តើ​មូល​ហេតុអ្វី​បណ្តាល​ឲ្យ​រលាក​ក្រពះ និង​វិធី​បង្ការ​ជំងឺ​នេះ?

0:00 / 0:00

ជំងឺ​រលាក​ក្រពះ (Gastritis) គឺជា​ការ​រលាក​ឬ​សំណឹក​នៃ​ស្រទាប់​ក្រពះ ដែល​បណ្តាល​ឲ្យ​ឡើង​ក្រហម រលាក និង​ហើម។ មូលហេតុ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​រលាក​ក្រពះ អាច​បណ្តាល​មក​ពី​ស្ត្រេស ឬ​ភាព​តឹងតែង​ក្នុង​ចិត្ត (Stress) ទទួល​ទាន​សុរា​ច្រើនពេក ក្អួត​រ៉ាំរ៉ៃ និង​ជំងឺ​ច្រាល​ទឹក​អាស៊ីដ​ក្រពះ (Gastroesophageal Reflux Disease -GERD) ជាដើម។

តើ​ជំងឺ​រលាក​ក្រពះ​មាន​រោគសញ្ញា​អ្វីខ្លះ​? ហើយ​គេ​អាច​មាន​វិធី​ណាខ្លះ ដើម្បី​បង្ការ ឬ​កាត់បន្ថយ​ជំងឺ​រលាក​ក្រពះ?

វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ក្រពះ​ឲ្យ​ដឹង​ថា ជំងឺ​រលាក​ក្រពះ មាន​រោគសញ្ញា​ខុសគ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។ ប៉ុន្តែ​ជា​ទូទៅ រោគសញ្ញា​នៃ​ជំងឺ​រលាក​ក្រពះ រួមមាន ចុក​ឆ្អល់ ហើមពោះ ឈឺ​ចុកចាប់​ក្នុង​ពោះ ក្អួត​ធ្លាក់ឈាម មិន​ចង់​ទទួលទាន ឬ​បាត់បង់​ចំណង់​អាហារ និង​លាមក​ពណ៌​ខ្មៅ ជាដើម។

ជា​ធម្មតា​ស្រទាប់​ក្រពះ គឺ​ខ្លាំង​អាច​ធន់​នឹង​ជាតិ​អាស៊ីដ​បាន ក៏ប៉ុន្តែ​ការ​ទទួល​ទាន​សុរា​ច្រើន​ហួសហេតុ ការ​ជក់បារី ការប្រើ​ថ្នាំ​អាស្ពីរីន (Aspirin) ឬ​ថ្នាំ​ផ្សះ​ប្រឆាំង​ការ​រលាក ការឈឺចាប់ និង​គ្រុន​ក្ដៅ ក៏​អាច​បណ្តាល​ឲ្យ​រលាក​ក្រពះ​ដែរ​។ បន្ថែម​ពី​នេះ ភាព​តឹងតែង​ក្នុង​ចិត្ត (Stress) និង​ជំងឺ​ធ្លាក់​ទឹកចិត្ត (Depression) ក៏​ជា​កត្តា​នាំ​ឲ្យ​កើត​ជំងឺ​រលាក​ក្រពះ​ផង​ដែរ​។ ជំងឺ​រលាក​ក្រពះ​ចែក​ចេញ​ជា​ពីរ​យ៉ាង គឺ​រលាក​ក្រពះ​ស្រួច​ស្រាវ (Acute) និង​រលាក​ក្រពះ​រ៉ាំរ៉ៃ (Chronic)។

គ្រូពេទ្យ​ជំនាញ​ឯកទេស​ទូទៅ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ម្ចាស់​គ្លីនីក​មេត្តា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​អ្នក​កើត​ជំងឺ​រលាក​ក្រពះ​ច្រើន​។ បញ្ហា​ទាំងនេះ បណ្តាល​មក​ពី​តានតឹង​ក្នុង​ចិត្ត ដោយសារ​ស្ថានភាព​រស់នៅ​ក្រីក្រ​លំបាក ជំពាក់​បំណុល​វណ្ឌ័ក ធ្វើការ​ច្រើន​មិន​មាន​ពេល​សំរាក បរិភោគ​មិន​ទៀងទាត់ និង​បន្លែ​ផ្លែឈើ​សាច់ សំបូរ​ទៅ​ដោយ​សារធាតុ​គីមី​ជាដើម។

