​​ប្រវត្តិ​សង្ខេប​នៃ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ក្រោម​​ការ​គ្រប់គ្រង​​ដោយ​​​វៀតណាម ក្នុង​ខួប​លើក​ទី៧០

ដោយ ជុន ច័ន្ទបុត្រ
2019.05.28
តវ៉ា ទូត​វៀតណាម ៦១០ ពលរដ្ឋ​និង​ព្រះសង្ឃ​​​តវ៉ា​ទាមទារ​ឲ្យ​ស្ថានទូត​វៀតណាម សុំ​ទោស​រឿង​បំភ្លៃ​ប្រវិត្តសាស្ត្រ​​ខ្មែរ​កម្ពុជាក្រោម នៅ​ក្បែរ​​ស្ថានទូត​វៀតណាម កាល​ពី​​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៤។
RFA/Uon Chhin

ការ​រម្លឹក​អំពី​ប្រវត្តិ​សង្ខេប​នៃ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ការ​ធ្វើ​យួនូនីយកម្ម​លើ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ​ការ​ងើប​តស៊ូ​របស់​វីរជន​ខ្មែរ​កម្ពុជា​ក្រោម​ ព្រម​ទាំង​ការ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​ឱកាស​ខួប​លើក​ទី៧០ នៃ​ការ​គ្រប់គ្រង​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដោយ​ប្រទេស​វៀតណាម

ប្រវត្តិ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម៖

ទឹក​ដី​កម្ពុជា​ក្រោម ឬ​ដែល​បារាំង​ហៅ​ថា​ដែន​ដី កូសាំងស៊ីន (Cochinchine) ពី​បរម​បុរាណ​របស់​ខ្មែរ បាន​ធ្លាក់​ទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​​វៀតណាម ​កាលពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ក្រោម​ការ​ចុះ​ហត្ថលេខា​​ប្រគល់​ទឹក​ដី​នេះ​ទៅ​អោយ​ប្រទេស​វៀតណាម ដោយ​ប្រធានាធិបតី​បារាំង លោក វាំងសង់ អូរីយូល (Vincent Auriol)

អ្នក​ដែល​បាន​ទៅ​ដល់​ដែន​ដី​កម្ពុជា​ក្រោម​នេះ ប្រាកដ​ជា​ឃើញ​ប្រត្យក្ស​ផ្ទាល់​នឹង​ភ្នែក​ថា នោះ​គឺ​ជា​ទឹក​ដី​ដ៏​សម្បូរ​រុងរឿង និង​ដ៏​មាន​ជីរ​ជាតិ ដែល​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​កសិកម្ម និង​សេដ្ឋកិច្ច។

តាម​ពិត ជនជាតិ​វៀតណាម បាន​នាំ​គ្នា​មក​តាំង​លំនៅ​លើ​ដែន​ដី​សណ្ដ​ទន្លេ​មេគង្គ​កូសាំងស៊ីន នេះ តាំង​ពី​ដើម​សតវត្ស​ទី១៧ មក​ម្ល៉េះ។ នៅ​គ្រា​នោះ ព្រះរាជា​នៃ​ប្រទេស​កម្ពុជា គឺ​ព្រះបាទ​ជ័យជេដ្ឋាទី២ ឬ​ព្រះបាទ​ជ័យ​ចេស្ដា​ទី២ មាន​ព្រះ​ជាយា​ជា​ជនជាតិ​វៀតណាម ដែល​មាន​ព្រះ​នាម​ថា ម្ចាស់​ក្សត្រី​អង្គ​ចូវ។ ព្រះ​ជាយា​របស់​ព្រះបាទ​ព្រះបាទ​ជ័យ​ចេស្ដា​ទី២ នេះ គឺជា​បុត្រី​ទី៨ របស់​​ព្រះចៅ​យួន​អណ្ណាម។ គឺ​ទំនាក់ទំនង​រវាង​កូន​ប្រសា​ជា​ស្ដេច​ខ្មែរ និង​ឪពុក​ក្មេក​ជា​ស្ដេច​យួន​អណ្ណាម នេះ​ហើយ ដែល​បើក​ផ្លូវ​អោយ​ជនជាតិ​វៀតណាម ចូល​មក​តាំង​លំនៅ ​នៅ​ដែន​ដី​កម្ពុជា​ក្រោម​នេះ។

ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​បាន​សរសេរ​ថា នៅ​គ្រិស្តសករាជ​១៦២១ ដោយ​យក​លេស​ថា ប្រទេស​យួន មាន​ចម្បាំង​ជាមួយ​ចិន គណៈ​បេសកកម្ម​ទូត​របស់​យួន​មួយ​បាន​នាំ​សំបុត្រ​ពីរ​ច្បាប់​របស់​ព្រះ​ចៅ​អណ្ណាម មក​កម្ពុជា។ មួយ​ច្បាប់​​ថ្វាយ​ព្រះបាទ​ជ័យ​ចេស្ដា ជា​កូន​ប្រសា និង​មួយ​ច្បាប់​ទៀត​ថ្វាយ​ម្ចាស់​ក្សត្រី​អង្គ ចូវ ឱ្យ​ជួយ​ទូល​ព្រះ​ស្វាមី សុំ​ខ្ចី​ដី​ខ្លះ​នៅ​តំបន់​កម្ពុជា​ក្រោម ដើម្បី​បង្ហាត់​សេនា​ទាហាន​យួន។ ការ​ខ្ចី​ដី​ធ្វើ​ជា​មូលដ្ឋាន​បង្ហាត់​ទ័ព​នេះ មាន​រយៈ​ពេល ៥ឆ្នាំ ហើយ​សន្យា​ថា គ្រប់ ៥ឆ្នាំ នឹង​សង​ថ្វាយ​មក​ខ្មែរ​វិញ។

ដោយ​យោគយល់​ដល់​ព្រះបិតា​ក្មេក និង​អគ្គមហេសី​អង្គ ចូវ ផង ព្រះ​ជ័យ​ចេស្ដា ក៏​ទ្រង់​យល់​ព្រម​អនុញ្ញាត​តាម​ការ​ស្នើសុំ​នេះ។

