របាយការណ៍៖ ខ្មែរ​ក្រោម​ភាគច្រើន​ចង់​រស់នៅ​ជា​អចិន្ត្រៃយ៍​នៅ​កម្ពុជា

ដោយ យាង សុជាមេត្តា
2017.02.09
សឺន ជុំជួន ខ្មែរ​ក្រោម ២០១៦ ៨៥៥ នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍ លោក សឺន ជុំជួន ថ្លែង​ក្នុង​ពិធី​ខួប​ទី​៩ នៃ​សេចក្តី​ប្រកាស​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម ១៣ កញ្ញា ២០០៧-១៣ កញ្ញា ២០១៦ នា​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

របាយការណ៍​ស្រាវជ្រាវ​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៧ បង្ហាញ​ថា ភាគច្រើន​នៃ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​កម្ពុជា ចង់​រស់នៅ​ជា​អចិន្ត្រៃយ៍​នៅ​លើ​ទឹកដី​នេះ។ ការ​ស្រាវជ្រាវ​ដដែល​បង្ហាញ​ថា ខ្មែរ​ក្រោម​ភាគច្រើន​នឹង​តស៊ូ​មតិ​ទាមទារ​សិទ្ធិ​រស់នៅ​លើ​ទឹកដី​កម្ពុជា ប្រសិន​បើ​អាជ្ញាធរ​កម្ពុជា ចាប់​បញ្ជូន​ខ្លួន​ពួក​គេ​ត្រឡប់​ទៅ​វៀតណាម វិញ។

របាយការណ៍​ស្រាវជ្រាវ​មាន​ចំណង​ជើង​ថា "សិទ្ធិ​ជា​ពលរដ្ឋ​របស់​ខ្មែរ​ក្រោម​នៅ​កម្ពុជា" ត្រូវ​បាន​សហការ​ចងក្រង​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៣ គឺ​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់ (ACT) មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) និង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍។

ការ​ស្រាវជ្រាវ​ស្ដីពី​សិទ្ធិ​ជា​ពលរដ្ឋ​របស់​ខ្មែរ​ក្រោម​នៅ​កម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​តុលា និង​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ នៅ​ក្នុង​តំបន់​ចំនួន​៨ គឺ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ ក្រចេះ បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប ដោយ​សាកសួរ​ទៅ​លើ​ខ្មែរ​ក្រោម ២៦៤​នាក់។

គោល​បំណង​នៃ​ការ​ស្រាវជ្រាវ​នេះ គឺ​ផ្តល់​នូវ​ទិន្នន័យ​ជាក់ស្តែង​អំពី​ស្ថានភាព​ផ្លូវ​ច្បាប់​របស់​ខ្មែរ​ក្រោម​នៅ​កម្ពុជា បទពិសោធន៍ និង​ផល​លំបាក​ដែល​ខ្មែរ​ក្រោម​ប្រឈម ដោយសារ​តែ​ឋានៈ​ជា​ពលរដ្ឋ​របស់​ខ្លួន។

បញ្ហា​មួយ​ចំនួន​ដែល​ការ​ស្រាវជ្រាវ​ផ្ដោត​ទៅ​លើ​រួម​មាន៖

  • មូលហេតុ​នាំ​ឲ្យ​ខ្មែរ​ក្រោម​ឡើង​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា

  • ស្ថានភាព​នៃ​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ពី​កម្ពុជា​ក្រោម​មក​កម្ពុជា

  • ផល​លំបាក និង​ការ​ប្រឈម​ពេល​រស់នៅ​កម្ពុជា

  • ឯកសារ​បញ្ជាក់​អត្តសញ្ញាណ

  • ការ​យល់​ដឹង​ពី​សិទ្ធិ​ជា​ពលរដ្ឋ​តាម​ច្បាប់​ជាតិ

  • ឥរិយាបថ​របស់​អាជ្ញាធរ​ខ្មែរ​ចំពោះ​ខ្មែរ​ក្រោម

  • និង​ឥរិយាបថ​របស់​ខ្មែរ​ក្រោម​ចំពោះ​ប្រទេស​កម្ពុជា។

 

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ភាគច្រើន​ចង់​រស់នៅ​ជា​អចិន្ត្រៃយ៍​នៅ​កម្ពុជា។ ខ្មែរ​ក្រោម​លើក​ឡើង​ថា មូលហេតុ​ដែល​ពួក​គេ​ចង់​រស់នៅ​លើ​ទឹកដី​កម្ពុជា ជា​រៀង​រហូត ដោយសារ​តែ​ពួក​គេ​មាន​អត្តសញ្ញាណ​ជា​ខ្មែរ​ដូច​ខ្មែរ​នៅ​កម្ពុជា ងាយស្រួល​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​ដោយសារ​ពួក​គេ​មាន​សាច់ញាតិ ឬ​មិត្តភ័ក្ដិ​នៅ​កម្ពុជា ជាដើម។

