តើ​មូល​ហេតុអ្វី​បានជា​អ្នក​ដុះ​ក្បាលពោះ​ខ្លាំង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព?

ដោយ ម៉ៅ សុធានី
2024.05.02
តើ​មូល​ហេតុអ្វី​បានជា​អ្នក​ដុះ​ក្បាលពោះ​ខ្លាំង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព?
Photo: RFA

ក្រុម​អ្នកស្រាវជ្រាវ​វេជ្ជសាស្ត្រ​រក​ឃើញ​ថា អ្នក​ធាត់​ដុះ​ក្បាលពោះ​ខ្លាំង អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល និង​ជំងឺ​ទឹកនោមផ្អែម​។ អ្នក​ដែល​មាន​ខ្លាញ់​ក្បាលពោះ​ច្រើន​បំផុត គឺ​មាន​ហានិភ័យ​ទ្វេដង នៃ​ការ​ស្លាប់​មុន​អាយុ ជាង​អ្នក​ដែល​មាន​ខ្លាញ់​ក្បាលពោះ​តិច​បំផុត។

តើ​គេ​មាន​វិធី​ណាខ្លះ ដើម្បី​អាច​កំចាត់​ខ្លាញ់​ក្បាលពោះ​នេះ​បាន?

ខ្លាញ់​ក្នុង​រាងកាយ​របស់​មនុស្ស ចែកចេញជា​២​ប្រភេទ គឺ​ខ្លាញ់​វីសសឺរ៉ល់ (Visceral fat) រុំ​ព័ទ្ធ​ជុំវិញ​សរីរាង្គ​ខាង​ក្នុង និង​ខ្លាញ់​ក្រោម​ស្បែក (Subcutaneous Fat)​។ ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​រក​ឃើញ​ថា ខ្លាញ់​វីសសឺរ៉ល់ មិនមែន​ជា​ខ្លាញ់​ល្អ​ទេ ព្រោះ​វា​រុំ​ព័ទ្ធជុំវិញ​ថ្លើម ក្រពះ លំពែង ពោះវៀន និង​សរីរាង្គ​ខាងក្នុង​ផ្សេង​ទៀត​។ កាលណា​ខ្លាញ់​វីសសឺរ៉ល់​នេះ ដុះ​រីក​ធំធាត់​កាន់តែ​ច្រើន​នៅ​ជុំវិញ​ដង​ខ្លួន និង​សរីរាង្គ​ពោះ (Abdominal Organs) បណ្តាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព រួម​មាន​ជំងឺ​ទឹក​នោមផ្អែម ជំងឺថ្លើម ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល មហារីក​សុដន់ មហារីក​ពោះវៀន មហារីក​ក្រពះ និង​មហារីក​លំពែង។

គ្រូពេទ្យ​ជំនាញ​វះកាត់​ក្រពេញ​ប្រូស្តាត​ល្បីល្បាញ​មួយ​រូប​នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក លោក​វេជ្ជបណ្ឌិត ដេវីឌ សាម៉ាឌី (David Samadi) ឲ្យ​ដឹង​ថា នៅពេល​លោក​ថត​ឆ្លុះ មុន​ពេល​វះកាត់​អ្នកជំងឺ​ដែល​មាន​ក្បាលពោះ​ធាត់​ខ្លាំង រូបភាព​បង្ហាញ​យ៉ាង​ច្បាស់​ពី​ជាតិ​ខ្លាញ់​ដ៏​ច្រើន​ហ៊ុមព័ទ្ធ​នៅ​ជុំវិញ​សរីរាង្គ​ខាងក្នុង​។ លោក​បន្ត​ថា ក្រុម​គ្រូពេទ្យ​ជំនាញ​រក​ឃើញ​ថា ខ្លាញ់​ក្បាលពោះ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ វា​បង្ក​ឲ្យ​មាន​បញ្ហា​រលាក​សរីរាង្គ​ខាងក្នុង (Inflammatory process)