ចាប់​តាំង​ពី​ពេល​នោះ​មក ជនជាតិ​យួន បាន​ដឹក​កូន​ជញ្ជូន​ចៅ​បបួល​គ្នា​មក​នៅ​ក្នុង​ទឹក​ដី​ខ្មែរ កាន់​តែ​ច្រើន​ឡើងៗ។ ម្យ៉ាង​ទៀត ដោយ​យក​លេស​ថា​ដើម្បី​ជួយ​អាជ្ញាធរ​ខ្មែរ​ក្នុង​ទី​នោះ រក្សា​សន្តិសុខ​អោយ​មាន​ប្រសិទ្ធភាព ព្រះ​ចៅ​យួន​ក្រុង​វ៉េ (Hue) ក៏​បាន​បញ្ជូន​មេ​ទ័ព​របស់​គេ​ម្នាក់​ឱ្យ​មក​ឈរ​កាន់​កាប់​នៅ​តំបន់​នោះ​ទៀត​ផង។

បន្ទាប់​ពី​ព្រះបាទ​ជ័យ​ចេស្តាទី២ ឬ​ជ័យ​ជេដ្ឋា​ទី២ ចូល​ទិវង្គត​នៅ​ឆ្នាំ១៦២៨ វត្តមាន​នៃ​ជនជាតិ​យួន លើ​ទឹក​ដី​ខ្មែរ ក៏​មាន​កាន់​តែ​ច្រើន​ឡើងៗ ជាពិសេស​នៅ​តំបន់​ព្រះ​សួគ៌ា កំពង់​ស្រកា​ត្រី និង​ព្រៃនគរ ហើយ​ឥទ្ធិពល​របស់​ប្រទេស​អណ្ណាម មក​លើ​កម្ពុជា ក៏​​កាន់​តែ​មាន​ខ្លាំង​ឡើង​ជា​លំដាប់។ ចំណែក​ក្សត្រី​អង្គ ចូវ ក៏​ត្រូវ​បាន​ព្រះ​ស្វាមី​លើក​តម្កើង​ជា​ព្រះមហាក្សត្រិយានី ដែល​មាន​ព្រះ​បរម​ងារ​ថា សម្ដេច​ព្រះភគវតី ព្រះ​ស្រី​វីរក្សត្រី។

ប្រទេស​កម្ពុជា បាន​ជួប​ប្រទះ​វិបត្តិ​ផ្ទៃ​ក្នុង​ជា​បន្តបន្ទាប់ ពិសេស​គឺ​វិបត្តិ​ដណ្ដើម​រាជ្យ​គ្នា​រវាង​រាជ​វង្សានុវង្ស​ខ្មែរ និង​ការ​ប្រទាញប្រទង់​គ្រប់គ្រង​កម្ពុជា ពី​សំណាក់​ប្រទេស​សៀម និង​យួន​អណ្ណាម ក្រោយ​ពី​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី២ ចូល​ទិវង្គត។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ប្រទេស​សៀម និង​យួន​អណ្ណាម ក៏​បាន​ប្រទាញប្រទង់​គ្នា​ដើម្បី​ជ្រើស​យក​ព្រះរាជា​ខ្មែរ​ណា​ ដែល​គេ​គិត​ថា អាច​បម្រើ​ប្រយោជន៍​គេ​បាន ​ឲ្យ​ឡើង​សោយរាជ្យ។ ប្រការ​នេះ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​រវាង​ខ្មែរ និង​ខ្មែរ និង​រវាង​ប្រទេស​ឈ្លាន​ពាន​ជិត​ខាង​ទាំង​ពីរ។

វិបត្តិ​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា ក្រោយ​រជ្ជកាល​ព្រះបាទ​ជ័យ​ចេស្ដា​ទី២ បាន​អូស​បន្លាយ​ជាង ២០០ឆ្នាំ ពោល​គឺ​បាន​អូស​បន្លាយ​រហូត​ដល់​ពេល​ព្រះបាទ​អង្គ ឌួង ដែល​ជា​រាជបុត្រ​ពៅ​របស់​ព្រះ​បាទ​អង្គ អេង ឡើង​គ្រង​រាជ្យ​នៅ​ឆ្នាំ១៨៤០។

ក្នុង​ខណៈ​ដែល​កម្ពុជា​កំពុង​មាន​វិបត្តិ​ ប្រទេស​សៀម និង​យួន​អណ្ណាម ក៏​បាន​ឆ្លៀត​ឱកាស​យក​ចំណេញ​ពី​ប្រទេស​កម្ពុជា តែ​រៀងៗ ខ្លួន។ ប្រទេស​សៀម ឆ្លៀត​យក​ទឹក​ដី​ខ្មែរ​ជា​ច្រើន​តាម​ដែល​គេ​អាច​ធ្វើ​ទៅ​បាន។ ចំណែក​ស្ដេច​យួន​អណ្ណាម​វិញ បន្ត​បញ្ជូន​ពលរដ្ឋ​របស់​គេ មក​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ​កាន់​តែ​ច្រើន​ឡើងៗ។ គិត​ត្រឹម​ពាក់​កណ្ដាល​ទី២ នៃ​សតវត្ស​ទី១៨ ពលរដ្ឋ​យួន​អណ្ណាម បាន​មក​រស់​នៅ​ពាសពេញ​លើ​ដែន​ដី​កម្ពុជា​ក្រោម​រួច​ទៅ​ហើយ។

ការ​ធ្វើ​យួនូបនីយកម្ម​លើ​កម្ពុជា​ក្រោម និង​កម្ពុជា៖

ក្រោយ​ពី​បាន​ចូល​មក​បោះ​ទីតាំង​រឹងមាំ​លើ​ទឹក​ដី​ខ្មែរ​ហើយ រដ្ឋ​អំណាច​យួន​ចាប់​ផ្ដើម​រក​មធ្យោបាយ​ការពារ​ទឹក​ដី​ទាំង​នេះ និង​បាន​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​លុប​បំបាត់​អត្តសញ្ញាណ​របស់​ខ្មែរ។

