គោល​នយោបាយ​គាំពារ​និយម​ទល់​នឹង​ការ​បើក​ចំហ​ពាណិជ្ជកម្ម​អាស៊ាន

0:00 / 0:00

គោល​បំណង​នៃ​​​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន គឺ​​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី។ ការ​បើក​ចំហ​ទីផ្សារ​នេះ ហាក់​​​ផ្ដល់​​​ផល​ប្រយោជន៍​ច្រើន​ដល់​ប្រទេស​ដែល​មាន​សមត្ថភាព​ផលិត។ ប៉ុន្តែ​ប្រទេស​សមាជិក​អាស៊ាន​ដែល​ផលិតកម្ម​នៅ​អន់ខ្សោយ នឹង​ប្រឈម​នឹង​ការ​​​ក្ស័យធន។ សហគ្រាស​ផលិត​ក្នុង​ស្រុក​នោះ​ បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ដើម្បី​រក្សា​ស្ថិរភាព​សហគ្រាស​ផលិត​របស់​គេ​នៅ​ក្នុង​បរិបទ​នៃ​ការ​បង្កើត​តំបន់​អាស៊ាន​នៅ​ឆ្នាំ​២០១៥។

ពាណិជ្ជកម្ម​សេរី​ជំរុញ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ក្នុង​ស្រុក​ និង​បង្កើន​ការ​លើក​ទឹក​ចិត្ត​ឲ្យ​សហគ្រាស​ផលិត​ទំនិញ​ច្រើន​បែប ដែល​​កត្តា​នេះ នឹង​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច ការ​បង្កើត​ការងារ និង​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ។ ប៉ុន្តែ​សេដ្ឋ​វិទូ​ជា​ច្រើន​បាន​ទទួល​ស្គាល់​ថា ទស្សនៈ​ស្ដី​ពី​ការ​គាំពារ​និយម គឺ​ជា​ការ​រាំង​ស្ទះ​មិន​ឲ្យ​កម្លាំង​ពាណិជ្ជកម្ម​សេរី​កើន​ឡើង​​បាន​ទេ។

ទោះ​បី​ជា​ពាណិជ្ជកម្ម​សេរី​មាន​គុណ​សម្បត្តិ​យ៉ាង​ណា​ក៏​ដោយ ក៏​ទស្សនៈ​ស្ដី​ពី​ការ​គាំពារ​និយម​ មាន​អ្នក​គាំទ្រ​ជា​ច្រើន ជា​ពិសេស​ក្នុង​ចំណោម​ផលិតករ​ដែល​គ្មាន​ការ​ជឿនលឿន និង​​ដំណើរ​ការ​ផលិតកម្ម​នៅ​អន់​ខ្សោយ​នៅ​ឡើយ។ ប្រទេស​ជា​ច្រើន​បាន​គាំទ្រ​​គោល​នយោបាយ​នេះ ដើម្បី​ការពារ​ដល់​ឧស្សាហកម្ម​ក្មេង​ខ្ចី​របស់​ខ្លួន។

ជាក់​ស្ដែង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ប្រទេស​សមាជិក​​​នីមួយៗ​មាន​គោលនយោបាយ​គាំពារ​និយម ដើម្បី​រក្សា​ស្ថិរភាព​ដល់​អាជីវកម្ម និង​ឧស្សាហកម្ម​ក្នុង​ស្រុក។ ប្រទេស​សមាជិក​អាស៊ាន​ដែល​ចាត់​ទុក​ថា មាន​​ភាព​អន់​ខ្សោយ​លើ​ដំណើរ​ការ​ផលិតកម្ម​ រួម​មាន​ប្រទេស​កម្ពុជា ឡាវ ភូមា ឬ​មីយ៉ាន់ម៉ា។

គុណ​សម្បត្តិ​សម្រាប់​ប្រទេស​កម្ពុជា នៅ​ក្នុង​បរិបទ​សេរីភាវូបនីយកម្ម​អាស៊ាន​​ រួម​មាន​ កម្ពុជា​នឹង​ក្លាយ​ជា​ទីផ្សារ​របស់​ផលិតផល​បរទេស បាត់​បង់​ការ​​ការពារ​ផលិតផល​ក្នុង​ស្រុក​ និង​ភាព​ប្រកួត​ប្រជែង​​នឹង​កាន់​តែ​អន់​ខ្សោយ​ស្រប​ពេល​ដែល​ធនធាន​មនុស្ស ហិរញ្ញវត្ថុ​ និង​ផ្នែក​បច្ចេកវិទ្យា​នៅ​មាន​កម្រិត​ទាប។

