យោងតាមឯកសាររបស់អង្គការសង្គមជំងឺមហារីកអាមេរិក (American Cancer Society) គឺជិត២០០.០០០(ពីរសែន)ករណីមហារីកប្រូស្តេតបានត្រូវរកឃើញក្នុងឆ្នាំ២០០៩ ហើយកាលពីឆ្នាំ២០០៨ នៅអាមេរិកបុរសចំនួនជាង២៨.០០០នាក់ បានស្លាប់ដោយសារមហារីកប្រូស្តេត។
នៅប្រទេសកម្ពុជា ថ្វីបើមិនទាន់មានស្ថិតិផ្លូវការអំពីអ្នកមានជំងឺពាក់ព័ន្ធនឹងប្រូស្តេតក្តី ក៏មានព័ត៌មានខ្លះថា មនុស្សចាស់មានកើតច្រើនករណីដែរ។
អ្នកមានប្រូស្តេតរីកម្នាក់នៅក្រុងភ្នំពេញ គឺលោក ស៊ឹម សារ៉ាក់ អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុក្រសួងវប្បធម៌ទើបចូលនិវត្តន៍ អាយុ៦១ឆ្នាំ ដែលបានដឹងថា ខ្លួនមានបញ្ហានេះកាលពីលោកមានអាយុ៥៣ឆ្នាំ មានប្រសាសន៍ថា ៖ «គិតប្រើថ្នាំប៉ូវ ពេទ្យគេថា កុំប្រើប្រយ័ត្ន Cancer (មហារីក) វាពិបាកអ៊ីចឹង។ ផ្សាយអាហ្នឹងឲ្យមនុស្សដឹងផងមើល៍ ចាស់ៗកើតច្រើនណាស់ឥឡូវ...»។
ប្រូស្តេតមាននៅតែមនុស្សប្រុសទេ ស្ត្រីមិនមានឡើយ ក៏ដូចជាស្ត្រីមានស្បូនដែលបុរសគ្មាននោះដែរ។
អ្វីហៅថាប្រូស្តេត? ឯកសាររបស់មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺអាមេរិក CDC បានឲ្យដឹងថា ប្រូស្តេតជាផ្នែកមួយនៃប្រព័ន្ធបន្តពូជរបស់បុរស គឺរួមមានអង្គជាតិ ឬលឹង្គ ប្រូស្តេតនិងពងស្វាស។ ប្រូស្តេតគឺជាក្រពេញមួយដែលស្ថិតនៅជុំវិញបំពង់បង្ហួរនោម វាស្ថិតនៅខាងក្រោមប្លោកនោម ហើយនិងនៅចំពីមុខចុងពោះវៀនធំ។
លោកវេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ នៅក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបង្ហាញជូននូវទីតាំងរបស់ប្រូស្តេតក្នុងខ្លួនបុរស ៖ «ប្រូស្តាតឬប្រស្តេតហ្នឹងនៅកន្លែងណា? ឆាយ ប៊ុនហ៊រ ៖ កន្លែងវាគឺនៅខាងក្រោមប្លោកនោម នៅផ្លូវចេញពីប្លោកនោមតែម្តង ហៅថា Outlet គឺកន្លែងណាដែលទ្វារចេញទឹកនោមពីប្លោកនោមគឺប្រូស្តាតនៅកន្លែងហ្នឹងឯង ហើយរាងរបស់វាហ្នឹងគឺប្រៀបធៀបនឹងផ្លែឈើនៅស្រុកខ្មែរ ខ្ញុំថារាងវាដូចជាផ្លែស្លា បើរាងវារាងដូចCone គឺមាន Baseវា មានបាតវាហើយនិងកំពូលវា។ ប៉ុនផ្លែស្លាប៉ុណ្ណឹងឯង។ សំខាន់បំផុតប្រូស្តាតហ្នឹងចេញមកពីខាងក្រោមប្លោកនោម ហើយមករុំព័ទ្ធផ្នែកទី១នៃ Urethra (បង្ហួរនោម)។ បង្ហួរនោមចែកជាពីរគឺ ទី១ គឺកន្លែងដែលប្រូស្តាតហ្នឹងរុំជាប់ ហើយទី២ ប្រហោងនោមហ្នឹងឯង គឺជាប់នឹងលឹង្គយើងនេះឯង គឺចែកជាទី២»។
ក្នុងពេលដែលបុរសកាន់តែមានអាយុកាន់តែច្រើន ប្រូស្តេតក៏កាន់តែរីកទំហំរបស់ខ្លួនកាន់តែធំដែរ។ បញ្ហានេះបង្កឲ្យបំពង់បង្ហួរនោមកាន់តែរួមតូចដែលបណ្តាលឲ្យការហូរទឹកនោមកាន់តែថយចុះ។
វិទ្យាសាស្ត្រពេទ្យបានបែងចែក ប្រូស្តេតជាផ្នែកសំខាន់ៗ ហើយមានទំនាក់ទំនងនឹងសាច់ដុំផងដែរ។
លោកវេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ ឲ្យដឹងដូច្នេះ ៖ «គេចែកដូចខួរក្បាលអ៊ីចឹង ម្តុំៗ ហៅថា lobe គឺមានខាងមុខ ខាងក្រោយ ចំហៀង២ ហើយនិងផ្នែកកណ្តាលសំខាន់នៅក្នុងកន្លែងប្រូស្តាតនៅហ្នឹង គឺទាក់ទងនឹងរបស់សំខាន់ៗទៀតជុំវិញវា។ ទី១គឺខ្សែបញ្ចេញទឹកកាម បញ្ចេញ sperm គឺចេញពីពងមក រួចទៅខ្សែហៅថា vas deferens ពងមានពីរទាំងសងខាង មានខ្សែហ្នឹងមក។ គឺពេលដែលពងយើងបង្កើតsperm ហើយ រួចទៅនាំអាហ្នឹងមកតាមខ្សែៗហៅថា vas deferens នាំមកទាំងសងខាង រួចទៅមុននឹងចូលមកក្នុងប្រូស្តាត កាច់ចូលអម្បាញ់មិញ vas deferens រីកបន្តិច រីកអត់ទាន់ចូលទេ គេហៅ Ampulla កន្លែងហ្នឹងឯងគឺកន្លែងភ្ជាប់គ្នានឹងទុយោមួយទៀតហៅថា seminal vesicle គឺកន្លែងសម្រាប់បញ្ចេញsemen គឺទឹកកាម។ seminal vesicle គឺវាអង្កាញ់ៗច្រើន។ រួចទៅអាខ្សែដែលបញ្ចេញទឹកកាមហ្នឹងមកភ្ជាប់គ្នានៅមុនពេលចូលមកក្នុងប្រូស្តាត រួចពេលវាចូលជាមួយហើយ បានចូលមកក្នុងប្រូស្តាត ចូលចំពាក់កណ្តាល អាហ្នឹងទី១។ ទី២គឺប្រូស្តាត កន្លែងកណ្តាលហ្នឹងឯង មានទឹកកាមច្រើនមែនទែន ហើយហូរចូលមកវាមានផ្លូវចូលមកនៅក្នុងទុយោនោមផ្នែកទី១ហ្នឹងឯង ហើយមកជួបគ្នាកន្លែងហ្នឹងឯង។ អាហ្នឹងសំខាន់សម្រាប់អី? សំខាន់នៅពេលដែលមនុស្សប្រុសយើងប្រព្រឹត្តស្នេហាផ្លូវភេទ ហើយចេញទឹកមក ច្របាច់ទាំងអស់មក ហើយ ejaculation ទឹកកាមចេញមក។ នៅពេលទឹកកាមចេញមក គឺសាច់ដុំទាំងអស់ ខាងក្រៅសាច់ដុំនៅជុំវិញទាំងអស់កន្ត្រាក់មកតែម្តងហើយវាចេញមកតាមបង្ហួរនោម រួចទៅចេញមកខាងក្រៅ»។
តើប្រូស្តេតមានមុខងារធ្វើអ្វីខ្លះ?
លោកវេជ្ជបណ្ឌិត Robert Nadler ជំនាញផ្នែកម៉ូត្រសាស្ត្រនៅមន្ទីរពេទ្យ Northwestern Memorial អាមេរិក មានប្រសាសន៍ថា ប្រូស្តេតមានមុខងារតូចមួយក្នុងការគ្រប់គ្រងការបត់ជើងតូច ឬការបញ្ចេញទឹកនោម ថ្វីបើសន្ទះបិទបើក (Sphincter) រវាងប្លោកនោមនឹងបង្ហួរនោមមានសារសំខាន់ខ្លាំងក្នុងការគ្រប់គ្រងទឹកនោមជាងប្រូស្តេតនោះក្តី តែតួនាទីសំខាន់របស់ប្រូស្តេតគឺរក្សាទុកនិងផលិតទឹកកាម។ លោកថា ប្រូស្តេតក៏ជួយដល់ការបញ្ចេញទឹកកាម ជួយឲ្យទឹកកាមខាប់នៅពេលចេញមកក្រៅ។
លោកវេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ មានប្រសាសន៍ដូច្នេះ ៖ «ការងាររបស់ប្រូស្តាតហ្នឹងគឺសម្រាប់ស្អី សំខាន់បំផុតគឺអារឿងបញ្ចេញទឹកកាម។ ទឹកដែលច្រើនមែនទែន នៅក្នុងទឹកកាមយើងគឺទឹកដែលមកពីប្រស្តេត គឺមិនមែនមកពី seminal ទេ គឺមកពីប្រស្តេត។ ទឹកហ្នឹងច្រើនណាស់ ច្រើនជាងគេ។ប៉ុន្តែទឹកហ្នឹងគឺមានជាតិស្ករហើយនិងជាតិ mineral»។
លោកវេជ្ជបណ្ឌិត Robert Nadler មានប្រសាសន៍ថា ខណៈដែលអាយុកាន់តែច្រើន គឺបុរសកាន់តែពិបាកបត់ជើងតូចដែរ ហើយនៅសហរដ្ឋអាមេរិក មានបុរសប្រមាណម្នាក់ក្នុងចំណោមបុរស៦នាក់អាចនឹងឈានទៅកើតមហារីកប្រូស្តេត។
តើជំងឺទាក់ទងនឹងប្រូស្តេត មានមូលហេតុមកពីអ្វី?
លោកវេជ្ជបណ្ឌិត Robert GetZenberg នាយកការស្រាវជ្រាវនៅវិទ្យាស្ថានម៉ូត្រសាស្ត្រ Brady, សកលវិទ្យាល័យ Johns Hopkins មានប្រសាសន៍ថា គេមិនដឹងពីមូលហេតុពិតនៃប្រូស្តេតរីក ឬក៏មហារីកប្រូស្តេតនោះទេ ប៉ុន្តែដឹងថា ហាក់ដូចជាផលប៉ះពាល់ម៉្យាងនៃកំណើនអាយុរបស់បុរស។
មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺអាមេរិក CDC បានឲ្យដឹងថា ករណីប៉ះពាល់ដល់ប្រូស្តេត គឺរលាកប្រូស្តេត (Prostatitis) ប្រូស្តេតរីក (Enlarge prostate / Benign prostatic hyperplasia – BPH) ហើយនិងមហារីកប្រូស្តេត (Prostate cancer)៕