អ្នក​ជំនាញ​សុខភាព​ថា ការ​ប្រើ​អង់ទីគ័រ​ប្លាស្មា​របស់​អ្នក​ជា​ពី​ជំងឺ​កូវីដ​១៩​ នឹង​អាច​មាន​ប្រសិទ្ធភាព

0:00 / 0:00

ក្រុម​អ្នក​វិជ្ជសាស្ត្រ​ក្នុង​ពិភពលោក បាន​ប្រឹងប្រែង​តាម​លទ្ធភាព​របស់​ខ្លួន រក​វិធី​ព្យាបាល​នានា ដើម្បី​កាត់បន្ថយ​ចំនួន​អ្នក​ស្លាប់ និង​ឆ្លង​បណ្តាល​មក​ពី​ជំងឺ​កូវីដ (Covid-19)។ នៅ​សហរដ្ឋអាមេរិក ក្រៅ​តែ​ពី​ការ​យល់ព្រម​ឱ្យ​ប្រើ​ថ្នាំ​សម្រាប់​គ្រុនចាញ់ អាជ្ញាធរ​ជាតិ​ត្រួតពិនិត្យ​ឱសថ​និង​អាហារ​នៅ​សហរដ្ឋអាមេរិក (FDA) ក៏បាន​យល់ព្រម​ឱ្យ​ប្រើ​វិធីសាស្ត្រ​មួយទៀត គឺ​ចាក់​បញ្ចូល​ប្លាស្មា (Plasma) ដែល​មាន​អង់ទីគ័រ (Antibody) ខ្លាំង របស់​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩ ទៅ​អ្នកជំងឺ​ធ្ងន់ធ្ងរ និង​ដើម្បី​ជួយ​ទៅដល់​ក្រុម​គ្រូពេទ្យ​ជួរមុខ ដែល​កំពុង​ប្រឈម​ខ្លាំង​នៃ​ការ​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​មួយ​នេះ។

មន្ត្រី​សុខាភិបាល​ថា ការ​ចាក់​បញ្ចូល​អង់ទីគ័រ​ប្លាស្មា (Plasma) របស់​អ្នកជំងឺ​កូវីដ​១៩ ដែល​បាន​ជា​សះស្បើយ នឹង​មាន​ប្រសិទ្ធភាព​ខ្ពស់ ទៅលើ​អ្នកមាន​ជំងឺ​ធ្ងន់ធ្ងរ ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្លួន​ខ្សោយ មិន​អាច​ប្រឆាំង​នឹង​មេរោគ​សារ្យកូវី២ (SARS-CoV2) នៃ​ជំងឺ​កូវីដ​-១៩ នេះ​បាន។

ប្រធាន​អគ្គនាយក​ប្រតិបត្តិ​នៃ​គ្លីនិក ម៉ាយូ (Mayo Clinic) លោក​វេជ្ជបណ្ឌិត ហ្យៀនរិកូ ហ្វារ៉ូហ្យា (Gianrico Farrugia) មាន​ប្រសាសន៍ ប្រាប់​ទូរទស្សន៍ CNBC នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី៧ ខែ​មេសា ថា វិធី​ព្យាបាល​បែបនេះ គឺ​មាន​ប្រសិទ្ធភាព ក្រោយពី​បាន​ធ្វើ​ឡើង​កាលពី​ជាង​១០០​ឆ្នាំមុន នៅ​ពេល ប្រឈម​នឹង​ជំងឺ​គ្រុន​ផ្តាសាយ​ធំ​ដែល​រាតត្បាត​សកល កាលពី​ឆ្នាំ​១៩១៨ (1918 Flu pandemic) ក្នុង​ពិភពលោក​។ បន្ថែម​ពី​នេះ លោក​ថា វិធី​ចាក់​បញ្ចូល​អង់ទីគ័រ​ប្លាស្មា​នេះ ក្រុម​អ្នក​វេជ្ជសាស្ត្រ ក៏បាន​យក​មក​សាកល្បង​ប្រើប្រាស់​ផង​ដែរ​ក្នុងអំឡុងពេល​រាតត្បាត​នៃ​ជំងឺ​សារ្ស៍ (SARS) និង​អេបូឡា (Ebola)​។ លោក​វេជ្ជបណ្ឌិត ហ្យៀនរិកូ ហ្វារ៉ូហ្យា បញ្ជាក់​ផង​ដែរ​ថា ប្រសិនបើ​វិធី​ព្យាបាល​បែប​នេះ មាន​ប្រសិទ្ធភាព​ទៅ​លើ​អ្នកជំងឺ​កូវីត​១៩ ក្រុម​អ្នក​វេជ្ជសាស្ត្រ ក៏​នឹង​អាច​ប្រើប្រាស់​វា សម្រាប់ យ៉ាងហោចណាស់​ក៏​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​ខ្លួន ទប់ស្កាត់​នឹង​មេរោគ​នេះ បាន​ពីរ​ឬ​បី​ខែ​ផង​ដែរ។

