តំណាង​ខ្មែរ​ក្រោម​ថា របប​ភ្នំពេញ​មិន​បង្ក​ភាព​ងាយស្រួល​ដល់​ខ្មែរ​ក្រោម​បាន​សិទ្ធិ​ពេញ​លេញ​នៅ​កម្ពុជា​ឡើយ

សង្គម​ស៊ីវិល​ធ្វើ​ការ​ដើម្បី​លើក​តម្កើង​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​រស់នៅ​កម្ពុជា ស្នើ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ច្បាប់​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្ក​ភាព​ងាយស្រួល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ទទួល​បាន ឯកសារ​ស្របច្បាប់​ដើម្បី​អាច​រស់នៅ និង​ប្រកប​របប​ចិញ្ចឹមជីវិត​បាន​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​។ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​លើកឡើង​ថា អាជ្ញាធរ​មិន​អាច​ទទួលស្គាល់​ខ្មែរ​ក្រោម​ជា​ខ្មែរ​នោះ​ទេ លុះត្រាតែ​ពួកគេ​មាន​ឯកសារ​បញ្ជាក់​ថា ឪពុកម្ដាយ​គេ​ជា​ខ្មែរ មាន​សំបុត្រកំណើត និង​ទីកន្លែង​កំណើត​នៅ​កម្ពុជា។

អគ្គលេខាធិការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ចាំបាច់​ទាំងឡាយ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​អាច ទទួល​បាន​សិទ្ធិ​ជា​ពលរដ្ឋ​ខ្មែរ។ លោក​ក៏​សំណូមពរ​ឱ្យ​សហគមន៍​អន្តរជាតិ និង អង្គការ​សហប្រជាជាតិ ជួយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ការសន្យា ផ្ដល់​សញ្ជាតិ​ដល់​ខ្មែរ​កម្ពុជា​ក្រោម ដែល​មក​រស់នៅ​លើទឹក​ដី​កម្ពុជា។ សំណើ​របស់​លោក សឺន ជុំ​ជួន ធ្វើឡើង​បន្ទាប់​​ពី​លោក​បាន​ប្រាប់​កិច្ចប្រជុំ គណៈកម្មាធិការ​ដើម្បី​លុបបំបាត់​ការ​រើសអើង​ពូជសាសន៍ របស់​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) កាល​ពី​ចុង​ខែ​វិច្ឆិកា​ថា រដ្ឋាភិបាល​កម្ពុជា បាន​ខកខាន​មិន​បាន​បង្កើត​យន្តការ​ផ្លូវច្បាប់ ដើម្បី​អាច​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​ដែល​រស់នៅ​កម្ពុជា ទទួល​បាន​សិទ្ធិ​ពេញលេញ​ជា​ពលរដ្ឋ​ខ្មែរ​នៅឡើយ​ទេ។

លោក សឺន ជុំជួន ថ្លែង​ទៅកាន់ គណៈកម្មាធិការ​ដើម្បី​លុបបំបាត់​ការ​អើសរើង​ពូជសាសន៍ កាលពី​ថ្ងៃទី២៦ វិច្ឆិកា​ថា ថ្វីត្បិតតែ អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ធ្លាប់​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​កើត​នៅ​បរទេស អាច​មាន​សញ្ជាតិ​ខ្មែរ ជា​ស្វ័យ​ប្រវតិ្ត ហើយ​រដ្ឋាភិបាល​ក៏​ធ្លាប់​បាន​ទទួល​ស្គាល់​ចំពោះ​មុខ អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ថា ខ្មែរ​ក្រោម​មកពី​ទឹកដី​កំណើត គឺជា​ជនជាតិ​ខ្មែរ​ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​បច្ចុប្បន្ន មិន​បាន​អនុវត្ត​ការសន្យា​ទាំង​នោះ​ទេ។

