រោគសញ្ញា​នៃ​ជំងឺ​ភ្នែក​ស្ងួត វិធី​ការពារ និង​ព្យាបាល

ដោយ ម៉ៅ សុធានី
2024.05.10
រោគសញ្ញា​នៃ​ជំងឺ​ភ្នែក​ស្ងួត វិធី​ការពារ និង​ព្យាបាល
Photo: RFA

ជំងឺ​ភ្នែក​ស្ងួត (Dry Eye Disease-DED) អាច​កើត​ឡើងលើ​មនុស្ស​គ្រប់​វ័យ មិន​ថា​ចាស់​ឬ​ក្មេង ស្រី​ឬ​ប្រុស​។ ភាគច្រើន​កើត​លើ​មនុស្ស​អាយុ​លើស​ពី​៥០​ឆ្នាំ​ឡើង​ទៅ និង​ស្ត្រី​អស់​រដូវ (Menopause)​។​

ជំងឺ​ភ្នែក​ស្ងួត​បណ្តាល​មក​ពី​ស្រទាប់​ភ្នែក​ខាងក្រៅ​មិនមាន​សំណើម​គ្រប់គ្រាន់​ចេញពី​ក្រពេញ​ទឹកភ្នែក ដែល​នាំ​ឲ្យ​ភ្នែក​ស្ងួត ក្ដៅ និង​ស្រវាំង។

តើ​មូល​ហេតុអ្វី​បណ្តាល​ឲ្យ​កើត​ជំងឺ​ភ្នែក​ស្ងួត? ហើយ​គេ​អាច​មាន​វិធី​ណាខ្លះ ដើម្បី​បង្ការ​ជំងឺ​នេះ?

វេជ្ជបណ្ឌិត​ជំនាញ​ភ្នែក​ឲ្យ​ដឹង​ថា ជំងឺ​ភ្នែក​ស្ងួត​បណ្តាល​មក​ពី​កម្រិត​បរិមាណ​ទឹកភ្នែក ដែល​ចិញ្ចឹម​ភ្នែក​មិន​គ្រប់គ្រាន់ ខ្វះ​លំហូរ​ទឹកភ្នែក រលាក​ផ្ទៃ​គ្រាប់ភ្នែក រលាក​ត្របក​ភ្នែក​រ៉ាំរ៉ៃ និង​ការ​ខូចខាត​ប្រព័ន្ធ​ប្រសាទ​បង្កើត​ទឹកភ្នែក​។ ជំងឺ​ភ្នែក​ស្ងួត​អាច​កើតឡើង​យ៉ាង​ងាយ ដោយសារ​ការ​សម្លឹង​មើល​កញ្ចក់​អេក្រង់​ទូរស័ព្ទ ឬ​កុំព្យូទ័រ​យូរ​ពេក ត្រូវ​ខ្យល់​ឬ​កម្តៅ​ខ្លាំង ការ​ជក់​បារី ការ​ញ៉ាំ​ទឹក ឬ​គេង​មិន​បាន​គ្រប់គ្រាន់ និង​ការប្រើប្រាស់​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ខ្ពស់ និង​ថ្នាំ​ព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត​ជាដើម។

គ្រូពេទ្យ​ជំនាញ​ឯកទេស​ទូទៅ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ម្ចាស់​គ្លីនិក​មេត្តា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា នៅ​ប្រទេស​កម្ពុជា មាន​អ្នក​កើត​ជំងឺ​ភ្នែក​ស្ងួត​ច្រើន ដោយសារ​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ជនបទ មិន​ទម្លាប់​ពាក់​វ៉ែនតា សំរាប់​ការពារ​កំដៅ​ថ្ងៃ និង​ដី​ហុយ​ចូល​ភ្នែក​។ បន្ថែម​ពី​នេះ លោក​វេជ្ជបណ្ឌិត លើកឡើង​ពី​កត្តា​មួយ​ចំនួន​ទៀត បណ្តាល​ឲ្យ​ភ្នែក​ស្ងួត។

