វេជ្ជបណ្ឌិតជំនាញសុខភាពផ្តល់ដំបូន្មានឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង ការថប់ដង្ហើម ដួលសន្លប់ គាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងជំងឺផ្សេងៗទៀតទាក់ទងនឹងអាកាសធាតុក្ដៅខ្លាំង។ ការព្រមាននេះ ធ្វើឡើង ខណៈសីតុណ្ហភាព អាចឡើងកម្តៅដល់ទៅ ៤២ អង្សាសេ ក្នុងរដូវប្រារព្ធបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ។
តើគេមានវិធីណាខ្លះនៅពេលចេញទៅក្រៅផ្ទះ ឬស្ថិតក្នុងចំណោមមនុស្សកុះករច្រើន ក្នុងសីតុណ្ហភាពក្តៅខ្លាំង?
អាកាសធាតុក្តៅខ្លាំង អាចសម្លាប់មនុស្សបាន ប្រសិនបើគ្មានវិធានការត្រឹមត្រូវ ដើម្បីបង្ការនិងកាត់បន្ថយហានិភ័យខ្ពស់នៃរលកកម្តៅខ្លាំង ជាពិសេស មនុស្សចាស់អាយុលើសពី ៦៥ឆ្នាំឡើងទៅ កុមារអាយុក្រោម២ឆ្នាំ អ្នកមានជំងឺរ៉ាំរ៉ៃ (Chronic diseases) និងអ្នកមានបញ្ហាសុខភាពផ្លូវចិត្ត (Mental illness)។
នាយកដ្ឋានធនធានទឹក និងឧតុនិយមឲ្យដឹងថា ប្រទេសកម្ពុជាកំពុងជួបប្រទះរលកកម្តៅដែលមិនធ្លាប់មានពីមុនមក ក្នុងខែមេសាឆ្នាំ២០២៤នេះ ដោយសីតុណ្ហភាពឡើងកម្តៅខ្លាំង ចន្លោះពី ៣៩ ទៅ ៤២ អង្សាសេ នៅរាជធានីភ្នំពេញ និងនៅតាមខេត្តមួយចំនួន រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ជាដើម។ រលកកម្ដៅនេះ នឹងបន្តកើនឡើងខ្លាំង ជាពិសេស ក្នុងរដូវប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា រដូវបុណ្យចូលឆ្នាំថ្មីនេះក្តៅខ្លាំងខុសពីធម្មតា ជាហេតុនាំឲ្យពិបាកទ្រាំទ្រកំដៅ និងប៉ះពាល់សតិអារម្មណ៍ខ្លាំង ជាពិសេសចំពោះអ្នកក្រីក្ររស់នៅក្នុងបន្ទប់ចង្អៀត គ្មានម៉ាស៊ីនត្រជាក់ ឬកង្ហារជាដើម៖
វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី៖ «ប្រទេសកម្ពុជាយើង រដូវហ្នឹងគឺរដូវចូលឆ្នាំខ្មែរ គឺរដូវក្តៅខ្លាំង ប៉ុន្តែវាក្តៅខុសពីធម្មតា ខុសកាលពីសម័យដើមឡើយ សម័យដែលយើងមានព្រៃឈើច្រើន យើងអត់ក្តៅអ៊ីចឹងទេ។ ឥឡូវនេះ នៅភ្នំពេញ កំដៅរហូតដល់៣៩ រហូតដល់៤១ អង្សាសេ។ បញ្ហាហ្នឹងហើយធ្វើឲ្យប៉ះពាល់ដល់សរសៃប្រសាទ ប៉ះពាល់ដល់អារម្មណ៍ នៅពេលក្តៅខ្លាំងជិះកង់ជិះម៉ូតូ ទៅធ្វើការ...»។
បញ្ហារលកកំដៅខ្លាំងហួតហែងនិងហប់ខ្យល់ អាចបង្កគ្រោះថ្នាក់នៃជំងឺដាច់សរសៃឈាមខួរក្បាល គាំងបេះដូង ការខ្សោះជាតិទឹកក្នុងខ្លួន និងជំងឺផ្សេងៗ បណ្តាលមកពីធាតុអាកាសក្តៅខ្លាំងនេះ។ ការគាំងបេះដូង និងការដាច់សរសៃឈាមខួរក្បាល អាចបណ្តាលឱ្យដួលសន្លប់ ហើយករណីខ្លះរហូតដល់ស្លាប់ក៏មាន ប្រសិនបើជួយសង្គ្រោះអ្នកជំងឺមិនទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី ផ្តល់ដំបូន្មានថា នៅពេលទៅចូលរួមពិធីបុណ្យចូលឆ្នាំថ្មីនេះ ពលរដ្ឋគ្រប់រូប មុនចេញទៅក្រៅផ្ទះ ត្រូវត្រៀមសម្ភារៈមួយចំនួន រួមមានមួក កន្សែង ឬក្រមា និងទឹកប់ដាក់តាមខ្លួនជាប់ជានិច្ច សំរាប់ទទួលទានជាប្រចាំ ដើម្បីកាត់បន្ថយកំដៅក្នុងខ្លួន ទោះបីជាមិនស្រេកទឹកក៏ដោយ។
វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី៖ «ដើម្បីធ្វើដំណើរមកកំសាន្តពេលបុណ្យចូលឆ្នាំហ្នឹង យើងត្រូវការពពាក់ពពូនគ្នា ផ្លូវចង្អៀតប្រជ្រៀតគ្នាទីប្រជុំជនហ្នឹង អ៊ីចឹងគួរណាបងប្អូនត្រូវមានទឹកតាមខ្លួនជាប់ជនិងមានកន្សែងអាចជ្រលក់ទឹក បើមានធុងទឹកកកធុងក្លាសេ ដាក់ទឹកកកឲ្យពេញៗ ហើយយើងមានកន្សែងត្រជាក់សំរាប់ក្មេងៗ ប្រសិនបើក្តៅខ្លាំង យកកន្សែងត្រជាក់ហ្នឹងស្អំទ្រូង ឬទទូលនៅលើក្បាល ដើម្បីកាត់បន្ថយកំដៅក្នុងខ្លួន...»។
ចំពោះរោគសញ្ញាបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងនេះ រួមមានសីតុណ្ហភាពក្នុងខ្លួនលើសពី៣៩អង្សាសេ មុខឡើងក្រហម ជីពចរដើរញាប់ ឈឺក្បាល វិលមុខ ចង់ក្អួត បែកញើសខ្លាំង និងមានអារម្មណ៍ច្របូកច្របល់ជាដើម។
លោកវេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី សង្កត់ធ្ងន់ថា ប្រសិនបើមានរោគសញ្ញាណាមួយ ដូចជាបែកញើសខ្លាំង ស្រវាំងភ្នែក ងងិតមុខ និងពិបាកដកដង្ហើម ចាំបាច់ត្រូវចាកចេញពីទីប្រជុំជនដែលមានមនុស្សចង្អៀតកុះករ។
វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី៖ «ក្តៅខ្លាំងអាការៈ ទី១ ធ្វើឲ្យគាត់ងងឹតមុខ វិលមុខ ថប់ដង្ហើម ប៉ះពាល់ខួរក្បាល ទៅដល់សតិអារម្មណ៍ ហើយអ្នកមានជំងឺឆ្កួតជ្រូក ពេលណាក្តៅគឺប្រកាច់ភ្លាម។ ដូច្នេះគួរណាបងប្អូនដែលដឹងខ្លួនមុន គួរទៅរកកន្លែងម្លប់អង្គុយសម្រាក ដែលខ្មែរយើងថា ខ្យល់គ ហ្នឹងអាចប្រឈមហានិភ័យខ្ពស់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដាក់អុកស៊ីហ្សែនជួយគាត់...»។
ទាក់ទងនឹងធាតុអាកាសក្តៅនៅកម្ពុជាឆ្នាំនេះ អង្គការយូនីសេហ្វ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវត្រៀមខ្លួនជានិច្ចដើម្បីបង្ការបញ្ហានានា ប៉ះពាល់ដល់សុខភាព ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត មានដូចជា ទារក កុមារ ស្ត្រីមានផ្ទៃពោះ និងមនុស្សចាស់។ អង្គការមួយនេះ ក៏បានណែនាំអោយស្លៀកសម្លៀកបំពាក់ស្រាលៗ និងរលុង ដែលការពារកំដៅព្រះអាទិត្យ កំដៅក្នុងខ្លួន និងបរិភោគទឹកឲ្យបានច្រើន ដើម្បីបង្ការការខ្សោះជាតិទឹកនៅក្នុងខ្លួន។
បន្ថែមពីនេះ អង្គការយូនីសេហ្វឲ្យដឹងទៀតថា ប្រសិនបើអាចធ្វើបាន ត្រូវជៀសវាងស្ថិតក្រោមពន្លឺព្រះអាទិត្យដែលក្តៅចែងចាំងខ្លាំង ចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង៤រសៀល លាបឡេការពារមុខនិងខ្លួនពីកំដៅថ្ងៃ ហើយស្វែងរកកន្លែងត្រជាក់ដូចជាម្លប់ ឬម៉ាស៊ីនត្រជាក់។ ចំពោះកុមារវិញ ដាច់ខាតមិនត្រូវទុកចោល ឲ្យនៅម្នាក់ឯងក្នុងឡានកំពុងចតចោល