ជំងឺ​បាត​ភ្នែក​ទឹក​នោម​ផ្អែម​ដែល​បណ្ដាល​ឱ្យ​ងងឹត​ភ្នែក

0:00 / 0:00

ជំងឺ​បាត​ភ្នែក​ទឹក​នោម​ផ្អែម ជា​ជំងឺ​ភ្នែក​មួយ​ប្រភេទ​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មាន​ភាព​ប្រឈម​ខ្ពស់ និង​ឈាន​ទៅ​រក​ភាព​ពិការ។ ជំងឺ​បាត​ភ្នែក​ទឹក​នោម​ផ្អែម គឺ​ជា​ជំងឺ​ដែល​គ្រូពេទ្យ និង​អង្គការ​សុខភាព​ពិភពលោក ព្រួយ​បារម្ភ​ខ្លាំង ស្រប​ពេល​ដែល​តួលេខ​ជំងឺ​ទឹក​នោម​ផ្អែម​ចេះ​តែ​កើន​ឡើង​រៀង​រាល់​ឆ្នាំ។

គ្រូពេទ្យ​ជំនាញ​ឯកទេស​ផ្នែក​ជំងឺ​បាត​ភ្នែក នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត លោក​វេជ្ជបណ្ឌិត សាលី ធារិទ្ធ ឱ្យ​ដឹង​ថា ជំងឺ​បាត​ភ្នែក​ជា​ជំងឺ​រលាក​ដែល​កើត​មាន​នៅ​នឹង​បាត​ភ្នែក ឬ​ជួន​កាល​រលាក​សរសៃ​ឈាម​នៅ​បាត​ភ្នែក​នោះ។ បាត​ភ្នែក គឺ​និយាយ​សំដៅ​ទៅ​រក​ជញ្ជាំង​ខាង​ក្នុង និង​ផ្នែក​ខាង​ក្រោយ​នៃ​គ្រាប់​ភ្នែក ដែល​ជា​ទីតាំង​សម្រាប់​ទទួល​រូបភាព។

លោក​វេជ្ជបណ្ឌិត សាលី ធារិទ្ធ មាន​ប្រសាសន៍​ថា ជំងឺ​បាត​ភ្នែក​ច្រើន​ជួប​ប្រទះ​ចំពោះ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ទីក្រុង ជាង​អ្នក​នៅ​ជន​បទ។

«សំឡេង»

ចំពោះ​មូលហេតុ​វិញ លោក​វេជ្ជបណ្ឌិត សាលី ធារិទ្ធ ឱ្យ​ដឹង​ថា កត្តា​ដែល​នាំ​ឱ្យ​កើត​ជំងឺ​រលាក​បាត​ភ្នែក មាន​មូលហេតុ​ច្រើន​យ៉ាង។ ជំងឺ​រលាក​បាត​ភ្នែក ជា​ជំងឺ​មិន​ឆ្លង ហើយ​ជំងឺ​នេះ​មិន​មែន​បណ្ដាល​មក​ពី​មេរោគ​ទេ។ ករណី​ជំងឺ​រលាក​បាត​ភ្នែក​ខ្លះ គឺ​អ្នក​ជំងឺ​កើត​មក​ពី​កំណើត។ ក៏ប៉ុន្តែ ជំងឺ​រលាក​បាត​ភ្នែក​ភាគ​ច្រើន​ដែល​គ្រូពេទ្យ​ឧស្សាហ៍​ជួប និង​បារម្ភ​ខ្លាំង គឺ​ជំងឺ​រលាក​បាត​ភ្នែក​ដែល​ជា​ផល​វិបាក​របស់​ជំងឺ​ទឹក​នោម​ផ្អែម។

«សំឡេង»