វេជ្ជបណ្ឌិត ហ៊ាង រតនា៖ «ជាទូទៅ​ជំងឺ​ភ្នែក​ស្ងួត គឺ​ដោយសារ​បញ្ហា​ខ្វះ​វីតាមីន​អា (Vitamin A)​។ កត្តា​ផ្សេងទៀត គឺ​ពាក់​កញ្ចក់​កែវភ្នែក (Contact lenses) ជាពិសេស​ស្រីៗ ការ​ជក់បារី ជំងឺ​ទឹកនោមផ្អែម កត្តា​បរិយាកាស​ដី​ហុយ អាកាសធាតុ​អត់​ល្អ យើង​នៅ​តាម​ខេត្ត​តាម​ជនបទ គឺ​ដី​ហុយ​ណាស់ ប៉ះពាល់​ភ្នែក​គាត់​ណាស់​។ បន្ថែម​ពី​នេះ ស្ត្រី​អស់​រដូវ​នាំ​ឲ្យ​ភ្នែក​ស្ងួត ស្បែក​ស្ងួត មាត់​ស្ងួត​។ បើ​មាន​បញ្ហា​ភ្នែក​ខ្ញុំ​ណែនាំ​ឲ្យ​ជួប​គ្រូពេទ្យ ដើម្បី​រក​មូលហេតុ​ឲ្យ​ច្បាស់លាស់ សំរាប់​ការ​ព្យាបាល...»

គេហទំព័រ​បណ្ឌិតសភា​រោគ​ភ្នែក​នៅ​សហរដ្ឋអាមេរិក (American Academy of Ophthalmology) ឲ្យ​ដឹង​ថា ទឹកភ្នែក​មាន​តួនាទី​សំខាន់​បំផុត គឺ​ជួយ​ឲ្យ​ភ្នែក​មើលឃើញ​ច្បាស់​។ ទឹកភ្នែក​មាន​សារធាតុ​បន្សំ ដែល​មាន​ជាតិ​ទឹក​និង​ខ្លាញ់​។ ក្រៅពី ផ្តល់​ភាព​សើម និង​ប្រេងរំអិល​ឱ្យ​ភ្នែក ទឹកភ្នែក​ការពារ​គ្រាប់ភ្នែក ពី​មេរោគ​ឬ​បាក់តេរី និង​កម្ទេច​លំអង​ផ្សេងៗ​។ ទឹកភ្នែក​គឺជា​ស្រទាប់​ទីមួយ​នៃ​ភ្នែក ដែល​ពន្លឺ​ខាងក្រៅ​ចាំង​ចូល​មក​ប៉ះ​មុនគេ មុននឹង​ពន្លឺ​នោះ​អាច​ជ្រៀតចូល​ទៅដល់​ប្រ​ស្រី​ភ្នែក​។ ភ្នែក​អាច​មើល​ឃើញ​ច្បាស់​ឬ​មិន​ច្បាស់ គឺ​អាស្រ័យ​ខ្លាំង​ទៅលើ​គុណភាព​នៃ​ទឹកភ្នែក​។ នៅ​ពេល​ណា​ទឹកភ្នែក​គ្មាន​គុណភាព​ល្អ មិន​អាច​បំពេញ​តួនាទី​បាន​ត្រឹមត្រូវ នោះ​នឹង​នាំ​ឲ្យ​ភ្នែក​ឈឺ និង​មាន​ជំងឺ​ភ្នែក​ស្ងួត​។ បន្ថែម​ពី​នេះ នៅ​ពេល​ឈាន​ចូល​ដល់​វ័យ​ចំណាស់ ក្រពេញ​ទឹកភ្នែក​មិនអាច​ផលិត​ទឹកភ្នែក​បាន​គ្រប់គ្រាន់ ដូច​កាល​នៅ​វ័យក្មេង​ទេ។ មនុស្ស​ចាស់​លើស​ពី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ ច្រើន​កើត​ជំងឺ​ភ្នែក​ស្ងួត ដោយសារ​សមត្ថភាព​របស់​ក្រពេញ​ទឹកភ្នែក​ចុះ​ខ្សោយ​កាន់តែ​ខ្លាំង នៅ​ពេល​មាន​បម្រែបម្រួល​អ័រមូន ជាពិសេស ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​អស់​រដូវ។

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា មាន​ប្រសាសន៍​បន្ត​ថា ចំពោះ​រោគសញ្ញា​ជំងឺ​ស្ងួត​ភ្នែក​វិញ រួមមាន​ក្រហាយ​ភ្នែក រមាស់​ក្នុង​ភ្នែក រកាំ​ដូច​មាន​សំរាម​ក្នុង​ភ្នែក ភ្នែក​ក្រហម ស្រវាំងភ្នែក ចាញ់​ពន្លឺ​ថ្ងៃ និង​ហៀរ​ទឹកភ្នែក​ឥត​ឈប់​ឈរ។ លោក​វេជ្ជបណ្ឌិត​លើកឡើង​ថា ប្រសិនបើ​មាន​ជំងឺ​ភ្នែក​ណាមួយ​ដូចជា ភ្នែក​ស្ងួត ក្រហម និង​ស្រវាំងភ្នែក ត្រូវ​ស្វែងរក​សេវា​ព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ​ភ្នែក ជាជាង​ជឿ​លើ​គ្រូខ្មែរ​ប្រើ​ថ្នាំខ្មែរ​បុរាណ និង​ស្តោះផ្លុំ​នោះ​ឡើយ។

