តើគ្រួសារនីមួយៗគួរមានថ្នាំបង្ការទុកអ្វីខ្លះ ដើម្បីអាចព្យាបាលដោយខ្លួនឯងនៅផ្ទះ?
2021.08.05
វេជ្ជបណ្ឌិតនៅកម្ពុជា និងនៅសហរដ្ឋអាមេរិក ផ្តល់ដំបូន្មានអំពីវិធីព្យាបាលងាយៗ និងការត្រៀមថ្នាំសង្កូវមួយចំនួន សំរាប់ទុកនៅផ្ទះ ក្នុងលក្ខខណ្ឌចាំបាច់ណាមួយ ដើម្បីកាត់បន្ថយរោគសញ្ញាស្រាលៗ នៃជំងឺកូវីដ១៩។ តើគ្រួសារនីមួយៗ គួរមានថ្នាំបង្ការអ្វីខ្លះនៅផ្ទះ ដើម្បីអាចដឹងពីវិធីសាស្ត្រព្យាបាលដោយខ្លួនឯង?
វេជ្ជបណ្ឌិតជំនាញនៅកម្ពុជា និងមជ្ឈមណ្ឌលបង្ការជំងឺឆ្លងនៅសហរដ្ឋអាមេរិក (CDC) ឲ្យដឹងថា សម្ភារៈនិងថ្នាំពេទ្យសំរាប់ទុកបង្ការនៅផ្ទះដើម្បីព្យាបាលរោគសញ្ញាស្រាលៗ នៃជំងឺកូវីដ១៩ រួមមាន ប្រដាប់ស្ទង់កំដៅ ឬទែរម៉ូមែត្រ (Thermometer) ប្រដាប់វាស់កម្រិតខ្យល់អុកស៊ីហ្សែនក្នុងឈាម ហៅថា អ៊ុកស៊ីម៉ែត្រ (Oximeter) ថ្នាំបញ្ចុះកំដៅ ដូចជាប៉ារ៉ាសេតាម៉ុល (Paracetamol) ថ្នាំអាសិបតាមីនូហ្វេន (acetaminophen) ឬ Tylenol (ថាយឡឺណុល) និងថ្នាំក្អក ជាដើម។ បន្ថែមពីនេះ ត្រូវមានសាប៊ូ ទឹកអាកុល ឬហ្យែល សំរាប់លាងសំអាតដៃ ម៉ាស់ រក្សាគម្លាតសុវត្ថិភាពបុគ្គល ឱ្យបានយ៉ាងតិចពី ១ម៉ែត្រកន្លះឡើងទៅ។
ម្ចាស់គ្លីនិកមេត្តា នៅរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទថា ប្រការដែលយល់ដឹងពីអាការៈនៃរោគសញ្ញាជំងឺកូវីដ១៩ គឺងាយស្រួលក្នុងការសម្រេចចិត្ត ថា តើគួរតែទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ឬអត់។ ប៉ុន្តែលោកវេជ្ជបណ្ឌិតថា ប្រសិនបើអ្នកមានអាយុលើសពី ៦០ឆ្នាំ និងមានជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង ឬជំងឺសួត ជាដើម និងស្ត្រីមានផ្ទៃពោះ គួរតែទៅព្យាបាលនៅមន្ទីរពេទ្យ៖ «ចំពោះការព្យាបាលជំងឺកូវីដ១៩ គឺអ្នកដែលគួរបារម្ភខ្លាំងជាងគេ គឺអ្នកមានជំងឺរ៉ាំរ៉ៃជាប់ខ្លួននិងមនុស្សចាស់។ ប៉ុន្តែអ្វីដែលសំខាន់គួរតែតាមដាននោះ គឺគួរមានម៉ាស៊ីនអ៊ុកស៊ីម៉ែត្រ សំរាប់វាស់អុកស៊ីហ្សែន ក្នុងករណីបើក្រោម៩៥ គឺត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ។ អាហ្នឹងសំខាន់ធ្ងន់ ឬស្រាលគឺកម្រិតអុកស៊ីហ្សែន និងស្ត្រីមានផ្ទៃពោះ មនុស្សចាស់លើសពី៦០ឆ្នាំឡើងទៅ និងមានជំងឺ គឺព្យាបាលទៅមន្ទីរពេទ្យ។ ចំពោះអ្នកដែលចង់ព្យាបាលនៅផ្ទះ គួរតែតាមដានកំហាប់អុកស៊ីហ្សែនក្នុងឈាម គឺគេអាចវាស់ដោយអ៊ុកស៊ីម៉ែត ចាប់គាបហ្នឹងម្រាមដៃ...»។
