ជំងឺ​អំបៅអំបែក ឬ​រលាក​ត្រចៀក

0:00 / 0:00

ការ​យក​សម្ភារៈ​មិន​ល្អ​មក​ត្បាល់​ត្រចៀក មាន​ជាអាទិ៍ រោម​ស្លាប​មាន់ ឈើ សោ​ម៉ូតូ ឬ​វត្ថុ​រឹង​ផ្សេងៗ​ទៀត​នោះ អាច​ធ្វើ​ឲ្យ​ត្រចៀក​មាន​ជំងឺ​អំបៅអំបែក ឬ​រលាក​ត្រចៀក។ ជាង​នេះ​ទៅ​ទៀត ការ​បំបៅ​ទឹក​ដោះ​គោ​កូន​តូច​ដោយ​បណ្ដាល​ឲ្យ​ទឹក​ដោះ​គោ​ហៀរ​ចូល​ត្រចៀក នឹង​អាច​ឲ្យ​ក្មេង​នោះ​ងាយ​ប្រឈម​នឹង​ជំងឺ​រលាក​ត្រចៀក ឬ​អំបៅអំបែក។ តើ​លោក​អ្នក​ត្រូវ​ប្រតិបត្តិ​ដូចម្តេច ដើម្បី​កុំ​ឲ្យ​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​នេះ? តើ​ជំងឺ​នេះ​អាច​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​សរីរាង្គ​ដទៃ​ទៀត?

អំបៅអំបែក គឺ​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​កើត​ឡើង​ដោយសារ​មេ​រោគ និង​បាក់តេរី​ដែល​ចូល​ទៅ​ក្នុង​ត្រចៀក ហើយ​អាច​បង្ក​ឲ្យ​រលាក​ត្រចៀក​ផ្នែក​ក្នុង។ លោក​អ្នក​មិន​ត្រូវ​ធ្វេសប្រហែស​ដោយ​បណ្តោយ​ឲ្យ​កើត​ជំងឺ​អំបៅអំបែក​នោះ​ទេ ព្រោះ​ជំងឺ​នេះ​អាច​បង្ក​ផល​លំបាក​ជាច្រើន​ដល់​សរីរាង្គ​ដទៃ​ទៀត ជាអាទិ៍ ច្រមុះ បំពង់ក សួត និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ស្រោម​ខួរ​ក្បាល​ផង​ដែរ។

តើ​មាន​មូលហេតុ​អ្វី​ខ្លះ ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​អំបៅអំបែក?

ការ​បណ្តោយ​ឲ្យ​ទឹក​មិន​ស្អាត​ចូល​ត្រចៀក ការ​ប្រើ​សម្ភារៈ​ផ្សេងៗ​មក​ខ្វារ ឬ​ឆ្កឹះ​ត្រចៀក​ដែល​បណ្ដាល​ឲ្យ​ដាច់​រលាត់​ក្រដាស​ត្រចៀក។ បរិយាកាស​រស់នៅ​មិន​មាន​អនាម័យ​ល្អ និង​កន្លែង​រស់នៅ​ដែល​សម្បូរ​ដោយ​ដី​ហុយ ឬ​បរិយាកាស​ជុំវិញ​សម្បូរ​ដោយ​ដី​ហុយ សុទ្ធតែ​ជា​ហេតុ​ដែល​អាច​បណ្ដាល​ឲ្យ​ប្រឈម​នឹង​ការ​កើត​ជំងឺ​អំបៅអំបែក ឬ​រលាក​ត្រចៀក។

ប្រធាន​គ្លីនិក ឃុន ឃាង និង​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​អង្គឌួង លោក​វេជ្ជបណ្ឌិត ឃុន ឃាង បញ្ជាក់​ថា លោក​អ្នក​ដែល​ប្រឈម​មុខ​ការ​កើត​ផ្ដាសាយ​ញឹកញាប់ ក៏​ជា​ហេតុផល​ចម្បង​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​អំបៅអំបែក​នេះ​ដែរ។ ជំងឺ​នេះ​មិន​អាច​ឆ្លង​តាម​រយៈ​ខ្យល់​ទេ ប៉ុន្តែ​អាច​ឆ្លង​បាន​តាម​រយៈ​ការ​ប៉ះពាល់​នៃ​ខ្ទុះ​របស់​អ្នក​ជំងឺ។ ម្យ៉ាង​វិញ​ទៀត ភាគ​ច្រើន​អ្នក​ដែល​ប្រឈម​មុខ​នឹង​កើត​ជំងឺ​អំបៅអំបែក គឺ​កុមារ៖ «»។

