ច្បាប់គ្រប់គ្រងដីធ្លីឆ្នាំ២០០១ មាន ១៦៨មាត្រា ហើយមានចែងអំពីការផ្តន្ទាទោសមន្រ្តីរាជការរូបណាដែលអនុវត្តច្បាប់នេះ រួចបំពានលើសិទ្ធិកាន់កាប់ដីធ្លីរបស់ពលរដ្ឋខ្មែរ។
តើមន្រ្តីរាជការក្រសួង មន្ទីររបស់រដ្ឋនីមួយៗអនុវត្តត្រឹមត្រូវតាមធរមានបញ្ញត្តិ ចែងក្នុងច្បាប់គ្រប់គ្រងដីធ្លីនេះ ឬទេ?
សេដ្ឋវិទូសតវត្សរ៍ទី១៨ ជនជាតិអេកូស លោក អាដាម ស្មីត (Adam Smith) សិក្សាឃើញថា ដីជាប្រភពដើមបង្កើនភោគទ្រព្យជាតិ (National Wealth) ដែលសេដ្ឋវិទូជំនាន់ក្រោយៗមកបកស្រាយថា ជាដង្ហើមសេដ្ឋកិច្ចជាតិ ជាសុខុមាលភាពជាតិ និងជាអាយុជីវិតនៃប្រជាជាតិមួយ។
ប្រជាពលរដ្ឋខ្មែរជាកសិករជាង ៨០% ពឹងផ្អែកលើដីធ្លីដើម្បីរស់នៅបង្កបង្កើនផលចិញ្ចឹមជីវិតក្នុងជីវភាពគ្រួសារប្រចាំថ្ងៃ។ ពលរដ្ឋខ្មែរគ្រប់រូបធ្លាប់ឮពាក្យថា កម្ពុជាជាប្រទេសកសិកម្ម ឬមានន័យថា ជាប្រទេសត្រូវបង្កើនផលកសិកម្ម។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ មានដូចជាធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ជាដើម បានជួយកម្ពុជា បង្កើនគម្រោងផែនការមួយចំនួន ដើម្បីបែងចែកដីធ្លីឲ្យប្រជាពលរដ្ឋមានទីលំនៅ និងដាំដុះសម្រាប់រស់សិន មុននឹងពង្រីកផ្ទៃដីដាំដំណាំទ្រង់ទ្រាយធំ ខ្នាតពាណិជ្ជកម្ម ដើម្បីនាំផលិតផលចេញទៅបរទេស។
បច្ចុប្បន្ននេះគេសង្កេតឃើញថា ផ្ទៃដីសម្រាប់ពលរដ្ឋភាគច្រើនប្រកបរបរកសិកម្មរួញតូច ហើយក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនឯកជនជាច្រើនទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋ។ ទីតាំងដីខ្លះប្រជាកសិករបានរស់នៅ និងបង្កបង្កើនផលជាយូរឆ្នាំមកហើយ។ រាជរដ្ឋាភិបាលធ្លាប់ប្រកាសឲ្យពលរដ្ឋដឹងថា រដ្ឋមានផែនការស្តារ និងបង្កើនកំណើនសេដ្ឋកិច្ច មានដូចជាផែនការចតុកោណជាដើម។
វេជ្ជបណ្ឌិត ទៀ ផល្លា នៃវិទ្យាស្ថានជាតិប្រយុទ្ធជំងឺអេដស៍ សង្កេតឃើញដើមហេតុមួយចំនួន ដែលធ្វើឲ្យពលរដ្ឋខ្មែរសុទ្ធសាធនៅតែក្រ ហើយក្រជាងមុន ៖ «គម្លាតរវាងអ្នកមាននិងអ្នកក្រ គឺកើនឡើង បានន័យថា អ្នកមានកាន់តែមានទៅ អ្នកក្រកាន់តែក្រខ្លាំងឡើង។ អ្នកដែលមានលុយអាចទិញសេវាកម្មណាក៏បាន ហើយអ្នកដែលក្រ ក្រខ្លាំងមែនទែនទៅអស់លទ្ធភាព។ ឧទាហរណ៍ដូចជាការសិក្សារបស់ CDRI ក្ដី ការសិក្សារបស់ World Food Program