តើ​មូលហេតុ​អ្វី​បណ្ដាល​ឲ្យ​ឈឺក្បាល​នៅ​ពេល​ក្រោក​ពី​ដំណេក​ព្រឹក​ឡើង?

ដោយ ម៉ៅ សុធានី
2020.11.26
ឈឺ​ក្បាល តើ​មូលហេតុ​អ្វី​បណ្ដាល​ឲ្យ​ឈឺក្បាល​នៅ​ពេល​ក្រោក​ពី​ដំណេក​ព្រឹក​ឡើង?
Photo: RFA

មនុស្ស​គ្រប់រូប នរណា​ក៏​ធ្លាប់​មាន​បទពិសោធន៍​ឈឺក្បាល​ដែរ​។ ការ​ឈឺ​ក្បាល​ខ្លះ ដោយ​សារភាព​តានតឹង​ផ្លូវចិត្ត បញ្ហា​ការងារ ឬ​មិនបាន​ទទួលទាន​អាហារ​ជាដើម​។ ការ​ឈឺ​ក្បាល​ម្ដងម្កាល គេ​អាច​ទិញ​ថ្នាំ​មក​លេប បំបាត់​ការ​ឈឺ​ចាប់​បាន ដូចជា ថាយឡឺណុល (Tylenol) ឬ ប៉ារ៉ាសេតាម៉ុល (Paracetamol) ជាដើម ដោយ​មិនបាច់​មាន​វេជ្ជបញ្ជា​។ ក៏ប៉ុន្តែ​ប្រសិន​ការ​ឈឺ​ក្បាល​នោះ មាន​សភាព​ខ្លាំង ឈឺ​ខ្ទោកៗ​ក្នុង​ក្បាល វិលមុខ ស្រវាំងភ្នែក គឺ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។

តើ​មូល​ហេតុអ្វី​បណ្ដាល​ឲ្យ​ឈឺក្បាល​ពេលព្រឹក​? តើ​ការ​ឈឺ​ក្បាល​បែប​ណា ដែល​ជា​សញ្ញា​អាសន្ន គួរ​ឲ្យ​ព្រួយបារម្ភ?

អ្នក​ជំនាញ​សុខភាព​លើកឡើង​ថា សញ្ញា​អាសន្ន​នៃ​ការ​ឈឺ​ក្បាល ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត គឹ​នៅ​ពេល​កំពុង​ឈឺក្បាល​នោះ មាន​អាការៈ​ស្ពឹក​ដៃ​ស្ពឹក​ជើង រឹង​ក និង​ក្តៅ​ខ្លួន​ថែមទៀត​។ ប្រសិនបើ​មាន​ករណី​ទាំងនេះ​កើតឡើង​ភ្លាម អ្នកជំងឺ​ត្រូវ​រួសរាន់ យក​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ដើម្បី​សង្គ្រោះ​ជីវិត។

វេជ្ជបណ្ឌិត​ជំនាញ​ខ្មែរ​អាមេរិកាំង លោក ផេង សុធីរ ដែល​បច្ចុប្បន្ន​ធ្វើការ​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ ក្នុង​រដ្ឋកាលីហ្វរនីញ៉ា (California) មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា បញ្ហា​ឈឺក្បាល​ខ្លះ បណ្ដាល​ឲ្យ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល៖ «ជួនកាល​សរសៃឈាម​ក្នុង​ខួរក្បាល​អាច​បែក ហ្នឹង​ឈឺក្បាល​ខ្លាំង ដូចជា​ចាក់​ក្នុង​ខួរក្បាល​ហ្នឹង ពេល​ឃើញ​ថ្ងៃ​ឬ ភ្លើង ធ្វើ​ឲ្យ​ឈឺក្បាល​ខ្លាំង​មែនទែន​។ ខ្លះ​ដោយសារ​អត់​ព្យាបាល​ជំងឺលើសឈាម អាច​ធ្វើ​ឲ្យ​សរសៃឈាម​ក្នុង​ខួរក្បាល​ផ្ទុះ មាន​ឈាម​កក​ក្នុង​ខួរក្បាល​។ ហ្នឹង​ទ្រាំ​អត់​បានតែ​ម្តង សូម្បី​សំឡេង ភ្លើង ជួនកាល​ជួយ​អត់​បាន​ទេ នៅ​ពេល​ទៅដល់​ពេទ្យ​។ តែ​បើ​ឈឺក្បាល​នោះ​អត់​មាន​រឹង​ក អត់​ក្តៅ​ខ្លួន និង​ស្ពឹក​ដៃជើង​ទេ ហ្នឹង​អត់​អី​ទេ»