នៅ​ឆ្នាំ១៨១៥ យួន​បាន​កេណ្ឌ​ប្រជារាស្ត្រ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់ ឲ្យ​សង់​បន្ទាយ​ទាហាន​មួយ​យ៉ាង​ធំ​នៅ​មាត់​ជ្រូក ប្រយោជន៍​ដើម្បី​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​ណា​មួយ​ពី​សំណាក់​ព្រះរាជា​ខ្មែរ។ យួន​បាន​បង្ខំ​ខ្មែរ​ឲ្យ​ជីក​ព្រែក វិញតេ (Vinh Te) ឬ​ឯកសារ​ខ្លះ​ហៅ​ថា ព្រែក​យួន ឬ​ព្រែក​ជីក កាត់​ពី​ខេត្ត មាត់​ជ្រូក ទៅ​ដល់​ខេត្ត ពាម ដែល​មាន​ប្រវែង​ប្រមាណ ៥៤គីឡូ​ម៉ែត្រ។ បំណង​សំខាន់ គឺ​ដើម្បី​យក​ព្រែក​ជីក​នេះ ទុក​ធ្វើ​ជា​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ខ្មែរ និង​យួន នៅ​ថ្ងៃ​ក្រោយ។

ជំហាន​បន្ទាប់ មេ​ដឹក​នាំ​យួន​អណ្ណាម ​បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​ភូមិ ឃុំ ស្រុក ខេត្ត ក្រុង ខ្មែរ​ឲ្យ​ទៅ​ជា​ឈ្មោះ​យួន ស្ទើរ​តែ​ទាំង​អស់។ ឈ្មោះ​ខេត្ត​ក្រុង​ខ្មែរ​ទាំង២១ ត្រូវ​យួន​ផ្លាស់​ប្ដូរ​ដូច​ត​ទៅ៖

ព្រៃ​នគរ ទៅ​ជា សាយហ្កន (Sài Gòn) ឬ​បច្ចុប្បន្ន​គេ​ដូរ​មួយ​សារ​ទៀត​ទៅ​ជា​ក្រុង ហូ ជីមិញ, ទួល​តា​មោក ទៅ​ជា ធូវឌូវមូក (Thủ Dầu Một), ចង្វា​ត្រពាំង ជា បៀងហ្វា (Biên Hòa), ព្រះ​សួគ៌ា ជា​ បារៀ (Bà Rịa), អូកាប់ ជា វុងតាវ (Vũng Tàu), រោង​ដំរី ជា តៃនិញ (Tây Ninh), កំពង់​គោ ជា ឡុងអាង (Long An), មេស ជា មីថ (Mỹ Tho), កោះ​គង ជា ហ្កកុង (Gò Công), កំពង់​ឫស្សី ជា ប៊េនត្រែ (Bến Tre), លង់​ហោរ ជា ឡុងហូ (Long Hồ), ផ្សារដែក ជា សាឌែក (Sa Đéc), ព្រះ​ត្រពាំង ជា ត្រាវិញ (Trà Vinh), ព្រែក​ឫស្សី ជា កឹងធើ (Cần Thơ), បារ៉ាជ ជា ឡុងសៀង (Long Xuyên), មាត់​ជ្រូក ជា ចូវដុក (Châu Đốc), ពាម ជា ហាទៀង (Hà Tiên), ក្រមួនស ជា រ៉ាត់យ៉ា (Rạch Giá), ឃ្លាំង ជា សុកត្រាំង (Sóc Trăng), ពល​លាវ ជា បាកលីវ (Bạc Liêu), និង​ទឹក​ខ្មៅ ជា កាម៉ាវ (Cà Mau)

មិន​ត្រឹម​តែ​ផ្លាស់​ប្ដូរ​ឈ្មោះ​ខេត្ត និង​តំបន់​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ទៅ​ជា​ឈ្មោះ​យួន ប៉ុណ្ណោះ​ទេ សូម្បី​តែ​ឈ្មោះ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​កណ្ដាល​ឯ​ណេះ ក៏​វៀតណាម​បាន​ផ្លាស់​ប្ដូរ​ឱ្យ​ទៅ​ជា​ឈ្មោះ​យួន​ដែរ។ ឧទាហរណ៍៖ ភ្នំពេញ គេ​ហៅ​ថា ណាំយ៉ាង (Nam Vang), ឧត្តុង្គ ទៅ​ជា បាក់​កូ​ណាម (Bac Co Nam), ខេត្ត​កំពត ទៅ​ជា កឹងវ៉ូក (Can Vot), ព្រៃវែង ទៅ​ជា ឡាវេន (La Ven),

លង្វែក ទៅ​ជា ឡូវៀត (Lo Viet), និង​សំរោងទង ទៅ​ជា​ឡុងតូង (Long Tong) ជា​ដើម។

លោក​អ្នក​នាង​ក៏​ប្រហែល​ធ្លាប់​ឮ​រួច​មក​ហើយ​ថា ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម មាន​នាម​ត្រកូល​ស្រដៀងៗ គ្នា ហើយ​មាន​សូរ​សៀង​ដូច​ភាសា​វៀតណាម។ នេះ​ក៏​មក​ពី​ការ​បង្ខំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​នោះ ដូរ​ត្រកូល​ខ្មែរ​ចេញ​ដែរ។ ដើម្បី​ងាយ​ស្រួល​សម្គាល់ និង​ងាយ​ស្រួល​គ្រប់គ្រង​ខ្មែរ អធិរាជ​យួន​អណ្ណាម ឈ្មោះ យ៉ាឡុង និង​មេ​ដឹក​នាំ​យួន បន្តបន្ទាប់​មក​ទៀត បាន​បង្ខំ​ខ្មែរ​ឲ្យ​ប្ដូរ​ត្រកូល​របស់​ខ្លួន ហើយ​ប្រើ​ត្រកូល​រួម​គ្នា​ទៅ​តាម​ខេត្ត និង​តំបន់​នីមួយៗ។ ត្រកូល​ទាំង​នោះ​រួម​មាន៖ ថាច់ (Thach) សឺន (Son) គៀន (Kien) គីម (Kim) ចៅ (Chau) យ៉ាញ់ ឬ​ដាញ់ (Danh) កាវ (Cao) និង​ដាវ (Dao) ជា​ដើម។