លោកវេជ្ជបណ្ឌិតជំនាញរូបនេះបន្តថា ប្រសិនបើគ្រួសារណា ពុំអាចមានលទ្ធភាពទិញម៉ាស៊ីន អ៊ុកស៊ីម៉ែត្រ ដែលមានតម្លៃចន្លោះពី១៥ ដុល្លារទៅ ៣៥ដុល្លារ គេអាចកត់សំគាល់ពីកម្រិតខ្យល់អ៊ុកស៊ីហ្សែនក្នុងខ្លួនបាន គឺអស់កម្លាំងល្ហិតល្ហៃ ហត់ខុសពីធម្មតា និងពិបាកដកដង្ហើម។ ក្នុងស្ថានភាពបែបនេះ អ្នកជំងឺត្រូវទៅទទួលការព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់។
មជ្ឈមណ្ឌលបង្ការជំងឺឆ្លងនៅសហរដ្ឋអាមេរិក (CDC) ក៏បានផ្តល់ដំបូន្មានដែរថា ដើម្បីកាត់បន្ថយរោគសញ្ញា និងពង្រឹងប្រព័ន្ធការពារខ្លួន អ្នកឆ្លងជំងឺកូវីដ១៩ ត្រូវលេបថ្នាំអាសិតតាមីនូហ្វេន (acetaminophen) ដើម្បីបញ្ចុះកំដៅក្នុងខ្លួន។ ប៉ារ៉ាសេតតាម៉ុល និងអាសិតតាមីនូហ្វេន គឺជាប្រភេទថ្នាំដូចគ្នា សំរាប់កាត់បន្ថយឈឺក្បាល គ្រុនក្តៅខ្លាំង និងការឈឺចុកចាប់ក្នុងខ្លួន។ បន្ថែមពីនេះ ត្រូវទទួលទានទឹកឲ្យបានច្រើន ឬចាក់បញ្ចូលសារ៉ូម (IV) តាមសរសៃឈាម ដើម្បីរក្សាជាតិទឹកក្នុងខ្លួន និងគេងសម្រាកឲ្យបានច្រើន ដើម្បីមានកម្លាំងប្រឆាំងវីរ៉ុស ឬមេរោគ។
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា មានប្រសាសន៍បន្តថា ក្នុងករណីក្តៅខ្លួន ឈឺក្បាល ឈឺបំពង់ក សម្រាប់មនុស្សពេញវ័យ ត្រូវប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុល ៥០០មីលីក្រាម ចំនួន៣ដង ក្នុងមួយថ្ងៃ និងសម្រាប់កុមារត្រូវប្រើប្រាស់ត្រឹម ៣០០មីលីក្រាម ក្នុងមួយថ្ងៃ។ លោកបន្តថា អ្នកជំងឺគួរប្រើថ្នាំវីតាមីនសេ និងជាតិសង្កសី ដើម្បីបង្កើនប្រព័ន្ធការពារខ្លួនប្រឆាំងមេរោគ៖ «អ្នកព្យាបាលជំងឺកូវីដ១៩ស្រាល នៅផ្ទះ គឺគ្រាន់តែលេបថ្នាំ ប៉ារ៉ាសេតាម៉ុល ឬថ្នាំអាសិតតាមីនូហ្វេន។ កូនក្មេងប្រើដូស ១៥មីល្លីក្រាម ក្នុងមួយគីឡូក្រាម បើក្តៅប្រើ ៦ម៉ោងម្តង ហើយមនុស្សចាស់គាត់អាចប្រើប៉ារ៉ាម្តងមួយក្រាម ស្មើ១ពាន់មីល្លីក្រាម ៦ម៉ោងម្តង។ ហើយមួយទៀតសំខាន់ ក្នុងបញ្ហាមានជំងឺសួត ពួកជាតិស័ង្កសី សំខាន់ណាស់ជួយប្រព័ន្ធការពារ។ គេនិយាយ តែវីតាមីនសេ ប៉ុន្តែជាតិស័ង្កសីក៏ល្អដែរ មនុស្សចាស់អាចប្រើ២០មីល្លីក្រាម មួយគ្រាប់ ២ដងក្នុងមួយថ្ងៃ រយៈពេល១៤ថ្ងៃ...»។