លោក សឺន ជុំជួន បញ្ជាក់​ថា ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​ខ្វះខាត ឆន្ទៈ​ដើម្បី​ទទួលស្គាល់​ខ្មែរ​ក្រោម​ជា ជនជាតិ​ខ្មែរ​នេះ​ហើយ ទើប​បាន​បណ្ដាល​ឱ្យ អាជ្ញាធរ​មូលដ្ឋាន​មិន​ទទួលស្គាល់​ខ្មែរ​ក្រោម​ថា ជា​ជនជាតិ​ខ្មែរ​។ លោក​ថា កត្តា​នេះ​ហើយ បណ្ដាល​ឱ្យ​អាជ្ញាធរ​មិន​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី និង​អត្តសញ្ញាណ​ប័ណ្ណ​ជាដើម៖ «ជារួម​ទៅ​ស្ថានភាព សំខាន់​ដែល​យើង​កំពុងតែធ្វើការ​តស៊ូ​មតិ​នោះ គឺ​ចំណុច​ទីមួយ​គឺ វា​ពាក់ព័ន្ធ​ទៅ​នឹង​អត្តសញ្ញាណ​កម្ម​ហ្នឹង វា​មាន​បញ្ហា​ជាច្រើន​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដោយសារតែ​ករណី​ពួកគាត់​ហ្នឹង អត់​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​របស់​ពួកគាត់ យើង​កំពុង​តស៊ូ​មតិ​នឹង​រដ្ឋាភិបាល បញ្ហា​មួយទៀត​គឺ​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​ដីធ្លី ឬ​ការ​ទទួល​បាន​សិទ្ធិ​លំនៅឋាន​ជាដើម»។

លោក​បន្ត​ថា ក្រៅ​តែ​ពី​ត្រូវ​រដ្ឋាភិបាល​បដិសេធ​មិន​ទទួលស្គាល់​ថា ជា​ខ្មែរ​នោះ ពលរដ្ឋ​ខ្មែរ​ក្រោម​ក៏​ត្រូវ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​សិទ្ធិ​បញ្ចេញមតិ​ផង​ដែរ​។ អាជ្ញាធរ​តែងតែ​លូកដៃ​ចូល​កិច្ចការ​សមាគម និង​វត្ត​ខ្មែរ​ក្រោម រួម​ទាំង​រឹតត្បិត​សិទ្ធិ​សេរីភាព​តាម​បណ្ដាញ​អ៊ីនធឺណិត​ទៀត​ផង។

ទោះបី​អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ធ្លាប់​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​កើត​នៅ​បរទេស អាច​មាន​សញ្ជាតិ​ខ្មែរ ជាពិសេស​ខ្មែរ​ក្រោម​អាច​មាន​សិទ្ធិ​ស្វ័យប្រវត្ត​ជា​ខ្មែរ​ក៏ដោយ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ថា អាជ្ញាធរ​កម្ពុជា​ទទួល​ខ្មែរ​ក្រោម​ជា​ពលរដ្ឋ​ខ្មែរ លុះត្រា​តែ​មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់ រួមមាន​ដូចជា ឪពុកម្ដាយ​ពួកគេ​ត្រូវតែ​ជា​ខ្មែរ មាន​សំបុត្រកំណើត និង ទីកន្លែង​កំណើត​នៅ​កម្ពុជា៖ «ចាប់ផ្ដើម​ពី​អត្រានុកូលដ្ឋាន បញ្ជីជាតិ ទីកន្លែង និង​អត្តសញ្ញាណ​ប័ណ្ណ ។ ហើយ​កាលណា​យើង​ប្រើ​ពាក្យ​ខ្មែរ​កម្ពុជា​ហ្នឹង ខ្មែរ​ក្រោម​ត្រូវតែ​គោរព​ច្បាប់»។

ប្រវត្តិសាស្ត្រ​បញ្ជាក់​ថា បារាំង​បាន​កាត់​ដី​ខ្មែរ ដែល​គេ​ស្គាល់​ថា ជា​ទឹកដី​កម្ពុជា​ក្រោម ទាំង​ខុសច្បាប់​ទៅ​ឱ្យ​វៀតណាម​ក៏ដោយ ប៉ុន្តែ​លោក ផៃ ស៊ីផាន ថា សមត្ថកិច្ច​កម្ពុជា ត្រូវតែ​គោរព​ច្បាប់ មិន​អាច​យោគយល់​ខ្មែរ​ក្រោម​បាន​នោះ​ទេ៖ «ការ​បង្ខំ​ឱ្យ​សមត្ថកិច្ច​ធ្វើ​អ្វី​តាម​ខ្មែរ​កម្ពុជា​ក្រោម​នោះ​ដែល​ប្រាសចាក​ពី​ច្បាប់​ខ្មែរ គឺ​មិន​អាច​ធ្វើ​ទៅ​បានទេ»។

