គ្រូពេទ្យជំនាញឱ្យដឹងថា ការដាច់សរសៃឈាមក្នុងខួរក្បាល ឬភាសាអង់គ្លេសហៅថា Stroke បណ្ដាលមកពីសរសៃឈាមកកស្ទះ បែកធ្លាយ ឬសរសៃឈាមប៉ោងផ្ទុះ មិនអាចនាំឈាមដែលផ្ទុកខ្យល់អុកស៊ីហ្សែន ទៅដល់ខួរក្បាលបាន។ សម្ពាធឈាមខ្ពស់គឺជាគ្រោះថ្នាក់ចម្បងបំផុត បណ្ដាលឱ្យស្លាប់ភ្លាមៗ ដោយសារការដាច់សរសៃឈាមក្នុងខួរក្បាល។
តើគេអាចមានវិធីណាខ្លះ ដើម្បីការពារស្ត្រូក (Stroke)?
គេហទំព័រវេជ្ជសាស្ត្រនៃសកលវិទ្យាល័យហាវ៉ាដ (Harvard) ក្នុងរដ្ឋម៉ាស្សាឈូសេត (Massachusetts) ឱ្យដឹងថា ដើម្បីជៀសវាងឬកាត់បន្ថយ ការដាច់សរសៃឈាមក្នុងខួរក្បាល ឬស្ត្រូក (Stroke) មនុស្សគ្រប់ៗគ្នាមិនថា វ័យចាស់ឬក្មេង ឬក៏មានក្រុមគ្រួសារមានប្រវត្តិកើតជំងឺបេះដូង ឬដាច់សរសៃឈាមក្នុងខួរក្បាលក៏ដោយ លោកអ្នកត្រូវចាប់ផ្ដើមអនុវត្តវិធី៧យ៉ាងសំខាន់ៗ សម្រាប់ការរស់នៅប្រចាំថ្ងៃ។ វិធីសំខាន់ទាំង៧យ៉ាងនោះ រួមមាន កាត់បន្ថយសម្ពាធឈាមខ្ពស់ឬឡើងឈាម សម្រកទម្ងន់កុំឱ្យធាត់ខ្លាំងពេក ហាត់ប្រាណឱ្យបានច្រើន កាត់បន្ថយការទទួលទានសុរាច្រើនហួសហេតុ ព្យាបាលជំងឺបេះដូង គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឱ្យបានទាប និងបញ្ឈប់ការជក់បារី។
អ្នកដាច់សរសៃឈាមក្នុងខួរក្បាល (Stroke) ត្រូវការជំនួយសង្គ្រោះជាបន្ទាន់ដើម្បីដឹកយកទៅព្យាបាលភ្លាមៗនៅមន្ទីរពេទ្យ។ គ្រូពេទ្យជំនាញខួរក្បាលឱ្យដឹងថា ការដាច់សរសៃឈាមក្នុងខួរក្បាល គឺដោយសារលំហូរឈាមដែលនាំខ្យល់អុកស៊ីហ្សែន មានតិចតួចបំផុត ឬត្រូវកាត់ផ្ដាច់ ទៅតំបន់នៃខួរក្បាល។
លោកវេជ្ជបណ្ឌិត ឆាន់ ទូច គ្រូពេទ្យប្រចាំគ្រួសារនៅទីក្រុងឡូវ៉ែល (Lowell) រដ្ឋម៉ាស្សាឈូសេត (Massachusetts) មានប្រសាសន៍ប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា ការដាច់សរសៃឈាមក្នុងខួរក្បាល មិនមែនជាជំងឺទេ តែដោយសារសរសៃឈាម ដែលផ្ទុកទៅដោយខ្យល់អុកស៊ីហ្សែន មិនអាចយកទៅផ្គត់ផ្គង់ក្នុងខួរក្បាលបាន ដោយសរសៃឈាមនោះកកស្ទះ បែកធ្លាយ ឬប៉ោងផ្ទុះ៖ «បាទ ស្ត្រូកមិនមែនជាជំងឺទេ តែជាលក្ខណៈមួយនៅពេលដែលឈាមហូរទៅខួរក្បាលត្រូវផ្ដាច់ ឬបញ្ឈប់ មិនអាចទៅដល់បាន ដោយសារមូលហេតុណាមួយ។ ធម្មតាកាលណាអត់អុកស៊ីហ្សែន កោសិកានៃខួរក្បាលក៏ចាប់ផ្ដើមស្លាប់ ហើយបើបែកនៅចំកន្លែង ដែលបញ្ជាទៅលើចលនា ឬការនិយាយហ្នឹង វាបែកនេះបែកនោះ វានាំឱ្យស្ត្រូក ហើយពិការមួយចំហៀងខ្លួន»។