វេជ្ជបណ្ឌិត ហ៊ាង រតនា៖ «បញ្ហា​ភ្នែក​មាន​ច្រើនយ៉ាង បើ​នៅ​ពេទ្យ​អង្គឌួង មនុស្ស​ណែនៗ​ក្នុង​មួយថ្ងៃ​។ បើ​និយាយ​ពី​ភ្នែក​ស្ងួត វា​ធ្វើ​ឲ្យ​ឧស្សាហ៍​ក្រហាយ​ភ្នែក ចុក​គ្រាប់ភ្នែក ឬ​រមាស់​ជុំវិញ​ភ្នែក និង​ឡើង​ក្រហម ជាពិសេស​យើង​ឆាប់​រោយ​ភ្នែក ហើយ​ចង់តែ​ព្រិច​ភ្នែក ដោយសារ​វា​ក្រហាយ​។ ញី​ភ្នែក​ប៉ះពាល់​មែនទែន ភ្នែក​កាន់​តែ​ញី កាន់តែ​រមាស់ ហើយ​បើ​ញី​ភ្នែក​យូរៗ​ទៅ ប៉ះពាល់​ភ្នែក ទាំង​ស្បែក​នៅ​ជុំវិញ និង​គ្រាប់ភ្នែក​...»

គេហទំព័រ​បណ្ឌិតសភា​រោគ​ភ្នែក​នៅ​សហរដ្ឋអាមេរិក​ឲ្យ​ដឹង​បន្ត​ថា ការ​បណ្តែតបណ្តោយ​ទុក​ឲ្យ​ជំងឺ​ភ្នែក​ស្ងួត (Dry Eye Disease-DED) វិវត្ត​ធ្ងន់ធ្ងរ អាច​ឈាន​ដល់​ការ​រលាក​ស្រទាប់​ភ្នែក​ខាងក្រៅ ដំបៅ​ក្នុង​ភ្នែក ឈឺ​ចុកចាប់​ក្នុង​ភ្នែក ដែល​អាច​ប្រឈម​នឹង​បញ្ហា​ងងឹតភ្នែក ប្រសិនបើ​មិន​ទទួល​បាន​សេវា​ព្យាបាល​ត្រឹមត្រូវ​ទេ​នោះ​។ ចំណែក​ជំងឺភ្នែកឡើងបាយ (Cataract) វិញ បណ្តាល​ឲ្យ​ប្រស្រី​ភ្នែក​ឡើង​ល្អក់ ដូចជា​ដុំ​ពពក​ក្នុង​កែវភ្នែក ដែល​ជា​ធម្មតា​កែវភ្នែក​មាន​សភាព​ភ្លឺ​ថ្លា មើល​ឃើញ​ច្បាស់ នៅ​ពេល​អាន ឬ​បើកឡាន​នា​ពេល​យប់​។ ទោះជា​យ៉ាងនេះ​ក្តី បច្ចុប្បន្ន ការ​វះកាត់​ភ្នែក​ឡើងបាយ គឺ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​សុវត្ថិភាព។

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បន្ត​ថា ដើម្បី​ការពារ​កុំ​ឲ្យ​កើត​ជំងឺ​ភ្នែក​ស្ងួត គប្បី​ទទួល​ទាន​ដំណេក​ឲ្យ​បាន​គ្រប់គ្រាន់ លាងដៃ​ឱ្យ​បាន​ស្អាត ចៀសវាង​ភ្នែក​ត្រូវ​ខ្យល់ និង​កម្ដៅថ្ងៃ​ខ្លាំង​។ រៀងរាល់​ពេល​ធ្វើ​ដំណើរ គប្បី​ពាក់មួក​ការពារ​ដែល​មាន​របាំង​ការពារ​ភ្នែក ឬ​វ៉ែនតា ដើម្បី​ការពារ​កុំ​ឲ្យ​ខ្យល់​ប៉ះ​ភ្នែក​ខ្លាំង និង​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន។

