ការសិក្សាស្រាវជ្រាវចុងក្រោយនេះ បង្ហាញថា ប្រទេសទាំងឡាយណា ដែលមានធាតុអាកាសក្តៅនិងសើម អត្រាឆ្លងនៃជំងឺកូវីដ១៩ (Covid-19) មានកម្រិតទាប។ ក៏ប៉ុន្តែចំពោះប្រទេសនៅតំបន់ដែលមានអាកាសធាតុត្រជាក់ និងស្ងួតវិញ គឺមានកម្រិតខ្ពស់នៃការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។
ទោះបីជាការស្រាវជ្រាវនៅសហរដ្ឋអាមេរិកថ្មីៗនេះ រកឃើញថា អាកាសធាតុក្តៅអាចកាត់បន្ថយអត្រាឆ្លងនៃជំងឺកូវីដ១៩ក៏ដោយ ក៏មានន័យថាមេរោគនេះវានៅតែឆ្លងដដែល។ អង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលប្រឆាំងនឹងជំងឺឆ្លងនៅសហរដ្ឋអាមេរិក (CDC) លើកឡើងស្របគ្នាថា នេះគឺជាការប្រញាប់ប្រញាល់ពេកណាស់ ក្នុងការសន្និដ្ឋានថា ជំងឺកូវីដ១៩ រាតត្បាតខ្លាំងនៅតំបន់ត្រជាក់និងស្ងួត។
អ្នកវិទ្យាសាស្ត្រ២រូប មកពីវិជ្ជាស្ថានបច្ចេកវិទ្យាម៉ាស្សាឈូសេត (The Massachusetts Institute of Technology-MIT) គឺលោក កាស៊ីម ប៊ូខារី (Qasim Bukhari) និងអ្នកវិទ្យាសាស្ត្រផ្នែកបរិស្ថានលោក យូសិហ្វ ហ្យាមៀល (Yusuf Jameel) បានចេញផ្សាយលទ្ធផលស្រាវជ្រាវថ្មីៗនេះ បង្ហាញថា អត្រាឆ្លងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេស តំបន់ត្រូពិក ដែលមានអាកាសធាតុក្ដៅ និងសើម ដូចជានៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ ប្រទេសកម្ពុជា និងប្រទេសជាច្រើនទៀត នៅតំបន់អាស៊ីអាគ្នេយ៍ គឺមានអត្រាឆ្លងកម្រិតទាប។
ការស្រាវជ្រាវនេះ ក៏បង្ហាញផងដែរ តំបន់ដែលមានសីតុណ្ហភាពក្តៅ លើសពី១៨ អង្សាសេ ឡើងទៅ គឺអត្រាអ្នកឆ្លងមានចំនួនប្រមាណជាង ៦% នៃចំនួនអ្នកឆ្លងសរុបជាសាកល។ ចំណែក អត្រាឆ្លងជំងឺកូវីដ១៩ (Covid-19) ប្រមាណ៩០% គឺភាគច្រើនស្ថិតនៅតំបន់ដែលមានសីតុណ្ហភាពត្រជាក់ ចន្លោះពី៣អង្សាសេ ដល់១០ អង្សាសេ។
លោក កាស៊ីម ប៊ូខារី (Qasim Bukhari) ប្រាប់កាសែត ញូវយ៉ក ថាមស៍ (New York Times) ថ្មីៗនេះថា នៅពេលដែល អាកាសធាតុត្រជាក់ អត្រាអ្នកឆ្លងនៃជំងឺកូវីដ១៩ គឺមានការកើនឡើងខ្លាំង សូម្បីតែនៅសហភាពអឺរ៉ុប ដែលមានសេវាសុខាភិបាលជឿនលឿនក៏ដោយ ក៏មិនអាចទប់ស្កាត់បានឡើយ។ របាយការណ៍ស្រាវជ្រាវនេះ ក៏បានបង្ហាញពី អត្រាឆ្លងនៅសហរដ្ឋអាមេរិក ដូចជានៅក្រុងញូវយ៉ក (New York) ដែលមានអាកាសធាតុត្រជាក់ ចន្លោះពី៣អង្សាសេ ដល់១០អង្សាសេ នៅក្នុងអំឡុងខែកុម្ភៈ និងមីនា គឺមានអត្រាអ្នកឆ្លង ជំងឺកូវីដ១៩ កម្រិតខ្ពស់។ ហើយប្រសិនបើពិនិត្យមើលពីលំនាំនៃការឆ្លងនេះ នៅតំបន់រដ្ឋភាគខាងត្បូងដែលមានធាតុអាកាសក្ដៅវិញ គឺអត្រាឆ្លងជំងឺកូវីដ១៩ មានកម្រិតទាប។