ត្រកូល យ៉ាញ់ ឬ ដាញ់ ត្រូវ​បាន​ប្រើ​សម្រាប់​ខ្មែរ​នៅ​ខេត្ត​ក្រមួន​ស ត្រកូល ថាច់ គីម សឺន គៀន សម្រាប់​ខ្មែរ​នៅ​ខេត្ត​ព្រះត្រពាំង ខេត្ត​ឃ្លាំង ខេត្ត​ពល​លាវ និង​ខេត្ត​ទឹក​ខ្មៅ ត្រកូល កាវ សម្រាប់​ខេត្ត​រោងដំរី និង​ត្រកូល ដាវ សម្រាប់​ខេត្ត​ព្រែកឫស្សី។

ដោយ​ឡែក សម្រាប់​ខេត្ត​មាត់ជ្រូក ត្រកូល ចៅ ត្រូវ​ឱ្យ​គេ​ប្រើ​សម្រាប់​បុរស ចំណែក​ស្ត្រី​វិញ គេ​ឱ្យ​ប្រើ​ត្រកូល នាង (Neang)

ក្រៅ​ពី​នេះ ក៏​នៅ​មាន​ត្រកូល​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ ដូច​ជា លី (Ly) យៀប (Diep) លឹម (Lim) តាំង (Tang) ញឹង (Nhan) ហ្វឹន (Huynh) ត្រឹង (Tran) ង៉ូ (Ngo) តូ (To) យឿង (Duong) និង លូ (Luu)

កម្ពុជា​ក្រោម ​ក្រោម​ការ​ត្រួតត្រា​របស់​បារាំង៖

នៅ​ឆ្នាំ១៨៨៤ តុងកឹង (ភាគ​ខាង​ជើង​នៃ​ប្រទេស​វៀតណាម) និង​អណ្ណាម (ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម) បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​បារាំង។ បី​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ១៨៨៧ ប្រទេស​កម្ពុជា ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ឬ​កូសាំងស៊ីន (Cochinchine) តុងកឹង (Tonkin) និង​អណ្ណាម (Annam) ត្រូវ​បាន​បារាំង​ដាក់​បញ្ចូល​គ្នា ឱ្យ​ទៅ​ជា​សហព័ន្ធ​ឥណ្ឌូចិន។

ការ​ប្រគល់​ទឹក​ដី​កម្ពុជា​ក្រោម​ឱ្យ​វៀតណាម៖

នៅ​ឆ្នាំ១៩៤៩ សភា​ជាតិ​បារាំង បើក​កិច្ច​ប្រជុំ​ដើម្បី​សម្រេច​ថា តើ​គួរ​ប្រគល់​ទឹក​ដី​កម្ពុជា​ក្រោម ឱ្យ​មក​កម្ពុជា ឬ​ក៏​ឱ្យ​ទៅ​ប្រទេស​វៀតណាម។ គ្មាន​អ្វី​គួរ​ឱ្យ​សង្ស័យ​ឡើយ​ថា ទឹក​ដី​កម្ពុជា​ក្រោម​នេះ​ជា​ទឹក​ដី​របស់​ខ្មែរ​តាំង​ពី​បរម​បុរាណ។ តែ​ទោះ​បី​ជា​មាន​តឹកតាង​ជា​ប្រវត្តិសាស្ត្រ និង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​​រាប់​លាន​នាក់​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម​រាប់​សិប​តំណ​មក​ហើយ​ក្ដី នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩ នោះ សភាជាតិ​បារាំង ដែល​មាន​សមាជិក​ភាគ​ច្រើន មក​ពី​គណបក្ស​កុម្មុយនិស្ត ហើយ​ដែល​ស្និទ្ធ​នឹង ហូ ជីមិញ (Ho Chi Minh) ផង​នោះ ក៏​សម្រេច​ប្រគល់​ទឹកដី​កម្ពុជា​ក្រោម​នេះ​ទៅ​ឱ្យ​វៀតណាម។ ថ្វី​ដ្បិត​តែ ៧០ឆ្នាំ​កន្លង​ទៅ​ហើយ​ក្តី អ្នក​ដែល​រង​ការ​ឈឺ​ចាប់​បំផុត​ពី​ការ​សម្រេច​ចិត្ត​របស់​បារាំង ក្នុង​ឆ្នាំ១៩៤៩ នោះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​មូល មិន​ថា​ខ្មែរ​កណ្ដាល ឬ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ឡើយ។ ការ​សម្រេច​ចិត្ត​របស់​បារាំង ក្នុង​រយៈ​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក​នេះ បាន​បន្សល់​ទុក​ឲ្យ​ខ្មែរ​ក្រោម​ជា​ច្រើន​លាន​នាក់ ដែល​ជា​ម្ចាស់​ស្រុក ក្លាយ​ជា​ជនជាតិ​ដើម​ភាគ​តិច នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។

បញ្ហា​ខ្មែរ​កម្ពុជា​ក្រោម គឺ​ជា​កាតព្វកិច្ច​របស់​ខ្មែរ​ទាំង​អស់​គ្នា៖

ប្រជាពលរដ្ឋ និង​យុវជន​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន បាន​យល់​ដឹង​ច្រើន​អំពី​បញ្ហា​កម្ពុជា​ក្រោម។ កាល​ពី​មុន នៅ​ពេល​ដែល​ខ្មែរ​ក្រោម​មាន​បញ្ហា គឺ​មាន​តែ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ខ្លួន​ឯង​ប៉ុណ្ណោះ ជា​អ្នក​ចេញ​មុខ។ ក៏​ប៉ុន្តែ​នៅ​ពេល​នេះ បញ្ហា​របស់​ខ្មែរ​ក្រោម​លែង​ជា​របស់​ខ្មែរ​ក្រោម​តែ​ម្នាក់​ឯង​ទៀត​ហើយ ប៉ុន្តែ​វា​បាន​ក្លាយ​ជា​បញ្ហា​សម្រាប់​ខ្មែរ​ទូទៅ។

គេ​នៅ​ចាំ​បាន​ថា កាល​ពី​ឆ្នាំ២០១៤ នៅ​ពេល​ដែល​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ទ្រុង វ៉ាន់ថុង (Trung Van Thong) អះអាង​ថា ទឹក​ដី​កម្ពុជា​ក្រោម គឺ​ជា​ទឹក​ដី​របស់​ប្រទេស​វៀតណាម តាំង​ពី​យូរយារ​ណាស់​មក​ហើយ ហើយ​បារាំង ក៏​មិន​បាន​កាត់​ទឹក​ដី​នេះ​ទៅ​ឲ្យ​វៀតណាម នោះ ​យុវជន​ខ្មែរ​រាប់​ម៉ឺន​នាក់ ចូលរួម​តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម ទាម​ទារ​អោយ​ស្ថានទូត​វៀតណាម​សូម​ទោស និង​កែ​តម្រូវ​សម្ដី​របស់​ខ្លួន ឱ្យ​ត្រូវ​តាម​ប្រវត្តិសាស្ត្រ​ពិត។

ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ឈ្មោះ កែវ សុធា មាន​ប្រសាសន៍ ក្នុង​ឱកាស​តវ៉ា​នឹង​ស្ថាន​ទូត​វៀតណាម ថា​លោក​ឈឺ​ចាប់​ណាស់ ​នៅ​ពេល​ដែល​មន្ត្រី​វៀតណាម មិន​ទទួល​ស្គាល់​ថា ទឹក​ដី​កម្ពុជា​ក្រោម ជា​អតីត​របស់​កម្ពុជា៖ «យើង​មាន​ការ​ឈឺ​ចាប់ ដោយសារ​ជា​ទឹក​ដី​របស់​យើង ប៉ុន្តែ​គេ​ថា ជា​ទឹក​ដី​របស់​គេ។ គេ​បំភ្លៃ​ប្រវត្តិសាស្ត្រ។ ជា​ការ​ពិត​ណាស់ យួន​ច្រើន​តែ​ធ្វើ​បាប កាល​ពី​ពេល​ខ្ញុំ​នៅ​កម្ពុជា​ក្រោម ក៏​ដូច​អ៊ីចឹង​ដែរ គេ​ច្រើន​តែ​ធ្វើ​បាប​ជីដូន​ជីតា​យើង ពី​ជំនាន់​មួយ​ដល់​ជំនាន់​មួយ រហូត​ដល់​ពេល​នេះ គេ​ព្យាយាម​បំភ្លៃ​ប្រវត្តិសាស្ត្រ​ថែម​ទៀត»

ចំណែក​ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​រូប​ទៀត​មក​ពី​ខេត្ត​ព្រះត្រពាំង ឈ្មោះ​ ថាច់ ចន្ទ្រា ដែល​បាន​ចូលរួម​ក្នុង​វេទិកា​សាធារណៈ​នា​ពេល​នោះ​ដែរ កត់​សម្គាល់​ថា ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដោយ​មន្ត្រី​វៀតណាម គឺ​ជា​រឿង​អយុត្តិធម៌​ចំពោះ​ខ្មែរ​ក្រោម៖ «វា​អយុត្តិធម៌​ណាស់​សម្រាប់​ខ្មែរ​កម្ពុជា​ក្រោម​យើង ដែល​រងគ្រោះ​វេទនា​ខ្លោចផ្សា​ជា​ទី​បំផុត យើង​ឃើញ​ហើយ ទាំងអស់​ប្រជាជន​ជាង ១០លាន​នាក់ កំពុង​តែ​រង​ទុក្ខ​វេទនា​នៅ​កម្ពុជា​ក្រោម​ឯ​ណោះ ការ​កាប់​សម្លាប់​ពី​មុន​មក ដុត​ទាំង​រស់ ធ្វើ​ជា​មុំ​ចង្ក្រាន ខ្មែរ​ក្រោម​ទូទៅ​សោក​ស្ដាយ​ណាស់​វីរបុរស​ដែល​បាត់​បង់​ទៅ។ ដូច្នេះ​ហើយ យើង​ចូលរួម យើង​តតាំង​នេះ ដើម្បី​ជា​យុត្តិធម៌ ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​ការ​យុត្តិធម៌ ដូច​ជា​អ្នក​ទាំងអស់​នៅ​លើ​ពិភពលោក​ដែរ»

លោក​ថា ការ​បកស្រាយ​ប្រវត្តិសាស្ត្រ​មិន​ច្បាស់​លាស់​នេះ វា​អាច​ធ្វើ​ឲ្យ​ជីវិត​ពលរដ្ឋ​ខ្មែរ​ប្រមាណ​​ជាង ១០លាន​នាក់ ដែល​កំពុង​រស់នៅ​កម្ពុជា​ក្រោម​សព្វថ្ងៃ ប្រឈម​នឹង​ការ​ធ្វើ​បាប ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​រឹត​បន្តឹង​ទៅ​លើ​សិទ្ធិ​ប្រតិបត្តិ​ផ្នែក​ជំនឿ​សាសនា​ជា​ដើម។

ការ​ងើប​តស៊ូ​របស់​វីរជន​ខ្មែរ​កម្ពុជា​ក្រោម៖

ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​នេះ ត្រូវ​វៀតណាម ចូល​មក​លុកលុយ​តាំង​លំនៅ តាំង​ពី​មុន​បារាំង​ចូល​មក​កាន់​កាប់​នៅ​ពាក់​កណ្ដាល​ទី​ពីរ​នៃ​សតវត្ស​ទី១៩ ម៉្លេះ។ អស់​រយៈ​ពេល​ជាង ៣សតវត្ស​មក​ហើយ ដែល​ជន​ជាតិ​ខ្មែរ​បាន​តស៊ូ និង​ធ្វើ​ពលីកម្ម​គ្រប់​បែប​យ៉ាង​ដើម្បី​បុព្វហេតុ​ការពារ​ទឹកដី វប្បធម៌ និង​ជំនឿ​សាសនា​របស់​ខ្លួន នៅ​ដែន​ដី​កម្ពុជា​ក្រោម។ អ្នក​តស៊ូ​ខ្លះ​ត្រូវ​បាន​គេ​សម្លាប់ ខ្លះ​ត្រូវ​រង​អំពើ​ទារុណកម្ម និង​ត្រូវ​ជាប់​ឃុំឃាំង​ដូច​សត្វ​ធាតុ។ ពួក​គាត់​ខ្លះ​ត្រូវ​បាន​គេ​ស្គាល់​តៗ គ្នា និង​ជាប់​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ ក៏​ប៉ុន្តែ​ខ្លះ​ទៀត​ មិន​ត្រូវ​បាន​គេ​ចង​ចាំ​ប៉ុន្មាន​ឡើយ ជា​ពិសេស​ក្នុង​ស្ថានភាព​បច្ចុប្បន្ន ដែល​កម្មវិធី​សិក្សា មិន​បាន​បញ្ចូល​អំពី​មេរៀន​ខ្មែរ​ក្រោម ទាំង​កម្មវិធី​សិក្សា​របស់​កម្ពុជា និង​កម្មវិធី​សិក្សា​របស់​វៀតណាម។ អ្នក​ជំនាញ​ស្នើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ ងាក​ទៅ​ចាប់​អារម្មណ៍​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម និង​រំឭក​ពី​គុណ​បំណាច់​របស់​អ្នក​តស៊ូ​ទាំង​ឡាយ​នៅ​សម័យ​មុន។