វេជ្ជបណ្ឌិត ដេវីឌ សាម៉ាឌី៖ «ជា​យូរយារ​ណាស់​មក​ហើយ យើង​មិន​យល់​ពី​គ្រោះថ្នាក់​នៃ​ខ្លាញ់​ក្បាលពោះ​នេះ​ទេ ក៏ប៉ុន្តែ​បច្ចុប្បន្ន គេ​បាន​រក​ឃើញ​ថា ខ្លាញ់​ក្បាលពោះ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ បណ្តាល​ឲ្យ​កោសិកា​រលាក ដែល​នាំ​ឲ្យ​កើត​ជំងឺមហារីក​ពោះវៀនធំ (Colon cancer) និង​មហារីក​លំពែង (Pancreatic cancer)​។ កោសិកា​រលាក​នេះ​គឺជា​ប្រភព​នៃ​ជំងឺមហារីក​។ ខ្លាញ់​ដ៏​ច្រើន​នេះ​ក៏បាន​ទៅ​រួមរឹត​ថ្លើម ហើយ​កំរិត​ខ្លាញ់​ក្នុង​ក្បាលពោះ​ដ៏​ច្រើន​នេះ ក៏​វា​សង្កត់​ទៅលើ​ក្រលៀន និង​នាំ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ បញ្ហា​នេះ​ហើយ គឺជា​មូលហេតុ​ចំបង​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​។ ដូច្នេះ​ប្រសិនបើ​អាច​បំបាត់​ខ្លាញ់​ក្បាលពោះ​ឲ្យ​អស់​កាន់តែ​ឆាប់ នោះ​ជា​ការ​ប្រសើរ​បំផុត ពីព្រោះ​វា​មាន​សារៈសំខាន់​ណាស់​...»

ចំណែក​គ្រូពេទ្យ​ជំនាញ​ឯកទេស​ទូទៅ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ម្ចាស់​គ្លីនិក​មេត្តា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បច្ចុប្បន្ន ប្រទេស​កម្ពុជា​មាន​អ្នក​ធាត់​ដុះ​ក្បាលពោះ​ច្រើន ដោយសារ​ការ​បរិភោគ​អាហារ​បរិមាណ​ច្រើន​សំបូរ​បែប ទទួល​ទាន​ស្រាបៀរ ភេសជ្ជៈ​កំប៉ុង និង​ភេសជ្ជៈ​ផ្អែម​ច្រើន និង​មិនបាន​ហាត់ប្រាណ​ទៀងទាត់​។ លោក​វេជ្ជបណ្ឌិត​ពន្យល់​ពី​ផលវិបាក​មួយចំនួន​ដល់​សុខភាព បណ្តាល​មក​ពី​ការ​ធាត់​ដុះ​ក្បាលពោះ​ខ្លាំង​នេះ។

វេជ្ជបណ្ឌិត ហ៊ាង រតនា៖ «បើ​គាត់​លើស​គីឡូ លើស​ក្បាលពោះ​ទៀត គឺ​មាន​ហានិភ័យ​ខ្ពស់​។ ទី​១ គាត់​ដុះ​ក្បាលពោះ គាត់​លើស​គីឡូ មិនយូរៗ​មិនឆាប់ នឹង​វិវត្ត​លើស​ជាតិ​ខ្លាញ់​។ ពេល​លើស​ខ្លាញ់ រួច​បណ្តាល​លើស​ជាតិ​ស្ករ កើត​ទឹក​នោម​ផ្អែម បណ្តាល​ឲ្យ​លើស​សម្ពាធ​ឈាម បណ្តាល​ឲ្យ​មាន​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ខ្សោយ​បេះដូង គាំង​បេះដូង ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល ដាច់​សរសៃ​ឈាម​ខួរក្បាល និង​ជំងឺ​មិន​ឆ្លង​ជា​ច្រើន​ទៀត​...»

គេហទំព័រ​សុខភាព WebMD នៅ​សហរដ្ឋអាមេរិក​ឲ្យ​ដឹង​ថា មូលហេតុ​ធំៗ​៣​យ៉ាង​ដែល​នាំ​ឲ្យ​ដុះ​ខ្លាញ់​ពោះ​ច្រើន គឺ​របប​អាហារ​ទទួលទាន​ប្រចាំថ្ងៃ​មាន​ជាតិ​កាឡូរី​ច្រើនពេក ហាត់ប្រាណ​មិន​បាន​គ្រប់គ្រាន់​ដើម្បី​ដុត​បំផ្លាញ​ជាតិ​កាឡូរី​ក្នុង​ខ្លួន និង​វ័យចាស់​របស់​មនុស្ស ជាពិសេស​ស្ត្រី​អស់​រដូវ​។ ទោះជា​យ៉ាងនេះ​ក៏ដោយ អ្នកមាន​វ័យក្មេង ប្រសិនបើ​ទទួលទាន​អាហារ​និង​ភេសជ្ជៈ​ផ្អែម​ច្រើនពេក ប៉ុន្តែ​ហាត់ប្រាណ​តិចតួច ជាហេតុ​នាំ​ឲ្យ​ឡើង​ទំងន់ និង​ដុះ​ខ្លាញ់​ក្បាល​ពោះ​ផង​ដែរ។ បុរស​ភាគច្រើន មាន​អត្រា​ដុះ​ខ្លាញ់​ក្បាលពោះ ច្រើនជាង​ស្ត្រី​មុន​អស់​រដូវ​ទៅទៀត ដែល​បណ្តាល​មក​ពី​ការ​ទទួល​ទាន​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន មាន​កាឡូរី​ខ្ពស់ សេព​សុរា​និង​ស្រាបៀរ ច្រើន​ហួស​កំរិត។