គេហទំព័រ​សុខភាព WebMD ឲ្យ​ដឹង​ថា គេ​អាច​កត់សំគាល់​រោគសញ្ញា​អាសន្ន​មួយ​ចំនួន​ទៀត ដូចជា​ការ​ឈឺ​ក្បាល​នោះ​ចាប់ផ្ដើម​ភ្លាមៗ ក្នុង​រយៈពេល​មួយ ឬ​ពីរ​វិនាទី បណ្ដាល​ឲ្យ​ឈឺ​ចុកចាប់​ខ្លាំង នេះ​អាច​ជា​មូលហេតុ​មកពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​រលាក​ខួរក្បាល​ឬ​រលាក​ស្រោមខួរ​។ ប្រសិនបើ​នៅ​ពេល​ឈឺក្បាល​នេះ ស្រវាំងភ្នែក ខ្សោយកម្លាំង មាន​អារម្មណ៍​ច្របូកច្របល់ និង​ថែមទាំង​ក្តៅ​ខ្លួន​នោះ គឺ​ត្រូវ​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​ជា​បន្ទាន់។

តើ​មូល​ហេតុអ្វី នាំ​ឲ្យ​ឈឺក្បាល​ពេលព្រឹក?

គេហទំព័រ​សុខភាព WebMD ឲ្យ​ដឹង​ថា មូលហេតុ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​ឈឺក្បាល​ពេល​ក្រោក​ពី​ដំណេក រួមមាន ការ​គេង​មិន​គ្រប់គ្រាន់ ការ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ច្រើន​រយៈពេល​យូរ ការ​កកិត​ធ្មេញ ឬ​ខាំធ្មេញ​ពេល​គេង ស្រមុក​ខ្លាំង​ពេល​គេង និង​ករណី​ខ្លះ​ទៀត បណ្តាល​មក​ពី​បញ្ហា​បាត់​ដង្ហើម​ខ្លី​ពេល​គេង (Sleep Apnea)​។ ករណី​បាត់​ដង្ហើម​ខ្លី​ពេល​គេង​នេះ ដោយសារ​សាច់ដុំ​បំពង់ក បិទ​បំពង់ខ្យល់ ដែល​មិន​អាច​នាំ​ខ្យល់​អុកស៊ីហ្សែន ចូល​ក្នុង​សួត។ បញ្ហា​នេះ​ហើយ គឺ​បណ្ដាល​ឲ្យ​កម្រិត​កាបូន​ឌីអុកស៊ីត (Carbon Dioxide) ឡើង​ខ្ពស់​ក្នុង​ឈាម បង្កើន​សម្ពាធ​ក្នុង​ក្បាល ដែល​បណ្ដាល​ឲ្យ​ឈឺក្បាល​នៅ​ពេល​ក្រោក​ឡើង​ពេល​ព្រឹក។

លោក​វេជ្ជបណ្ឌិត ផេង សុធីរ មាន​ប្រសាសន៍​បន្ថែម​ថា ការ​ឈឺ​ក្បាល​ពេលព្រឹក ក៏​អាច​បណ្តាល​មក​ពី​ការ​គិត​ច្រើន មាន​បញ្ហា​ក្នុង​គ្រួសារ និង​ខ្លះ​ទៀត ទទួលទាន​សុរា​ច្រើន​នៅ​ពេល​យប់ មុន​ចូល​គេង​ផង​ដែរ៖ «ឈឺក្បាល​មាន​ច្រើន​ណាស់ អ្នកខ្លះ​ញ៉ាំ​កាហ្វេ​រាល់ថ្ងៃ​ពេល​ធ្វើការ ដល់​ថ្ងៃ​សៅរ៍​អត់​ញាំ​កាហ្វេ គឺ​អាច​ឈឺក្បាល​ទី​១​។ ទី​២ អ្នក​ញ៉ាំ​សុរា​ច្រើន ពេលយប់ ងើបឡើង​ឈឺក្បាល។ ហើយ​ទី​៣ ពេលមុន​គេង យើង​យក​រឿង​អ្វី​ខ្លះ​ទៅ​គេង ជាមួយ​។ កាលណា​អត់​គេង​លក់​ស្រួល បណ្ដាល​ឲ្យ​ឈឺក្បាល​ផង​ដែរ»