យើងឃើញផ្សាយនៅក្នុង World Food Program គឺ ២១% នៃកសិករនៅជនបទ គឺពុំមានដីធ្វើស្រែមានដីស្រែតិចជាង ១ហិកតារនោះវាច្រើនជាងហ្នឹងទៅទៀត។ យើងមើលទៅស្រុកយើងស្រុកកសិកម្ម ប៉ុន្តែដល់ទៅដីធ្លីយើងកាន់តែរួញទៅ គ្រួសារកាន់តែច្រើនឡើង កាលណាយើងគិតជាទូទៅ យើងឃើញថាភាពក្រីក្របានថយចុះ ប៉ុន្តែកម្រិតនៃភាពក្រីក្រវាខ្លាំងក្លា»។
ក្រុមហ៊ុនឯកជនខ្លះធ្វើអាជីវកម្មលើផ្ទៃដីដែលមានព្រៃឈើគ្រប់ប្រភេទគ្របដណ្តប់។ តាមរបាយការណ៍ពីអង្គការស៊ើបអង្កេតការបំផ្លាញធនធានធម្មជាតិ និងអំពើពុករលួយ ឈ្មោះ Global Witness នាខែកុម្ភៈ ឆ្នាំ២០០៩ នេះ ក្រុមហ៊ុនខ្លះ ដំបូងរកស៊ីកាប់ឈើ បន្ទាប់មកយកដីកាន់កាប់ ដើម្បីធ្វើអាជីវកម្មអ្វីមួយផ្សេងទៀត។ ក្នុងរបាយការណ៍អង្គការនេះ ក្រុមហ៊ុនភាពីម៉ិច (Pheapimex) តែមួយប៉ុណ្ណោះ ដែលគ្រប់គ្រងដោយអ្នកស្រី ជឹង សូភាព ហៅ យាយ ភូ ជាភរិយាឧកញ៉ា ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាពីបក្សប្រជាជនកម្ពុជា កាន់កាប់ផ្ទៃដី ៧,៤% ឬស្មើនឹងទំហំសរុបប្រមាណ ១៣,៤០០គីឡូម៉ែត្រការ៉េ នៃផ្ទៃដីក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។
តាមស្ថិតិពីភ្នាក់ងារអាមេរិកាំងមួយ ផ្ទៃដីដាំដុះបង្កបង្កើនផលបាននៅកម្ពុជា មាន ២០,៤៥% ឬ ស្មើនឹងទំហំប្រមាណ ៣៧,០០៤ គីឡូម៉ែត្រការ៉េ ហើយដីស្រោចស្រពដោយប្រព័ន្ធប្រឡាយទឹក មាន ២,៧០០ គីឡូម៉ែត្រការ៉េ ក្នុងឆ្នាំ ២០០៣។
ក្រុមហ៊ុនខ្លះប្រើឈ្មោះច្រើន តែអ្នកគ្រប់គ្រងជាមនុស្សដដែល។ តាមរយៈទំនាក់ទំនងជិតស្នីទនឹងក្រុមគ្រួសារប្រមុខរដ្ឋាភិបាល សុំបានសម្បទានព្រៃឈើ និងសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន ភាពីម៉ិច បំបែកមុខរបររកស៊ីច្រើនប្រភេទ ៖ រកស៊ីខាងសំណង់ រកស៊ីនាំថ្នាំពេទ្យ ចូលរកស៊ីផលិតអំបិល រកស៊ីផ្គត់ផ្គង់ភ្លើងអគ្គិសនី រកស៊ីរាវរ៉ែដែក រកស៊ីសង់ទំនប់ទឹកជាមួយក្រុមហ៊ុនចិនដីគោកជាដើម។
ក្រុមហ៊ុនភាពីម៉ិច បានលេចឈ្មោះជាថ្មីទៀត ដោយសារប្រជាពលរដ្ឋសហគមន៍ព្រៃឈើ ក្នុងខេត្តពីរ គឺខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ តវ៉ារឿងបែងចែកដីមិនច្បាស់លាស់។
បុរសម្នាក់រស់នៅសហគមន៍ព្រៃឈើនោះ មានប្រសាសន៍ថា ៖ «អ្វីដែលសហគមន៍កំពុងដំណើរការនេះ មានការអស់ជំនឿ និងអស់ទំនុកចិត្ត ដោយសារប្រឈមនឹងដីសម្បទានរបស់ក្រុមហ៊ុនភាពីម៉ិច និងក្រុមហ៊ុនរតនាវិសាល»។