គេហទំព័រ​សុខភាព​ដ​ដែល ឲ្យ​ដឹង​បន្ថែម​ថា ជា​ធម្មតា​ស្ត្រី​មាន​កម្រិត​ខ្លាញ់​វីសសឺរ៉ល់ (Visceral fat) តិច​ជាង​បុរស ក៏ប៉ុន្តែ​នៅពេល​អស់​រដូវ (Menopause) ស្ត្រី​ភាគច្រើន​ឡើង​ទំងន់​និង​ធាត់​ដុះ​ក្បាល​ពោះ ដោយសារ​ការ​ថយចុះ នៃ​អ៊រម៉ូន អេស្ត្រូហ្សិន (Estrogen) និង​ប្រូហ្សេស្តេរ៉ូន (Progesterone) រួម​ទាំង​ភាព​ចាស់​ជាទូទៅ ដែល​បង្ក​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ មេតាបូលីក​ក្នុង​ខ្លួន (metabolic changes) រួមមាន​ការ​ថយចុះ​ម៉ាស​សាច់ដុំ បណ្តាល​ឲ្យ​មានការ​ដុត​បំផ្លាញ​កាឡូរី​ថយ​ចុះ ជាហេតុ​នាំ​ឲ្យ​ខ្លាញ់​កកើត​ច្រើន ស្ថិត​នៅ​ដើម​ដៃ កដៃ និង​ក្បាលពោះ​។ ក៏ប៉ុន្តែ​ចំពោះ​បុរស​វិញ គឺ​ខ្លាញ់​ទាំង​នោះ វា​ច្រើន​ទៅ​ផ្គុំ​នៅ​កន្លែង​ក្បាល​ពោះ​តែម្តង ដែល​គេ​ឲ្យ​ឈ្មោះថា “Beer Belly”​។ បន្ថែម​ពី​នេះ មនុស្ស​ធាត់​ដុះ​ក្បាលពោះ​ខ្លាំង ឆ្អឹង​របស់​ពួកគេ​ខ្សោយ ឆាប់​ពុក​ស្រួយ និង​ងាយ​បាក់​នៅ​ពេល​គ្រោះថ្នាក់​ដួល ជាដើម។

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ផ្តល់​ដំបូន្មាន​ថា ដើម្បី​កាត់​បន្ថយ​ខ្លាញ់​ក្បាលពោះ​នេះ មនុស្ស​គ្រប់ៗ​គ្នា មិន​ថា ស្រី​ឬ​ប្រុស ចាស់​ឬ​ក្មេង ត្រូវ​កាត់​បន្ថយ​ការ​ទទួល​ទាន​ម្ហូបអាហារ​ដែល​មាន​ជាតិ​ខ្លាញ់ ជាតិ​ប្រៃ​ច្រើន អាហារ​បំពង អាហារ​ផ្អាប់​ទុក​យូរ និង​ភេសជ្ជៈ ដែល​ដាក់​ជាតិ​ស្ករ​ច្រើន។

វេជ្ជបណ្ឌិត ហ៊ាង រតនា៖ «បើ​និយាយ​ពី​ជំងឺ​ធាត់ យើង​ចែកចេញជា​ពីរ គឺ​អ្នក​លើស​គីឡូ គីឡូ​ធៀប​នឹង​កំពស់​។ ជា​ធម្មតា​គេ​យក​គីឡូ​ចែក​ចេញ​នឹង​កំពស់​លើក​ជា​ការ៉េ​។ អ្នកខ្លះ​អត់​លើស​ទេ​គីឡូ​ទេ តែ​បើ​ក្បាលពោះ​គាត់​ធំ គេ​គិតថា ជា​អ្នក​ធាត់​ដែរ គឺ​ការ​ដុះ​ពោះធំ​ខុសពី​ធម្មតា​។ ជាទូទៅ បើ​មនុស្ស​ប្រុស គេ​វាស់​ក្បាល​ពោះ​លើស​ពី ១០២​សង់ទីម៉ែត្រ​ទៅ គឺ​លើស​ហើយ​។ មនុស្ស​ស្រី​ចាប់ពី ៨៨​សង់ទីម៉ែត្រ​ទៅ គឺ​លើស​ហើយ​។ យើង​វាស់​ក្បាលពោះ​មួយ​ជុំ ដូច​វាស់​ចង្កេះ​ខោ​អ៊ីចឹង​...»