វិធី​ព្យាបាល​នេះ​គឺ​ហៅថា Convalescent Plasma គឺជា​វិធី​ព្យាបាល​មួយ ដោយ​យក​អង់ទីគ័រ​ប្លា​ស្មា (Plasma) បាន​មក​ពី​ការ​បរិច្ចាគ​នៃ​អ្នកជំងឺ​កូវីដ​១៩​ដែល​បានជា​សះស្បើយ រួចហើយ​បញ្ចូល​ទៅ​អ្នក​ផ្ទុក​ជំងឺ​កូវីដ​១៩ ដូចគ្នា ដើម្បី​អាច​បង្កើន​ប្រព័ន្ធ​ការពារ​ខ្លួន ទប់​ទប់​ប្រឆាំង​នឹង​មេរោគ​សា​រ្យ​កូវី២ (SARS-CoV2) ។ លោក​បន្ត​ថា អង់ទីគ័រ​នេះ​គឺ​បង្កើត​ប្រព័ន្ធ​ការពារ​ខ្លួន (Antibody Defense) ដើម្បី​អាច​ជួយ​ទប់ស្កាត់​មិន​ឱ្យ​មេរោគ រីក​រាលដាល​ខ្លាំង​បន្ថែម​ទៀត​ក្នុង​ខ្លួន​អ្នកជំងឺ។

ការ​សាកល្បង​នេះ បន្ទាប់ពី​អាជ្ញាធរ​ជាតិ​ត្រួតពិនិត្យ​ឱសថ​និង​អាហារ​នៅ​សហរដ្ឋអាមេរិក (FDA) កាល​ពី​ថ្ងៃ៣ ខែ​មេសា បាន​យល់ព្រម​ឱ្យ​មណ្ឌល​សុខភាព ម៉ាយូ (Mayo Clinic) សហការ​ជាមួយ​សកល​វិទ្យាល័យ Johns Hopkins University និង​មន្ទីរពេទ្យ​ជាច្រើន ព្រមទាំង វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​ចំនួន​ទៀត ដើម្បី​ធ្វើការ​សាកល្បង​ប្រើប្រាស់​ដោយ​ចាក់​បញ្ចូល​អង់ទីគ័រ​ប្លាស្ម៉ា របស់​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩ ទៅ​អ្នកជំងឺ​ដូចគ្នា​នេះ។

គ្រូពេទ្យ​ប្រចាំ​គ្រួសារ នៅ​ទីក្រុង លីន (Lynn) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) លោក​វេជ្ជបណ្ឌិត ម៉ី សុខារិទ្ទ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ការ​ចាក់​បញ្ចូល​ប្លាស្មា​នេះ គឺជា​ដំណាក់កាល​សាកល្បង​នៅឡើយ​ទេ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​មាន​ប្រសិទ្ធភាព​លើ​អ្នកជំងឺ​កូវីដ​១៩ ដែល​មាន​សភាព​ធ្ងន់ធ្ងរ​នោះ​នៅឡើយ​ដែរ​ឬទេ​?៖ «យោង​តាម​ព័ត៌មាន ឬ​ទិន្នន័យ អត់​ទាន់​មានការ​អះអាង​ថា នឹង​បានជា​សះស្បើយ​ទេ​។ ការ​ព្យាបាល​ដាក់បញ្ចូល​ប្លាស្មា​នេះ គឺជា​ការ​សាកល្បង ជា​បទពិសោធន៍ ដូចជា​ព្យាបាល​ជំងឺគ្រុនចាញ់​អ៊ីចឹង​ដែរ។ នេះ​ក៏​ដូចគ្នា​ដែរ»។