អ្នកសង្កេតការណ៍បានឃើញថា ពេលណាក្រុមហ៊ុន ភាពីម៉ិច ចង់ជំរុញមុខរបរខាងព្រៃឈើ និងមុខរបររាវរ៉ែ។ ក្រុមហ៊ុននេះសុំព្រៃ និងដីសម្បទាននៅតំបន់ឆ្ងាយដាច់ស្រយាលតាមខេត្តមួយចំនួន។ ពេលណាក្រុមហ៊ុននេះ ចង់ជំរុញមុខរបរសំណង់អគារជាផ្ទះ ឬការិយាល័យក្រុមហ៊ុននេះ ស្វែងរកទីតាំងដីនៅក្នុងទីក្រុង។ ប្រជាពលរដ្ឋរស់នៅម្តុំបឹងកក់ ក្រុងភ្នំពេញ ជាច្រើនរយគ្រួសារ ត្រូវចាកចេញពីលំនៅ ព្រោះក្រុមហ៊ុន ស៊ូកាគូ ដែលមានឧកញ៉ា ឡៅ ម៉េងឃិន ជានាយក ត្រូវការចាក់ដីបំពេញបឹងដើម្បីអភិវឌ្ឍទីក្រុង។
លើសពីនេះទៅទៀត ឧកញ៉ា ឡៅ ម៉េងឃិន និងយាយ ភូ ជាភរិយា ធ្វើជាអ្នកគ្រប់គ្រងក្រុមហ៊ុនរ៉ែ ហុងហ៊្វូ ទ្រីភាព ផង ក្រុមហ៊ុនរ៉ែពីស្រុកចិនដីគោក Zhong Xin Industrial Investment ផង ដែលមានអាជ្ញាប័ណ្ណរាវរ៉ែ ស្រុកសម្បូរ ខេត្តក្រចេះ ហើយនិងគ្រប់គ្រងក្រុមហ៊ុនសង់ទំនប់វារីអគ្គិសនី Petro Camchin ជាមួយក្រុមហ៊ុនចិន Sino Hydropwer នៅខេត្តកំពតផង។
ដោយឡែកពីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ភាពីម៉ិច រឿងដីព្រៃសហគមន៍ និងដីព្រៃសម្បទានសេដ្ឋកិច្ច ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ពលរដ្ឋនៅខេត្តកំពង់ធំ ជួបប្រទះបញ្ហាដូចគ្នាតែជាមួយនឹងក្រុមហ៊ុន កូឡិចស៊ីម (Colexim) ដែលជាក្រុម៊ហុនរកស៊ីកាប់ឈើលើផ្ទៃដីព្រៃ គ្របដណ្តប់ទំហំជិត ១សែន៥ម៉ឺនហិកតារ ប៉ែកខាងលិចតំបន់ព្រៃឡង់។ ក្រុមហ៊ុននេះមានម្ចាស់គ្រប់គ្រងពីក្រុមហ៊ុនជប៉ុន អូកាដា (Okada) ក្រុមហ៊ុនឧកញ៉ា សូ សុវណ្ណ និងរាជរដ្ឋាភិបាល។ មកទល់ពេលនេះ ប្រជាពលរដ្ឋក្នុងសហគមន៍មិនទាន់ដឹងថា បើក្រុមហ៊ុននេះកាប់ឈើអស់ក្នុងដីព្រៃសម្បទាននោះហើយ តើគេនឹងធ្វើអាជីវកម្មអ្វីទៀតលើផ្ទៃដីជាង ១សែនហិកតារនោះ?
លោក ងួន ហាក់ តំណាងប្រជាពលរដ្ឋសហគមន៍ព្រៃឈើពីខេត្តកំពង់ធំ បង្ហាញនូវអ្វីដែលប្រជាពលរដ្ឋចង់បាន ៖ «សំណូមពរសូមឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធមេត្តាជួយសម្រួលយ៉ាងណាឲ្យបានកិច្ចព្រមព្រៀង។ ព្រៃដែលមានពាក់ព័ន្ធនឹងកូឡិចស៊ីម ហ្នឹង មានព្រៃអ្នកតាឡា ... ហើយខាងក្រោមមានព្រៃរបោះលាវ អូរគ្រញូង ... ព្រៃរបោះស្រល់ ព្រៃតាតី។ អ៊ីចឹងយើងថាពាក់ព័ន្ធនឹងដែនព្រៃសម្បទាន»៕