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បន្ត​ថា របប​អាហារ​ទទួលទាន​ប្រចាំថ្ងៃ​មាន​សារៈសំខាន់​ណាស់ ដូច្នេះ​ប្រសិនបើ​ព្យាយាម​ហើយ នៅតែ​មិន​ស្រក​ទំងន់​ទេ ត្រូវ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។

វេជ្ជបណ្ឌិត ហ៊ាង រតនា៖ «របប​អាហារ​ត្រូវ​កាត់បន្ថយ កាត់បន្ថយ​ជាតិ​ខ្លាញ់ និង​ជាតិ​ផ្អែម ហូប​ឲ្យ​មាន​កំរិត​ពេល​ត្រឹមត្រូវ​។ បើ​ហូប​ច្រើន​ត្រូវ​បញ្ចេញ​ចលនា​និង​ធ្វើការ​ឲ្យ​ច្រើន បើ​ហូប​ច្រើនជាង​កាឡូរី ដែល​យើង​បញ្ចេញ គឺ​មិនយូរ​មិនឆាប់ គឺ​យើង​ឡើង​គីឡូ​។ បើ​ពិបាក​សម្រក​ទំងន់ ត្រូវ​ការ​រក​គ្រូពេទ្យ​ឲ្យ​ជួយ​គ្រូពេទ្យ​មាន​ថ្នាំ​មួយចំនួន មិនមែន​ថ្នាំ ឬ​អាហារ​លក់​អនឡាញ​ទេ គេ​មាន​ទាំង​ប្រភេទ​លេប​និង​ប្រភេទ​ចាក់​ទៀត​ដូច នៅ​អាមេរិក ប្រភេទ​ចាក់​កំពុង​ពេញ​និយម។ នៅ​អាមេរិក​សំបូរ​អ្នក​ធាត់ និង​មាន​អ្នក​ស្លាប់​ច្រើន​ដោយសារ​កត្តា​រោគសញ្ញា​មេតាបូលីក (Metabolic Syndrome)…»

គេហទំព័រ​សុខភាព WebMD ឲ្យ​ដឹង​បន្ថែម​ថា រោគសញ្ញា​មេតាបូលីក (Metabolic Syndrome) គឺជា​ចង្កោម​ជំងឺ​កើតឡើង​ព្រមៗ​គ្នា នាំ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។ លក្ខខណ្ឌ​ទាំងនេះ រួមមាន​ការ​កើនឡើង​សម្ពាធ​ឈាម ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ដុះ​ខ្លាញ់​ច្រើន​នៅ​ជុំវិញ​ចង្កេះ និង​កម្រិត​កូឡេស្តេរ៉ុល មិន​ល្អ​កើនឡើង​ខ្ពស់។

ការស្រាវជ្រាវ​ផ្នែក​សុខភាព​ជាច្រើន ក៏បាន​បង្ហាញ​ដែរ​ថា ដើម្បី​កាត់បន្ថយ​ឬ កំចាត់​ខ្លាញ់​ក្បាលពោះ​នេះ​បាន ក្នុង​នោះ​រួមមាន ដើរ​ហាត់ប្រាណ រត់ ឬ​ជិះ​កង់ យ៉ាងតិច​ឲ្យ​បាន​៣០​នាទី ក្នុង​មួយ​ថ្ងៃ លើក​ទំងន់ ទទួល​ទាន​របប​អាហារ​មាន​តុល្យ​ភាពល្អ ដើម្បី​រក្សា​ទំងន់​កុំ​ឲ្យ​ធាត់​ពេក កាត់បន្ថយ​ភាព​តានតឹង​ក្នុង​ចិត្ត គេង​ឲ្យ​បាន​គ្រប់គ្រាន់ កាត់បន្ថយ​ការ​ទទួល​ទាន​សុរា​ច្រើន ហាម​ជក់បារី និង​មិន​ត្រូវ​ធ្វើការ​វះកាត់​យក​ខ្លាញ់​ចេញពី​ក្បាលពោះ​នោះ​ទេ​។ បន្ថែម​ពី​នេះ ត្រូវ​ទទួល​ទាន​សាច់​សុទ្ធ ដូចជា​សាច់​ត្រី សាច់​មាន់ បន្លែ​និង​ផ្លែឈើ គ្រាប់​ធញ្ញជាតិ ទទួល​ទាន​ទឹក និង​តែ​បៃតង (Green tea) ព្រោះ​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា តែ​បៃតង គឺ​មាន​ជាតិ​អង់ទីអ៊ុកស៊ីដេនទ៍ (Antioxidants) ដែល​អាច​ជួយ​កំចាត់ ឬ​កាត់បន្ថយ​ខ្លាញ់ Visceral នេះ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។