ប្រវត្តិ​ផ្លូវ​កម្ពុជា​ក្រោម​នៅ​រាជធានី​ភ្នំពេញ

ដោយ យាង សុជាមេត្តា
2016.02.18
មហា​វិថី​កម្ពុជា ២០១៦ ៨៥៥ ស្លាក​សញ្ញា​មហា​វិថី​កម្ពុជា រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦ RFA/Phann Yasy
RFA/Phann Yasy

ផ្លូវ​កម្ពុជា​ក្រោម គឺ​ជា​ផ្លូវ​សំខាន់​មួយ​សម្រាប់​បម្រើ​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ផ្លូវ​នេះ​មាន​ចម្ងាយ ៣,៣​គីឡូម៉ែត្រ ចាប់​ពី​ផ្សារ​ធំ​ថ្មី រហូត​ដល់​ស្ពាន​អាកាស ៧​មករា ដែល​ឋិត​នៅ​ក្បែរ​សាកលវិទ្យាល័យ​ភ្នំពេញ។ ហេតុ​អ្វី​បាន​ជា​មេ​ដឹក​នាំ​ខ្មែរ​ជំនាន់​មុន ដាក់​ឈ្មោះ​ផ្លូវ​នេះ​ថា​ជា​ផ្លូវ​កម្ពុជា​ក្រោម?

នៅ​ពេល​និយាយ​ដល់​កម្ពុជា​ក្រោម ធ្វើ​ឲ្យ​គេ​នឹក​ទៅ​ដល់​ដែនដី​ខ្មែរ​មួយ​ភាគ​ធំ ឋិត​នៅ​ប៉ែក​ខាង​ត្បូង​ឆៀង​ខាង​កើត​នៃ​អតីត​អាណាចក្រ​ខ្មែរ ដែល​ត្រូវ​បាន​ជនជាតិ​វៀតណាម លេប​ត្របាក់​យក​បន្តិច​ម្តងៗ​តាំង​ពី​ដើម​សតវត្សរ៍​ទី​១៧ ហើយ​គ្រប់គ្រង​រហូត​មក​ទល់​សព្វថ្ងៃ។

បើ​ទោះ​ជា​ដែនដី​នេះ បាន​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ជិត​ខាង​ក្តី ប៉ុន្តែ​អ្នក​ដឹក​នាំ​ជំនាន់​មុន​មួយ​ចំនួន នៅ​តែ​ខិតខំ​ថែ​រក្សា​ឈ្មោះ​របស់​ដែនដី​មួយ​នេះ ទុក​សម្រាប់​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ឬ​ទាញ​ការ​ចាប់​អារម្មណ៍​របស់​មនុស្ស​ជំនាន់​ក្រោយ ឲ្យ​នឹក​ទៅ​ដល់​ដែនដី​ដែល​បាន​បាត់បង់​ទៅ​ហើយ​នោះ។ ជាក់ស្តែង ការ​ដាក់​ឈ្មោះ​មហា​វិថី​មួយ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ថា​ជា​មហា​វិថី​កម្ពុជា​ក្រោម អាច​មិន​មែន​ជា​រឿង​ចៃដន្យ​របស់​អ្នក​ដឹក​នាំ​ជំនាន់​មុន​នោះ​ទេ។

បើ​ទោះ​ជា​អាជ្ញាធរ​បច្ចុប្បន្ន ពិសេស​សាលា​រាជធានី​ភ្នំពេញ មិន​បាន​ចងក្រង​ជា​ឯកសារ​ផ្លូវ​ការ​នូវ​ប្រវត្តិ​របស់​ផ្លូវ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក្តី ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ ការ​ដាក់​ឈ្មោះ​ផ្លូវ​ដោយ​ប្រើ​ឈ្មោះ​បុគ្គល ឈ្មោះ​ទីតាំង ឬ​ឈ្មោះ​ប្រទេស​ណា​មួយ គឺ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ជំនាន់​ក្រោយ​នឹក​ដល់​បុគ្គល ឬ​ទីតាំង​នោះ ឬ​នឹក​ទៅ​ដល់​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា ជាមួយ​ប្រទេស​ទាំង​នោះ។