បន្ថែម​ពី​នេះ គេហទំព័រ​សុខភាព​ដដែល​បន្ត​ថា អ្នកមាន​បញ្ហា​គេង​រ៉ាំរ៉ៃ​គេង​មិន​លក់ អ្នក​មាន​បញ្ហា​តានតឹង​ក្នុង​ចិត្ត ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ក្បាល​រយៈពេល​យូរ ពេលខ្លះ​អាច​បណ្ដាល​ឱ្យ​ឈឺក្បាល​កាន់តែ​ច្រើន​ទៅវិញ​ទេ​។ ករណី​ឈឺក្បាល​ខ្លះ បណ្ដាល​មក​ខ្នើយ​គេង ដោយ​ខ្នើយ​នោះ​មិន​ជួយ​ទ្រ​ក្បាល​ឱ្យ​បាន​ល្អ​ត្រឹមត្រូវ តែ​បែរជា​ដាក់​សម្ពាធ​លើ​កញ្ចឹងក​និង​ស្មា​។ មូលហេតុ​នេះ​ហើយ បណ្ដាល​សាច់ដុំ​កញ្ចឹងក និង​ស្មា ឡើង​រឹង បណ្តាល​ឱ្យ​ឈឺក្បាល​ពេល​ក្រោក​ឡើង។

តើ​ការ​ឈឺ​ក្បាល​ចែក​ចេញ​ជា​ប៉ុន្មាន​ប្រភេទ?

គេហទំព័រ​សុខភាព​ឲ្យ​ដឹង​ផង​ដែរ​ថា ការ​ឈឺ​ក្បាល​នៅ​ពេល​ក្រោក​ពី​ដំណេក​ពេល​ព្រឹក មាន​៣​ប្រភេទ​៖ ទី​១ ឈឺក្បាល​តានតឹង (Tension Headaches) គឺជា​ប្រភេទ​ឈឺក្បាល​ធម្មតា កើត​ឡើង​ម្ដងម្កាល គ្មាន​អ្វី​គួរ​ឱ្យ​ព្រួយបារម្ភ​ទេ គ្រាន់តែ​សម្រាក ឬ​ទទួលទាន​ថ្នាំ​ប៉ារ៉ាសេតាម៉ុល ថាយឡឺណុល ម៉ូទ្រីម (Motrin) នោះ​នឹង​បាន​ធូរស្រាល​ឡើងវិញ​។ ប្រភេទ​ទី​២ គឺ​ឈឺក្បាល​ប្រកាំង (Migraine headaches) និង​មាន​រោគសញ្ញា​មួយ​ចំនួន​ទៀត ដូចជា​ចង្អោរ ក្អួត និង​ការ​ប្រែប្រួល​ពន្លឺ​ឬ​សំឡេង​។ ប្រភព​ដដែល​បន្ត​ថា ៥០% នៃ​អ្នក​ឈឺក្បាល​ប្រកាំង ចាប់ផ្ដើម​ពី​ម៉ោង ៤​ព្រឹក​ដល់ ៩​ព្រឹក ហើយ​ឈឺ​ញឹកញាប់ យ៉ាងតិច ១៥​ដង ក្នុង​មួយ​ខែ។