អ្នក​ជំនាញ​បញ្ហា​ខ្មែរ​ក្រោម​អះអាង​ថា មាន​វីរជន​ច្រើន​ណាស់ ដែល​បាន​បូជា​ជីវិត និង​ប្រឹងប្រែង​តស៊ូ ដើម្បី​ឱ្យ​ខ្មែរ​ក្រោម​អាច​រក្សា​អត្តសញ្ញាណ​របស់​ខ្លួន​បាន ​មក​ដល់​ពេល​បច្ចុប្បន្ន។ អ្នក​ទាំង​នោះ មាន​ទាំង​ប្រជា​ពលរដ្ឋ​សាមញ្ញ ព្រះ​សង្ឃ មន្ត្រី​រាជការ រហូត​ដល់​អង្គ​ព្រះមហាក្សត្រ។

វីរជន​ខ្មែរ​ក្រោម​ដែល​លេច​ធ្លោ​ជាង​គេ​បំផុត​ក្នុង​សតវត្ស​ទី១៩ គឺ​ឧកញ៉ា សឺន គុយ ដែល​ជា​ចៅហ្វាយ​ខេត្ត​ព្រះ​ត្រពាំង។ លោក​សុខ​ចិត្ត​ប្រគល់​ខ្លួន​ឱ្យ​អាជ្ញាធរ​យួន​អណ្ណាម​ ចាប់​យក​ទៅ​ប្រហារ​​ជីវិត​ដោយ​កាត់​ក ជា​ថ្នូរ​នឹង​ការ​រក្សា​ប្រពៃណី ទំនៀមទម្លាប់ និង​ពុទ្ធសាសនា​ខ្មែរ​ក្រោម។

ក្រោយ​សម័យ​ឧកញ៉ា សឺន គុយ បន្តិច មាន​វីរជន ៣នាក់​ផ្សេង​ទៀត គឺ​សេនា សួស សេនា មាន់ និង​សេនា ទា ដែល​ពួក​លោក​ទាំង៣ បាន​តស៊ូ​ប្រយុទ្ធ​រហូត​ដល់​អស់​ជីវិត​ទល់​នឹង​កងទ័ព​យួន​អណ្ណាម​នៅ​ក្នុង​ខេត្ត​ឃ្លាំង និង​ខេត្ត​ពល​លាវ។ បន្ទាប់​ពី​ត្រួតត្រា​ដែន​ដី​កម្ពុជា​ក្រោម​ពេញ​ដៃ​ហើយ កងទ័ព​យួន​អណ្ណាម បាន​បន្ត​ធ្វើ​បាប​រាស្ត្រ​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម រហូត​ដល់​សម័យ​អាណានិគម​បារាំង។

នៅ​អំឡុង​ទសវត្ស១៩៦០ និង១៩៧០ មាន​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ជា​ច្រើន​អង្គ​ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ខាង​ត្បូង​ធ្វើ​គត់ ដោយសារ​ព្រះអង្គ​បាន​ក្រោក​តវ៉ា​ប្រឆាំង​នឹង​គោល​នយោបាយ​លុប​បំបាត់​ពូជសាសន៍​ខ្មែរ ដែល​ដាក់​ចេញ​ដោយ​ប្រធានាធិបតី​វៀតណាម​ខាង​ត្បូង លោក ង្វៀន វ៉ាន់ធៀវ (Nguyễn Văn Thiệu)

ក្រោយ​ការ​ដួល​រំលំ​នៃ​សាធារណរដ្ឋ​វៀតណាម​ខាង​ត្បូង ឆ្នាំ១៩៧៥ អាជ្ញាធរ​វៀតណាម​កុម្មុយនិស្ត​បាន​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ថ្នាក់​ដឹក​នាំ​ពុទ្ធសាសនា​ខ្មែរ​ក្រោម​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់។ អាជ្ញាធរ​វៀតណាម​កុម្មុយនិស្ត បាន​ចោទ​ប្រកាន់​ថ្នាក់​ដឹកនាំ​ពុទ្ធសាសនា​គណៈ​ថេរវាទ ព្រះតេជ​ព្រះគុណ គីម សាង ថា​មាន​និន្នាការ​គាំទ្រ​រណសិរ្ស​ខ្មែរ​សេរី​របស់​លោក សឺង ង៉ុកថាញ់ និង​បាន​ចោទ​ថ្នាក់​ដឹក​នាំ​គណៈ​ខេមរ​និកាយ ព្រះតេជព្រះគុណ ថាច់ ងោស ថា ជា​​អ្នក​គាំទ្រ​រដ្ឋាភិបាល​សាធារណរដ្ឋ​វៀតណាម​ខាង​ត្បូង​ទៀត​ផង។ វៀតណាម​កុម្មុយនិស្ត បាន​​​សម្រេច​រំលាយ​ចោល​ព្រះពុទ្ធ​សាសនា​ខ្មែរ​ក្រោម​ទាំង​ពីរ​គណៈ នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ ហើយ​ថ្នាក់​ដឹក​នាំ​ពុទ្ធសាសនា​ខ្មែរ​ក្រោម​ត្រូវ​បាន​គេ​ចាប់​ផ្សឹក និង​ត្រូវ​បង្ខំ​ឱ្យ​ធ្វើការ​នៅកន្លែង​លុត​ដំ រហូត​ដល់​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់ ហើយ​មាន​អង្គ​ខ្លះ​ទៀត​បាន​ជាប់​ឃុំ​រហូត​ដល់​មាន​សតិ​មិន​ប្រក្រតី។

