បញ្ហាលំបាកមានកូន ឬអត់កូន
2012.11.29
បញ្ហាអត់កូន គឺចង់និយាយសំដៅទៅរកបញ្ហា ដែលគូស្វាមីភរិយាប្រាថ្នា និងព្យាយាមចង់មានកូន ហើយមិនបានដូចបំណង ព្រោះតែភរិយាមិនអាចមានផ្ទៃពោះបាន។
អ្នកជំនាញផ្នែកសម្ភព ដែលមានឯកទេសខាងការបង្កកំណើតកូន បានបែងចែកបញ្ហាអត់កូននេះជា ២ បញ្ហា គឺបញ្ហាទី ១ អ្នកឯកទេសហៅថា អារ (Sterility) និងបញ្ហាទី ២ អ្នកឯកទេសហៅថា បញ្ហាលំបាកមានកូន (Infertility)។
វេជ្ជបណ្ឌិតឯកទេសព្យាបាលបញ្ហាលំបាកមានកូន នៃបន្ទប់ពិគ្រោះជំងឺ សុខ ទៀង ដែលនៅក្បែរសាលាព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ គឺអ្នកស្រី ស៊ាន សុខទៀង មានប្រសាសន៍ពន្យល់ថា បញ្ហា អារ គឺនិយាយសំដៅដល់គូស្វាមីភរិយា ដែលខាងបុរស ឬខាងស្ត្រី មិនមានលទ្ធភាពអាចមានកូនបាន ព្រោះតែបុរស ឬស្ត្រី បាត់បង់លក្ខណៈ ឬខ្វះសរីរាង្គបន្តពូជណាមួយ។
សំឡេង៖ «អារ ហ្នឹង បានន័យថា គាត់អត់មានលទ្ធភាពមានកូនទេ។ ឧទាហរណ៍ គាត់អត់ស្បូន។ ខ្លះគាត់អត់មានរដូវតាំងពីដើមមក ប្រដាប់បន្តពូជរបស់គាត់ខុសលក្ខណៈ ដូចជា គាត់កើតមកអត់មានស្បូន អត់កន្លែងរួមភេទ ។ ជួនកាលគាត់ខុសលក្ខណៈ គាត់ខូចដៃស្បូនទាំងសង្ខាង។ ចំណែកខាងបុរស ជួនកាលពងស្វាសរបស់គាត់តូចពេក វាអត់ផលិតមេជីវិតឈ្មោលតែម្ដង ហើយគាត់ខូចកន្លែងផលិតតែម្ដង សូម្បីតែយើងព្យាយាមយកមេជីវិតពីកន្លែងផលិតរបស់គាត់ ក៏អត់មានដែរ។ អ៊ីចឹងគាត់អត់អាចមានកូនបានទេ។ អាហ្នឹងបានគេហៅថា អារ»។
បញ្ហា អារ នេះ អ្នកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា ថ្វីបើករណីស្ត្រីខ្លះមិនមានដៃស្បូនពិតមែន ប៉ុន្តែគាត់នៅមានតួស្បូន គ្រូពេទ្យអាចមានវិធីសាស្ត្រជួយឱ្យគាត់មានកូនបាន។
រីឯបញ្ហាលំបាកមានកូន គឺចង់និយាយពីគូស្វាមីភរិយា អាចមានលទ្ធភាពមានកូនបាន។ ក៏ប៉ុន្តែ ខាងបុរស ឬស្ត្រី មានការលំបាកក្នុងការធ្វើឱ្យកូនបង្កកំណើតបាន ព្រោះតែកត្តាបញ្ហាមួយចំនួន។ ទាក់ទងនឹងនិយមន័យនៃបញ្ហានេះ អ្នកស្រីវេជ្ជបណ្ឌិត ស៊ាន សុខទៀង មានប្រសាសន៍ពន្យល់ថា អ្នកមានបញ្ហាលំបាកមានកូន គឺអ្នកដែលព្យាយាមមានកូនរយៈពេលមួយឆ្នាំ ហើយមិនបាន។
សំឡេង៖ «ការរួមភេយើងឱ្យនិយមន័យលំបាកមានកូនហ្នឹង ចំពោះដៃស្វាមីភរិយារបស់គាត់ៗ ព្យាយាមមានកូនរយៈពេលមួយឆ្នាំយ៉ាងហោច ហើយរួមភេទទៀងទាត់។ ប្រសិនបើគាត់មិនបានកូនតាមបំណងរបស់គាត់ក្នុងរយៈពេលមួយឆ្នាំហ្នឹង យើងចាត់ទុកថា គាត់ជាអ្នកលំបាកមានកូនហើយ»។
បញ្ហាទាំង ២ នេះ សុទ្ធតែមានមូលហេតុដោយឡែកៗ ពីគ្នា។ ក៏ប៉ុន្តែ មូលហេតុរួមទី ១ ក្រៅពីការបាត់បង់ប្រដាប់បន្តពូជ គឺគូស្វាមីភរិយា មិនបានរួមភេទជាទៀងទាត់ សម្រាប់បង្កើនឱកាសដល់ការចាប់កំណើតរបស់កូន។