របាយការណ៍ក៏បានបង្ហាញថា អត្រាឆ្លងខ្ពស់នៅតំបន់ដែលមានអាកាសធាតុត្រជាក់នេះ គឺមានលំនាំ (Pattern) ដូចជានៅប្រទេសអ៊ីតាលី (Italy) អេស្ប៉ាញ (Spain) បារាំង (France) និងនៅតំបន់ដែលផ្ទុះរីករាលដាលដំបូងនៅខេត្តហ៊ូបេ (Hubei) និងនៅខេត្តហ៊ូណន (Hunan) ប្រទេសចិន ក្នុងអំឡុងពេលដែលឆ្លងរាលដាលខ្លាំងនោះ។
គ្រូពេទ្យប្រចាំ គ្លីនិកនៅទីក្រុង លីន (Lynn) រដ្ឋម៉ាស្សាឈូសេត (Massachusetts) លោកគ្រូពេទ្យ ឆាន់ ទូច ពន្យល់ប្រាប់អាស៊ីសេរី ពីមូលហេតុដែលនាំឱ្យមេរោគវីរូសឆ្លងខ្ពស់នៅពេលសីតុណ្ហភាពត្រជាក់ ដោយលោកបញ្ជាក់ថា ទាំងអង្គការសុខភាពពិភពលោក ទាំងមជ្ឈមណ្ឌលប្រឆាំងនឹងជំងឺឆ្លងនៅសហរដ្ឋអាមេរិក (CDC) មិនទាន់យល់ស្របចំពោះការរកឃើញនេះនៅឡើយ៖ «គេសួរថា ហេតុអ្វី ? ទី១ ព្រោះសីតុណ្ហភាពត្រជាក់សំណើមវាខ្សោយ។ កាលណាសំណើមខ្សោយ គឺតំណក់ទឹកមាត់ហ្នឹងគឹវាអណ្ដែតលើលំហអាកាស ហើយមេរោគហ្នឹងវាស្ថិតនៅយូរ ដូច្នេះដកដង្ហើមអាចមេរោគហ្នឹងចូលបាន។ ប៉ុន្តែនៅខែក្តៅ សំណើមវាច្រើន តំណក់ទឹកមាត់មានមេរោគហ្នឹងវាធ្ងន់ មិនអាចហើរលើអាកាសបានយូរ មូលហេតុហ្នឹងហើយ ទើបអាចកាត់បន្ថយបាន។ ប៉ុន្តែទាំង WHO និង CDC ហ្នឹង ចេញមកបញ្ជាក់ ថា ខែក្តៅ គឺជាការបញ្ចប់កូវីដ១៩ គឺអត់មានទេ»។
បន្ថែមពីការរកឃើញរបស់អ្នកវិទ្យាសាស្ត្រ២រូប នៅសហរដ្ឋអាមេរិកនេះ នៅប្រទេសចិនឯណោះវិញ អ្នកស្រាវជ្រាវចិន ២រូបពីសកលវិទ្យាល័យ ប៊ីហាង (Beihang University) និង ថិនហួរ (Tsinghua University) ក៏បានរកឃើញដូចគ្នាដែរថា ក្នុងអំឡុងពេលធាតុអាកាសត្រជាក់ ជំងឺកូវីដ១៩ មានការរាតត្បាតខ្លាំង នៅតំបន់ខាងជើងប្រទេស ជាងនៅតំបន់ខេត្តភាគខាងត្បូង។ ចំណែកអ្នកស្រាវជ្រាវនៅប្រទេសអេស្ប៉ាញ និងហ្វាំងឡង់ វិញ ក៏បានរកឃើញដួចគ្នានេះដែរ អំពីការរីករាលដាលជំងឺនេះ នៅតំបន់ដែលមានអាកាសធាតុត្រជាក់ ពីសូន្យអង្សាសេ ដល់ ១០ អង្សាសេ។
ទោះជាក្នុងហេតុផលណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវទាំងនោះ បញ្ជាក់ថា មានកត្តាជាច្រើនទៀត ដែលអាចកាត់បន្ថយការរាលដាលជំងឺកូវីដ១៩ នោះ រួមមាន រឹតបន្តឹងការធ្វើដំណើរ ការដាក់ឱ្យនៅគម្លាតឆ្ងាយពីគ្នា យ៉ាងតិច២ម៉ែត្រ បង្កើនការធ្វើតេស្តរកមេរោគ និងមានធនធានមនុស្ស ព្រមទាំងបរិក្ខារពេទ្យគ្រប់គ្រាន់ ជាដើម។
គិតត្រឹមថ្ងៃទី១៥ ខែមេសានេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនដល់ទៅជាង ២លាន (២,០៤៩,៩០៩)នាក់ ក្នុងនោះមានចំនួនអ្នកស្លាប់ជាង ១៣ម៉ឺននាក់ (១៣២,៨៤០) នៅទូទាំងពិភពលោក។ នៅសហរដ្ឋអាមេរិកនេះវិញ ចំនួនអ្នកស្លាប់គឺមានជិត ២ម៉ឺន ៨ពាន់នាក់ (២៧,៥៤៩) ក្នុងចំណោមអ្នកឆ្លងសរុប ជាង៦សែននាក់ (៦២២,៤១២)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។