រោគសញ្ញា​នៃ​ជំងឺ​គាំងបេះដូង មូលហេតុ និង​វិធី​ព្យាបាល

ដោយ ម៉ៅ សុធានី
2024.05.16
រោគសញ្ញា​នៃ​ជំងឺ​គាំងបេះដូង មូលហេតុ និង​វិធី​ព្យាបាល
Photo: RFA

ជំងឺ​គាំងបេះដូង ជា​ឃាតក​ទី​១ សម្លាប់​មនុស្ស មិន​ថា​ស្រី ឬ​ប្រុស ចាស់​ឬ​ក្មេង ប្រសិនបើ​មិនអាច​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល​វេលា។ ជំងឺ​គាំង​បេះដូង បណ្តាល​មក​ពី​រំហូរ​ឈាម​ទៅកាន់​បេះដូង​ត្រូវ​កកស្ទះ ដោយសារ​កំណក​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម ដែល​មាន​តួនាទី​សំខាន់​ដើម្បី​ផ្គត់ផ្គង់​ឈាម​ទៅ​ឲ្យ​បេះដូង​។ នៅពេល​រំហូរ​ឈាម​ស្ទះ វា​បណ្តាល​ឱ្យ​សាច់ដុំ​បេះដូង​ខូច និង​លែង​សប់​ឈាម​បាន​ទៅ​ចិញ្ចឹម​ខួរក្បាល និង​រាងកាយ​ទាំងមូល​ដែល​នាំ​ឲ្យ​បាត់បង់​ជីវិត​ភ្លាមៗ។

តើ​ជំងឺ​គាំងបេះដូង​មាន​រោគសញ្ញា​អ្វីខ្លះ ហើយ​គេ​អាច​មាន​វិធី​ណាខ្លះ ដើម្បី​បង្ការ​ជំងឺ​មួយ​នេះ?

សមាគម​គ្រូពេទ្យ​បេះដូង​នៅ​សហរដ្ឋអាមេរិក (American Heart Association) ឲ្យ​ដឹង​ថា ការ​គាំង​បេះដូង (Heart Attack) និង​បេះដូង​ឈប់​ដើរ (Cardiac Arrest) មិន​ដូចគ្នា​ទេ គឺ​មាន​មូលហេតុ​ផ្សេង​ពី​គ្នា​។ ការ​គាំងបេះដូង (Heart Attack) បណ្តាល​មក​ពី​សរសៃឈាម​កកស្ទះ មិនអាច​នាំ​ឈាម​អុកស៊ីហ្សែន ទៅ​ដល់​បេះដូង​បាន ជាហេតុ​នាំ​ខូចខាត​ផ្នែក​ខ្លះ​នៃ​សាច់ដុំ​បេះដូង​។ ចំណែកឯ​បេះដូង​ឈប់​ដើរ (Cardiac Arrest) វិញ ជាទូទៅ​មិន​បង្ហាញ​រោគសញ្ញា​ព្រមាន​ឲ្យ​ដឹង​ជាមុន​ទេ តែ​កើតឡើង​ភ្លាមៗ នៅពេល​ចរន្ត​បេះដូង ឈប់​ដំណើរការ​បូម​ឈាម ឬ​សប់​ឈាម​ទៅកាន់​ខួរក្បាល សួត​និង​សរីរាង្គ​ផ្សេងទៀត ជាហេតុ​នាំ​ឲ្យ​ដួលសន្លប់ និង​គ្មាន​ជីពចរ​តែម្តង​។ ហេតុការណ៍​គាំងបេះដូង​ទាំង​នេះ ត្រូវ​ទូរស័ព្ទ​រក​ជំនួយ​សង្គ្រោះ​ជា​បន្ទាន់ ដើម្បី​សង្គ្រោះ​អាយុជីវិត។

