សារៈសំខាន់​នៃ​ការពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ​សម្រាប់​ស្ត្រី

0:00 / 0:00

គ្រូពេទ្យ​ជំនាញ​សុខភាព អះអាង​ថា ការពិនិត្យ​សុខភាព​ទៀងទាត់​ប្រចាំ​ឆ្នាំ មាន​សារៈសំខាន់ ទាំង​សម្រាប់​បុរស​និង​ស្ត្រី​។ ការពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំនេះ គឺ​ដើម្បី​បង្ការ​ទប់ស្កាត់​ជាមុន នូវ​ប្រភេទ​ជំងឺ​ផ្សេងៗ​ដែល​អាច​កើតមាន​ក្នុង​រាងកាយ​របស់​មនុស្សម្នាក់ៗ ជាជាង​បណ្ដោយ​ទុក​ឱ្យ​ជំងឺ​វិវត្ត​កាន់តែ​ធ្ងន់ធ្ងរ ទើប​ស្វែងរក​ការ​ព្យាបាល ហើយ​ដែល​បញ្ហា​នេះ មាន​ពេល​ខ្លះ​គឺ​យឺត​ពេល មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​ឡើយ។

តើ​គ្រូពេទ្យ​អាច​ពិនិត្យមើល​អ្វីខ្លះ​ក្នុង​រាងកាយ​របស់​យើង​ម្នាក់ៗ?

ទាំង​បុរស​និង​ស្ត្រី នៅ​ពេល​ទៅ​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ គ្រូពេទ្យ​ប្រចាំ​គ្រួសារ (Family Doctor) នឹង​ពិនិត្យ​សុខភាព​រាងកាយ រួមមាន វាស់​សម្ពាធ​ឈាម ពិនិត្យ​លាមក ទឹកមូត្រ​ឬ​ទឹកនោម ស្ដាប់​សង្វាក់​បេះដូង លើស​ជាតិ​ស្ករ ជាតិ​ខ្លាញ់ ឬ​កូលេស្តេរ៉ុល (Cholesterol) រោគ​ថ្លើម ជំងឺ​ពុក​ឆ្អឹង រោគ​មហារីក​ផ្សេងៗ និង​ជំងឺ​កាមរោគ​ជាដើម។ ការ​ពិនិត្យ​សុខភាព​នេះ អាស្រ័យ​ទៅតាម​វ័យ និង​ប្រវត្តិ​ជំងឺ​របស់​ក្រុម​គ្រួសារ រួមមាន​កើត​ជំងឺ​រលាក​ថ្លើម ទឹកនោមផ្អែម មហារីក និង​ជំងឺ​បេះដូង​ជាដើម។ បន្ថែម​ពី​នេះ វេជ្ជបណ្ឌិត​នឹង​ជជែក​អំពី​របប​ចំណីអាហារ ការ​ទទួលទានដំណេក និង​ការហាត់​ប្រាណ ដើម្បី​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ​ប្រសើរ។

គ្រូពេទ្យ​ជំនាញ​ផ្នែក​សុខភាព​ទូទៅ អ្នកស្រី​វេជ្ជបណ្ឌិត គ្រីស្ទីណា លី (Christina LEE) ដែល​បើក​គ្លីនីក​ពិនិត្យ​ជំងឺ​នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ ពី​រដ្ឋ​កាលីហ្វរនីញ៉ា (California) ថា​ការពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំនេះ​មាន​សារៈសំខាន់​ណាស់ ព្រោះ​នេះ​ជា​អាយុជីវិត​របស់​យើង​ម្នាក់ៗ​។ លោកស្រី​ថា ប្រការ​ដែល​ស្ត្រី​មក​ពិនិត្យ​សុខភាព​ទៀត​ទាត់​នោះ គឺ​ដើម្បី​ទប់ស្កាត់​និង​ព្យាបាល​ទាន់​ពេល​វេលា ដូចជា​ជំងឺ​មហារីក​សុដន់ និង​មហារីក​ស្បូន​ជាដើម៖ «អ្នកខ្លះ​មាន​ប្រវត្តិ​ក្រុម​គ្រួសារ​កើត​ជំងឺ​ទឹកនោមផ្អែម មាន​ខ្លាញ់​ច្រើន គឺ​យើង​ពិនិត្យ​គាត់​ញឹកញាប់ ជាង​អ្នក​ដែល​អត់​មាន​។ ដូចនេះ​យើង​បូម​ឈាម​មើល​ជាតិ​ស្ករ មើល​ជាតិ​ខ្លាញ់ ហើយ​អ្នកខ្លះ​ខ្វះ​ឈាម​ក្រហម ដោយសារ​ធ្លាក់ឈាម​ច្រើន​ពេល​មាន​រដូវ​។ ស្ត្រី​ដែល​អាយុ​៤០​ឆ្នាំ​ឡើង​ទៅ គួរ​មក​ថត​ខ្លះ​ដែរ ព្រោះ​ខ្លះ​អាច​មាន​មហារីក​ក្រោម​៥០​ឆ្នាំ ដូចនេះ ត្រូវ​ពិនិត្យ​ដែរ​រកមើល​ជំ​មហារីក​ដោះ ស្បូន​និង​មហារីក​ពោះវៀនធំ​ ...»។

គេហទំព័រ​សុខភាព​មួយ​ចំនួន​ឱ្យ​ដឹង​ថា នៅ​ពេល​យើង​គ្រប់ៗ​គ្នា​មាន​វ័យ​កាន់តែ​ចាស់ នោះ​នឹង​ចាប់ផ្ដើម​មាន​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​ផង​ដែរ ដូចជា ជំងឺ​ទឹកនោមផ្អែម សម្ពាធ​ឈាម​ខ្ពស់ ជាតិ​កូឡេស្ដេរ៉ូល​ឬ​ខ្លាញ់​ច្រើន មហារីក​ស្បូន សុដន់ និង​មហារីក​ក្រពេញ​សម្រាប់​បុរស ជាដើម​។ ភាគច្រើន​ជំងឺ​ទាំងនោះ មិន​បង្ហាញ​រោគសញ្ញា​អ្វី​ឡើយ នៅ​ដំណាក់កាល​ដំបូងៗ ដូចនេះ​នៅ​ពេល​ដែល​លោកអ្នក​ចាប់ផ្ដើម​មាន​អារម្មណ៍​មិន​ស្រួលខ្លួន នោះ​វា​អាច​ជា​ដំណាក់កាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ទៅ​ហើយ​។ អាស្រ័យហេតុនេះ ការ​ធ្វើ​តេស្ត​រក​ឃើញ​រោគសញ្ញា​ទាន់​ពេល​វេលា គ្រូពេទ្យ​ជំនាញ​នឹង​អាច​ជួយ​ព្យាបាល​ជំងឺ​ទាំងនោះ បានជា​សះស្បើយ ឬក៏​អាច​ទប់ស្កាត់​កុំ​ឱ្យ​វិវត្ត​ធ្ងន់ធ្ងរ​និង​រាលដាល​ខ្លាំង។

អ្នកស្រី​វេជ្ជបណ្ឌិត គ្រីស្ទីណា លី បន្ត​ថា ជំងឺ​មហារីក ដូចជា​មហារីក​សុដន់ និង​ស្បូន ដែល​ជំងឺ​កាច​សាហាវ ភាគច្រើន​គឺជា​ជំងឺ​តពូជ ដែល​អាច​ងាយ​រងគ្រោះ​ចំពោះ​អ្នក​ដែល​មាន​ក្រុម​គ្រួសារ​កើត​ជំងឺ​មហារីក៖ «ចាប់ផ្ដើម​ពិនិត្យ​ថា តើ​មាន​មហារីក​ស្បូន ជា​មហារីក​មួយ យើង​អាច​ព្យាបាល​បាន បើ​សិន​ទើប​ចាប់ផ្ដើម ហើយ​វា​មិនទាន់​រាលដាល​។ ជាមួយ​គ្នា​នេះ យើង​ក៏​ពិនិត្យមើល​សុដន់​ដែរ ពី​ព្រោះ​ស្ត្រី​យើង​អាច​មាន​មហារីក​សុដន់។ ស្ត្រី​ម្នាក់​ក្នុងចំណោម ៩ ឬ​១០​នាក់ អាច​មាន​មហារីក​សុដន់ ហើយ​ប្រសិនបើ​ស្ត្រី​មាន​ប្រវត្តិ​ក្រុម​គ្រួសារ​មាន​មហារីក​ដោះ នោះ​គាត់​អាច​ប្រថុយប្រថាន​ខ្ពស់​នៃ​ការ​កើត​ជំងឺ​មហារីក​នេះ»។

លោកស្រី​វេជ្ជបណ្ឌិត​ជំនាញ​រូប​នេះ អះអាង​បន្ថែម​ថា ចំពោះ​ស្ត្រី​គ្រប់​វ័យ ដែល​មាន​ដៃគូ​រួម​ស្នេហ៍​ច្រើន ក៏​ត្រូវ​ពិនិត្យ​មើលជំងឺ​កាមរោគ​ផង​ដែរ ពីព្រោះ​ជំងឺ​កាមរោគ​នេះ ប្រសិនបើ​មិន​បាន​ព្យាបាល​ទាន់​ពេល​វេលា​ទេ​នោះ វា​នឹង​អាច បណ្ដាល​ឱ្យ​រលា​កដៃ​ស្បូន ឬ​ក្នុង​ស្បូន៖ «ស្ត្រី​ដែល​អាយុ​ក្រោម ២៥​ឆ្នាំ ច្រើន​មាន​ជំងឺ​ឆ្លងតាម​ការ​រួមរ័ក។ ដូចនេះ​គាត់​ត្រូវ​មក​ពិនិត្យមើល ព្រោះ​ស្ត្រី​ខ្លះ​អត់​មាន​រោគសញ្ញា​ទេ តែ​បុរស​អាច​មាន​រោគសញ្ញា​ខ្លះ ដូចជា​បត់ជើង​មក​ក្រហាយ មាន​ខ្ទុះ​អី​អ៊ីចឹង។ ស្ត្រី​ក្មេង​ទាំងនោះ​អាច​មាន​ជំងឺ​ទាំង​នោះ ហើយ​បើ​មិន​ព្យាបាល​ទេ អាច​មាន​បញ្ហា​ថ្ងៃក្រោយ ទៅ​មាន​ខ្ទុះ​ក្នុង​ដៃ​ស្បូន ឬ​ក្នុង​ស្បូន វា​នាំ​ឱ្យ​រលាក (Infection) ទៅ​គឺ​អត់​អាច​មាន​កូន​បាន»។

