​ជួញដូរ​ដ៏​ក្តៅ​មួយ​សម្រាប់​ថ្នាំ​ហេរ៉ូអ៊ីន (Heroine) និង​មេតំហ្វេតាមីន (Methamphetamine)។ ការ​កើន​ឡើង​នេះ ត្រូវ​បាន​រក​ឃើញ​ថា កើត​ឡើង​ស្រប​គ្នា​នឹង​កំណើន​នៃ​ភាព​តភ្ជាប់​ក្នុង​តំបន់​អាស៊ាន។ របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា ចំនួន​ថ្នាំ​មេតំហ្វេតាមីន ដែល​ចាប់​បាន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ឆ្នាំ​២០០៨-២០១៣ ដោយ​រក​ឃើញ​ថា ចំនួន​បាន​កើន​ឡើង​ជិត ៤​ដង ពី ១១​តោន​មក​ច្រើន​ជាង ៤០​តោន ហើយ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​ចិន បើ​គិត​ជា​ទឹកប្រាក់​គឺ​រហូត​ដល់ ១០០​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ជា​រៀង​រាល់​ឆ្នាំ។

ប្រធាន​សម្ព័ន្ធ​គោល​នយោបាយ​ថ្នាំ​ញៀន​អន្តរជាតិ អ្នកស្រី អាន ហ្វដហេម (Ann Fordham) ប្រាប់​សារព័ត៌មាន ឌីផ្លូម៉ាត (Diplomat) កាល​ពី​ខែ​សីហា ថា​ការ​ចង់​ធ្វើ​ឲ្យ​តំបន់​អាស៊ាន​ទៅ​ជា​តំបន់​គ្មាន​ថ្នាំ​ញៀន គឺ​គ្រាន់​តែ​ជា​ការ​ស្រមើស្រមៃ​ខុស​ពី​ការពិត ដែល​មិន​អាច​ទៅ​រួច​បាន​នោះ​ទេ។ អ្វី​ដែល​អាស៊ាន​អាច​ធ្វើ​បាន គឺ​បាន​ត្រឹម​ការ​ទប់ស្កាត់​មិន​ឲ្យ​ថ្នាំ​ញៀន​ចរាចរ​ច្រើន​ពេក​តែ​ប៉ុណ្ណោះ។

ប្រទេស​៧ ក្នុង​ចំណោម ១០​ប្រទេស​នៅ​អាស៊ាន មាន​ដូចជា វៀតណាម ថៃ ឡាវ សិង្ហបុរី ម៉ាឡេស៊ី ប្រ៊ុយណេ និង​ឥណ្ឌូនេស៊ី សុទ្ធតែ​មាន​ច្បាប់​ប្រហារ​ជីវិត​ដល់​អ្នក​ទោស​ថ្នាំ​ញៀន។ ប្រទេស​ហ្វីលីពីន ទោះ​បី​ជា​មិន​មាន​ច្បាប់​ប្រហារ​ជីវិត​ក៏ដោយ ក៏​មាន​មនុស្ស​ច្រើន​ជាង ៣.៥០០​នាក់​ត្រូវ​បាន​សម្លាប់​ក្រោម​យុទ្ធនាការ​កម្ចាត់​គ្រឿង​ញៀន​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធឺតេ (Rodrigo Duterte)

កាល​ពី​ជំនួប​ប្រជុំ​កំពូល​អាស៊ាន កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​ប្រទេស​ឡាវ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូល​ជួប​ពិភាក្សា​ផ្ទាល់​ជាមួយ​នឹង​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធឺតេ ហើយ​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​បាន​លើក​យក​បញ្ហា​ថ្នាំ​ញៀន​នៅ​ក្នុង​តំបន់​មក​ពិភាក្សា។