សំឡេង៖ «ការរួមភេទគ្នាជាទៀងទាត់ហ្នឹង ចង់និយាយថា ២ ឬ ៣ ដងក្នុងមួយអាទិត្យ។ អ្នកខ្លះថា រៀបការពីរបីឆ្នាំដែរ ប៉ុន្តែពេលយើងសួរស៊ីជម្រៅទៅ ថាតើគាត់រស់នៅជាមួយគ្នាជាប់លាប់ ឬអត់? គាត់ថា អត់បានផង។ យូរៗ នៅជាមួយគ្នាម្ដង។ មួយខែ ២ ឬ ៣ ដងអី អ៊ីចឹងឱកាសនៃការមានកូន វាអត់សមស្របទេ ពីព្រោះឱកាសមានកូនក្នុងមួយខែតែ ២៥% ទេ។ ហ្នឹងចំពោះដៃគូគេរស់នៅជាមួយគ្នាទៀងទាត់ផង បានបានភាគរយប៉ុណ្ណឹង។ ចុះទម្រាំគាត់នៅជាមួយគ្នាអត់បានទៀងទាត់ផង ភាគរយនោះវារឹតតែតិចទៀត»។
មូលហេតុផ្សេងទៀតនៃបញ្ហាលំបាកមានកូន អ្នកស្រីវេជ្ជបណ្ឌិត ស៊ាន សុខទៀង ពន្យល់ថា មានទាំងខាងភាគីបុរស និងខាងស្ត្រី ដែលជាកត្តាឧបសគ្គរារាំងចំពោះការកកំណើតរបស់កូន។ ចំពោះស្ត្រី អាចបណ្ដាលមកពីជំងឺរ៉ាំរ៉ៃនៅក្នុងអាងត្រគាក និងការស្ទះដៃស្បូន។
ចំពោះបុរសវិញច្រើនទាក់ទងនឹងបញ្ហាបង្កើតមេជីវិត ដូចជា មេជីវិតខ្សោយ ឬមិនមានចំនួនមេជីវិតគ្រប់គ្រាន់ ឬបណ្ដាលមកពីបំពង់បញ្ចេញមេជីវិតនោះត្បៀត ឬចង្អៀត។
ក្រៅពីនេះ ក៏មានកត្តាមួយចំនួនទៀតដែរ ដែលបុរសប្រឈមនឹងការលំបាកមានកូន ជាពិសេស បុរសដែលធ្វើការជិតស្និតនឹងសារធាតុគីមីពុល បុរសធ្វើការនៅកន្លែងក្ដៅ ឬបុរសចូលចិត្តចូលកន្លែងឆ្ពុងក្ដៅ ឬហៅថា សូណា (Sauna) ច្រើនពេក ដែលជាហេតុអាចប៉ះពាល់ដល់ការផលិត ឬសម្លាប់មេជីវិតបាន។
ទាក់ទងនឹងការជក់បារី ការទទួលទានស្រា និងធាត់ពេក ទាំងបុរស និងស្ត្រី សុទ្ធតែអាចប្រឈមនឹងការលំបាកមានកូនដែរ។ វេជ្ជបណ្ឌិត សុខទៀង មានប្រសាសន៍ថា អ្នកដែលមានអាយុច្រើនហើយ ទើបសម្រេចចិត្តរៀបការ ក៏អាចប្រឈមនឹងបញ្ហានេះដែរ ពីព្រោះអត្រាកកំណើតមានស្ថានភាព និងឱកាសច្រើន ឬតិច ខុសគ្នាតាមអាយុ។
ទាក់ទងនឹងការព្យាបាលបញ្ហាលំបាកមានកូន អ្នកស្រីវេជ្ជបណ្ឌិត សុខទៀង ពន្យល់ថា គឺអាស្រ័យដោយការរកឃើញមូលហេតុពិតប្រាកដណាមួយ ដែលបង្កការរាំងស្ទះដល់ការកកំណើតកូន។ បញ្ហាខ្លះ គ្រូពេទ្យគ្រាន់តែប្រើថ្នាំអ័រម៉ូន បំប៉នមេជីវិតស្ត្រីតែប៉ុណ្ណោះ ហើយឱកាសបង្កកំណើតអាចកើនដល់ ៥០%។
អ្នកស្រីវេជ្ជបណ្ឌិត សុខទៀង បញ្ជាក់បន្ថែមថា បញ្ហាលំបាកក្នុងការមានកូនភាគច្រើនៗ ដែលអ្នកស្រីធ្លាប់ព្យាបាលកន្លងមក ច្រើនកើតចំពោះស្ត្រី។ ក៏ប៉ុន្តែ ងាយស្រួលព្យាបាលជាងបុរស។
ដើម្បីបង្ការចំពោះបញ្ហានេះ អ្នកស្រីវេជ្ជបណ្ឌិត សុខទៀង ណែនាំថា គូស្វាមីភរិយាដែលមានលំបាកក្នុងការមានកូន ត្រូវបញ្ឈប់ការជក់បារី និងកុំទទួលទានស្រាច្រើនពេក។ ត្រូវបញ្ចុះទម្ងន់ខ្លួនកុំឱ្យធាត់ពេក ពីព្រោះវាអាចប៉ះពាល់ដល់ការផលិតមេជីវិតរបស់ស្ត្រី។
អ្នកស្រីវេជ្ជបណ្ឌិត សុខទៀង ផ្ដល់ឱវាទថា គូស្វាមីភរិយា ដែលមានលំបាកក្នុងការមានកូន មិនគួរបន្ទោសគ្នាទេ។ ផ្ទុយទៅវិញ ត្រូវចេះលើកទឹកចិត្តគ្នា ហើយគប្បីជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដែលបច្ចុប្បន្នមាននៅរាជធានីភ្នំពេញ ឬសាកសួរមកអ្នកស្រីវេជ្ជបណ្ឌិតដោយផ្ទាល់ តាមរយៈទូរស័ព្ទលេខ ០១២ ២១ ៥៥ ៨២/០២៣ ៦៦៦ ២៥៥៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។