ចំពោះ​រោគសញ្ញា និង​អាការៈ​ជំងឺ​គាំងបេះដូង (Heart Attack) រួម​មាន​ដកដង្ហើម​ផុតៗ ឈឺទ្រូង ឈឺ​ចុក​ណែន​ក្នុង​ទ្រូង ឈឺដៃ​និង​ស្មា​ទាំងសងខាង ឈឺ​ថ្គាម ក និង​ខ្នង បែកញើស​ខ្លាំង ហត់​អស់កម្លាំង ឈឺក្បាល​ឬ​វិលមុខ និង​បណ្តាល​ឲ្យ​ដួលសន្លប់​តែម្តង​។ រោគសញ្ញា​ជំងឺ​គាំងបេះដូង អាច​ខុសៗ​គ្នា ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត ដូចជា​អ្នកខ្លះ ចុក​ទ្រូង​ខ្លាំង ហើយ​ករណី​ខ្លះ អាច​បេះដូង​ឈប់​ដើរ​មួយ​រំពេច។

គ្រូពេទ្យ​ឯកទេស​បេះដូង​នៅ​សហរដ្ឋអាមេរិក លោក​វេជ្ជបណ្ឌិត គ្រីស្នា ស៊ូដៀ (Krishna Sudhir) និង​ជា​គ្រូពេទ្យ​អប់រំ​ផ្សព្វផ្សាយ​ពី​សុខភាព​សាធារណៈ ពន្យល់​ពី​បញ្ហា​គាំងបេះដូង ដោយសារ​កកស្ទះ​សរសៃឈាម​នាំ​អុកស៊ីហ្សែន ទៅ​កាន់​សាច់ដុំ​បេះដូង។

វេជ្ជបណ្ឌិត គ្រីស្នា ស៊ូដៀ៖ «យ៉ាងហោចណាស់​ពលរដ្ឋ​ប្រមាណ​៧​លាន​នាក់ ក្នុង​ពិភពលោក​បាន​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​ក្នុង​មួយឆ្នាំៗ​។ រោគ​បេះដូង​បណ្តាល​ឲ្យ​គាំងបេះដូង និង​នាំ​ឲ្យ​កើត​បញ្ហា​ផ្សេងទៀត រួមមាន​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​។ បេះដូង​ត្រូវការ​អុកស៊ីហ្សែន ប៉ុន្តែ​ក្នុង​អំឡុង​ពេល​គាំងបេះដូង គឺ​កំណកខ្លាញ់​ជាប់​ក្នុង​ជញ្ជាំង​សរសៃ​បេះដូង​នោះ មិនអាច​ឱ្យ​ឈាម​អុកស៊ីហ្សែន​ហូរ​ទៅកាន់​បេះដូង​បាន​។ កំណក​កាន់តែ​កើនឡើង​ក្នុង​សរសៃឈាម នៅពេល​វ័យ​កាន់តែ​ចាស់ ហើយ​យូរៗ​ទៅ គឺ​វា​បិទ​សរសៃឈាម​តែម្តង​។ នៅពេល​រំហូរ​ឈាម​ទៅកាន់​សាច់ដុំ​បេះដូង​ត្រូវ​បិទ​ជិត កោសិកា​បេះដូង នឹង​ងាប់​មួយ​រំពេច​ក្នុង​រយៈពេល ២ ឬ​៣​នាទី»

ចំណែក​ពេទ្យ​ជំនាញ​ឯកទេស​ទូទៅ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ម្ចាស់​គ្លីនីក​មេត្តា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​គាំងបេះដូង គឺ​អ្នក​ធាត់​ខ្លាំង មាន​សម្ពាធ​ឈាម​ខ្ពស់ កម្រិត​ជាតិ​ខ្លាញ់​ច្រើន​ក្នុង​ឈាម និង​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​។ លោក​វេជ្ជ​បណ្ឌិត​បន្ត​ថា ពលរដ្ឋ​ខ្មែរ​ក្រីក្រ​នៅ​តាម​តំបន់​ជនបទ កម្រ​មក​ពិនិត្យមើល​សុខភាព​ណាស់ ខ្លះ​មិន​ទាំង​ដឹង​ពី​សម្ពាធ​ឈាម​ខ្ពស់ កម្រិត​ជាតិ​ខ្លាញ់ ឬ​ជាតិ​ស្ករ​ខ្ពស់​នោះ​ឡើយ។

