សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពបានបង្កើតយុទ្ធនាការផ្តល់សៀវភៅសិក្សាអក្សរខ្មែរដល់កូនខ្មែរក្រោម នៅទឹកដីខ្មែរកម្ពុជាក្រោមដើម្បីអាចឱ្យពួកគេអាចរៀនភាសានិងអក្សរខ្មែរបាន។ យុទ្ធនាការនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ មកហើយបានបង្រៀនកូនខ្មែរកម្ពុជាក្រោមរាប់ពាន់នាក់ឱ្យចេះភាសា និងអក្សរខ្មែរ។
មន្ត្រីជាន់ខ្ពស់ សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពឱ្យដឹងថា តាមរយៈយុទ្ធនាការប្រមូលថវិកាទិញសម្ភារៈសិក្សា និងសៀវភៅជូនសិស្សនៅកម្ពុជាក្រោមរយៈពេលពីរឆ្នាំនេះ កូនខ្មែរក្រោមរាប់ម៉ឺននាក់ បានសិក្សាអក្សរសាស្ត្រ និងភាសាខ្មែរ។ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក លោក ថាច់ ង៉ុកថាច់ មានប្រសាសន៍ប្រាប់អាស៊ីសេរីថា អង្គការរបស់លោក បានចំណាយថវិកាក្នុងមួយឆ្នាំ ប្រមាណ ៨ពាន់ដុល្លារ ចាប់ពីឆ្នាំ២០១៨ ហើយគ្រោងនឹងបង្កើនថវិកា រហូតដល់មួយម៉ឺនដុល្លារសម្រាប់ឆ្នាំ ២០២០ខាងមុខនេះ។ លោក ថាច់ ង៉ុកថាច់ មានប្រសាសន៍ថា ការផ្តល់ចំណោះដឹងផ្នែកភាសាដល់កុមារខ្មែរក្រោម នឹងជំរុញឱ្យខ្មែរក្រោមអាចរក្សាអត្តសញ្ញាណខ្មែរក្រោមទៅថ្ងៃអនាគតបាន៖ «ភាសាខ្មែរខ្ញុំគិតថា មិនអាចបាត់បង់បានទេ ព្រោះពីមុនរដ្ឋាភិបាលយួនហ្នឹងបានគាបសង្កត់គ្រប់ជ្រុងជ្រោយទាំងអស់នៅតែភាសាហ្នឹងមិនបាត់បង់។ រដ្ឋាភិបាលវៀតណាមឥឡូវនេះ ត្រូវការជំនួយពីអន្តរជាតិដើម្បីស្តារសេដ្ឋកិច្ច ដូច្នោះត្រូវតែគោរពសិទ្ធិជនជាតិនីមួយៗ»។

កម្មវិធីផ្ដល់សៀវភៅរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ដល់កុមារខ្មែរក្រោមនេះ គឺចាប់ពីថ្នាក់ទីមួយរហូតដល់ឆ្នាំទី ៧ នៅខេត្តចំនួន៥។ សៀវភៅសិក្សាទាំងអស់នោះគឺជាសៀវភៅបង្រៀនចំណេះដឹងទូទៅរបស់ក្រសួងអប់រំនៅព្រះរាជាណាចក្រកម្ពុជា។ ការផ្តល់សៀវភៅនេះ ធ្វើឡើងតាមរយៈព្រះសង្ឃ ដែលជាគ្រូបង្គោលនៅតាមវត្តចំនួន ៣០វត្ត។ ក្រៅពីផ្ដល់សៀវភៅសិក្សា សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកក៏ផ្ដល់អាហារូបករណ៍ដល់ព្រះសង្ឃខ្មែរក្រោមដើម្បីអាចទៅសិក្សានៅបរទេសទៀតផង។
