ជំងឺគ្រុនចាញ់បង្កឡើងដោយប៉ារ៉ាស៊ីតតូចល្អិតម្យ៉ាង ដែលចម្លងនិងរស់នៅក្នុងកោសិកាឈាម តាមរយៈមូសដែកគោញីខាំ។ ជំងឺមួយនេះ អាចចម្លងបានតាមរយៈការបញ្ចូលឈាម ការប្តូរសរីរាង្គ ឬការប្រើប្រាស់ម្ជុល ឬសឺរ៉ាំងដែលមានមេរោគក្នុងឈាម។
តើជំងឺគ្រុនចាញ់ មានរោគសញ្ញាអ្វីខ្លះ? ហើយគេអាចមានវិធីណាខ្លះ ដើម្បីបង្ការជំងឺគ្រុនចាញ់?
វេជ្ជបណ្ឌិតជំនាញសុខភាពនៅកម្ពុជា និងនៅសហរដ្ឋអាមេរិក យល់ស្របដូចគ្នាថា វិធីងាយស្រួលបំផុត ដើម្បីបង្ការជំងឺគ្រុនចាញ់ គឺការពារកុំឲ្យមូសដែកគោលញីខាំ គេងក្នុងមុងជ្រលក់ថ្នាំ ស្លៀកពាក់ខោអាវវែងៗ និងកំចាត់ទឹកថ្លុក ឬទឹកដក់នៅកន្លែងផ្សេងៗ ដែលនាំឲ្យកើតមូស ដូចជានៅជុំវិញគេហដ្ឋានជាដើម។ ជំងឺគ្រុនចាញ់កើតឡើងញឹកញាប់បំផុត ក្នុងចំណោមប្រជាពលរដ្ឋក្រីក្រ រស់នៅតាមជនបទដាច់ស្រយាល និងនៅតាមតំបន់ព្រៃភ្នំ។
គ្រូពេទ្យជំនាញឯកទេសទូទៅ លោក វេជ្ជបណ្ឌិត ហ៊ាង រតនា ម្ចាស់គ្លីនីកមេត្តា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា រោគសញ្ញានៃជំងឺគ្រុនចាញ់ រួមមាន គ្រុនក្តៅខ្លាំង ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ក្អួតចង្អោរ រងាញាក់ និងកម្លាំងចុះខ្សោយ។ លោកបន្តថា ប្រសិនបើមានរោគសញ្ញាណាមួយសង្ស័យថា កើតជំងឺគ្រុនចាញ់ គឺត្រូវទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ នៅតាមមន្ទីរពេទ្យបង្អែកនានា នៅក្នុងឃុំឬស្រុក ដើម្បីធ្វើតេស្តឈាមរកមេរោគគ្រុនចាញ់៖ «ជំងឺគ្រុនចាញ់ឆ្លងដោយសារមូសដែកគោលញីខាំ។ ហើយភាគច្រើនមូសដែកគោលនេះ នៅតំបន់សំបូរព្រៃភ្នំ ដូចជានៅខេត្តក្រចេះ រតនគីរី មណ្ឌលគិរី និងប៉ៃលិនជាដើម ដែលសំបូរអ្នកគ្រុនចាញ់ ដែលពលរដ្ឋរស់នៅតំបន់ព្រៃ ប៉ុន្តែអ្នកនៅទីក្រុង អ្នកនៅតាមផ្សារ អត់មានគ្រុនចាញ់ទេ ព្រោះអត់មានមូសដែកគោល តែមានមូសខ្លា។ ជំងឺគ្រុនចាញ់ គឺមានការធ្លាក់ចុះមែន អត់ដែលឃើញទេ ...»។
ជំងឺគ្រុនចាញ់ បណ្តាលឲ្យខ្វះឈាមក្រហម ស្បែកនិងភ្នែកឡើងពណ៌លឿងស្លាំង ដោយសារតែការបាត់បង់កោសិកាឈាមក្រហម។ ប្រសិនបើមិនបានទទួលសេវាព្យាបាលទាន់ពេលវេលាទេនោះ ជំងឺនេះបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដែលអាចនាំឲ្យតម្រងនោម ខូចមិនដំណើរការ ប្រកាច់ វង្វេងស្មារតី សន្លប់និងស្លាប់។