វេជ្ជបណ្ឌិត ហ៊ាង រតនា៖ «មូលហេតុ​ចំបង​បំផុត គឺ​ធាត់​លើស​គីឡូ​តែម្តង អាយុ​៣០​ប្លាយ ឬ​៤០​ឆ្នាំ​គាំងបេះដូង ស្លាប់​ញឹក​អ្នក​ខ្ញុំ​ធ្លាប់​ស្គាល់ គ្រោះថ្នាក់​មែនទែន​សំរាប់​អ្នក​ធាត់​ខ្លាំង​។ អ្នក​ដែល​មាន​សម្ពាធ​ឈាម​រ៉ាំរ៉ៃ គាត់​អត់​ដែល​ទៅ​ពិនិត្យមើល​ឈាម​។​កាលណា​សម្ពាធ​ឈាម​ខ្លាំង ដោយ​អត់​ដឹងខ្លួន​។ កាលណា​លើសឈាម​យូរៗ​ទៅ បេះដូង​ប្រឹង​ធ្វើការ​ខ្លាំង នាំ​ឲ្យ​គាំងបេះដូង​។ អ្នកមាន​ជំងឺ​ទឹកនោមផ្អែម កាលណា​ទឹកនោមផ្អែម គឺ​មក​ជា​មួយ​លើស​សម្ពាធ​ឈាម មាន​លើស​ខ្លាញ់ ជា​បន្ទុក​ដល់​បេះដូង​។ អ្នកខ្លះ​តម្រងនោម​គាត់​ខ្សោយ និង​រលាក ដែល​នាំ​ឲ្យ​មាន​បញ្ហា​ដល់​បេះដូង​...»

សមាគម​គ្រូពេទ្យ​បេះដូង​នៅ​សហរដ្ឋអាមេរិក (American Heart Association) ឲ្យ​ដឹង​បន្ថែម​ថា អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​គាំងបេះដូង រួមមាន​៖ អ្នកមាន​ប្រវត្តិ​ក្រុម​គ្រួសារ​កើត​ជំងឺ​គាំងបេះដូង កត្តា​អាយុ ចំពោះ​បុរស​អាយុ​លើស​ពី ៤៥ ឆ្នាំ​ឡើង​ទៅ និង​ស្ត្រី​អាយុ​លើស ៥៥ ឆ្នាំ​ឡើង​ទៅ អ្នកមាន​សម្ពាធ​ឈាម​ខ្ពស់ កម្រិត​ជាតិ​ខ្លាញ់​ច្រើន​ក្នុង​ឈាម អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម អ្នកមាន​បញ្ហា​បេះដូង អ្នកមាន​បញ្ហា​តានតឹង​ក្នុង​ចិត្ត ឬ​ធ្លាក់​ទឹកចិត្ត របៀបរបប​រស់នៅ របប​អាហារ​ទទួល​ទាន​ប្រចាំថ្ងៃ អ្នក​ធាត់​ឡើង​ទម្ងន់​ខ្លាំង និង​អ្នក​ជក់បារី ឬ​អ្នក​ស្រូប​ផ្សែង​បារី​ជាដើម។

ទោះបីជា​កត្តា​ហានិភ័យ​ខ្លះ​មិន​អាច​គ្រប់គ្រង​បាន ដូចជា​វ័យចាស់ និង​អ្នកមាន​ប្រវត្តិ​ក្រុម​គ្រួសារ​កើត​ជំងឺ​គាំងបេះដូង​ក៏ដោយ ក៏​គេ​អាច​មាន​វិធី​មួយចំនួន ដើម្បី​បង្ការ​ជំងឺ​គាំងបេះដូង​បាន​ដែរ រួមមាន​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ​ឲ្យ​បាន​ល្អ ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ទទួលទាន​ម្ហូបអាហារ​ល្អ​សម្រាប់​សុខភាព​បេះដូង និង​រក្សា​ទំងន់​បាន​ល្អ ហាម​ជក់បារី គ្រប់គ្រង​ជាតិ​ស្ករ គ្រប់គ្រង​អារម្មណ៍​ធុញថប់​ឬ​កើតទុក្ខ កម្រិត​ការ​ទទួល​ទាន​ស្រា ឬ​ប៊ីយ៉ែរ ត្រួត​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ ដូចជា​សម្ពាធ​ឈាម​ខ្ពស់ និង​កូលេស្តេរ៉ុល ជាដើម។