ប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ដែល​ហៅ​កាត់​ថា (ADB) ប្រចាំ​កម្ពុជា លោក អ៊ីរិច ស៊ីដវិច (Eric Sidwich) ​មាន​ប្រសាសន៍​ថា​​ ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ត្រូវ​ការ​ពេល​វេលា​ច្រើន​ទៀត។ ទោះ​បី​​ជា​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ដែល​កំណត់​​នៅ​ឆ្នាំ​២០១៥ ប៉ុន្តែ​ការ​អនុវត្ត​​ជាក់​ស្ដែង គឺ​ត្រូវ​​ការ រយៈ​ពេល​ច្រើន​ជាង​​រយៈ​ពេល​​ដែល​បាន​កំណត់​នេះ។ លោក​បញ្ជាក់​ថា ទីផ្សារ​ផលិត​ផល​បាន​បើក​ចំហ​រួច​ជា​ស្រេច​ចំពោះ​ប្រទេស​សមាជិក​អាស៊ាន ដោយសារ​តែ​របាំង​ពាណិជ្ជកម្ម​ជា​ច្រើន​បាន​កាត់​បន្ថយ។

លោក អ៊ីរិច ស៊ីដវិច៖ «ខ្ញុំ​គិត​ថា​ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ គឺ​បង្កើត​ឡើង​ដើម្បី​ឲ្យ​​ផ្នែក​ឯកជន​នៅ​ក្នុង​ប្រទេស​​សមាជិក​​អាស៊ាន​ទាំង​អស់​ ត្រូវ​ប្រកួត​ប្រជែង​គ្នា។ វា​មាន​សារសំខាន់​បំផុត​ដែល​ផ្នែក​ឯកជន​ទាំង​អស់ ត្រូវ​​ស្វែង​យល់​អំពី​​​ផល​ប្រយោជន៍​នៃ​​ការ​អនុវត្ត​គោលនយោបាយ​​សហគមន៍​សេដ្ឋកិច្ច​​អាស៊ាន»

លោក អ៊ីរិច ស៊ីដវិច មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ការ​គាំពារ​និយម​មិន​អាច​ជួយ​ឲ្យ​សហគ្រាស​ក្នុង​ស្រុក​បាន​ជា​រៀង​រហូត​នោះ​ទេ។ សហគ្រាស​ផលិត​ក្នុង​ស្រុក​ត្រូវ​តែ​ប្រកួត​ប្រជែង​រវាង​អ្នក​ផលិត​នៅ​ក្នុង​តំបន់​ ដើម្បី​ទទួល​បាន​ទីផ្សារ​លក់​ផលិត​ផល​របស់​ខ្លួន។

បន្ថែម​លើ​នេះ នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​ពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម លោក​បណ្ឌិត រតនាកា អាឌីដារី (Ratnakar Adhidari) មាន​ប្រសាសន៍​ថា គោល​នយោបាយ​ការពារ​និយម​គឺ​​​អាច​ជួយ​ដល់​សហគ្រាស​​ក្នុង​ស្រុក​បាន​ក្នុង​រយៈពេល​ខ្លី​ នៅ​ក្នុង​បរិបទ​សមាហរណកម្ម​​តំបន់។ លោក​បញ្ជាក់​ថា គោល​បំណង​នៃ​កិច្ចការពារ​និយម​នេះ គឺ​ជួយ​​ដល់​សហគ្រាស​​ផលិត​ក្នុង​ស្រុក​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា នឹង​ឈាន​ដល់​ការ​​បង្កើន​ភាព​ប្រកួតប្រជែង។ បន្ថែម​លើ​នេះ គោល​នយោបាយ​ការពារ​និយម​នេះ នឹង​ទប់​ស្កាត់​ស្ថិរភាព​​ផលិតកម្ម​ក្នុង​ស្រុក​តាម​រយៈ​ការ​លក់​បង្ខូច​ថ្លៃ (Anti-Dumping) របស់​ទំនិញ​បរទេស។ បញ្ហា​នេះ ប្រទេស​នីមួយៗ​ត្រូវ​មាន​ ​គោល​នយោបាយ​​ប្រឆាំង​នឹង​ការ​លក់​បង្ខូច​ថ្លៃ។