ការ​ស្រាវជ្រាវ​បង្ហាញ​ដែរ​ថា ប្រសិន​បើ​អាជ្ញាធរ​ខ្មែរ​ចាប់​បញ្ជូន​ខ្មែរ​ក្រោម​ត្រឡប់​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម វិញ ពួក​គេ​នឹង​មិន​គោរព​តាម​បញ្ជា​របស់​អាជ្ញាធរ​នោះ​ទេ ប៉ុន្តែ​នឹង​ធ្វើ​ការ​តស៊ូ​មតិ ឬ​ស្វែងរក​ការ​គាំទ្រ​ពី​សហគមន៍​ខ្លួន ដើម្បី​ទាមទារ​សិទ្ធិ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​វ័យ ៤៦​ឆ្នាំ ពលរដ្ឋ​ខ្មែរ​ក្រោម​ឈ្មោះ រើន សុខា ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​ស្រាវជ្រាវ​អំពី​សិទ្ធិ​ជា​ពលរដ្ឋ​របស់​ខ្មែរ​ក្រោម នៅ​ភោជនីយដ្ឋាន​អ័រគីដេ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ មករា កន្លង​ទៅ។ លោក រើន សុខា ឲ្យ​ដឹង​ថា បើ​ទោះ​ជា​លោក​បាន​ឡើង​មក​ប្រទេស​កម្ពុជា តាំង​ពី​ឆ្នាំ​២០០០ តែ​រហូត​មក​ទល់​សព្វថ្ងៃ​នេះ រូប​លោក និង​ក្រុម​គ្រួសារ​មិន​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នោះ​ទេ។

លោក រើន សុខា បញ្ជាក់​ថា លោក​ចង់​ក្លាយ​ជា​ពលរដ្ឋ​ខ្មែរ​ពេញ​សិទ្ធិ​ដូច​ពលរដ្ឋ​ទូទៅ​ផ្សេង​ទៀត​ដែរ ប៉ុន្តែ​លោក​ហាក់​ពិបាក​ក្នុង​ការ​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ព្រោះ​លោក​ថា ម្យ៉ាង​លោក​មិន​ដែល​ទទួល​បាន​ព័ត៌មាន​ថា​អាជ្ញាធរ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នៅ​ពេល​ណា​ឡើយ ចំណែក​អាជ្ញាធរ​វិញ លោក​ថា​ក៏​មិន​ដែល​បាន​ហៅ​គ្រួសារ​លោក​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នោះ​ដែរ៖ «គ្រាន់​ឮ​អ្នក​ជិត​ខាង​គេ​ប្រាប់​ខ្លះៗ ដល់​ពេល​ខ្ញុំ​ទៅ​និយាយ រាង​អត់​ច្បាស់ ហើយ​គេ​សួរ​រក​សំបុត្រ​កំណើត ប័ណ្ណ​គ្រួសារ ខ្ញុំ​អត់​មាន។ គេ​ផ្អាក​ត្រឹម​ហ្នឹង​ទៅ ថា​ចាំ​គេ​ហៅ​ក្រោយ​ទៀត។ ដល់​ចឹង​ទៅ យើង​អត់​បាន​រហូត ហើយ​យើង​មាន​ពេល​ណា យើង​ក្រ។ ខ្ញុំ​ធ្វើ​តែ​សំណង់​ហ្នឹង ប្រពន្ធ​លក់​ដូរ​តិចតួច។ យើង​មាន​លុយ​ណា​ខ្នះខ្នែង​ធ្វើ​រឿង​ចឹង។ មួយ​ខែៗ​រវល់​តែ​រក​លុយ​ជួល​ផ្ទះ​ហ្នឹង វេទនា​ដែរ​ហ្នឹង»

មាន​កំណើត​កើត​ជា​នៅ​ខេត្ត​ព្រះត្រពាំង ដែនដី​កម្ពុជា​ក្រោម ហើយ​សព្វថ្ងៃ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ លោក រើន សុខា ប្រាប់​ថា អាជ្ញាធរ​ហាក់​យោគយល់​លោក​ខ្លះ​ដែរ បើ​ទោះ​ជា​ពួក​គេ​ដឹង​ថា លោក​មិន​មាន​លិខិត​ស្នាម​រស់នៅ​គ្រប់គ្រាន់​ក្តី។ យ៉ាង​ណា​ក៏ដោយ​ចុះ បុរស​ខ្មែរ​ក្រោម​រូប​នេះ​នៅ​តែ​ព្រួយ​បារម្ភ​ពី​ឋានៈ​ជា​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា ខ្លាច​ថ្ងៃ​ណា​មួយ​អាជ្ញាធរ​ខ្មែរ​ចាប់​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម វិញ។

