បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា មានមាតាបិតាអ្នកអាណាព្យាបាលជាច្រើន តែងមានក្តីកង្វល់ខ្លាំងអំពីសុវត្ថិភាពកូនចៅរបស់គាត់ដែលស្ថិតនៅក្នុងវ័យកុមារនិងជំទង់ គឺខ្លាចតែមានការពាក់ព័ន្ធនឹងការប្រើប្រាស់ញៀនគ្រឿងញៀន។
កន្លងមកនេះ មានលោកអ្នកស្តាប់មួយចំនួនបានទាក់ទងមកនាទីស្វែងយល់ពីគ្រឿងញៀនរបស់វិទ្យុអាស៊ីសេរី ចង់ដឹងថា តើក្មេងៗនិងយុវវ័យមួយចំនួននៅកម្ពុជា លួចលាក់ប្រើប្រាស់ញៀនគ្រឿងញៀនបានដោយវិធីណា ដែលអាចលាក់បាំងឪពុកម្តាយបាន? និងឆ្ងល់ថា តើមានវិធីណាដែលគាត់អាចជួយកូនចៅគាត់ ដែលធ្លាក់ខ្លួនញៀនគ្រឿងញៀនឲ្យគេអាចផ្តាច់បាន?
ដើម្បីឆ្លើយបំភ្លឺចំពោះចង្ងល់នេះ វិទ្យុអាស៊ីសេរីបានជួបជាមួយយុវជនម្នាក់ ដែលធ្លាប់មានបទពិសោធន៍ជាជនរងគ្រោះពីការប្រើប្រាស់ញៀនគ្រឿងញៀន នៅខេត្តកំពង់ចាម។ យុវជនម្នាក់នោះមានឈ្មោះ លី លីម មានសេចក្តីក្លាហានថ្លែងឲ្យដឹងថា គាត់ធ្លាប់បានប្រើប្រាស់ញៀនគ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ដែលភាសាថៃ ហៅថាយ៉ាម៉ា ឬយ៉ាបា ខ្មែរហៅថាម៉ា ឬថ្នាំឆ្កួត ប្រើអស់រយៈពេលជិត ២ឆ្នាំ ។
យុវជន លី លីម បានឲ្យដឹងដូច្នេះ ៖ «ខ្ញុំចាប់ផ្តើមប្រើប្រាស់គ្រឿងញៀន យ៉ាបា យ៉ាម៉ា ហ្នឹង តាំងពីឆ្នាំ ២០០៥ និង ២០០៦ នៅស្រុកអូរាំងឪ ខេត្តកំពង់ចាម។ ដោយនៅពេលនោះ ខ្ញុំមករៀននៅវិទ្យាល័យស្រុកអូរាំងឪ។ ខ្ញុំបានមកដល់ទីផ្សារមួយ ពេលនោះខ្ញុំក៏ចាប់ផ្តើមមានមិត្តភក្តិច្រើន ខ្ញុំក៏បានចូលរៀន បានស្គាល់គ្នា។ មិត្តភក្តិនៅពេលណា យើងបានស្គាល់គ្នា មានការផឹកស៊ី មានការបបួលដើរលេងចុះឡើងៗទៅកន្លែងមួយដូចថា ផឹកស៊ីស្រវឹងព្រឹលភ្នែកហើយ គឺគេយកអ្វីមួយទៅកន្លែងមួយ យើងតាមមើលៗ ដល់គេថាសាកមួយទៅអាអូន។ ខ្ញុំថាសាកអីខ្ញុំអត់ដែលដឹង។ គេថាសាកទៅដឹងហើយ។ អ៊ីចឹងខ្ញុំក៏គិតមួយស្របក់ថា បើសាកទៅវាយ៉ាងម៉េច បើមិនដែលស្គាល់មិនដែលឃើញ។ ដូច្នោះខ្ញុំក៏ចង់ដឹងសាកទៅ។ ឃើញថាវាមានលទ្ធផល មានប្រតិកម្មភ្លាមៗ ជក់ទៅវាស្រួលខ្លួន ហើយវាធ្វើឲ្យយើងមានអារម្មណ៍សប្បាយរីករាយ។ ដំបូងម្តង ពីរដង មិនទាន់មានការញៀនទេ នេះដោយសារឥទ្ធិពលថ្នាំ វាមិនទាន់ជ្រាបចូលមែនទែន»។
យុវជន លី លីម ថ្លែងថា ដោយសារពីមុនរូបគាត់មិនធ្លាប់ខិលខូច រួមទាំងគាត់មានការរវល់ប្រកបរបរចិញ្ចឹមជីវិតគ្រួសារផង ទើបឪពុកម្តាយគាត់មានការទុកចិត្តកូនជាខ្លាំង ពុំដែលសួរនាំគាត់អី្វទេ ឲ្យតែគាត់សុំលុយសុម្រាប់ការសិក្សា គឺម្តាយឪពុកគាត់ឲ្យភ្លាមក្នុងពេលដែលគាត់ទៅបន្តការសិក្សាស្នាក់នៅឆ្ងាយពីផ្ទះនិងឆ្ងាយពីឪពុកម្តាយ។
