ផលវិបាក​នានា​ដល់​សុខភាព ដោយសារ​ចំណី​អាហារ​មាន​ជាតិគីមី

ដោយ ម៉ៅ សុធានី
2020-05-07
Share
បន្លែផ្សារ​ដើម​គ ៦២២ បន្លែ ផ្លែឈើ ដែល​អាជីវករ​ដឹក​តាម​រថយន្ត មក​បោះ​ដុំ​នៅ​តាម​បណ្ដោយ​ផ្លូវ ម្ដុំ​ផ្សារ​ដើម​គ និង​ផ្សារ​នាគ​មាស នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដើម្បី​ចែកចាយ​ឲ្យ​អ្នក​លក់​បន្ត។
រូបថត៖ ពី​ហ្វេសប៊ុក​របស់ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ

មន្ត្រី​នាយកដ្ឋាន​កាំកុងត្រូល និង​ប្រជាពលរដ្ឋ ទទួលស្គាល់​ថា បន្លែ​ផ្លែឈើ និង​សាច់ ដែល​ដាក់​លក់​នៅ​តាម​ទីផ្សារ ភាគច្រើន ប្រើ​សារធាតុ​គីមី ដើម្បី​ធ្វើ​ឱ្យ​ស្រស់​ល្អ និង​ទុក​បាន​យូរ​។ បន្ថែម​ពី​នេះ មាន​អាជីវករ​ខ្លះ ដាក់​លក់ទំនិញ​ខូចគុណភាព និង​ហួស​កាលកំណត់ រួមមាន ទឹកក្រូច មី​កញ្ចប់ និង​នំនែក ជាដើម។

តើ​ធ្វើ​ដូចម្ដេច​ខ្លះ ដើម្បី​កាត់បន្ថយ ការ​ទទួល​ទាន​អាហារ​មាន​ជាតិគីមី​ច្រើន?

អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​ឱ្យ​ដឹង​ថា ការ​យល់ដឹង​ពី​គុណភាព​ចំណីអាហារ ជួយ​ច្រើន​ដល់​សុខភាព មិន​ថា តែ​បន្លែស្រស់ សាច់ ម្ហូប​កំប៉ុង ឬ​ម្ហូបក្រៀម​។ ចំណីអាហារ ផ្ដល់​ជីវជាតិ​សម្រាប់​ទ្រទ្រង់​រាយ​កាយ ក៏ប៉ុន្តែ​ប្រសិនបើ​ចំណីអាហារ​ទាំងនោះ​រួមមាន​បន្លែ ផ្លែឈើ ឬ​សាច់ មាន​ដាក់​ជាតិគីមី​ច្រើន គឺ​វា​នាំ​ឱ្យ​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព ដែល​ជា​ហេតុ​នាំ​ឱ្យ​កើត​ជំងឺ​តម្កាត់​នានា​។ ជាតិគីមី​ទាំងនោះ រួមមាន ថ្នាំ​សម្លាប់​សត្វល្អិត ជីរ​កសិកម្ម ជាតិគីមី​សម្រាប់​ដាក់​ម្ហូប​ទុក​បាន​យូរ ការ​ដាក់បញ្ចូល​ពណ៌​ឬ​ជាតិ​ស្ករ​សិប្ប​និមិត្ត ជាដើម​។ អាហារ​ក្រៀម​ទុក​បាន​យូរ ដូចជា​មី​កញ្ចប់ ឬ​អាហារ​កំប៉ុង​ខ្លះ មិនបាន​ទាំង​ដាក់ឈ្មោះ​ជាតិគីមី​ដែល​ដាក់បញ្ចូល​ក្នុង​ធាតុ​ផ្សំ​ទាំង​នោះ​ឡើយ។

ប្រធាន​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក លោក វេជ្ជបណ្ឌិត តាន់ សុង ដែល​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សមាគម​លោក តែងតែ​ចុះទៅ​ប្រទេស​កម្ពុជា​រៀងរាល់​ឆ្នាំ ដើម្បី​ណែនាំ​ពី​វិធី​ថែទាំ​សុខភាព និង​ផ្ដល់​សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ បាន​ផ្ដល់​ដំបូន្មាន​ថា ប្រជាពលរដ្ឋ​ខ្មែរ​គួរតែ​បង្កើន​ការ​ដាំ​ដំណាំ​គួបផ្សំ​បន្តិចបន្តួច នៅ​ជុំវិញ​គេហដ្ឋាន ចាំ​ថ្ងៃ​។ លោក​វេជ្ជបណ្ឌិត​ថា ការ​ចិញ្ចឹម​សត្វ​ដូចជា មាន់ ទា និង​ជ្រូក ក៏​អាច​កាត់បន្ថយ​បញ្ហា​ផល​ប៉ះពាល់​ដល់​សុខភាព​បាន​ច្រើន និង​កាត់បន្ថយ​ការ​ចំណាយ​ទៅលើ​ម្ហូបអាហារ​ទាំងនោះ​ផង​ដែរ​៖ «សព្វថ្ងៃ​ការ​ចិញ្ចឹម​សត្វ​ប្រើ​ជាតិគីមី​ច្រើន​ឬ​ថ្នាំ​ផ្សះ ដើម្បី​កុំ​ឱ្យ​សត្វ​ទាំងនោះ​ឈឺ​ស្លាប់ និង​ឱ្យ​សាច់​ធំធាត់ លក់​បាន​ឆាប់​។ ដូចនេះ​ប៉ះពាល់​ដល់​សុខភាព ហើយ​បើ​មានលទ្ធភាព​គឺ​ដាំ​ខ្លួនឯង ចិញ្ចឹម​ខ្លួនឯង ម្ហូបអាហារ​គ្មាន​ជាតិ គីមី គឺ​វា​ថ្លៃ​។ ដូចនេះ ដើម្បី​ការពារ​គឺ​ជម្រើស​របស់​យើង បើ​សិន​យើង​ទិញ​វា​ថោក​មែន ប៉ុន្តែ​មកដល់​ផ្ទះ លាង​ទឹក​ឱ្យ​ស្អាត លាង​ឱ្យ​ច្រើនដង កុំ​បរិភោគ​ឆៅ បើ​អាច​ជៀសវាង​បាន កុំ​ទិញ​វា​ទៅ»