ចំពោះ​ស្ត្រី​ដែល​អាយុ​លើស​ពី​៦៥​ឆ្នាំទៅ ឬ​ស្ត្រី​ដែល​មាន​ឆ្អឹង​បាក់​អាយុ​ក្រោម ៥០​ឆ្នាំ ឬក៏​ស្ត្រី​ដែល​អស់​រដូវ គ្រូពេទ្យ​នឹង​បញ្ជូន​ឱ្យ​ទៅ​ថត​ពិនិត្យមើល​គុណភាព​ឆ្អឹង ឬ​ដង់ស៊ីតេ​ឆ្អឹង (Bone density) ក្រែង​កើត​ជំងឺ​ពុក​ឆ្អឹង (osteoporosis) ដែល​ជា​ហេតុ​នាំ​ឱ្យ​ឆ្អឹង​ផុយ​ស្រួយ ងាយ​បាក់ ឬ​គ្រេច ប្រសិនបើ​លោកអ្នក​ដួល៖ «ស្ត្រី​ដែល​អាយុ​លើស​៦៥​ឆ្នាំ ត្រូវ​ពិនិត្យ​ឆ្អឹង (Bone density) រកមើល​ថា វា​ផុយ​ឬ​ស្ដើង ត្រូវការ​ញ៉ាំ​ថ្នាំ​វីតាមីន​ឌី (Vitamin D) និង​កាល់ស្យូម​។ បន្ថែម​ទៀត​បើ​ឆ្អឹង​ពុក គ្រូពេទ្យ​នឹង​ផ្ដល់​ថ្នាំ​ពិសេស ដើម្បី​ជួយ​កុំ​ឱ្យ​ឆ្អឹង​ហ្នឹង​ផុយ ឬ​ស្ដើង»។

ការ​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ គឺជា​ការពិនិត្យ​វេជ្ជសាស្ត្រ​ពេញលេញ ដែល​ជា​ធម្មតា​ត្រូវការ​រយៈពេល​តែ​ពីរ​ឬ​បី​ម៉ោង​ប៉ុណ្ណោះ​។ ដូចនេះ លោកអ្នក​គួរតែ​ទៅ​ពិនិត្យ​ឱ្យ​បាន​ទៀងទាត់​រាល់​ឆ្នាំ ពីព្រោះ​ជំងឺ​ភាគច្រើន ពុំ​បង្ហាញ​រោគសញ្ញា​នោះ​ឡើយ​។ ប្រសិនបើ​លោកអ្នក មិន​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​វេលា​ទេ​នោះ វា​នឹង​អាច​បណ្ដាល​ឱ្យ​កើត​ជំងឺ​រ៉ាំរ៉ៃ ឧទាហរណ៍ ដូចជា​ជំងឺ​ទឹកនោមផ្អែម អាច​បណ្ដាល​ឱ្យ​ពិការ​ភ្នែក ខូច​តម្រងនោម សម្ពាធ​ឈាម​ខ្ពស់​និង​កូឡេស្តេរ៉ុល​ខ្ពស់ នាំ​ឱ្យ​គាំងបេះដូង ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ជាដើម​។ ក្រោយ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត វេជ្ជបណ្ឌិត​របស់​លោក​អ្នក​នឹង​អាច​ធ្វើ​រោគវិនិច្ឆ័យ អំពី​ជំងឺ​ណាមួយ​ដែល​លោកអ្នក​អាច​មាន និង​ណែនាំ​អំពី​វិធី​ព្យាបាល​ដែល​ចាំបាច់។ វេជ្ជបណ្ឌិត​ក៏​នឹង​ណែនាំ​អំពី​វិធី​ដ៏​ប្រសើរ​បំផុត ដើម្បី​សម្រេច​គោលដៅ​សុខភាព​ល្អ រួមមាន ទម្លាប់​រស់នៅ របប​អាហារ​ប្រចាំថ្ងៃ និង​ការហាត់​ប្រាណ ជាដើម៕

សូម​​រង់ចាំ​ស្ដាប់​សេចក្ដី​រាយការណ៍​អំពី​ថា តើ​បុរស​គួរ​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ ដូចជា​ស្ត្រី​ដែរ​ឬទេ​? ហើយ​តើ​វេជ្ជបណ្ឌិត​ធ្វើតេស្ត​ពិនិត្យ​រោគសញ្ញា​អ្វីខ្លះ​ចំពោះ​បុរស?

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។