ជាក់ស្តែង នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ផ្លូវ​ជាច្រើន ដែល​មាន​ឈ្មោះ​ខ្សែលោហិត​រាជវង្ស ដូចជា​ផ្លូវ​នរោត្តម ស៊ីសុវត្ថិ សុធារស សុរាម្រិត មុនីវង្ស មុនីរ៉េត និង​សីហនុ។ ក្រៅ​ពី​នោះ ឈ្មោះ​ផ្លូវ​មួយ​ចំនួន គឺ​ជា​ឈ្មោះ​របស់​មេ​ដឹក​នាំ​បរទេស ឬ​ឈ្មោះ​ប្រទេស​ដទៃ​តែ​ម្តង ក្នុង​នោះ​ដូចជា​ផ្លូវ​ហ្សាលឌឺហ្គោល (Charles De Gaulle) ផ្លូវ​នេរុ (Nehru) ផ្លូវ​ម៉ៅសេទុង (Mao Tse Tung) ផ្លូវ​ឆេកូស្លូវ៉ាគី (Czechoslovakia) ឬ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ជាដើម។ ឈ្មោះ​ផ្លូវ​ទាំងអស់​នេះ ភាគ​ច្រើន​ត្រូវ​បាន​ដាក់​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម ក្រោម​ការ​ដឹក​នាំ​របស់​អតីត​ព្រះមហាក្សត្រ​សម្ដេច​ព្រះ​នរោត្តម សីហនុ។

ទាក់ទង​នឹង​ឈ្មោះ​ផ្លូវ​កម្ពុជា​ក្រោម វិញ សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ លោក សំបូរ មាណ្ណារ៉ា មាន​ប្រសាសន៍​ថា លោក​មិន​ដែល​បាន​ឃើញ​ឯកសារ​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ផ្លូវ​នេះ​ទេ ប៉ុន្តែ​លោក​អះអាង​ថា ផ្លូវ​កម្ពុជា​ក្រោម​នេះ​មាន​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម ក្រោម​ការ​ដឹក​នាំ​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ មក​ម្ល៉េះ។ សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា កត់​សម្គាល់​ថា ការ​ដែល​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ប្រទាន​ឈ្មោះ​ផ្លូវ​ដូចនេះ គឺ​ព្រះអង្គ​មាន​រាជ​បំណង​ឲ្យ​កូន​ចៅ​របស់​ព្រះអង្គ​ជំនាន់​ក្រោយ នៅ​ចងចាំ​ជានិច្ច​អំពី​អតីត​ទឹក​ដី​របស់​ខ្មែរ បើ​ទោះ​ជា​ទឹក​ដី​នោះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ដទៃ​ក្តី។ លើស​ពី​នេះ វា​ក៏​ជា​ការ​ទាញ​អារម្មណ៍​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​ប្រទេស​របស់​ខ្លួន។

លោក សំបូរ មាណ្ណារ៉ា កោត​សរសើរ​ចំពោះ​ស្មារតី​ដាស់​តឿន​កូន​ខ្មែរ​តាម​រយៈ​ការ​ដាក់​ឈ្មោះ​ផ្លូវ​បែប​នេះ។ លោក​ក៏​ជំរុញ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​ប្រទេស​ជាតិ​របស់​ខ្លួន និង​ក៏​ស្នើ​ឲ្យ​អ្នក​ពាក់ព័ន្ធ ពិសេស​សាលា​រាជធានី​ភ្នំពេញ ចងក្រង​នូវ​ប្រវត្តិ​ផ្លូវ ឬ​ទីតាំង​នានា​ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ឲ្យ​អ្នក​ជំនាន់​ក្រោយ​បាន​ស្វែង​យល់ ព្រោះ​លោក​ថា ក្នុង​ពេល​បច្ចុប្បន្ន កន្លែង​ខ្លះ​មាន​តែ​ឈ្មោះ តែ​ស្លាកស្នាម​ចាស់​សម្រាប់​សម្គាល់​ទីតាំង​ចាស់​នោះ​មិន​មាន​ឡើយ៖ «ត្រូវ​តែ​រួម​ចំណែក​គ្នា​ចងក្រង បាន​ប៉ុណ្ណា​យក​ប៉ុណ្ណឹង ដើម្បី​ឲ្យ​កូន​ចៅ​ខ្មែរ​យើង​ចងចាំ។ ឧទាហរណ៍​មើល​ពេទ្យ​ចិន ឥឡូវ​ពេទ្យ​ចិន នៅ​កន្លែង​ណា? អត់​មាន​ពេទ្យ​ចិន ទេ។ អ៊ីចឹង​យើង​ត្រូវ​ដឹង​ថា កន្លែង​ណា​មាន​ពេទ្យ​ចិន ឥឡូវ​ឈ្មោះ​ថា​បឹង​កេងកង ឥឡូវ​បាត់​បឹង​ហើយ​ហ្នឹង។ អ៊ីចឹង​យើង​គួរ​តែ​ស្វែង​យល់ ហើយ​ចងក្រង​តាម​ផ្នែក​នីមួយៗ ដើម្បី​ឲ្យ​កូន​ខ្មែរ​ដឹង វា​គ្រាន់​តែ​ជា​ប្រវត្តិសាស្ត្រ»