ក្រសួងសុខាភិបាលឲ្យដឹងថា ប្រជាពលរដ្ឋអាចទទួលបានសេវាព្យាបាលជំងឺគ្រុនចាញ់ដោយឥតគិតថ្លៃ ដែលនេះជាផ្នែកមួយនៃគោលនយោបាយជាតិ ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា ឲ្យអស់នៅមុនឆ្នាំ ២០២៥។
ប្រធានសមាគមសុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិក លោក វេជ្ជបណ្ឌិត តាន់ សុង ឲ្យដឹងថា ជាធម្មតា រោគសញ្ញានៃជំងឺគ្រុនចាញ់ គឺចាប់ផ្តើមចន្លោះពី១០ថ្ងៃដល់ ៣០ថ្ងៃ ក្រោយពីការឆ្លងមេរោគនេះ។ លោកបន្តថា ជំងឺគ្រុនចាញ់ដែលបារម្ភខ្លាំងជាងគេ គឺគ្រុនចាញ់សន្ធំ (ប្លាស្មូដ្យូម ហ្វាល់ស៊ីប៉ារូម-Plasmodium Falsiparum) និងគ្រុនចាញ់រ៉ាំរ៉ៃ (Plasmodium Vivax)។ ជំងឺគ្រុនចាញ់សន្ធំអាចបណ្តាលឲ្យស្លាប់ ប្រសិនបើមិនបានទទួលសេវាព្យាបាលទាន់ពេល៖ «ប្រភេទគ្រុនចាញ់ដែលខ្លាំងជាងគេ គឺ គ្រុនចាញ់ ហ្វាល់ស៊ីប៉ារូម (Falsiparum) ខ្មែរយើងហៅថា គ្រុនចាញ់សន្ធំ។ គ្រុនចាញ់សន្ធំនេះ ធ្វើឲ្យយើងឈឺខ្លួនខ្លាំងមែនទែន ជួនកាលសន្លប់ ហើយជួនកាលធ្វើឲ្យខូចដល់សរីរាង្គទាំងអស់ បើថា រស់គឺរស់ ហើយអាចនាំឲ្យស្លាប់។ ជំងឺគ្រុនចាញ់មួយទៀត គេហៅថា វីវ៉ាក (Malaria Vivax) ហ្នឹងគឺរ៉ាំរ៉ៃ គឺ៣ឬ៤ថ្ងៃ គឺញាក់ម្តង ...»។
ជំងឺគ្រុនចាញ់បណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព របស់កុមារអាយុក្រោម៥ឆ្នាំ និងស្ត្រីមានផ្ទៃពោះ។ ប្រសិនបើស្ត្រីមានផ្ទៃពោះ ដែលកើតជំងឺគ្រុនចាញ់នេះ អាចបណ្តាលឲ្យរលូត ឬទារកកើតមកមិនគ្រប់ខែ ឬកើតមកតូចពេក។
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ផ្តល់ដំបូន្មានថា ដើម្បីការពារជំងឺគ្រុនចាញ់ គឺធ្វើយ៉ាងណាការពារកុំឲ្យមូសខាំ ដោយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ដូចជាគេងក្នុងមុងជ្រលក់ថ្នាំជាដើម៖ «យើងដឹងថា ជំងឺគ្រុនចាញ់បង្កឡើងដោយសារមូសដែកគោលញីខាំ។ ដូចនេះ ដើម្បីការពារជំងឺនេះ សំខាន់បំផុត ការពារកុំឲ្យមូសខាំ។ រដ្ឋាភិបាលណែនាំពលរដ្ឋឲ្យប្រើមុងជ្រលក់ថ្នាំ ចំពោះពលរដ្ឋនៅតាមផ្ទះ ចំណែកប្រជាពលរដ្ឋដែលដើរព្រៃ គឺមានមុងអង្រឹងជ្រលក់ថ្នាំ។ ពួកគាត់គួរពេលចូលព្រៃ ឬពេលថ្ងៃត្រង់ គួរតែទម្លាប់ស្លៀកពាក់អាវខោដៃវែងជើងវែង ទាំងខ្លួនឯងទាំងកូន។ ប្រសិនបើសង្ស័យថា មានជំងឺគ្រុនចាញ់ ត្រូវប្រញាប់ទៅពេទ្យ ព្រោះអាចគ្រោះថ្នាក់ដែរ។ ចំណែកការព្យាបាលស្រួលទេ គឺញ៉ាំថ្នាំតែ៣ថ្ងៃគឺជាហើយ ...»។