ក្រោយ​មក​នៅ​អំឡុង​ទសវត្សន៍១៩៨០ វៀតណាម​បាន​ចាប់​ព្រះ​មេគណ​ខេត្ត​ព្រះ​ត្រពាំង ព្រះ​នាម គីម តុកចើង សាស្ត្រាចារ្យ​បណ្ឌិត ហាញ់ សុវណ្ណ ជា​បញ្ញវន្ត​ខ្មែរ​ក្រោម ព្រម​ទាំង​ព្រះ​សង្ឃ និង​អ្នក​ចេះ​ដឹង​ខ្មែរ​ក្រោម​ជា​ច្រើន​នាក់​ទៀត​ដាក់​ពន្ធនាគារ។ អាជ្ញាធរ​វៀតណាម​បាន​ចោទ​ព្រះសង្ឃ និង​បញ្ញវន្ត​ខ្មែរ​ទាំង​នេះ​ថា មាន​បំណង​រំដោះ​ទឹក​ដី និង​មាន​គំនិត​ចង្អៀតចង្អល់​និយម បន្ទាប់​ពី​ពួក​គាត់​បាន​បំផុស​ស្មារតី​ឱ្យ​កូន​ចៅ​ខ្មែរ​ក្រោម​ឱ្យ​ព្យាយាម​រៀន​សូត្រ​ពី​ប្រវត្តិសាស្ត្រ និង​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ។ ព្រះអង្គ គីម តុកចើង បាន​សុគត​នៅ​ក្នុង​ពន្ធនាគារ ហើយ​បណ្ឌិត ហាញ់ សុវណ្ណ ក៏​ត្រូវ​បាត់បង់​ជីវិត​នៅ​ទី​នោះ​ដូច​គ្នា។ នេះ​បើ​យោង​តាម​ការ​រៀបរាប់​ របស់​អ្នក​ជំនាញ​បញ្ហា​ខ្មែរ​ក្រោម​ពីរ​រូប គឺ​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា និង​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​កម្ពុជា លោក តាំង សារៈ ដែល​លោក​ទាំង​ពីរ​សុទ្ធសឹងតែ​ជា​បញ្ញវន្ត​ចេញ​មក​ពី​ដែនដី​កម្ពុជា​ក្រោម។

លោក​ទាំង​ពីរ​អះអាង​ថា អ្នក​តស៊ូ​ដែល​បាន​រៀបរាប់​ឈ្មោះ​ជា​ហូរហែ​មក​នេះ សុទ្ធសឹងតែ​ត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​វីរបុរស​របស់​ខ្មែរ​កម្ពុជា​ក្រោម។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី លោក ថាច់ សេដ្ឋា យល់​ថា ខ្មែរ​ជំនាន់​ក្រោយ គប្បី​ចងចាំ​ពី​គុណ​បំណាច់​របស់​វីរជន​ទាំងនេះ ព្រោះ​ពួក​គាត់​បាន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ការពារ​ទឹក​ដី វប្បធម៌ និង​ជំនឿ​សាសនា​ខ្មែរ នៅ​ដែន​ដី​កម្ពុជា​ក្រោម៖ «ខ្ញុំ​ចង់​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ទាំង​អស់ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គួរ​ឱ្យ​តម្លៃ​នៃ​ការ​តស៊ូ​របស់​វិរបុរស​យើង​ទាំង​អស់​គ្រប់​ជំនាន់​ផង។ យើង​កុំ​ឱ្យ​តែ​បាន​ផ្លែ​ស៊ី​ភ្លេច​ដើម ឬ​ក៏​យក​ភ្លើង​ដុត​គល់​ចោល អា​ហ្នឹង​យើង​មិន​សក្ដិសម​ជា​កូន​ខ្មែរ​គោរព​ព្រះពុទ្ធ​សាសនា​ទេ»

លោក​បន្ថែម​ថា មូលហេតុ​នៃ​ការ​ប្រារព្ធ​ខួប​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​ជា​រៀងរាល់​ឆ្នាំ គឺ​ដើម្បី​សម្ដែង​ការ​ដឹង​គុណ​ចំពោះ​វីរភាព​របស់​បុព្វបុរស​ខ្មែរ​ទាំង​ឡាយ ដែល​បាន​លះបង់​គ្រប់​យ៉ាង​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​នេះ​ឯង។ លោក​សង្ឃឹម​ថា ទៅ​ថ្ងៃ​មុខ​ពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន​នឹង​ឱ្យ​តម្លៃ​ដល់​ពលីកម្ម​នេះ ហើយ​សំខាន់​ជាង​នេះ លោក​មិន​ចង់​ឃើញ​ខ្មែរ​ខ្លះ មិន​ដឹង​គុណ​បុព្វ​បុរស​​ខ្លួនឯង បែរ​ទៅ​ដឹង​គុណ​ប្រទេស​ជិត​ខាង ​ដែល​បាន​ឈ្លាន​ពាន​កម្ពុជា​នោះ​ឡើយ។

ចំណែក ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​កម្ពុជា លោក តាំង សារៈ វិញ ថ្លែង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ គួរ​តែ​សិក្សា​ស្វែង​យល់​ឱ្យ​បាន​ច្រើន​អំពី​វីរភាព របស់​បុព្វបុរស​ខ្មែរ​ក្រោម​ទាំង​នេះ ព្រោះ​ការ​តស៊ូ​របស់​ពួក​គាត់ មិន​មែន​បាន​ផល​ប្រយោជន៍​សម្រាប់​តែ​ខ្មែរ​ក្រោម​មួយ​នោះ​ទេ ប៉ុន្តែ​ជាតិ​ខ្មែរ​ទាំង​មូល ក៏​បាន​ផល​ដូច​គ្នា​ដែរ។ លោក​ថា ការ​សិក្សា​ស្វែង​យល់​អំពី​រឿង​នេះ ក៏​ដើម្បី​ស្វែង​យល់​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្វះ​ខាត ដើម្បី​ជា​ដើម​ទុន​ក្នុង​ការ​តស៊ូ​មតិ​រយៈ​ពេល​វែង​ជុំ​វិញ​រឿង​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ផង​ដែរ៖ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ គួរ​តែ​សិក្សា​ស្រាវជ្រាវ​ឱ្យ​ដឹង​នូវ​ប្រវត្តិរូប ឬ​ក៏​ស្នាដៃ​នៃ​បុព្វបុរស​របស់​យើង ដែល​លោក​បាន​ធ្វើ​ការ​តស៊ូ រហូត​ដល់​បាន​ពលី​ជីវិត​ទៅ​នោះ។ ហើយ​ប្រសិន​ណា​ជា​មាន​ឱកាស​ក៏​គួរ​តែ​សរសេរ​រំលឹក​នូវ​ស្នាដៃ របស់​អស់​លោក​ទាំង​នោះ ដើម្បី​កុំ​ឱ្យ​ថា នៅ​ពេល​ដែល​លោក​បាន​បូជា​ជីវិត​ទៅ​ហើយ ការ​តស៊ូ​ត្រូវ​បាត់​បង់​រលាយ ទៅ​ដោយ​ឥត​ប្រយោជន៍​អ៊ីចឹង»