លោកវេជ្ជបណ្ឌិតជំនាញប្រចាំគ្រួសាររូបនេះ បន្តថា ការដាច់សរសៃខួរក្បាលមាន៣ប្រភេទ ក្នុងនោះរួមមានសរសៃឈាមកកស្ទះ ផ្ទុះសរសៃឈាម និងបែកសរសៃឈាមចេញពីកោសិកាក្នុងខួរក្បាល។ទោះជាក្នុងហេតុផលណាក៏ដោយ លោកវេជ្ជបណ្ឌិតផ្ដល់ដំបូន្មានថា គេមិនអាចដឹងច្បាស់ពីប្រភេទនៃការដាច់សរសៃឈាមខួរក្បាលបានទេ លុះណាតែវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យថតពិនិត្យក្នុងខួរក្បាលជាមុនសិន ទើបផ្ដល់សេវាព្យាបាល៖ «ស្ត្រូកមានបីប្រភេទ។ ទី១ គេហៅ Ischemic Stroke ស្ត្រូកមួយហ្នឹងដោយសារស្លាប់កោសិកាក្នុងខួរក្បាល ហ្នឹងជាទូទៅកើតមាន៧០ % ។ ស្ត្រូកមួយទៀត គឺហៅ Hemorrhagic Stroke ហ្នឹងគឺស្ត្រូកដោយសារបែកសរសៃឈាម មាន១៥ % ហើយស្ត្រូកមួយទៀត គឺបែកសរសៃឈាមដែរ តែបែកសរសៃឈាមចេញមកពីកោសិកាក្នុងខួរក្បាលតែម្ដង ហើយមួយហ្នឹង គឺមាន ១៥ %»។
គេហទំព័រវេជ្ជសាស្ត្រ WebMD ឱ្យដឹងថា ការដាច់សរសៃឈាមក្នុងខួរក្បាលឬស្ត្រូកនេះ គេអាចកត់សម្គាល់សញ្ញាអាសន្នមួយចំនួនរួមមាន ស្ពឹកមុខ ស្ពឹកជើងឬដៃ ប៉ុន្តែតែម្ខាងទេ ដូចជាខាងស្តាំឬខាងឆ្វេង ស្រវាំងភ្នែក វិលមុខ មិនអាចដើររួច ឬឈឺក្បាលខ្លាំង។ បន្ថែមពីនេះ អ្នកជំងឺដាច់សរសៃឈាមខួរក្បាល ស្រាប់តែភ្លាមៗ និយាយអត់ចេញ មានអារម្មណ៍ច្របូកច្របល់ និងអត់យល់អ្វីទាំងអស់។
លោកវេជ្ជបណ្ឌិត ឆាន់ ទូច មានប្រសាសន៍បន្ថែមពីរោគសញ្ញាមួយចំនួន ដែលត្រូវប្រុងប្រយ័ត្ន ចំពោះអ្នកដាច់សរសៃឈាមក្នុងខួរក្បាល៖ «ភ្លាមៗកំពុងជជែកគ្នាស្រាប់តែឈឺក្បាលជួនកាលអាចសន្លប់អត់ដឹងខ្លួន ដោយសារសរសៃឈាមក្នុងខួរក្បាលប៉ោងសង្កត់ ហ្នឹងទី១។ ទី២ ជួនកាលមនុស្សធម្មតា ដើរអត់រួច ងើបអត់រួច វិលមុខ ហើយទី៣ ជួនកាលកំពុងជជែកគ្នា ស្រាប់តែភ្នែកទាំងពីរឃើញរូបខុសគ្នា ដូចប្លែក ធម្មតាភ្នែកទាំងពីរសម្លឹងឃើញដូចគ្នា នេះមានន័យថា មានអ្វីសង្កត់លើខួរក្បាល។ ទី៤ ដូចថាវង្វេង និយាយត្រដិត ស្ដាប់អត់យល់ និយាយអត់ចេញ ហើយមួយទៀតដែរគេឃើញដែរគឺស្ពឹកលើមុខ ឬដៃជើង គឺមួយចំហៀងខាងឆ្វេងឬខាងស្ដាំ»។
គេហទំព័រវេជ្ជសាស្ត្រនៃសកលវិទ្យាល័យហាវ៉ាដ (Harvard) ក៏បានផ្តល់ដំបូន្មានថា ដើម្បីកាត់បន្ថយសម្ពាធឈាមខ្ពស់ លោកអ្នកត្រូវកាត់បន្ថយជាតិអំបិល កុំឱ្យលើសកន្លះស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ កាត់បន្ថយអាហារមានជាតិខ្លាញ់បរិភោគបន្លែ និងផ្លែឈើឱ្យបានច្រើន។ បន្ថែមពីនេះលោកអ្នកត្រូវសម្រកទម្ងន់កុំឱ្យធាត់ខ្លាំងពេក ទទួលទានម្ហូបអាហារប្រចាំថ្ងៃកុំឱ្យលើសពី ២ពាន់កាឡូរី បង្កើនការហាត់ប្រាណដូចជាដើរឬរត់ កាត់បន្ថយការទទួលទានសុរាច្រើន។ ប្រសិនបើលោកអ្នកមានជំងឺបេះដូងដូចជាដកដង្ហើមផុតៗ ត្រូវស្វែងរកការព្យាបាលពីវេជ្ជបណ្ឌិតជំនាញ ពីព្រោះសង្វាក់បេះដូងដើរមិនទៀងទាត់ បណ្ដាលឱ្យមានកំណកស្ទះក្នុងបេះដូង ជាហេតុនាំឱ្យដាច់សរសៃឈាមក្នុងខួរក្បាល។ ចំពោះអ្នកមានជំងឺទឹកនោមផ្អែមវិញ លោកអ្នកត្រូវការត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាម កុំឱ្យឡើងខ្លាំងពេក ហើយអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិត។ បញ្ហាសំខាន់មួយទៀត គឺបញ្ឈប់ការជក់បារី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។