ក្រោយ​ពី​ជំនួប​ប្រជុំ​នោះ នៅ​ដើម​ខែ​តុលា លោក ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​ក្រុម​និស្សិត​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ថា​កម្ពុជា នឹង​មិន​មាន​ការ​បាញ់​សម្លាប់​ជន​ល្មើស​គ្រឿង​ញៀន​ទេ ក៏ប៉ុន្តែ​ពួក​គេ​ក៏​មិន​ត្រូវ​បាន​ការ​លើកលែង​ដូច​គ្នា។ លោក​បាន​បង្គាប់​បញ្ជា​ឲ្យ​សមត្ថកិច្ច​បង្កើន​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​បន្ថែម​ទៀត ដោយ​ហេតុ​ថា ចរាចរ​របស់​វា​កំពុង​តែ​កើន​ឡើង​នា​ពេល​បច្ចុប្បន្ន។

អ្នក​តំណាង​ប្រចាំ​តំបន់​នៃ​ការិយាល័យ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​ឧក្រិដ្ឋកម្ម និង​ថ្នាំ​ញៀន លោក ចេរីមី ដូខ្លាស (Jeremy Douglas) ឆ្លើយ​ប្រាប់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ខែ​កុម្ភៈ ថា មូលហេតុ​មួយ​ដែល​បណ្ដាល​ឲ្យ​ចរាចរ​ថ្នាំ​ញៀន​នៅ​កម្ពុជា មាន​ការ​កើន​ឡើង គឺ​ដោយសារ​តែ​ភូមិសាស្ត្រ​របស់​កម្ពុជា ដែល​ឋិត​នៅ​ចន្លោះ​សេដ្ឋកិច្ច​ធំៗ​ពីរ គឺ​វៀតណាម និង​ថៃ។ កម្ពុជា បាន​ក្លាយ​ជា​កន្លែង​ដែល​គេ​យក​មក​ចរាចរ​មនុស្ស ឈើ​ខុស​ច្បាប់ និង​ថ្នាំ​ញៀន ទៅ​កាន់​ប្រទេស​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ទាំងនោះ។

អ្នក​ឯកទេស​ទំនាក់ទំនង​អន្តរជាតិ លោក ឡុង គឹមឃន ឯកភាព​ថា​ការ​រៀបចំ​តំបន់​អាស៊ាន​ឲ្យ​ទៅ​ជា​តំបន់​គ្មាន​គ្រឿង​ញៀន គឺ​ពិបាក​នឹង​ក្លាយ​ជា​ការ​ពិត​ណាស់ ដោយ​មាន​ហេតុផល​ជាច្រើន​ដូចជា ភាព​ទន់​ខ្សោយ​នៃ​នយោបាយ និង​ការ​អភិវឌ្ឍ​ច្បាប់​របស់​ប្រទេស​ជា​សមាជិក៖ «បញ្ហា​ធំ​មួយ​របស់​អាស៊ាន គឺ​ប្រព័ន្ធ​គ្រប់គ្រង​ព្រំដែន មាន​សភាព​ខ្សោយ។ តាម​របាយការណ៍​កន្លង​ទៅ ទំនិញ​ធំៗ​ផង​យក​តាមច្រក​របៀង ខ្លះ​ដោយ​ចំហ​ធ្វើ​ឲ្យ​បាត់​លុយ​រាប់​រយ​លាន​ដុល្លារ​តាម​រយៈ​ការ​រត់​គេច​ពន្ធនេះ​យើងមិន​ទាន់​និយាយ​ពី​ចរាចរ​គ្រឿង​ញៀនផង»

ទាក់ទិន​នឹង​បញ្ហា​ទាំងនេះ រដ្ឋមន្ត្រី​ទាំង​១០ របស់​អាស៊ាន បាន​ឯកភាព​អនុម័ត​យក​ផែនការ​ការងារ​ថ្មី​ឆ្នាំ​២០១៥-២០១៦ ស្ដីពី​ការ​ការពារ​សហគមន៍​អាស៊ាន​ឲ្យ​រួច​ផុត​ពី​ថ្នាំ​ញៀន។ ផែនការ​ចាស់​របស់​អាស៊ាន​ឆ្នាំ​២០០៩-២០១៥ ត្រូវ​បាន​អ្នក​ជំនាញ​អន្តរជាតិ​មើល​ឃើញ​ថា មាន​ប្រសិទ្ធភាព​តិចតួច​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។