ទោះបីជា​សមត្ថកិច្ច​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៅ​តាម​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា ចុះ​ត្រួតពិនិត្យ​ជាប្រចាំ នៅ​តាម​ផ្សារ និង​ចុះ​អប់រំ ដល់​អ្នកប្រើប្រាស់​ឱ្យ​យល់ដឹង​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើ​សារធាតុ​គីមី​ក៏ដោយ ក៏​មាន​អាជីវករ​ខ្លះ បន្ត​លក់ដូរ អាហារ​ខូចគុណភាព និង​ដាក់​ជាតិគីមី ហាម​ឃាត់​ជា​ដដែល។

លោក វេជ្ជបណ្ឌិត តាន់ សុង មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី ពី​រដ្ឋ​កាលីហ្វរនីញ៉ា (California) ថា អាហារ​ដែល​សម្បូរណ៍​ដោយសារ​ធាតុគីមី គឺ​វា​អាច​ធ្វើ​ឱ្យ​អ្នក​បរិភោគ​កើត​ជំងឺ​រាប់មិនអស់ តាំងពី​មហារីក ជំងឺ​ខូច​ថ្លើម ដំបៅ​ក្រពះ ធ្លាយ​ពោះវៀន និង​រាគ​រូស​ទៀត​ផង ហើយ​ពេលខ្លះ​អាច​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​ក៏​មាន​៖ «វា​មាន​បច្ច័យ​អាក្រក់​ទៅ​ថ្ងៃក្រោយ ជួនកាល​ធ្វើ​ឱ្យ​ពុល ទៅ​អនាគត​បណ្ដាល​ឱ្យ​មាន​ជំងឺ​មហារីក និង​ជំងឺ​ផ្សេងៗ​ទៀត ជាពិសេស ជំងឺ​បេះដូង សើស្បែក ឬ​សរសៃប្រសាទ។ ដូច្នេះ​គួរ​ជៀសវាង​ការ​ប្រើ​ជាតិគីមី​ល្អ​ជាង នៅ​ស្រុក​គេ​ជឿនលឿន គេ​ចង់​បរិភោគ​របស់​ណា​ដែល​ធម្មជាតិ (Organic) ហើយ​ឥឡូវនេះ នៅ​ស្រុក​ខ្មែរ​ក៏​មាន​ច្រើន​ដែរ ប៉ុន្តែ​គ្រាន់តែ​ថ្លៃ​ជាង»

ប្រការ​ដែល​បន្លែ​ផ្លែឈើ​សរីរាង្គ​មានតម្លៃ​ខ្ពស់​នេះ​ហើយ គឺជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ មិន​អាច​មាន​លទ្ធភាព​ទិញ​សម្រាប់​យក​មក​បរិភោគ​បាន​ឡើយ បើ​ទោះ​បី​ជា​ដឹង​ថា ចំណីអាហារ​ទាំងនោះ មាន​ជាតិគីមី នាំ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​ក៏ដោយ​។ ការ​ប្រើ​សារធាតុ​គីមី​ខុស​វិធី​ដោយ​យក​មក​លាយ​ផ្សំ​ក្នុង​ចំណីអាហារ​នោះ រួមមាន អ្នកលក់​ខ្លះ​ប្រើ​ទឹកបន្សារ ដាក់​ប្រហិត​ឱ្យ​ស្វិត​ឆ្ងាញ់ ខ្លះ​ប្រើ​ម្សៅ​ស​ដាក់​ប្រហុក ដាក់​សណ្ដែកបណ្ដុះ ឬ​ស្លឹកគ្រៃ ឱ្យ​វាស​ស្អាត ហើយ​ខ្លះ​ទៀត ប្រើ​លក្ខ​លាប​មាន់​អាំង ធ្វើ​ឱ្យ​មាន​ពណ៌​សម្បុរ​ស្រស់ គួរ​ឱ្យ​ចង់​ទិញ​បរិភោគ ជាដើម។

ទាក់ទង​បញ្ហា​នេះ អ្នក​ជំនាញ​កសិកម្ម លោក​បណ្ឌិត យ៉ង សាំងកុមារ ធ្លាប់​បាន​ប្រាប់​អាស៊ីសេរី​ថា ទាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​បង្កើន​យកចិត្តទុកដាក់ ចុះ​ត្រួតពិនិត្យ​ឱ្យ​បាន​ញឹកញាប់ នូវ​ផលិតផល​នាំចូល​ពី​ប្រទេសជិតខាង ដូចជា​បន្លែ​ផ្លែឈើ សាច់ ជី​កសិកម្ម ថ្នាំ​គីមី​គ្រប់មុខ ជាដើម​។ បន្ថែម​ពី​នេះ លោក​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ ដូចជា​បង់​ផាក​ពិន័យ​ធ្ងន់ធ្ងរ និង​ដាក់​ទោស​ទណ្ឌ ដើម្បី​ជា​ការ​ព្រមាន ឱ្យ​បញ្ឈប់​ការផលិត​ទំនិញ​ប្រើ​ជាតិគីមី និង​ការ​ដាក់​លក់ ចំណីអាហារ​ខូចគុណភាព ឬ​ហួស​កាល​កំណត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល