តើ​ឪពុក​ម្តាយ​និង​គ្រូ​គប្បី​អប់រំ​កូន​និង​សិស្ស​ដោយ​វិធី​ណា?

តាម​ការ​ស្រាវជ្រាវ​អ្នក​ឯកទេស​ផ្នែក​គរុ​កោសល្យ​បាន​ឲ្យ​ដឹង​ថា សាលារៀន​ជា​មជ្ឈមណ្ឌល​បង្កើន​ចំណេះ និង​អប់រំ​គ្រប់​អ្នក​សិក្សា​ឲ្យ​ក្លាយ​ជា​ពលរដ្ឋ​ដែល​សង្គម ដែល​ប្រទេស​ត្រូវ​ការ​ក្នុង​ពេល​អនាគត។

0:00 / 0:00

លោកស្រី ជិន យ៉ាហន មន្រ្តី​នាយកដ្ឋាន​ស្រាវជ្រាវ​គរុ​កោសល្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​មាន​តួនាទី​ជា​មាតា​ផង​និង​ជា​អ្នក​អប់រំ​ផង បាន​ផ្តល់​មតិ​នៅ​ជុំវិញ​ការ​អប់រំ​កូន​ប្រុស​កូន​ស្រី​ថា ដើម្បី​កសាង​មនុស្ស​ម្នាក់​ឲ្យ​បាន​ជា​ពលរដ្ឋ​ល្អ​ប្រសើរ​បាន គឺ​មិន​មែន​គ្រាន់​តែ​ការ​សិក្សា​នៅ​សាលា​រៀន​មួយ​មុខ​ទេ គឺ​អាស្រ័យ​ការ​អប់រំ​ដែល​ផ្សា​ភ្ជាប់​រវាង​សាលា គ្រួសារ និង​បរិយាកាស​សង្គម ហើយ​ដើម្បី​ឲ្យ​មាន​ជោគជ័យ​បាន​នោះ ក៏​ត្រូវ​ប្រើ​ពេល​វេលា​ផង​ដែរ។

អ្នកគ្រូ ជុំ វណ្ណា សាស្រ្តាចារ្យ​នៅ​វិទ្យាល័យ​កំពង់​ឈើទាល ស្រុក​ប្រាសាទ​សម្បូរ ខេត្ត​កំពង់ធំ មាន​មតិ​ក្នុង​ការ​ណែនាំ​និង​បទ​ពិសោធន៍​របស់​អ្នកគ្រូ​ដែល​បាន​បង្រៀន និង​អប់រំ​សិស្ស​មក​ជម្រាប​ដូច្នេះ​ថា ៖ «ឪពុក​ម្តាយ​គឺ​ត្រូវ​ធ្វើ​ជា​គំរូ​ដល់​កូន គឺ​ប្រព្រឹត្ត​តែ​អំពើ​ល្អ​ដើម្បី​ឲ្យ​កូន​យក​តម្រាប់​តាម។ ដាច់​ខាត​កុំ​ប្រព្រឹត្ត​នូវ​អំពើ​អបាយមុខ ដូចជា​ស្រី ស្រា ល្បែង ថ្នាំ​ញៀន​ក្តី ដែល​នាំ​ឲ្យ​កូន​មើល​ឃើញ ហើយ​អាច​យក​តម្រាប់​តាម។ អ៊ីចឹង​ការ​រស់​នៅ​ដើម្បី​ឲ្យ​កូន​យើង​មាន​សីលធម៌​រស់នៅ​បាន​ល្អ ទាល់​តែ​យើង​ដែល​ជា​មនុស្ស​ធំ​ហ្នឹង​ផ្តល់​នូវ​គំរូ​ល្អៗ​ដល់​កូន»

អ្នកគ្រូ​សាស្ត្រាចារ្យ​បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​ឪពុក​ម្តាយ គួរ​លើក​ឡើង​មក​បញ្ជាក់​ផង​ដែរ​ថា តើ​យើង​គួរ​អប់រំ​កូន​និង​ណែនាំ​យ៉ាង​ណា​ដើម្បី​ឲ្យ​កូន​មាន​ស្មារតី​ទទួល​ខុស​ត្រូវ តើ​កូន​ដែល​មាន​វ័យ​ជា​យុវវ័យ​នេះ​មាន​សេចក្តី​ក្លាហាន​នឹង​ទទួល​ការ​ពិត​បាន​ដែរ ឬ​ទេ? ដូចជា​រឿង​អាថ៌​កំបាំង​ចម្ងល់​ក្នុង​ការ​ពិគ្រោះ​ជាមួយ​ឪពុក​ម្តាយ​ជាដើម។

អ្នកគ្រូ ជុំ វណ្ណា មានប្រសាសន៍ថា ៖ «ពេល​នោះ​យើង​ត្រូវ​ចូល​ទៅ​ជិត​កូន ហើយ​និយាយ​សួរ​ពី​​មូលហេតុ​កូន​ ហើយ​ប្រាប់​​​កូន​​ដោយ​ត្រង់ៗ​ថា កូន​មាន​បញ្ហា​អី​កូន​ប្រាប់​ម្ដាយ​មក ម្ដាយ​នឹង​ជួយ​រាល់​​បញ្ហា​ដែល​កើត​មាន​ឡើង​ជា​វិបត្តិ​នៅ​ក្នុង​ខ្លួន​កូន»

ទន្ទឹម​នឹង​ទស្សនៈ​អប់រំ​សីលធម៌​នេះ​ដែរ អ្នកគ្រូ សេង ស៊ីណា សាស្រ្តាចារ្យ​នៅ​វិទ្យាល័យ​កំពង់​ឈើទាល ស្រុក​ប្រាសាទ​សម្បូរ ខេត្ត​កំពង់ធំ បង្រៀន​ផ្នែក​សីលធម៌​និង​ពលរដ្ឋ​វិជ្ជា បាន​លើក​ឡើង​ពី​ការ​អប់រំ​កូន​ដែល​មាន​វ័យ​នៅ​មធ្យម​សិក្សា​ថា ៖ «ឪពុក​ម្តាយ​គ្រប់​រូប​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មូលដ្ឋាន​គ្រឹះ​កាល​នៅ​បឋម​សិក្សា។ នៅ​ពេល​ចូល​ដល់​អនុ​វិទ្យាល័យ ឬ​វិទ្យាល័យ​នេះ យក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះ​អាកប្បកិរិយា​របស់​កូន ទាំង​ការ​សិក្សា ទាំង​អាកប្បកិរិយា។ ឪពុក​ម្តាយ​មិន​គួរ​ទម្រើស​កូន ដូចជា​ការ​ឲ្យ​លុយ​កូន​ទិញ​គ្រឿង​អលង្ការ ឬ​ក៏​សម្ភារៈ។ សិស្ស​ដែល​រៀន​ពូកែ​មិន​ទម្លាប់​តែង​ខ្លួន សិស្ស​ដែល​រៀន​ខ្សោយ​ដែល​មាន​ស្នេហា​អី​ច្រើន​តែង​មាន​ការ​រៀបចំ​ខ្លួន​ប្លែក»

ចំណែក​លោក​សាស្រ្តាចារ្យ ឡៅ ឈីវអ៊ា សកល​វិទ្យាធិកា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ ផ្នែក​ចិត្ត​សាស្រ្ត បាន​មាន​ប្រសាសន៍​ថា ក្រសួង​អប់រំ​យុវជន​និង​កីឡា​តម្រូវ​ការ​ឲ្យ​សាស្រ្តាចារ្យ និង​គ្រូ​បង្រៀន​មាន​ការ​ចេះ​ដឹង​ផ្នែក​ចិត្ត​វិទ្យា​ក្នុង​ការ​បង្រៀន​សិស្ស​នៅ​មធ្យម​សិក្សា​និង​បឋម​សិក្សា។

សាស្រ្ដាចារ្យ ឡៅ ឈីវអ៊ា មាន​ប្រសាសន៍​ដូច្នេះ ៖ «ក្នុង​នាម​ជា​គ្រូ​ទូទាំង​ប្រទេស យើង​ឃើញ​ថា​គ្រូ​ទាំង​ប្រទេស​មាន​ចំនួន​ប្រហែល​ជា​ពី ៩ ទៅ ១០​ម៉ឺន​នាក់ ដូច្នេះ​បើ​គ្មាន​ចំណេះ​ដឹង​ចិត្ត​វិទ្យា​ទេ គាត់​មិន​អាច​យល់​ពី​ចិត្ត​វិទ្យា​នៃ​វ័យ ដូច្នេះ​ពេល​ហ្នឹង​គាត់​គ្រប់គ្រង​មិន​បាន​ទេ ជួន​កាល​វ័យ​គេ​នៅ​ក្មេង​គាត់​ចង់​ឲ្យ​ចាស់​ដូច​គាត់ ពេល​ហ្នឹង​ហើយ​ដែល​មាន​ទំនាស់​បដិបក្ខ​រវាង​វ័យ​ចាស់​និង​វ័យ​ក្មេង។ ដូច្នេះ​គ្រូ​ទាំង​អស់ សាស្រ្តាចារ្យ​ទាំង​អស់ សុទ្ធ​តែ​ជា​អ្នក​ចេះ​ដឹង មាន​ចំណេះ​ចិត្ត​វិទ្យា​ចាំ​បាច់​ណាស់»

លោក​មាន​ប្រសាសន៍​ថា ការ​សិក្សា​ដែល​មាន​ការ​បង្ហាត់​បង្ហាញ​ដោយ​គ្រូ​ដែល​មាន​គរុ​កោសល្យ​ល្អ​អាច​ជា​ជំនួយ​ដល់​សិស្ស​ក្នុង​ការ​បង្កើន​នូវ​ប្រាជ្ញា​ស្មារតី ចំណេះ​ដឹង នឹង​ឈាន​ទៅ​រក​អនាគត​ដ៏​ភ្លឺ​ស្វាង។

លោក​សាស្ត្រាចារ្យ ព្រោន វ៉ា នាយក​វិទ្យាល័យ​ទេពប្រណម្យ នៅ​ខេត្ត​កណ្តាល បាន​មាន​ប្រសាសន៍​លើក​ឡើង​ពី​ការ​អប់រំ​របស់​ដូន​តា​សម័យ​មុន​ដែល​បាន​ចង​ក្រង​ជា​សៀវភៅ​គម្ពីរ​ក្បួន​ច្បាប់​តម្រា​ជាច្រើន​សម្រាប់​ជា​គតិ​ទូន្មាន​កូន​ចៅ​ប្រុស​ស្រី​ឲ្យ​ដឹង​ខ្ពស់​ទាប បាប​បុណ្យ អាក្រក់​ល្អ ស​ខ្មៅ ដែល​បន្សល់​ទុក​ដល់​សព្វថ្ងៃ​ដូច​ជា ៖ «ខ្មែរ​យើង​សម្បូរ​ទៅ​ដោយ​ក្បួន​ច្បាប់​ផ្សេងៗ ជាពិសេស​អស់​លោក​ដែល​ជា​កវី​និពន្ធ​ជំនាន់​មុនៗ គឺ​លោក​មាន​ច្បាប់​មាន​ក្បួន​សម្រាប់​ទូន្មាន​ដល់​កូន​ចៅ​ប្រុស​ស្រី​យើង ជា​ពិសេស​ដូច​ជា​ច្បាប់​ប្រុស ច្បាប់​ស្រី។ ច្បាប់​ទាំង​អស់​នេះ​ខ្ញុំ​យល់​ថា​ល្អ​ដែល​អាច​នាំ​យើង​ជា​កុលបុត្រ កុលធីតា​ខ្មែរ ត្រូវ​រៀន​ឲ្យ​បាន​ចេះ​ចាំ ហើយ​យក​ច្បាប់​នេះ​ដាក់​នឹង​ខ្លូន​ដើម្បី​ធ្វើ​ការ​អប់រំ​ខ្លួន​ទៅ​តាម​ក្បួន​ច្បាប់​ប្រពៃណី​ដ៏​ល្អ​ប្រសើរ​នេះ »

លោកស្រី កុយ វ៉េត បច្ចុប្បន្ន​ជា​សមាជិកា​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. កាល​ពី​នៅ​ជា​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សំឡេ​ស្រី្ត​ខ្មែរ បាន​មាន​ប្រសាសន៍​ពី​ការ​សង្កេត​និង​យល់​ឃើញ​របស់​លោកស្រី​ថា ៖ «ខ្ញុំ​សង្កេត​ឃើញ​ថា​សព្វថ្ងៃ​នេះ សិស្ស​មិន​ស្តាប់​គ្រូ មិន​ខំ​រៀន ហើយ​ការ​ដែល​មិន​ខំ​រៀន មិន​មែន​ខាត​លោកគ្រូ​នោះ​ទេ គឺ​ខាត​សិស្ស​ខ្លួន​ឯង ខាត​អនាគត​ខ្លួន​ឯង ហើយ​ដែល​ខ្លួន​ចេះ​តែ​មើល​ស្រាល​ដល់​វិន័យ​សាលារៀន វិន័យ​របស់​គ្រូ អ៊ីចឹង​ខ្លួន​តែង​ភ្លើត​ភ្លើន​ផ្តេសផ្តាស​នាំ​គ្នា​ទៅ​ធ្វើ​អ្វី​ដែល​មិន​គួរ​គប្បី ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខូច​អនាគត​របស់​ខ្លួន​ឯង»

លោកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា ដើម្បី​បង្កើន​ការ​អប់រំ​នេះ​ឲ្យ​បាន​ប្រសើរ ទ្រឹស្តី​សំខាន់​មួយ​ដែល​លោកគ្រូ​អ្នកគ្រូ​គួរ​ប្រកាន់​យក​ដែល​មិន​មាន​ទាក់ទង​នឹង​បញ្ហា​ជីវភាព​ផ្ទាល់​នោះ គឺ​ការ​ប្រកាន់​នូវ​ភាព​យុត្តិធម៌​មិន​វាយ​តម្លៃ​សិស្ស​ទៅ​តាម​សិស្ស មាន​សិស្ស​ក្រ ទៅ​តាម​សិស្ស​មាន​រូប​សម្បត្តិ​ល្អ ឫ​ អាក្រក់​តែ​ឲ្យ​តម្លៃ​លើ​សមត្ថភាព​សិក្សា​ទទួល​វិជ្ជា​របស់​សិស្ស​ពី​គ្រូ។

លោកស្រី​បាន​បញ្ជាក់​ថា ការ​បង្ហាញ​នូវ​ភាព​សុចរិត​ណែនាំ​ឲ្យ​ចេះ​ប្រើ​អំពើ​ស្អាត​ស្អំ​អំពើ​មិន​កេង​ប្រវ័ញ្ច​លើ​ទ្រព្យ​អ្នក​ដទៃ ហើយ​និយាយ​ពាក្យ​ពិត ណែនាំ​សិស្ស​ឲ្យ​ចេះ​ជួយ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក ក្រ ឬ​មាន​ក្នុង​នាម​ជា​គ្រូ​មាន​គរុ​កោសល្យ​អាច​ផ្តល់​នូវ​ការ​ស្រឡាញ់​គ្រប់គ្រាន់​ដល់​សិស្ស​គ្រប់​រូប​បាន គឺ​ការ​ស្រឡាញ់​នេះ​ហើយ​ដែល​ទាក់ទាញ​សិស្ស​ឲ្យ​ចូល​សាលា។

រី​ឯ​សិស្ស​វិញ​ត្រូវ​ការ​ជំនួយ​ពី​ឪពុក​ម្តាយ ជំនួយ​ពី​លោកគ្រូ​អ្នកគ្រូ កូន​ត្រូវ​មាន​ជំនឿ​លើ​ឪពុក​ម្តាយ​ក្នុង​ការ​ប្រៀន​ប្រដៅ និង​គោរព​គ្រូ គឺ​ការ​ស្រឡាញ់​​និង​ការ​ចេះ​គោរព​គ្រូ​នេះ​ហើយ ដែល​ដឹក​នាំ​សិស្ស​ឲ្យ​ទៅ​រក​ចំណេះ​វិជ្ជា ឲ្យ​ក្លាយ​ទៅ​ជា​ពលរដ្ឋ​ដ៏​ល្អ​នា​ពេល​អនាគត៕