បើ​ទោះ​ជា​រាជធានី​ភ្នំពេញ ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ ពញាយ៉ាត តាំង​ឆ្នាំ​១៤៣៤ ក្តី ប៉ុន្តែ​ដោយសារ​ប្រទេស​មាន​សង្គ្រាម​មិន​ឈប់​ឈរ ព្រះមហាក្សត្រ​ខ្មែរ​ជំនាន់​ក្រោយៗ​បាន​ផ្លាស់​ទីក្រុង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ រហូត​មក​ដល់​ឆ្នាំ​១៨៦៥ ក្នុង​រាជ្យ​ព្រះបាទ​នរោត្តម ទើប​ព្រះអង្គ​យាង​មក​តាំង​រាជធានី​នៅ​ភ្នំពេញ​វិញ។ រាជធានី​ភ្នំពេញ ក៏​បាន​វិវឌ្ឍន៍​ចាប់​តាំង​ពី​ពេល​នោះ​មក​រហូត​មក​ទល់​សព្វថ្ងៃ។

ក្រោយ​ពី​កម្ពុជា ទទួល​បាន​ឯករាជ្យ​ពេញលេញ​ពី​អាណានិគម​បារាំង នៅ​ឆ្នាំ​១៩៥៣ អតីត​ព្រះមហាក្សត្រ​សម្ដេច​ព្រះ​នរោត្តម សីហនុ បាន​កសាង​បន្ថែម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន មាន​ផ្លូវ​ថ្នល់ ស្ពាន សាលា​រៀន អគារ​រស់នៅ​របស់​ពលរដ្ឋ មន្ទីរពេទ្យ ក្រសួង សាកលវិទ្យាល័យ វិមាន​ឯករាជ្យ រោង​មហោស្រព និង​ពហុ​កីឡដ្ឋាន​ជាតិ ជាដើម។ ដោយឡែក​ឈ្មោះ​ផ្លូវ​ភាគ​ច្រើន​ដែល​មាន​សព្វថ្ងៃ គឺ​បន្សល់​ទុក​តាំង​ពី​សម័យ​នោះ​មក។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ពី​ប្រវត្តិ​ផ្លូវ​កម្ពុជា​ក្រោម នេះ​ទេ។ លោក​ថា សាលា​រាជធានី​ភ្នំពេញ ក៏​ពុំ​មាន​កម្រង​ឯកសារ​ស្ដីពី​ប្រវត្តិ​ផ្លូវ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ឡើយ​ដែរ។