លោក ថាច់ ង៉ុកថាច់ សង្ឃឹមថា តាមរយៈការផ្តល់សៀវភៅសិក្សានេះ អក្សរសាស្ត្រខ្មែរនឹងមិនបាត់បង់នៅលើកទឹកដីកម្ពុជាក្រោមឡើយ៖ «បើកុមារខ្មែរយើងមិនចេះភាសាកំណើតយើង តើយើងសម្រេចយ៉ាងម្ដេច ដូច្នោះយើងត្រូវកុមារា និងកុមារី ព្រះសង្ឃត្រូវមានជំហរដដែល ខ្ញុំជឿថា កាលណាកូនៗខ្មែរក្រោម មានការចេះដឹង លទ្ធិប្រជាធិបតេយ្យនៅប្រទេសវៀតណាមក៏មានក៏មានការទូលំទូលាយ»។
ព្រះសង្ឃមួយអង្គគង់នៅខេត្តព្រះត្រពាំង មានថេរដីកាថា កូនខ្មែរកម្ពុជាក្រោមចូលចិត្តរៀនភាសាខ្មែរ។ ពួកគេតែងតែមករៀនជារៀងរាល់ថ្ងៃ។ ព្រះអង្គកត់សំគាល់ថា ឪពុកម្ដាយកុមារខ្មែរក្រោមក៏ជំរុញឱ្យកូនៗ របស់ពួកគេមកសិក្សាផងដែរ ហើយកុមារា និងកុមារី បានមកសិក្សាអក្សរខ្មែរដូចគ្នា៖ «សំខាន់យើងត្រូវសិក្សារៀនសូត្រ អក្សរសាស្ត្រខ្មែរយើងខាងដើម។ កូនខ្មែរយើងចាំបាច់ត្រូវតែរៀនតាំងពីថ្នាក់ទីមួយ ពីរ និងបីរហូត។ យើងការរៀនសូត្រឱ្យចេះច្បាស់ហ្នឹង គឺយើងរក្សាអត្តសញ្ញាណជាតិរបស់យើងហើយ»។
ព្រះសង្ឃស្នើឱ្យពលរដ្ឋខ្មែរក្រោមចូលរួមបរិច្ចាគថវិកា ទិញសម្ភារៈសិក្សាដល់កូនខ្មែរ ដើម្បីរក្សាអក្សរសាស្ត្រខ្មែរទៅអនាគត៖ «បើយើងរៀនគ្មានសៀវភៅ យើងរៀនមិនចេះ។ អាត្មាសង្ឃឹមថា យើងនឹងចេះជួយជ្រោមជ្រែងគ្នា»។
លោក ថាច់ ង៉ុកថាច់ អះអាងថា ទោះបីអាជ្ញាធរវៀតណាមហាក់បន្ធូរបន្ថយការរឹតត្បិតលើសិទ្ធិសេរីភាពសិក្សាភាសាខ្មែរក៏ដោយ ប៉ុន្តែ ការចែកចាយសៀវភៅភាសាខ្មែរនេះ ធ្វើឡើងក្នុងលក្ខណៈលាក់លៀមនៅឡើយទេ។ លោកថា នៅតាមព្រំដែនអាជ្ញាធរវៀតណាមនៅតែបន្តហាមឃាត់មិនឱ្យយកសៀវភៅខ្មែរចូលដដែល។
ទោះបីខ្មែរក្រោមអាចបង្រៀនកូនខ្មែរក្រោម តាមវត្តអារាមខ្លះក៏ដោយ ប៉ុន្តែខ្មែរក្រោមនៅតែប្រឈមបញ្ហាការរំលោភសិទ្ធិមនុស្សជាច្រើន ដូចជាព្រះសង្ឃខ្មែរក្រោមត្រូវបានព្រះសង្ឃវៀតណាមគ្រប់គ្រង ហើយពលរដ្ឋខ្មែរគ្មានសិទ្ធិឈប់សម្រាកថ្ងៃបុណ្យជាតិ ដូចជាថ្ងៃចូលឆ្នាំថ្មីជាដើម។
កាលពីពេលថ្មីៗនេះ អង្គការខ្មែរក្រោមដាក់សំណើដាច់ដោយឡែកមួយទៀត គឺសហព័ន្ធខ្មែរកម្ពុជាក្រោម បានស្នើឱ្យព្រះសង្ឃ និងយុវជនបង្កើត សមាគមព្រះពុទ្ធសាសនា និងសហជីព ដើម្បីទាមទារការគោរពសិទ្ធិសាសនា និងការងារ។ ព្រះសង្ឃខ្មែរក្រោមប្រតិបត្តិពុទ្ធសាសនាថេរវាទ (ហិនយាន) ចំណែកព្រះសង្ឃវៀតណាម គឺប្រតិបត្តិពុទ្ធសាសនាមហាយាន។ មន្ត្រីជាន់ខ្ពស់សហព័ន្ធខ្មែរកម្ពុជាក្រោមលើកឡើងថា ព្រះសង្ឃវៀតណាម ប្រតិបត្តិសាសនាផ្សេងគ្នាពីព្រះសង្ឃខ្មែរក្រោម ដូច្នោះរដ្ឋាភិបាលវៀតណាម ត្រូវអនុញ្ញាតឱ្យព្រះសង្ឃខ្មែរក្រោមអាចបង្កើតសមាគមព្រះសង្ឃខ្មែរក្រោម ដើម្បីអាចប្រតិបត្តិសាសនាខ្មែរដោយឯករាជ្យ។ បច្ចុប្បន្នសហព័ន្ធខ្មែរក្រោមកំពុងចលនាការគាំទ្រឱ្យព្រះសង្ឃខ្មែរក្រោមអាចអនុវត្តសាសនាខ្លួនឯងបាន ពីសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ។
មកទល់នឹងឆ្នាំ២០១៨ ខ្មែរក្រោមកសាងវត្តបានចំនួន ៤៦១វត្ត និងមានព្រះសង្ឃចំនួនជាង ៨ពាន់ ៥រយអង្គ។

នាយកផែនការសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ត្រឹង ម៉ាន់រិន មានប្រសាសន៍ថា ការអនុញ្ញាតឱ្យព្រះសង្ឃវៀតណាមគ្រប់គ្រងព្រះសង្ឃខ្មែរ នឹងអាចបណ្ដាលឱ្យមានគ្រោះថា្នក់ ដែលអាចឈានទៅដល់ការបែកបាក់សាមគ្គីភាពព្រះសង្ឃខ្មែរក្រោម៖ «ព្រះពុទ្ធសាសនាយួនវា នៅក្រោមរណសិរ្សមាតុភូមិរបស់រដ្ឋាភិបាលកុម្មុយនិស្តយួន។ វាគ្មានឯកភាព ដូច្នេះយើងមានបញ្ហាត្រង់ថា ការប្រតិបត្តិព្រះពុទ្ធសាសនាវាអាចខុសគ្នាពីតំបន់មួយទៅតំបន់មួយទៀត»។
កន្លងមកមានព្រះសង្ឃខ្មែរជាច្រើនអង្គ ត្រូវបានអាជ្ញាធរវៀតណាមឃាត់ព្រះកាយ ហើយចាប់ដាក់ពន្ធនាគារ ដោយសារតែហ៊ានបង្រៀនអក្សរខ្មែរដល់កូនខ្មែរក្រោម និងចង់បានសិទ្ធិសេរីភាពផ្នែកសាសនា។ របាយការណ៍ក្រសួងការបរទេសអាមេរិក ស្ដីពីសិទ្ធិសេរីភាពសាសនាអន្តរជាតិ ផ្សាយកាលពីខែមិថុនា ឱ្យដឹងថា ច្បាប់វៀតណាមអនុញ្ញាតឱ្យរដ្ឋាភិបាលនេះ គ្រប់គ្រងយ៉ាងតឹងរ៉ឹងលើសេរីភាពផ្នែកសាសនា ដោយយកលេសរឿងសន្តិសុខសង្គម និងជាតិ។ របាយការណ៍រកឃើញថា មេដឹកនាំសាសនានៅវៀតណាម ដែលអាជ្ញាធរមិនចុះបញ្ជីឱ្យតែងតែរងការធ្វើទុក្ខបុកម្នេញ រួមមាន ការវាយប្រហាររាងកាយ ចាប់ខ្លួនកាត់ទោស ការដាក់កម្រិតនៃការដើរហើរ និងរឹបអូសទ្រព្យសម្បត្តិជាដើម។ ទឹកដីខ្មែរក្រោម ត្រូវបានបារាំងកាត់ទាំងខុសច្បាប់ទៅឱ្យវៀតណាមកាលពី ៧០ឆ្នាំមុន។ សព្វថ្ងៃខ្មែរក្រោមនៅលើពិភពលោក កំពុងធ្វើយុទ្ធនាការ ទាមទារឱ្យវៀតណាម ផ្ដល់សិទ្ធិស្វ័យសម្រេចដោយខ្លួនឯងជាជនជាតិដើមកំណើតទៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។