វេជ្ជបណ្ឌិត ហ៊ាង រតនា៖ «នៅ​ស្រុក​ខ្មែរ បើ​រលាក​ក្រពះ រាល់ថ្ងៃ​សឹងតែ​១០​នាក់ មាន​៦ ឬ ៧​នាក់​ហើយ​។ ទី​១ ដោយសារ​ពួកគាត់​ស្ត្រេស​ច្រើន អាច​និយាយ​ថា ប្រទេស​យើង​កំពុង​អភិវឌ្ឍន៍ អ៊ីចឹង​ពលរដ្ឋ​មាន​ការងារ​ច្រើន គាត់​ជំពាក់​ធនាគារ​ច្រើន រឿង​បញ្ហា​គ្រួសារ​ផង​។ ទី​២ គាត់​ទម្លាប់​ញ៉ាំ​សុរា​ច្រើន និង​ភេសជ្ជៈ​ផ្តេសផ្តាស នាំ​ឲ្យ​ប៉ះពាល់​ក្រពះ​។ មួយទៀត​ហូបបាយ​អត់​ទៀងទាត់​ដោយសារ​រវល់​ការងារ​ច្រើន ហើយ​អាហារ​ហូបចុក​ទៀតសោត ក៏​សុទ្ធ​តែ​មាន​សារធាតុ​គីមី​ដែល​អត់​សូវ​ល្អ​ដូចជា​នៅ​ប្រទេស​ជឿនលឿន​។ ហើយ​រាល់ថ្ងៃ​នេះ យើង​មាន​បញ្ហា​ច្រើន​អ្នក​ដែល​រលាក​ក្រពះ និង​ពោះវៀន​ហ្នឹង​...»។

ចំណែក​ម្ចាស់​គ្លីនីក​នៅ​ទីក្រុង លីន (Lynn) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក​ឯណេះ​វិញ លោក​វេជ្ជបណ្ឌិត ម៉ៃ សុខារិទ្ធ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បញ្ហា​រលាក​ក្រពះ ក៏​អាច​បណ្តាល​មក​ពី​មេរោគ អេច្ច ផាយ​ឡូ​រ៉ា​យ (H. Pylori) ការ​ច្រាល​ជាតិ​អាស៊ីដ (Heartburn ឬ Acid Influx) និង​បញ្ហា​កង្វះ​ឈាមក្រហម​ជាដើម។

វេជ្ជបណ្ឌិត ម៉ៃ សុខារិទ្ធ៖ «ស្ត្រេស​បណ្តាល​ឲ្យ​រលាក​ក្រពះ​ដែរ ទី​១ ទី​២ ដោយសារ​មាន​ជាតិ​អាស៊ីដ​ច្រើន​ក្នុង​ក្រពះ​។ ទី​៣ បណ្តាល​មក​ពី​មេរោគ​អាច​ធ្វើ​ឲ្យ​ក្រពះ​រលាក​ដែរ​។ មុនគេ​ឆ្លុះ​ក្រពះ គេ​អោយ​ថ្នាំ​ព្យាបាល​សាកល្បង​មើល ដូចជា Nexium សាក​សិន តើ​ត្រូវ​ឬ​អត់​។ បើ​៣​ឬ​៤​សប្តាហ៍​ហើយ ដាក់​ទៅ​ត្រូវ គឺ​បណ្តាល​មក​រលាក​តិចតួច​ដោយសារ​ជាតិ​អាស៊ីដ​ច្រើន​។ តែបើ​មិន​ត្រូវ​ទេ គេ​ត្រូវ​យក​លាមក​ទៅ​ពិនិត្យ​មើល ក្រែងលោ​មាន​មេរោគ​ក្រពះ ហើយ​គ្រូពេទ្យ​នឹង​ផ្តល់​វិធី​ព្យាបាល​ផ្សេង​វិញ»។

គេហទំព័រ​សុខភាព​វ៉ិប​អឹមឌី (WebMD) នៅ​សហរដ្ឋអាមេរិក ឲ្យ​ដឹង​បន្ថែម​ថា អ្នកមាន​ជំងឺ​រលាក​ក្រពះ​បណ្តាល​មក​ពី​មេរោគ អេច្ច ផាយឡូរ៉ាយ (H. Pylori) ប្រសិនបើ​មិន​ទទួល​បាន​ការ​ព្យាបាល​ទេ យូរ​ទៅៗ អាច​បង្ក​ជា​ដំបៅ​ក្រពះ (Ulcers) ហើយ​ករណី​ខ្លះ វិវត្ត​ទៅជា​ជំងឺ​មហារីក​ក្រពះ (Stomach Cancer)។