វេជ្ជបណ្ឌិត ហ៊ាង រតនា៖ «ការពារ​ភ្នែក ទី​១ ត្រូវ​ញ៉ាំ​អាហារ​មាន​ជីវជាតិ​វីតាមីន​គ្រប់គ្រាន់ ជាពិសេស​វីតាមីន​អា។ ខ្ញុំ​ណែនាំ​ទាំង​ក្មេង​ឬ​មនុស្ស​ចាស់ គួរ​បន្តក់​វីតាមីន​អា​សំរាប់​ភ្នែក រៀងរាល់ ៣ ឬ ៤​ខែ​ម្តង ញ៉ាំ​ទឹក​ឲ្យ​បាន​ញឹកញាប់​។ ចំណែក​ពលរដ្ឋ​នៅ​តំបន់​ជនបទ ដី​ហ៊ុយ​ត្រូវ​ពាក់​វ៉ែនតា ខ្មែរ​យើង​កម្រ​ពាក់​វ៉ែនតា ការពារ​ពន្លឺព្រះអាទិត្យ និង​ការពារ​ដី​ហ៊ុយ​។ ហើយ​ស្រុក​យើង​ក្តៅ​ខ្លាំង ពន្លឺព្រះអាទិត្យ​ខ្លាំង​ផង និង​ដី​ហ៊ុយ​ផង អត់​មាន​អ្នកណា​ពាក់​វ៉ែនតា ទេ អាយុ ៣០ ឬ​៤០​ឆ្នាំ កើត​កន្ទុយថ្លែន និង​រលាក​ភ្នែក​គ្រប់ៗ​គ្នា​អស់ នៅ​តាម​ជនបទ​..

ម្ហូបអាហារ​ដែល​សំបូរ​វីតាមីន​អា (Vitamin A) ច្រើន ដើម្បី​ជួយ​ឲ្យ​ភ្នែក​មាន​សុខភាព​ល្អ រួមមាន បន្លែ​បៃតង ដូចជា​ស្លឹក​ម្រុំ ស្លឹក​បាស ត្រួយ​ល្ពៅ ស្លឹក​ស្ពីណាច ការ៉ុត ម្ទេស​ប្លោក​ក្រហម ប៉េងប៉ោះ ដំឡូងជ្វា ផ្លែ​ល្ពៅ ផ្លែស្វាយ​ទុំ ទឹកដោះគោ ខ្លាញ់ត្រី ថ្លើម​គោ និង​ពងមាន់ ជាដើម​។ បន្ថែម​ពី​នេះ គួរ​ប្រើ​ថ្នាំ​ទឹកភ្នែក​សិប្បនិម្មិត​ដែល​មាន​លក់​នៅ​តាម​ឱសថស្ថាន និង​កាត់បន្ថយ​ការប្រើប្រាស់​ទូរស័ព្ទ​ដៃ​ទំនើប (Smart Phone) ឡេថប់ (Laptop) និង​កុំព្យូទ័រ (Computer) រយៈពេល​យូរ និង​ឧស្សាហ៍​ងាក​មុខ​ចេញពី​អេក្រង់ ដើម្បី​ឲ្យ​ភ្នែក​បាន​សម្រាក យ៉ាងតិច​១​ម៉ោង​ម្តង។

របាយការណ៍​ស្ដីពី​ការវិវត្តន៍​រោគ​ភ្នែក​នៅ​កម្ពុជា ចេញផ្សាយ​ដោយ​មូលនិធិ​ចក្ខុ​ខ្មែរ (The Khmer Sight Foundation-KSF) កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២៣ បង្ហាញថា ពលរដ្ឋ​ខ្មែរ​ជាង ១៨​ម៉ឺន​នាក់​ពិការ​ភ្នែក និង​១​ម៉ឺន​នាក់​ផ្សេងទៀត ជួប​បញ្ហា​ពិការ​ភ្នែក ដែល​គួរ​អាច​ជៀសវាង​បាន ជា​រៀងរាល់​ឆ្នាំ​។ របាយការណ៍​ដដែល​បន្ត​ថា ចំនួន​៧៥% នៃ​អ្នក​ពិការ​ភ្នែក ដោយសារ​ភ្នែក​ឡើងបាយ និង​២៥% ផ្សេង​ទៀត ដោយសារ​ការ​ដក់​ទឹក​ក្នុង​ភ្នែក និង​មាន​ស្នាម​ក្នុង​ប្រស្រី​ភ្នែក។ មូលនិធិ​ចក្ខុ​ខ្មែរ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា កំពុង​ព្យាយាម​ស្វះ​ស្វែងរក​គ្រូពេទ្យ​ស្ម័គ្រចិត្ត សំរាប់​ព្យាបាល​អ្នក​ជំងឺ​ភ្នែក​ឡើង​បាយ (cataract) ជាង​៣០​ម៉ឺន​នាក់​ផ្សេងទៀត កំពុង​រង់ចាំ​ជំនួយ​គាំទ្រ​ពី​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។