កន្លងមក​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏​ធ្លាប់​លើកឡើង​ថា កម្ពុជា​ចាត់​ទុក​ពលរដ្ឋ​ខ្មែរ​ក្រោម ជា​ជនជាតិ​វៀតណាម ហើយ​រដ្ឋាភិបាល​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​វៀតណាម​នោះ​ទេ រួម​ទាំង​ការរំលោភ​សិទ្ធិមនុស្ស​ពី​សំណាក់​អាជ្ញាធរ​វៀតណាម មក​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រស់នៅ​លើទឹក​ដី​កំណើត​ខ្លួន​ក៏ដោយ។

លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា លោក​មិន​អាច​ទទួល​យក​ការ​បកស្រាយ របស់​លោក ផៃ ស៊ីផាន បាន​នោះ​ទេ ដោយសារ​មាន​ប្រវត្តិសាស្ត្រ​ជា​សាក្សី​ស្រាប់ និង​មាន​លិខិត​បទដ្ឋាន​ជាច្រើន​បញ្ជាក់​ថា ខ្មែរ​ក្រោម ជា​ខ្មែរ ទោះ​បី​ខ្មែរ​ក្រោម​ខ្លះ​មិន​បាន​កើត​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ដោយ៖ «ប៉ុន្តែ​គាត់​មានកំណើត​ជា​ខ្មែរ​។ ជា​ជនជាតិ​ខ្មែរ ជា​ឈាមជ័រ​ខ្មែរ។ អ៊ីចឹង​សូម​ឱ្យ លោក ផៃ ស៊ីផាន ហ្នឹង​ទៅ​មើល​លិខិត​អតីត​រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ហោ ណាំហុង គាត់​សរសេរ​ទៅ​អង្គការ​សហប្រជាជាតិ កាលពី​ឆ្នាំ​២០០៥ ច្បាស់​ណាស់​ថា ខ្មែរ​ក្រោម​នៅ​ពេល​មក​កម្ពុជា ជា​ពលរដ្ឋ​កម្ពុជា»។

របាយការណ៍ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស​និង​អភិវឌ្ឍន៍ បញ្ជាក់​ថា បច្ចុប្បន្ន​ខ្មែរ​ក្រោម​រស់នៅ​កម្ពុជា​មាន ចំនួន​ជាង ១​លាន​នាក់ ហើយ​ប្រមាណ ពី ២០ ភាគរយ ទៅ​៣០​ភាគរយ​មិន​ទាន់​មាន​លិខិតស្នាម​សា្នក់​នៅ​កម្ពុជា​ត្រឹមត្រូវ​នៅ​ឡើយ​ទេ។

ពលរដ្ឋ​ខ្មែរ​ក្រោម​ជាច្រើន​នាក់ បាន​ភៀសខ្លួន​មក​រស់​នៅ​លើ​ទឹកដី​កម្ពុជា ដោយសារតែ​ពួកគេ​មិន​អាច​ទ្រាំ​បាន​នឹង​ការគាបសង្កត់​របស់​អាជ្ញាធរ​វៀតណាម លើ​សិទ្ធិ​សេរីភាព និង​សាសនា។ ពលរដ្ឋ​ខ្មែរ​ក្រោម​ខ្លះ​ទៀត ក៏​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​៣​ផង​ដែរ។ ខ្មែរ​កម្ពុជា​ក្រោម​ទើបបាន​ប្រារព្ធ​ខួប ៧០​ឆ្នាំ នៃ​ការបាត់បង់​ទឹកដី កាលពី​ខែ​មិថុនា ហើយ​កំពុង​បន្ត​យុទ្ធនាការ​ស្វែងរក​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួនឯង​ទៅ​ថ្ងៃ​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។