លោក​វេជ្ជបណ្ឌិត ម៉ៃ សុខារិទ្ធ លើកឡើង​ថា ចំពោះ​អ្នកមាន​ជំងឺ​ច្រាល​ទឹក​អាស៊ីដ​ក្រពះ​រ៉ាំរ៉ៃ ត្រូវ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​ថ្នាំ​ព្យាបាល​សំរាប់​កាត់បន្ថយ​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​។ បន្ថែម​ពី​នេះ ត្រូវ​បញ្ឈប់​ការ​សេព​សុរា ការ​ជក់បារី និង​បញ្ឈប់​ការ​ទទួល​ទាន​អាហារ​ហិល​ខ្លាំង។

វេជ្ជបណ្ឌិត ម៉ៃ សុខារិទ្ធ៖ «អ្នក​ដែល​មានHeartburnឬAcid Influxជាតិ​អាស៊ីដ​នៅក្នុង​ក្រពះ​ច្រើនពេក វា​ច្រាល​ឡើង​ដល់​បំពង់​អាហារ ហើយ​រ៉ាំរ៉ៃ រាប់​ឆ្នាំទៅ អាច​នាំ​ឲ្យ​កើត​ជំងឺមហារីក​បំពង់​អាហារ ព្រោះ​បំពង់​អាហារ​ត​ភ្ជាប់​នឹង​ក្រពះ​។ ដល់ពេល​ទឹក​អាស៊ីដ​ច្រាល​ឡើង​ដល់​បំពង់​អាហារ នាំ​ឲ្យ​កើត​មហារីក​បាន​។ អ្នកខ្លះ​រលាក​ក្រពះ​ធ្ងន់ធ្ងរ បណ្តាល​ឲ្យ​ធ្លាយ​ក្រពះ ឬ​ដំបៅ​ក្រពះ​។ ដូច្នេះ​អ្នក​ដែល​មាន​អាស៊ីដ​ច្រាល​ច្រើន​ក្នុង​ក្រពះ វេជ្ជបណ្ឌិត​ផ្តល់​ថ្នាំ​ឲ្យ​លេប​ជាប្រចាំ ដើម្បី​បញ្ចុះ​ជាតិ​អាស៊ីដ និង​ការពារ​កុំ​ឲ្យ​កើត​ជំងឺមហារីក​...»។

គេហទំព័រ​សុខភាព​វ៉ិបអឹមឌី (WebMD) បន្ត​ថា ដើម្បី​ដឹង​ច្បាស់​ពី​មូលហេតុ​បណ្តាល​ឲ្យ​រលាក​ក្រពះ គ្រូពេទ្យ​ប្រចាំ​គ្រួសារ នឹង​ធ្វើ​តេស្ដ​ឈាម ដូចជា ពិនិត្យ​ពី​កម្រិត​ឈាមស និង​ឈាមក្រហម ស្វែងរក​មេរោគ អេច្ច ផាយឡូរ៉ាយ (H. Pylori) និង​ពិនិត្យ​លាមក ក្រែង​មាន​ឈាម​។ បន្ថែម​ពី​នេះ គ្រូពេទ្យ​នឹង​បញ្ជូន​ទៅ​វេជ្ជបណ្ឌិត​ជំនាញ ដើម្បី​ឆ្លុះ​មើល​ក្រពះ (Endoscopy)​។ ការ​ឆ្លុះ​ពិនិត្យមើល​ផ្នែក​ខាងលើ​ក្រពះ​នេះ គ្រូពេទ្យ​ជំនាញ​នឹង​ស៊ក​បំពង់​ទុយយោ​ដ៏​តូច​ស្តើង​មួយ ដោយ​ដាក់​ភ្ជាប់​ជាមួយ​កាមេរ៉ា​តាម​មាត់​ចូល​ក្នុង​ក្រពះ ដើម្បី​ពិនិត្យមើល​ស្រទាប់​ក្រពះ ដោយ​កាត់​សាច់​បន្តិច (Biopsy) បញ្ជូន​ទៅ​មន្ទីរ​ពិសោធន៍ ដើម្បី​វិភាគ​រក​មូលហេតុ​ច្បាស់​លាស់។