លោក​វេជ្ជបណ្ឌិត​បន្ត​ថា ជំងឺ​អំបៅអំបែក​ចែក​ចេញ​ជា​ពីរ​ប្រភេទ គឺ​អំបៅអំបែក​ស្រួចស្រាល់ និង​អំបៅអំបែក​រ៉ាំរ៉ៃ។ អំបៅអំបែក​ស្រួចស្រាល់​ចំពោះ​កុមារ​មាន​អាការៈ​ក្ដៅ​ខ្លួន​តិចតួច ឬ​អាច​ក្ដៅ​ខ្លាំង ឈឺ​ក្បាល អស់​កម្លាំង ហឹង​ត្រចៀក និង​ឈឺ​ត្រចៀក។ បើ​មេរោគ​ចូល​រយៈពេល​ចាប់​ពី ៣​ថ្ងៃ​ឡើង​ទៅ អាច​នឹង​មាន​ខ្ទុះ​ហូរ​ចេញ​ពី​ត្រចៀក​មក​ខាង​ក្រៅ។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា អាការៈ​នេះ​ច្រើន​កើត​ញឹកញាប់​ទៅ​លើ​ក្មេង​អាយុ​ចាប់​ពី ២​ឆ្នាំ​ទៅ ៣​ឆ្នាំ។

ចំណែក​អំបៅអំបែក​រ៉ាំរ៉ៃ​វិញ លោក​អ្នក​អាច​មាន​អាការៈ​ឈឺ​ក្បាល ហូរ​ខ្ទុះ​ចេញ​ពី​ត្រចៀក​រយៈពេល​យូរ​ញឹកញាប់ ឬ​ក៏​ហូរ​មិន​ឈប់។ គេ​អាច​សម្គាល់​បាន​តាម​រយៈ​ការ​ហិត​ក្លិន​នៃ​ខ្ទុះ​ដែល​ហូរ​ចេញ​មក​ក្រៅ។ បើ​ធុំ​ក្លិន​ឆ្អាប​ល្មម ឬ​ធម្មតា គឺ​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​រ៉ាំរ៉ៃ​សាមញ្ញ ហើយ​អាច​ព្យាបាល​បាន៖ «»។

របាយការណ៍​សុខភាព​ពិភពលោក ពន្យល់​ថា បើ​អំបៅអំបែក​រ៉ាំរ៉ៃ​ក្លាយ​ជា​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ មាន​ស្ដែង​ចេញ​ជា​ខ្ទុះ​ដែល​ហូរ​ចេញ​មក​ខាង​ក្រៅ ហើយ​ធុំ​ក្លិន​ស្អុយ​ខ្លាំង។ សញ្ញា​នេះ​អាច​រាលដាល​ឈាន​ដល់​ខួរ​ក្បាល ហើយ​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​បាន។ បន្ថែម​ពី​លើ​នេះ លោក​អ្នក​មិន​ត្រូវ​ឲ្យ​ទឹក​មិន​ស្អាត​ចូល​ត្រចៀក​ជា​ដាច់ខាត ព្រោះ​វា​អាច​វិវឌ្ឍ​ទៅ​ជា​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល និង​មិន​ងាយ​នឹង​ព្យាបាល​បាន ហើយ​អាច​លោក​អ្នក​ស្តាប់​អ្វី​លែង​ឮ។

និស្សិត​នៃ​សាកលវិទ្យាល័យ​ឯកជន​មួយ គឺ​កញ្ញា ធីដា និយាយ​ថា កាល​ពី​ក្មេង​កញ្ញា​ធ្លាប់​កើត​ជំងឺ​នេះ​តែ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​មិត្តភ័ក្ដិ​របស់​កញ្ញា​ម្នាក់​កើត​ជំងឺ​អំបៅអំបែក​រហូត​មាន​ជា​ហូរ​ខ្ទុះ និង​មាន​ក្លិន​ស្អុយ៖ «»។

មធ្យោបាយ​ការពារ​ល្អ​ប្រសើរ​ដើម្បី​អាច​ជៀសវាង​មិន​ឲ្យ​កើត​ជំងឺ​អំបៅអំបែក ឬ​រលាក​ត្រចៀក លោក​អ្នក​អាច​ជូត​សម្អាត​ត្រចៀក​ឲ្យ​មាន​អនាម័យ​ល្អ និង​ការពារ​កុំ​ឲ្យ​ទឹក​មិន​ស្អាត​ចូល​ត្រចៀក និង​ជៀសវាង​យក​វត្ថុ​រឹង​ដែល​មិន​ស្អាត​ទៅ​រុក​ត្បាល់ ឬ​ខ្វារ​ត្រចៀក៖ «»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។