ចំណែក​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​កម្ពុជា លោក តាំង សារៈ ក៏​មិន​បាន​ដឹង​ពី​ប្រវត្តិ​ផ្លូវ​កម្ពុជា​ក្រោម នេះ​ដែរ តែ​លោក​គ្រាន់​តែ​ដឹង​ថា ផ្លូវ​នេះ​មាន​តាំង​ពី​សម័យ​សម្ដេច​ព្រះ​នរោត្តម សីហនុ គ្រប់គ្រង​ប្រទេស ដែល​នេះ​លោក​ចាត់​ទុក​ថា ជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ចំពោះ​ទឹក​ដី​កម្ពុជា​ក្រោម៖ «ខ្ញុំ​សូម​កោត​សរសើរ​យ៉ាង​ក្រៃលែង​ចំពោះ​ព្រះករុណា​ជីវិត​តម្កល់​លើ​ត្បូង ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​មាន​ព្រះរាជ​តម្រិះ​ខ្ពង់ខ្ពស់ និង​ត្រឹមត្រូវ​ជា​ទីបំផុត ដែល​បាន​យក​ឈ្មោះ​កម្ពុជា​ក្រោម​មួយ​ទាំង​មូល យក​មក​ប្រសិទ្ធិនាម​វិថី​មួយ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​និង​ផ្លូវ​មួយ​ចំនួន​ទៀត ពិត​មែន​ផ្លូវ​ខ្លះ​មាន​ទំហំ​តូច ហើយ​មាន​ប្រវែង​ខ្លី ក៏ប៉ុន្តែ​ជា​ភស្តុតាង​មួយ ដើម្បី​រំឭក​នូវ​ភូមិសាស្ត្រ​នៃ​ខេត្ត​នានា​នៅ​ក្នុង​ដែនដី​កម្ពុជា​ក្រោម»

កាល​ពី​ពេល​សម្ដេច​ព្រះ​នរោត្តម សីហនុ ដឹក​នាំ​ប្រទេស​កម្ពុជា ក្រៅ​ពី​ប្រសិទ្ធិនាម​ឈ្មោះ​ផ្លូវ​កម្ពុជា​ក្រោម នេះ ព្រះអង្គ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ពី​ពលរដ្ឋ​ខ្មែរ​ក្រោម ទាំង​ខ្មែរ​ក្រោម​ឡើង​មក​រស់នៅ​កម្ពុជា និង​ខ្មែរ​ក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម។ ព្រះអង្គ​ក៏​ធ្លាប់​យាង​ទៅ​កាន់​ខេត្ត​ឃ្លាំង នៅ​ដែនដី​កម្ពុជា​ក្រោម ដើម្បី​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ពុទ្ធសាសនបណ្ឌិត្យ​រង​នៅ​ទីនោះ​ទៀត​ផង។

ក្រៅ​ពី​ផ្លូវ​កម្ពុជា​ក្រោម ក៏​មាន​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ទៀត​មាន​ឈ្មោះ​ដូច​គ្នា​ទៅ​នឹង​ឈ្មោះ​ខេត្ត​មួយ​ចំនួន​នៅ​ដែនដី​កម្ពុជា​ក្រោម ដូចជា​ផ្លូវ​ក្រមួនស និង​ផ្លូវ​ផ្សារដែក ជាដើម ប៉ុន្តែ​ឈ្មោះ​ខេត្ត​ក្រមួនស និង​ខេត្ត​ផ្សារដែក របស់​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម នេះ ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម ប្ដូរ​ទៅ​ជា​ខេត្ត​កៀង យ៉ាង (Kieng Giang) និង​ខេត្ត​សាដែក (Sa Dec) បាត់​ទៅ​ហើយ។ ស្រប​ពេល​ដែល​រដ្ឋាភិបាល​វៀតណាម កំពុង​ព្យាយាម​លុប​បំបាត់​ឈ្មោះ​ខេត្ត​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឯណេះ​វិញ គេ​ឃើញ​មាន​ផ្លូវ​ថ្មី​មួយ​ឈ្មោះ​ថា ផ្លូវ​ហាណូយ (Hanoi) ដែល​ជា​ឈ្មោះ​រដ្ឋធានី​របស់​ប្រទេស​វៀតណាម បែរ​ជា​ត្រូវ​បាន​មេ​ដឹក​នាំ​ខ្មែរ​បច្ចុប្បន្ន យក​មក​ដាក់​ជំនួស​ឈ្មោះ​ផ្លូវ​របស់​ខ្មែរ​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។