ទោះ​ជា​យ៉ាង​ណា បញ្ញវន្ត​ខ្មែរ​ក្រោម​រូប​នេះ​ទទួល​ស្គាល់​ថា ការសិក្សា​អំពី​បញ្ហា​ខ្មែរ​ក្រោម​អាច​មាន​ការ​លំបាក​បន្តិច ដោយសារ​កង្វះ​ការ​កត់ត្រា និង​ឯកសារ​ស្រាវជ្រាវ ដូច្នេះ​លោក​ស្នើ​ឱ្យ​បញ្ញវន្ត​ជំនាន់​ក្រោយ នាំ​គ្នា​កត់ត្រា​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម​ទុក​ឱ្យ​បាន​ច្រើន​ផង​ដែរ។

ការ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច៖

រយៈពេល ៧០ឆ្នាំ ​ដែល​ទឹក​ដី​កម្ពុជា​ក្រោម ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម​នេះ ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ខិតខំ​ប្រឹងប្រែង​ថែ​រក្សា​ប្រពៃណី​ទំនៀមទម្លាប់ វប្បធម៌ អក្សរ​សាស្ត្រ ដើម្បី​ថែរក្សា​អត្តសញ្ញាណ​ខ្មែរ​របស់​ខ្លួន ទោះ​ជា​មាន​ការ​គាប​សង្កត់​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ក្ដី។ អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចង់​បាន​នោះ គឺ​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។

មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ត្រឹង ម៉ានរិន្ទ មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បាត់បង់​សិទ្ធិ​របស់​ខ្លួន​ស្ទើរ​គ្រប់​ផ្នែក រាប់​តាំង​ពី​សិទ្ធិ​ក្នុង​ការ​កាន់កាប់​ដី ការ​ប្រតិបត្តិ សាសនា ប្រពៃណី ទំនៀមទម្លាប់​ជា​ដើម។

លោក ត្រឹង ម៉ានរិន្ទ មន្ត្រី​ផែនការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លើក​ឡើង​បន្ថែម​ថា បញ្ហា​ធំ​មួយ​​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បាត់បង់​សិទ្ធិ​ស្វ័យ​សម្រេច លើ​ជោគវាសនា​របស់​ខ្លួន ដោយ​ខ្លួន​ឯង គឺ​ការណ៍​ដែល​រដ្ឋាភិបាល​វៀតណាម​យក​លេស មិន​ព្រម​ចាត់​ទុក​ថា ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម ជា​ជន​ជាតិ​ដើម​ភាគ​តិច។ រដ្ឋាភិបាល​វៀតណាម​ចាត់​ទុក​ពួក​គាត់​ថា ជា​ជន​ជាតិ​ភាគ​តិច​ទៅវិញ៖ «យួន​គេ​ថា ប្រទេស​គេ​អត់​មាន​ជនជាតិ​ដើម​ទេ មាន​តែ​ជន​ជាតិ​ភាគតិច។ ក៏​ប៉ុន្តែ​អា​ហ្នឹង​វា​ជា​ឱកាស​មួយ ដើម្បី​ឱ្យ​សហព័ន្ធ​ហ្នឹង​ចលនា​ថែម​ទៀត។ គោល​បំណង​យួន​នៅតែ​ប្រកែក​ទៀត ដើម្បី​ចៀសវាង​នូវ​អា​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង​ហ្នឹង។ ពី​ព្រោះ​ជនជាតិ​ដើម​មាន​សិទ្ធិ​ហ្នឹង។ តាម​ពិត​គេ​មិនមែន​ថា តែ​ខ្មែរ​ក្រោម​មិន​មែន​ជន​ជាតិ​ដើម​ទេ។ គេ​ថា​ប្រទេស​គេ អត់​មាន​ជនជាតិ​ដើម​ទេ។ បាន​ន័យ​ថា ចាម​ក៏​មិន​មែន ជនជាតិ​ដើម។ បាន​ន័យ​ថា ខាង​ម៉ុងតាញ៉ាត (Montagnard) ក៏​មិនមែន​ជនជាតិ​ដើម។ ដូច្នេះ​ហើយ គ្មាន​នរណា​គេ​យក​ទទួល​ស្គាល់​អា​ពាក្យ​ដោះសា​នោះ​របស់​ប្រទេស​យួន​នោះ​ទេ។ ប៉ុន្តែ​គោល​បំណង​គេ​ហ្នឹង​គេ​ចង់​ពន្យារ​ពេល​ក្នុង​ការ​អនុវត្តន៍​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង​របស់​ជនជាតិ​ដើម​ហ្នឹង​ឯង»

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ត្រឹង ម៉ានរិន្ទ អះអាង​ថា ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម នៅ​តែ​មាន​សង្ឃឹមថា ថ្ងៃ​ណា​មួយ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម នឹង​អាច​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ផ្ដល់​សិទ្ធិ​ជា​ជនជាតិ​ដើម​ភាគ​តិច ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ហើយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រួម​នឹង​ពលរដ្ឋ​ខ្មែរ និង​ស្ថាប័ន​ដទៃ​ទៀត ក៏​នឹង​បន្ត​តស៊ូ​មតិ​លើ​ឆាក​អន្តរជាតិ ដើម្បី​ទាមទារ​សិទ្ធិ​នេះ ជូន​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម អោយ​ខាង​តែ​បាន

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។