យុវជន លី លីម បានថ្លែងដូច្នេះ ៖ «ដល់យើងប្រើជារៀងរាល់ថ្ងៃទៅ មិនឲ្យឪពុកម្តាយដឹង ចេះតែយកលុយពីឪពុកម្តាយកាន់តែច្រើនឡើងៗ យកមកផ្គត់ផ្គង់តែទៅលើការប្រើប្រាស់ថ្នាំញៀនហ្នឹង។ ឪពុកម្តាយខ្ញុំគាត់រវល់ធ្វើការ គាត់ដឹងតែឲ្យលុយខ្ញុំមករៀនទេ ព្រោះនៅនោះគាត់រវល់ច្រើន ធ្វើស្រែចម្ការរវល់រហូត។ ជួនកាលអាចមានរៃលុយពីមិត្តភក្តិផងជួយខ្លះដែរ ប៉ុន្តែយើងប្រើមុនដំបូង គឺគេឲ្យយើងសាកសិន សាកម្តងពីរដង ដល់ពេលដឹងថាយើងញៀនខ្លាំងហើយ បានគេចាប់ផ្តើមយកលុយពីយើង។ ហើយយើងក៏មិនអាចដកខ្លួនរួចទេ។ មួយថ្ងៃខ្ញុំប្រើតែ ២ដងទេគឺពីម៉ោង ៦ ទៅម៉ោង ៧នៅក្នុងបន្ទប់សម្ងំជក់តែម្នាក់ឯង ពេលនោះខ្ញុំញៀនខ្លាំងតែម្តង»។
ចំពោះការប្រើប្រាស់ថ្នាំឆ្កួតនេះ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសរសេរនៅក្នុងសៀវភៅស្វែងយល់ពីថ្នាំឆ្កួតចុះថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០០៧ បានឲ្យដឹងថា ពីដំបូងថ្នាំឆ្កួតត្រូវបានគេប្រើដើម្បីឲ្យមានសេចក្តីសប្បាយ ឬដើម្បីជួយជំរុញភាពសុខស្រួលខាងអារម្មណ៍ ឬជាមធ្យោបាយដើម្បីដោះស្រាយបញ្ហា។ បន្ទាប់មកភាពស៊ាំក៏កើនឡើង តែដើម្បីឲ្យគេជម្នះបាននូវភាពស៊ាំនេះ គេត្រូវប្រើប្រាស់ថ្នាំឆ្កួតឲ្យកាន់តែច្រើនជាងពេលមុន។ ភាពស៊ាំបានកើតមានឡើង ពីព្រោះតែរាងកាយនិងអារម្មណ៍បានក្លាយទៅជាស៊ាំនឹងកម្រិតតិចតួច ឬក៏ថ្នាំឆ្កួតដែលបានប្រើប្រាស់ហើយនោះ គេត្រូវការបន្ថែមទៀតដើម្បីឲ្យគេទទួលបាននូវភាពសុខស្រួលខាងអារម្មណ៍ដូចមុន ឬអារម្មណ៍សប្បាយអណ្តែតអណ្តូងខ្ពស់ជាងមុន។
ប៉ុន្តែអគ្គលេខាធិការដ្ឋានបញ្ជាក់ថា អ្នកប្រើប្រាស់ថ្នាំឆ្កួតមានអារម្មណ៍ឈឺចាប់ និងប្រព្រឹត្តបទល្មើសដោយសារការប្រើប្រាស់ថ្នាំឆ្កួត ពីព្រោះគេមិនអាចគ្រប់គ្រងតម្រូវការជាបន្តបន្ទាប់ ក្នុងការប្រើប្រាស់ថ្នាំឆ្កួតនោះបានទៀតទេ។
យុវជន លី លីម ដែលធ្លាប់ញៀនថ្នាំឆ្កួតបានរៀបរាប់ឲ្យដឹងបន្ថែមអំពីអាការៈរោគ ដែលថ្នាំឆ្កួតបានយាយីសុខភាពរបស់គាត់នាកាលណោះ ៖ «ខ្ញុំមុនដំបូងចុះទម្ងន់ ឈឺក្បាលឡើងក្តៅខ្លួន ហើយវិលមុខតថេះតថះសឹងតែទ្រាំមិនបានផង។ ចេះតែដើរទៅណេះដើរទៅណោះ ជួនកាលគេនិយាយអ្វីដែលល្អយើងស្តាប់អត់បានទេ គឺយើងដឹងតែពីខឹង។ ហើយជួនកាលបើគេនិយាយខ្លាំងយើងអាចវាយតប់គេតែម្តង។ ចុះទម្ងន់ចេះតែគិតអ្វីចេះតែខុសៗ គឺថាធ្វើម៉េចឲ្យតែបានថ្នាំនោះយកមកសាក។ រហូតដល់គេយកម្សៅមីមកដាក់ ឲ្យតែឃើញប្រភេទថ្នាំហ្នឹងហិតទៅវាស្រួល ប៉ុន្តែនោះជាម្សៅមីទេ»។
អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអះអាងឲ្យដឹងបន្ថែមថា ថ្នាំឆ្កួតបានធ្វើឲ្យអ្នកប្រើប្រាស់ មានការប៉ះពាល់ទាំងខាងផ្លូវកាយនិងផ្លូវចិត្ត ដោយសារកត្តាមួយចំនួនដូចជា ការឈឺចាប់ដោយសារភាពឯកោ ការខ្មាសអៀននិងកំហឹង គឺកើតមានស្ទើរជាប់រហូត។ ចំណែកការប្រព្រឹត្តគ្រឿងញៀនរបស់គេ មិនអាចបំបាត់ការឈឺចាប់បានទៀតឡើយ ផ្ទុយទៅវិញមានតែបន្ថែមការឈឺចាប់។ នៅពេលដែលការប្រព្រឹត្តគ្រឿងញៀន លែងបំបាត់ការឈឺចាប់បាននោះគំនិតរបស់គេដែលស្ថិតនៅក្រោមឥទ្ធិពលគ្រឿងញៀននោះត្រូវខូចខាត។ សម្ពាធនៃអារម្មណ៍មានការកើនឡើង វាធ្វើឲ្យអារម្មណ៍ផ្លូវចិត្តនិងផ្លូវកាយខូចខាត។ នៅពេលដែលគេមានអារម្មណ៍ធម្មតា គេខ្លាចថ្ងៃស្អែក។
អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិបញ្ជាក់ថា មានតែផ្លូវមួយប៉ុណ្ណោះ ដើម្បីឲ្យគេអាចដើរចេញពីផ្លូវញៀននេះបានប្រកបដោយសុវត្ថិភាព គឺកិច្ចអន្តរាគមន៍ពីក្រុមគ្រួសារ ពីមិត្តភក្តិ ឬពីនរណាដែលគេស្រលាញ់ ឬពីតំណាងអ្នកច្បាប់។
ជាក់ស្តែងយុវជន លី លីម បានឲ្យដឹងថា បន្ទាប់ពីឪពុកម្តាយគាត់បានដឹងថាគាត់ញៀនថ្នាំឆ្កួត លោកក៏បានដាក់ លី លីម ឲ្យនៅតែក្នុងផ្ទះអស់រយៈពេលមួយសប្តាហ៍។ យុវជន លី លីម បានឲ្យដឹងបន្ថែមថា គាត់ផ្តាច់គ្រឿងញៀនបានក៏ដោយសារតែមានការជួយជ្រោមជ្រែងលើកទឹកចិត្តពីសមាគមន៍អភិវឌ្ឃន៍ព្រះពុទ្ធសាសនានិងសង្គម ដែលស្ថិតនៅវត្តអង្គរបាជ័យ ក្នុងឃុំអំពិល ស្រុកកំពង់សៀម នៅខេត្តកំពង់ចាម។ គាត់ក៏មានការជួយដាស់តឿនលើកទឹកចិត្តពីមិត្តភក្តិ ពីញាតិជិតខាងផងដែរ និងពិសេសគាត់ផ្តាច់គ្រឿងញៀនបានក៏ដោយសារតែការប្តេជ្ញាចិត្តរបស់គាត់រួមផង។
យុវជន លី លីម បានឲ្យដឹងដូច្នេះថា ៖ «បើខ្ញុំមិនជួយខ្លួនឯងគឺនៅតែយ៉ាងនេះរហូត ឬក៏បាត់បង់ជីវិតក្នុងពេលដ៏ខ្លី។ មិត្តភក្តិថាបើអូនឈប់នឹងមានគេអាណិតស្រឡាញ់ច្រើន។ បើអូននៅតែអ៊ីចឹងទៀត គ្មាននរណាគេរវីរវល់ទេ។ ឱកាសសម្រាប់កែខ្លួនគឺនៅតិចណាស់»។
នៅទីបំផុតយុវជន លី លីម បានព្យាយាមផ្តាច់គ្រឿងញៀនបានជោគជ័យ ហើយក៏បានវិលទៅបន្តការសិក្សាវិញ ដែលក្នុងឆ្នាំ ២០០៩ នេះ លី លីម គឺជានិស្សិតបរិញ្ញាបត្ររងឆ្នាំទី ២ ផ្នែកជលផល នៃសាលាជាតិកសិកម្មខេត្តកំពង់ចាម៕