រោគ​សញ្ញា៖

គ្រូពេទ្យ​ឱ្យ​ដឹង​ថា ជំងឺ​រលាក​បាត​ភ្នែក​នៅ​ក្នុង​ដំណាក់​កាល​ដំបូងៗ មិន​បង្ហាញ​អាការៈ ឬ​រោគ​សញ្ញា​អ្វី​ឱ្យ​ដឹង​ជា​មុន​ទេ ហើយ​លោក​វេជ្ជបណ្ឌិត សាលី ធារិទ្ធ មាន​ប្រសាសន៍​ថា ជំងឺ​រលាក​បាត​ភ្នែក​នេះ​ក៏​មិន​បណ្ដាល​ឱ្យ​ឈឺ​ចាប់​ដែរ៖ «រោគ​សញ្ញា​អត់​មាន​ឈឺ​ចាប់​ទេ។ បញ្ហា​តែ​មួយ​គត់ គឺ​ស្រវាំង។ ស្រវាំង​មាន​មូលហេតុ​ពីរ គឺ​មូលហេតុ​គាត់​អាច​មក​ពី​ជំងឺ​ឡើង​បាយ ឬ​ក៏​គាត់​អាច​មាន​កំហុស​កំណុំ»

ការ​ព្យាបាល៖

ជំងឺ​រលាក​បាត​ភ្នែក​ទឹក​នោម​ផ្អែម មិន​អាច​ព្យាបាល​ជា​ទេ ដោយសារ​តែ​ជំងឺ​ទឹក​នោម​ផ្អែម​ព្យាបាល​មិន​ជា​ដែរ។ ក៏ប៉ុន្តែ លោក​វេជ្ជបណ្ឌិត សាលី ធារិទ្ធ បញ្ជាក់​ថា ការ​ព្យាបាល​ជំងឺ​នេះ​ឱ្យ​ទាន់​ពេល​វេលា ជា​ការ​ប្រសើរ ដើម្បី​ទប់ស្កាត់​មុន​កុំ​ឱ្យ​ភ្នែក​ឆាប់​ងងឹត ឬ​ពិការ។

«សំឡេង»

លោក​បញ្ជាក់​បន្ថែម​ថា ប្រសិន​បើ​មិន​បាន​ព្យាបាល ឬ​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ឱ្យ​បាន​ត្រឹមត្រូវ យូរ​ទៅ​វា​នឹង​នាំ​ឱ្យ​មាន​ផល​វិបាក​ជា​ជំងឺ​បាត​ភ្នែក។

«សំឡេង»

វិធី​បង្ការ៖

លោក​វេជ្ជបណ្ឌិត​ណែនាំ​ថា ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ជំងឺ​បាត​ភ្នែក ដែល​ជា​ផល​វិបាក​ពី​ជំងឺ​ទឹក​នោម​ផ្អែម គឺ​ត្រូវ​ទទួល​ទាន​អាហារ​តាម​របប​ត្រឹមត្រូវ ដោយ​មិន​ត្រូវ​ទទួល​ទាន​អាហារ​ផ្អែម ឬ​ខ្លាញ់​ច្រើន​ពេក ជាពិសេស ត្រូវ​បញ្ចេញ​កម្លាំង​កាយ ឬ​ហាត់​ប្រាណ​ឱ្យ​បាន​ច្រើន។

«សំឡេង»

ដំបូន្មាន​របស់​គ្រូពេទ្យ៖

លោក​វេជ្ជបណ្ឌិត​ណែនាំ​ទៀត​ថា អ្នក​ជំងឺ​ទឹក​នោម​ផ្អែម គប្បី​ឧស្សាហ៍​ជួប​ពិគ្រោះ និង​ពិនិត្យ​ភ្នែក​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ខាង​ភ្នែក ជាពិសេស អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មាន​បញ្ហា​ភ្នែក​ស្រវាំង ឬ​ព្រិល​មើល​មិន​សូវ​ឃើញ​ច្បាស់។ ការ​ពិនិត្យ​រក​ជំងឺ​បាត​ភ្នែក គប្បី​ធ្វើ​មួយ​ឆ្នាំ​ម្ដង ដោយ​មិន​ត្រូវ​រង់ចាំ​រហូត​ដល់​មាន​រោគ​សញ្ញា​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។