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ផ្តល់​ដំបូន្មាន​ដល់​ពលរដ្ឋ​គ្រប់ៗ​គ្នា ឲ្យ​ផ្លាស់ប្ដូរ​របៀប​របប​រស់​នៅ​ប្រចាំថ្ងៃ ដូចជា​ទទួលទាន​ម្ហូបអាហារ ត្រី សាច់​មាន់ បន្លែ​បៃតង និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន មាន​ភាព​សកម្ម​រាងកាយ និង​ជាពិសេស ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់។

វេជ្ជបណ្ឌិត ហ៊ាង រតនា៖ «ការពារ​សំខាន់​បំផុត គឺ​ថែ​សុខភាព អាច​ថា​ញ៉ាំ​តម​ម្ហូបអាហារ កុំ​ឲ្យ​ផ្អែម​ពេក ប្រៃ​ខ្លាញ់ ខ្លាញ់​ច្រើន កុំ​ឲ្យ​ធាត់​ជ្រុល។ ប៉ុន្តែ​សំខាន់ គឺ​ត្រូវ​ពិនិត្យ​សុខភាព អាច​ពិនិត្យ​ឈាម ៣​ឬ​៦​ខែ​ម្តង ថា មាន​លើស​ជាតិ​ស្ករ លើស​ខ្លាញ់​កូលេស្តេរ៉ុល តម្រង​នោម​ដំណើរការ​ធម្មតា ឬ​អត់ លើស​សម្ពាធ​ឈាម លើស​គីឡូ​ខ្លាំង​ឬ​អត់ បើ​លើស តើ​លើស​កម្រិត​ណា អាច​សម្រក​បាន​ដោយ​វិធី​ណាខ្លះ​។ អ្នក​ដែល​ពិនិត្យ​សុខភាព​ពី​៣ ទៅ​៤ ខែ​ម្តង ការ​ស្លាប់​ភា្លមៗ​គឺ​កម្រ​កើតឡើង​...»

គេហទំព័រ​សុខភាព​ដដែល​ឲ្យ​ដឹង​ដែរ​ថា អ្នក​ធ្លាប់​គាំងបេះដូង បណ្តាល​ឲ្យ​បេះដូង​ខូច​ឬ​ដំណើរការ​មិនសូវ​ល្អ​។ ហើយ​បញ្ហា​នេះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ចង្វាក់បេះដូង និង​សមត្ថភាព​របស់​វា ក្នុង​ការ​សប់​ឈាម​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​។ អ្នក​គាំងបេះដូង​លើក​ទី​១ ក៏​អាច​គាំងបេះដូង​ម្តង​ទៀត​ដែរ និង​នាំ​ឲ្យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល (Stroke) ជំងឺ​តម្រងនោម និង​ជំងឺ​សរសៃឈាម​រួម​តូច (Peripheral Arterial Disease (PAD) ដែល​កាត់បន្ថយ​រំ​ហូរឈាម​ទៅកាន់​បេះដូង​។ សំខាន់​បំផុត​ក្រោយ​គាំងបេះដូង​ហើយ អ្នកជំងឺ​ត្រូវ​ជួបពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​បេះដូង​។ គ្រូពេទ្យ​អាច​ផ្តល់​ដំបូន្មាន​ឲ្យ​កាត់បន្ថយ​ភាព​សកម្ម​រាងកាយ​និង​ការងារ​ប្រចាំថ្ងៃ ទទួលទាន​របប​អាហារ​មាន​ជីវជាតិ​ល្អ ឈប់​ជក់បារី កាត់បន្ថយ​ភាព​តានតឹង​ក្នុង​ចិត្ត និង​ផ្តល់​ថ្នាំលេប​មួយចំនួន​ជាប្រចាំ ដើម្បី​បង្ការ​ជំងឺ​គាំងបេះដូង​ម្តង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។