លោក​វេជ្ជបណ្ឌិត ម៉ៃ សុខារិទ្ធ មានប្រសាសន៍​បន្ថែម​ថា ចំពោះ​វិធី​ព្យាបាល​វិញ គឺ​អាស្រ័យ​ទៅ​លើ​កម្រិត​នៃ​ជំងឺ​រលាក​ក្រពះ​។ ឧទាហរណ៍ ប្រសិនបើ​អ្នក​រលាក​ក្រពះ ដោយសារ​មេរោគ អេច្ច ផាយឡូរ៉ាយ គ្រូពេទ្យ​នឹង​ផ្តល់​ថ្នាំ​អង់ទីប៊ីយូទិក (Antibiotics)​។ ក៏ប៉ុន្តែ​ប្រសិនបើ​ការ​ផ្តល់​ថ្នាំលេប​នោះ នៅតែ​មិន​បាន​គ្រាន់បើ​ទេ អ្នកជំងឺ​ត្រូវ​បញ្ជូន​ទៅ​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ក្រពះ ដើម្បី​ឆ្លុះ​ពិនិត្យ​ក្រពះ។

វេជ្ជបណ្ឌិត ម៉ៃ សុខារិទ្ធ៖ «រោគសញ្ញា​ទូទៅ បណ្តាល​ឲ្យ​ព្រួយបារម្ភ ត្រូវការ​តាមដាន មិន​ថា​មហារីក​ក្រពះ មហារីក​ពោះវៀនធំ និង​មហារីក​សួត ធ្វើ​ឲ្យ​យើង​ស្រក​ទំងន់​ឯងៗ ដោយ​គ្មាន​មូលហេតុ​។ បើសិន​មាន​មហារីក​ក្រពះ ធ្វើ​ឲ្យ​ឈឺពោះ ហើយ​ចង់​ក្អួតចង្អោរ​ដែល​វា​រ៉ាំរ៉ៃ ព្យាបាល​អ្វី​មិន​បាត់ ត្រូវការ​ឆ្លុះ ដោយ​ត្រូវ​បញ្ជូន​ទៅ​វេជ្ជបណ្ឌិត​ជំនាញ​ខាង​ក្រពះ ដើម្បី​ឆ្លុះ​មើល​តើ​ក្រពះ​បណ្តាល​មក​ពី​មហារីក ឬ​មាន​មេរោគ​។ ដល់ពេល​ឆ្លុះ​គេ​ឃើញ​ច្បាស់លាស់​ហើយ គេ​ធ្វើBiopsy...»។

ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ឲ្យ​ដឹង​ថា គេ​មិនអាច​ដឹង​ច្បាស់​ពី​វិធី​ការពារ​ឬ​បង្ការ​ជំងឺ​រលាក​ក្រពះ​បានទេ ក៏ប៉ុន្តែ​គេ​អាច​មាន​វិធី​មួយចំនួន ដើម្បី​កាត់បន្ថយ​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​រលាក​ក្រពះ​។ វិធី​ទាំងនេះ រួមមាន ត្រូវ​ទទួលទាន​អាហារ​ឲ្យ​បាន​ទៀងទាត់​ពេលវេលា ទម្លាប់​មាន​អនាម័យ​ស្អាត​ល្អ ដូចជា​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ លាង​សំអាត​ចំណីអាហារ បន្លែ​ផ្លែឈើ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ការ​ចម្លង​មេរោគ​អេច្ច ផាយឡូរ៉ាយ កុំ​ទទួលទាន​អាហារ​ដែល​នាំ​ឲ្យ​រលាក​ស្រទាប់​ក្រពះ ក្នុង​នោះ​មាន​ទទួលទាន​សុរា ជាតិ​កាហ្វេ និង​អាហារ​ហិល​។ បន្ថែម​ពី​នេះ ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ថ្នាំ​អាស្ពីរីន (Aspirin) និង​ថ្នាំ​ផ្សះ​ប្រឆាំង​ការ​រលាក ការឈឺចាប់ និង​គ្រុនក្តៅ​។ ទោះជា​យ៉ាងនេះ​ក្តី ក្រុម​គ្រូពេទ្យ​ជំនាញ​បញ្ជាក់​ថា គេ​មិនអាច​បង្ការ​ជំងឺ​រលាក​ក្រពះ​ដែល​បង្កឡើង​ដោយ​ការ​ច្រាល​ទឹក​អាស៊ីដ និង​ជំងឺ​ក្រពះ​ដែល​បង្កឡើង​ដោយ​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ផ្សេងទៀត​បាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។