ចំណែក​ឈឺក្បាល​ប្រភេទ​ទី​៣ វិញ​គេ​ឲ្យ​ឈ្មោះថា ឈឺក្បាល​ជា​ចង្កោម (Cluster headaches)​។ ឈឺក្បាល​ចង្កោម​នេះ កើតឡើង​ម្ដង ឬ​ពីរ​ដង​ក្នុង​មួយថ្ងៃ ដែល​មាន​រយៈពេល​ពី ៣០ ទៅ ៩០ នាទី និង​ឈឺ​ជាប់​រយៈពេល​ចាប់ពី ២ ឬ​៣​សប្ដាហ៍ ឬ​ឈឺ​រាប់​ខែ​។ មិន​ដូច​អ្នក​ឈឺក្បាល​ប្រកាំង​ទេ អ្នក​ឈឺក្បាល​ចង្កោម គឺ​ឈឺ​ចុកចាប់​ខ្លាំង ឈឺ​ខ្ទោកៗ​ក្នុង​ផ្នែក​ម្ខាង​ក្បាល មាន​អារម្មណ៍​ពិបាក​ក្នុង​ខ្លួន តឹង​ច្រមុះ ក្ដៅ​ក្នុង​ភ្នែក ភ្នែក​ឡើង​ក្រហម ក្រហាយ និង​ហៀរ​ទឹកភ្នែក​។ ជារឿយៗ​អ្នក​ឈឺក្បាល​ចង្កោម​នេះ ពិបាក​ទ្រាំទ្រ​ណាស់ ចូលចិត្ត​ទង្គិច​ក្បាល​ខ្លួនឯង​នឹង​ជញ្ជាំង ហើយ​ពួកគេ​អស់សង្ឃឹម​ក្នុង​ជីវិត រហូតដល់​ចង់​ធ្វើ​អត្តឃាត​ក៏​មាន។

តើ​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​កុំ​ឲ្យ​ឈឺក្បាល​នៅ​ពេល​ក្រោក​ពី​ដំណេក​ព្រឹក​ឡើង​?

គេហទំព័រ​សុខភាព​ដដែល ឲ្យ​ដឹង​ថា ប្រសិនបើ​ឈឺក្បាល​ប្រភេទ​ទី​២ ឬ​ទី​៣ ចាំបាច់​ត្រូវ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​។ ចំណែក​វិធី​ព្យាបាល​វិញ គឺ​វេជ្ជបណ្ឌិត​ជំនាញ​នឹង​ធ្វើ​តេស្ត សាកសួរ​ពី​មូលហេតុ ព្រមទាំង​ប្រវត្តិ​ពី​ជំងឺ​ផង មុន​ផ្ដល់​ថ្នាំ​សម្រាប់​បំបាត់​និង​ការពារ​ការ​ឈឺ​ក្បាល​ប្រកាំង ឬ​ឈឺក្បាល​ចង្កោម​។ ចំពោះ​អ្នក​ដែល​មាន​បញ្ហា​បាត់​ដង្ហើម​ខ្លី​ពេល​គេង​ឬ​គេង​មិន​ដកដង្ហើម (Sleep Apnea) វិធី​ការ​ព្យាបាល​គឺ​ប្រើ​ម៉ាស៊ីន CPAP ដែល​រុញ​ខ្យល់​ចូល​សួត​នៅ​ពេល​គេង និង​ប្រើ​ឧបករណ៍​ផ្សេងទៀត​ធ្វើ​ឱ្យ​បើក​បំពង់ក ដើម្បី​ជួយ​ដល់​ការ​ដកដង្ហើម។

ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ការហាត់​ប្រាណ​និង​ការ​ទទួល​ទាន​អាហារ​ទ្រទ្រង់​សុខភាព អាច​ជួយ​ឲ្យ​មាន​សុខភាព​ល្អ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ ការ​ឈឺ​ក្បាល​ប្រកាំង​អាច​បណ្តាល​មក​ពី​ការ​គេង​មិន​លក់​ដែល​អាច​ធ្វើ​ឲ្យ​មានការ​ឈឺក្បាល​កើតមាន​ជា​ញឹកញាប់​។ អ្នក​ជំនាញ​សុខភាព​ណែនាំ​ឲ្យ​កែប្រែ​ទម្លាប់​មួយ​ចំនួន ដូចជា​ត្រូវ​ចូល​គេង​ទៀងទាត់​ពេលវេលា​ជា​រៀងរាល់ថ្ងៃ គេង​ឲ្យ​បាន​យ៉ាងតិច​បំផុត​គឺ ៨ ម៉ោង ជៀសវាង​ប្រើ​ទូរស័ព្ទ​មុន​ពេល​ចូល​គេង កុំ​គេង​ថ្ងៃ ញ៉ាំ​អាហារ​ឲ្យ​បាន ៤​ម៉ោង​មុន​ចូល​គេង និង​ជៀសវាង​ការ​ទទួល​ទាន​សុរា​ច្រើន និង​កាហ្វេ​អ៊ីន មុន​ពេល​ចូល​គេង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។