បន្ថែមពីការលើកឡើងរបស់គ្រូពេទ្យជំនាញសុខភាព លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងក្នុងខួបលើកទី៥០ នៃការលុបបំបាត់ជំងឺគ្រុនចាញ់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ថា ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ទាំងស្រុង នៅឆ្នាំ២០២៥ ខាងមុខ គឺទាមទារឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន មិនថានៅទីក្រុងឬជនបទ ដើម្បីឲ្យប្រជាពលរដ្ឋយល់គ្រប់គ្រាន់ក្នុងការបង្ការ និងការពារជំងឺគ្រុនចាញ់ដោយខ្លួនឯង។ បន្ថែមពីនេះ លោកថា រដ្ឋាភិបាល ត្រូវមានយុទ្ធសាស្ត្រផ្ដល់ដល់មន្ត្រីក្រោមបង្គាប់ ឲ្យអនុវត្តវិធានការលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យបានខ្ជាប់ខ្ជួន៖ «យុទ្ធសាស្ត្រចំនួន៤រួមមាន ១ - ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺឲ្យបានរហ័ស ២ - ព្យាបាលដោយប្រើថ្នាំអាតេមីស៊ីនីនឲ្យបានត្រឹមត្រូវតាមរូបមន្តដើម្បីបញ្ចៀសភាពស៊ាំរបស់ថ្នាំនេះ ៣ - បង្ការការចម្លងមេរោគគ្រុនចាញ់ដោយប្រើប្រាស់មុងជ្រលក់ថ្នាំ និង ៤ - ការងារអប់រំលើកកម្ពស់សុខភាព ដោយមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់»។
ក្រសួងសុខាភិបាល ឲ្យដឹងថា ជំងឺគ្រុនចាញ់មានហានិភ័យខ្ពស់នៅសហគមន៍ក្រីក្រ នៅតំបន់ជនបទដែលជាតំបន់ព្រៃឈើ និងតំបន់ព្រំដែន។ ខេត្តទាំង ៤ ដែលមានអត្រាខ្ពស់នៃជំងឺគ្រុនចាញ់ រួមមាន ខេត្តមណ្ឌលគិរី កំពង់ស្ពឺ រតនគីរី និងខេត្តស្ទឹងត្រែង។ ក្រសួងសុខាភិបាល កំពុងបង្កើនក្រុមការងារជំនាញផ្នែកជំងឺគ្រុនចាញ់នៅតាមភូមិឃុំ ដើម្បីបង្កើនការចែកចាយមុងដល់ប្រជាពលរដ្ឋ និងផ្សព្វផ្សាយឲ្យពលរដ្ឋ បានយល់ដឹង និងចូលរួមកំចាត់ដង្កូវទឹក មូសដែកគោល មូសខ្លា នៅក្នុងបរិវេណផ្ទះសំបែង ដោយលុបបំបាត់វត្ថុដក់ទឹក ដូចជា សំបកកំប៉ុង ក្រឡ ពាង អាង ជាដើម។
កម្មវិធីជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ឲ្យដឹងថា ប្រទេសកម្ពុជាធ្លាប់មានករណីជំងឺគ្រុនចាញ់ចំនួន ជាង ១៧ ម៉ឺននាក់ ក្នុងនោះជិត១ពាន់នាក់ បានស្លាប់ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០។ សម្រាប់ ឆ្នាំ ២០២១ កន្លងមកនេះ ជំងឺគ្រុនចាញ់ មានការធ្លាក់ចុះនៅត្រឹមចំនួន ជិត៤ពាន់នាក់ (៣.៩៥៩) និងគ្មានអ្នកស្លាប់ទេ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។