អ្នកស្រី វេជ្ជបណ្ឌិត Ania Wajnberg ជំនាញ​ផ្នែក​កម្មវិធី​បង្កើន​អង់ទីគ័រ នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Mount Sinai ក្នុង​ក្រុង​ញូវយ៉ក បាន​ឱ្យ​ដឹង​ថា វិធី​ព្យាបាល​ដោយ​ការ​បញ្ចូល​អង់ទីគ័រ​ប្លាស្មា ទៅលើ​អ្នកជំងឺ​កូវីដ​១៩ នេះ បាន​ចាប់ផ្តើម​ហើយ​កាលពី​ថ្ងៃ​សៅរ៍​ទី​៤ ខែ​មេសា ចំពោះ​អ្នកជំងឺ​មួយ​ចំនួន នៅ​ក្រុង​ញូវយ៉ក​( New York) និង​ក្រុង​ហ៊ូស្តុន (Houston) ក្នុង​រដ្ឋ​តិចសាស់ (Texas)។ អ្នកស្រី​វេជ្ជបណ្ឌិត បន្ត​ថា វិធី​ព្យាបាល​នេះ នឹង​បន្ត​អនុវត្ត​ទៅលើ​អ្នកជំងឺ​កូវីដ​១៩ រាប់​ពាន់​នាក់​បន្ថែម​ទៀត នៅ​សប្ដាហ៍​ខាង​មុខៗ ក៏ប៉ុន្តែ​គេ​នៅ​មិនទាន់​អះអាង​បាន​នៅឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​មើល​ជាច្រើន​សប្ដាហ៍​ទៅ​មុខ​ទៀត។

ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ជាច្រើន លើកឡើង​ថា អង់ទីគ័រ​ប្លាស្មា របស់​អ្នកជំងឺ​ម្នាក់​ដែល​ជា​សះស្បើយ ពី​ជំងឺ​កូវីដ​១៩ អាច​យក​មក​ចាក់​បញ្ចូល​ដល់​អ្នកជំងឺ​រហូតដល់​៤​នាក់ ក្នុង​ការ​ប្រើ​វិធី​ព្យាបាល​នេះ​។ ក៏ប៉ុន្តែ​គេ​នៅ​មិនទាន់​អាច​បញ្ជាក់​ច្បាស់លាស់​នៅឡើយ​ទេ ពី​ប្រសិទ្ធភាព​នៃ​ការ​ប្រើ​ប្លាស្មា​នេះ។ ដោយមាន​សហការ​ពី​អង្គការ​កាកបាទក្រហម​អាមេរិក គ្លីនិក ម៉ាយូ បាន​ពង្រីក​វិធី​ព្យាបាល​ដោយ​បញ្ចូល​អង់ទីគ័រ ប្លាស្មា របស់​អ្នកជា​ពី​ជំងឺ​កូវីដ​១៩ (Covid-19) នៅ​ជាង​១០០​មន្ទីរពេទ្យ​ទូទាំង​សហរដ្ឋអាមេរិក​។ ក្រៅពី​នៅ​សហរដ្ឋអាមេរិក ប្រទេស​ជាច្រើន​ដូចជា​នៅ​ស៊ុយអែត (Sweden) ប្រទេស​ចិន​ជាដើម​ក៏​កំពុង​ប្រើ​វិធី​សាកល្បង​ដូចគ្នា​នេះ​ដែរ។

គិត​មក​ត្រឹម​ថ្ងៃ​ទី៨ ខែ​មេសា​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ បាន​កើន​ដល់​ទៅ​ជាង ១​លាន ៥​សែន​នាក់ ក្នុង​នោះ​មាន​ចំនួន​អ្នក​ស្លាប់​ជាង​ជិត ៩​ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។