ទោះបីជារដ្ឋាភិបាលសម្រុកចាក់វ៉ាក់សាំងលើពលរដ្ឋបានជិត៧៥% ក្នុងចំណោមពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងចំនួន ១០លាននាក់ យ៉ាងនេះក្ដី ក៏ចំនួនអ្នកស្លាប់និងអ្នកឆ្លងថ្មី នៅតែកើនឡើងខ្ពស់ដដែល។ ក្រុមអ្នកជំនាញសុខភាពអះអាងថា ប្រការដែលមានចំនួនអ្នកឆ្លងច្រើន ដោយសារវ៉ាក់សាំងដែលចាក់ជូនប្រជាពលរដ្ឋ ភាគច្រើនជាវ៉ាក់សាំងរបស់ចិនឈ្មោះ ស៊ីណូហ្វាម (Sinopham) និងស៊ីណូវ៉ាក់ (Sinovac) ដែលមានប្រសិទ្ធភាពទាប ជាងវ៉ាក់សាំងផ្សេងទៀតដូចជា វ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ហ្វាយហ្សឺរ (Pfizer) ឬម៉ូដឺណា (Moderna)។
ទោះជាយ៉ាងនេះក្តី លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ទទូចឲ្យប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ លោកថា បើទោះបីជាមានប្រសិទ្ធភាពទាប ក៏ដោយ ក៏វាជាការប្រសើរ ក្នុងការជួយការពារមិនឲ្យអ្នកជំងឺវិវត្តឈឺធ្ងន់ ឬស្លាប់បាន។ លោកសង្កត់ធ្ងន់ថា អ្នកដែលបានចាក់វ៉ាក់សាំងហើយ ទោះបីនៅតែឆ្លងមែន ប៉ុន្តែការឆ្លងនោះគឺក្នុងកម្រឹតឈឺស្រាលៗ អត់ដូចអ្នកដែលអត់បានចាក់វ៉ាក់សាំងទេ ដែលត្រូវប្រឈមឈឺធ្ងន់ និងត្រូវទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ៖ «ចំពោះដំបូន្មានរបស់ខ្ញុំគឺចាក់វ៉ាក់សាំង ឥឡូវហ្នឹងការសិក្សានៅស្រុកខ្មែរយើង គេតម្រូវឲ្យចាក់វ៉ាក់សាំងដូសទី៣។ វ៉ាក់សាំងសំខាន់ជាងគេ។ ការមើលឃើញរបស់ក្រសួងសុខាភិបាលគឺអ្នកចាក់ ២ដូសហើយ គាត់នៅតែឆ្លងច្រើនអ៊ីចឹង សម្រេចឲ្យមានចាក់ដូសទី៣ ដោយសារអ្នកចាក់២ដូសហើយប្រភេទស៊ីណូហ្វាម នៅឆ្លងច្រើន បើប្រភេទស៊ីណូវ៉ាក់ និងអាស្ត្រាហ្សេនីកា គឺលទ្ធភាពការពារបានខ្ពស់ មិនសូវមានអ្នកឆ្លងទេ។ គឺចាក់ថែមដល់អ្នកចាក់២ដង ប្រភេទស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ហើយផ្តល់ដូសទី៣ គឺប្រភេទអាស្ត្រាហ្សេនីកា...»។
កាលពីថ្ងៃទី២០ ខែមិថុនា កន្លងទៅនេះ ក្រសួងសុខាភិបាលប្រកាសពីការដាក់ឲ្យអ្នកជំងឺកូវីដ១៩ ស្រាលៗអាចព្យាបាលនៅផ្ទះបាន ក្នុងគោលបំណង ដើម្បីសម្រួលបន្ទុកដល់ក្រុមគ្រូពេទ្យ ដែលត្រូវមើលថែអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់។ ហើយការព្យាបាលតាមផ្ទះនេះ ធ្វើបានសម្រាប់តែអ្នកជំងឺកម្រិតស្រាល និងទៅតាមលក្ខខណ្ឌជាក់ស្តែងនៃលំនៅឋានរបស់អ្នកជំងឺផ្ទាល់ផងដែរ។
ក្រសួងតម្រូវឲ្យអនុវត្តជាដំបូង លើអ្នកជំងឺក្នុងភូមិសាស្ត្ររាជធានីភ្នំពេញសិន ដែលបច្ចុប្បន្ន មានអ្នកសម្រាកព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល នៅតាមផ្ទះសរុបចំនួនជាង ១ពាន់នាក់ (១.០៣៣) ខណៈអ្នកដែលព្យាបាលនៅតាមផ្ទះជាសះស្បើយមានចំនួនជិត ៣រយនាក់ (២៦៨)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។