លោក​បណ្ឌិត រតនាកា អាឌីដារី៖ «ប្រសិន​បើ​អ្នក​យល់​ឃើញ​ថា​ ទំនិញ​នានា​ ពី​បណ្ដា​ប្រទេស​អាស៊ាន​កំពុង​ហូរ​ចូល​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​លក់​ក្នុង​តម្លៃ​មួយ​ទាប​ជាង​ទីផ្សារ​ដទៃ​​ទៀត​នោះ រដ្ឋាភិបាល​ត្រូវ​មាន​គោល​នយោបាយ​យក​ពន្ធ​ឲ្យ​ខ្ពស់​លើ​ទំនិញ​ប្រភេទ​នោះ»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រទេស​សមាជិក​អាស៊ាន​ដែល​មាន​អភិវឌ្ឍន៍​ខ្ពស់ រួម​មាន​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី និង​ប្រទេស​ថៃ ​អាច​ទទួល​ផល​ចំណេញ​កាន់​តែ​ខ្លាំង​​នៅ​ពេល​ដែល​អាស៊ាន​ធ្វើ​សមាហរណកម្ម​នៅ​ក្នុង​ឆ្នាំ​២០១៥​នោះ។

​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល មាន​ប្រសាសន៍​ថា ការ​ធ្វើ​ពាណិជ្ជកម្ម គឺ​ត្រូវ​មាន​ការ​បើក​ចំហ​តាម​រយៈ​ការ​ផ្លាស់ប្ដូរ​ផលិតផល​ទៅ​វិញ​ទៅ​មក​ ឬ​នាំ​ចូល​​វត្ថុធាតុ​ដើម​មក​ផលិត​​ហើយ​នាំ​ចេញ​ទៅ​វិញ។ និន្នាការ​នេះ នឹង​ធ្វើ​ប្រទេស​ទាំង​អស់​ដែល​បើក​ចំហ​ពាណិជ្ជកម្ម ចំណេញ​ទាំង​អស់​គ្នា។ លោក​បញ្ជាក់​ថា សហគ្រាស​ផលិត​ក្នុង​ស្រុក ត្រូវ​តែ​បង្កើន​គុណភាព​​​នៅ​ក្នុង​បរិបទ​​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ពេល​ខាង​មុខ។

ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ​ តំណាង​ខាង​វិស័យ​ឯកជន​អះអាង​ថា កាលៈទេសៈ​នេះ រដ្ឋាភិបាល​ត្រូវ​ជួយ​ជំរុញ​វិស័យ​ផលិត​នៅ​ក្នុង​ស្រុក​ តាម​រូបភាព​ការ​បំបាត់​ពន្ធ​នាំ​ចេញ​ទំនិញ និង​ពន្ធ​លើ​សម្ភារៈ​​វត្ថុ​ធាតុ​ដើម​ពី​បរទេស។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​កម្ពុជា លោក​ឧកញ៉ា តែ តាំងប៉ មាន​ប្រសាសន៍​ថា លោក​ចង់​​ឲ្យ​រដ្ឋាភិបាល​ស្រាវជ្រាវ​​​អ្វី​ជា​តម្រូវ​ការ​វត្ថុ​ធាតុ​ដើម​នាំ​ចូល​ពី​បរទេស​ដោយ​ការ​អនុគ្រោះ​ពន្ធគយ​ ដែល​ប្រើប្រាស់​នៅ​ក្នុង​​​ដំណើរការ​ផលិត​ក្នុង​ស្រុក។ គោល​បំណង​នៃ​ការ​ស្រាវ​ជ្រាវ​​នោះ គឺ​រក​​ហេតុផល​ជាក់​លាក់​បន្ថែម​ទៀត​ដើម្បី​ជំរុញ​សហគ្រាស​ផលិត​​ក្នុង​ស្រុក​ បង្កើន​ភាព​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ​អាស៊ាន។

បញ្ហា​នេះ​បាន​កើន​ឡើង​ស្រដៀង​គ្នា រវាង​សហគ្រាស​ផលិត​ទំនិញ​នៅ​បណ្ដា​ប្រទេស​អាស៊ាន​ ដែល​តែង​រក​ការ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​នៅ​ក្នុង​បរិបទ​សមាហរណកម្ម​អាស៊ាន។ ថ្នាក់​ដឹក​អាស៊ាន​យល់​ឃើញ​​​ថា គោល​នយោបាយ​​ការ​គាំពារ​និយម​របស់​ប្រទេស​សមាជិក​អាស៊ាន​នេះ នឹង​បង្អាក់​ដល់​ដំណើរ​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។