និងបិទកញ្ចក់ជិតឡើយ។គេហទំព័រមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺនៅសហរដ្ឋអាមេរិក (CDC) ឲ្យដឹងថា មធ្យោបាយប្រសើរបំផុតដើម្បីបង្ការ និងការពារកុំឲ្យមានបញ្ហាសុខភាព និងគ្រោះថ្នាក់ដល់ជីវិតដោយសារអាកាសធាតុក្តៅខ្លាំង គឺម៉ាស៊ីនត្រជាក់។ បន្ថែមពីនេះ ត្រូវទទួលទានទឹកឲ្យបានច្រើន កុំពិសាគ្រឿងស្រវឹង កាត់បន្ថយការចំអិនអាហារដោយប្រើចង្ក្រាន ព្រោះជំរុញឲ្យកម្តៅក្នុងផ្ទះ កាន់តែកើនឡើងខ្លាំង។
ចំណែកយុវវ័យនិងអ្នកមានសុខភាពល្អវិញ ក៏ត្រូវកាត់បន្ថយសកម្មភាពកីឡា ឬសកម្មភាពរាងកាយខ្លាំង ក្នុងអំឡុងសីតុណ្ហភាពក្តៅខ្លាំង។ ប្រសិនបើដើរហាត់ប្រាណ ត្រូវដើរនៅពេលព្រឹកព្រលឹម ឬពេលល្ងាចថ្ងៃលិច ឬក៏ដើរក្រោមម្លប់ដើមឈើនៅតាមដងផ្លូវ ឬកន្លែងឧទ្យានដែលមានដើមឈើធំៗត្រជាក់ត្រឈឹងត្រឈៃ។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី ឲ្យដឹងបន្ថែមថា ប្រសិនបើនៅក្នុងផ្ទះ គ្មានម៉ាស៊ីនត្រជាក់ គួរបើកបង្អួចផ្ទះឲ្យខ្យល់ចេញចូល បាំងកំដៅព្រះអាទិត្យកុំឲ្យចាំងថ្ងៃចូលផ្ទះ អង្គុយក្រោមម្លប់ដើមឈើ និងឧស្សាហ៍ងូតទឹកត្រជាក់ ដើម្បីឲ្យកម្តៅក្នុងខ្លួនថយចុះ។
វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី៖ «បើចាស់ៗ ប្រឈមខ្លាំងមានហានិភ័យខ្លាំង បើគាត់ទៅពពាក់ពពូនជាមួយក្មេង ហើយគ្មានការប្រុងប្រយ័ត្ន អត់មានកូនចៅជួយមើលគាត់ អាចនឹងមានហានិភ័យទៅដល់ជីវិតគាត់ ហ្នឹងទី១។ មួយទៀតបើសិនជាការល្អ កូនចៅទុកគាត់នៅផ្ទះឲ្យបានស្រួល មានទឹកធុងសំរាប់គាត់ងូតទឹក មួយថ្ងៃគាត់ងូតយ៉ាងតិច ពី៣ទៅ៤ដង យប់ឡើងគាត់ងូតទៀតទៅ ដើម្បីសំរាន្តពេលយប់...»។
កំណើនសីតុណ្ហភាពនារដូវប្រាំងក្នុងឆ្នាំ២០២៤នេះ កំពុងដុតរោលមនុស្ស សត្វ និងរុក្ខជាតិ ឱ្យរស់នៅទាំងត្រដរ ដែលរំខានដល់ការរស់នៅប្រចាំថ្ងៃ ការបំពេញការងារ ការប្រកបរបររកស៊ី និងកសិកម្មជាដើម។ កសិករនៅបណ្តាខេត្តមួយចំនួន ត្អូញត្អែរថា រដូវប្រាំងឆ្នាំនេះក្ដៅជាងឆ្នាំមុន ទើបបណ្ដាលឱ្យបឹងបួ អណ្ដូង ស្រះ និងប្រឡាយមួយចំនួន រីងស្ងួតលឿនជាងឆ្នាំមុន ដែលធ្វើឱ្យពលរដ្ឋប្រឈមនឹងការខ្វះទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ សំរាប់ដំណាំកសិកម្ម និងការចិញ្ចឹមសត្វ ជាដើម។
រដូវប្រាំងនៅប្រទេសកម្ពុជាគឺចាប់ផ្តើម ពីខែវិច្ឆិកា ដល់ខែមេសា។ ខែមីនា និងខែមេសា គឺជាពេលវេលាក្ដៅបំផុត ដែលសីតុណ្ហភាព ឡើងកម្ដៅខ្លាំងរហូតដល់ ៤២អង្សាសេ។
អង្គការឧតុនិយមពិភពលោកនៃអង្គការសហប្រជាជាតិ បានព្យាករណ៍ថា ក្នុងឆ្នាំ២០២៤នេះ ពិភពលោកនឹងរងកម្ដៅក្ដៅជាងឆ្នាំ២០២៣ ដែលជាការបំបែកកំណត់ត្រា អាចឈានទៅរកបាតុភូតអាកាសធាតុ អែល នីណូ ដែលបង្កឱ្យមានភាពក្ដៅហួតហែង គ្រោះរាំងស្ងួត និងមានសីតុណ្ហភាពចន្លោះពី៤០ ទៅ៤២អង្សាសេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។