មួយ​វិញ​ទៀត គាត់​ក៏​ចង់​ចូលរួម​ក្នុង​សកម្មភាព​សង្គម ដូចជា​ចូលរួម​បោះឆ្នោត​ជ្រើសរើស​មេ​ដឹកនាំ​ប្រទេស​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​ជាដើម នៅ​ពេល​គាត់​មាន​អត្តសញ្ញាណប័ណ្ណ ជាពិសេស​នោះ គាត់​ចង់​ក្លាយ​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ត្រឹមត្រូវ រស់នៅ​ពិត​ប្រាកដ​លើ​ទឹកដី​កម្ពុជា៖ «ខ្ញុំ​ព្រួយ​បារម្ភ​យូរ​ឆ្នាំ​ហើយ ព្រួយ​គ្មាន​សំបុត្រ​កំណើត ប័ណ្ណ​គ្រួសារ អត្តសញ្ញាណប័ណ្ណ។ យើង​ប្រជាជន​ដូច​យើង​អត់​បាន​ពេញ​សិទ្ធិ​ដូច​គេ ខ្លាច​បញ្ជូន​ទៅ​វិញ។ ដល់​បញ្ជូន​ទៅ​វិញ គេ​ធ្វើ​បាប​យើង។ យើង​គ្មាន​អត្តសញ្ញាណប័ណ្ណ​នៅ​ក្រោម​ដែរ​ហ្នឹង ប័ណ្ណ​គ្រួសារ​នៅ​ស្រុក​អត់​មាន​ទៀត។ ដល់​ចឹង​ទៅ​គេ​បញ្ជូន​យើង​ទៅ​មិន​ដឹង​ទៅ​ណា វា​ចប់​ត្រឹម​ហ្នឹង។ ដល់​អ៊ីចឹង​ទៅ​សង្ឃឹម​លើ​បង​ប្អូន​នៅ​ហ្នឹង​ហើយ»

សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ រៀបចំ​សិក្ខា​សាលា​ថ្នាក់​ជាតិ​ខ្មែរ​ក្រោម​លើក​ទី​១ នៅ​ទីស្នាក់ការ​ឋិត​ក្នុង​សហគមន៍​បុរី​ព្រៃនគរ ភូមិ​គោកឃ្លាំង សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៥។
សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ រៀបចំ​សិក្ខា​សាលា​ថ្នាក់​ជាតិ​ខ្មែរ​ក្រោម​លើក​ទី​១ នៅ​ទីស្នាក់ការ​ឋិត​ក្នុង​សហគមន៍​បុរី​ព្រៃនគរ ភូមិ​គោកឃ្លាំង សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Yeang Socheametta


អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា ប៉ាន់​ប្រមាណ​ថា ខ្មែរ​ក្រោម​នៅ​កម្ពុជា មាន​ប្រហែល ១​លាន​នាក់។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ក៏​មាន​ខ្មែរ​ក្រោម​មួយ​ចំនួន​ចង់​ត្រឡប់​ទៅ​រស់នៅ​ស្រុក​កំណើត​ដែនដី​កម្ពុជា​ក្រោម​វិញ​ដែរ ដើម្បី​ជួបជុំ​សមាជិក​គ្រួសារ​ពួក​គេ​នៅ​ទីនោះ។

ក្រៅ​ពី​រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ភាគច្រើន​ប្រាថ្នា​រស់នៅ​ជា​អចិន្ត្រៃយ៍​នៅ​កម្ពុជា ការ​ស្រាវជ្រាវ​រក​ឃើញ​ថា មូលហេតុ​ចម្បងៗ​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ឡើង​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ដោយសារ៖

  • ភាព​ក្រីក្រ

  • ការ​លំបាក​ក្នុង​ការ​ធ្វើ​ជំនួញ ឬ​ស្វែងរក​ការងារ​ធ្វើ

  • ខ្វះ​ដីធ្លី​សម្រាប់​តាំង​ទី​លំនៅ និង​ធ្វើ​ស្រែ

  • លំបាក​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ

  • មាន​ការ​បង្ក្រាប ឬ​បារម្ភ​ពី​ការ​ធ្វើ​បាប​ពី​សំណាក់​អាជ្ញាធរ​វៀតណាម

  • ហើយ​ខ្លះ​ទៀត​រត់​ភៀស​ខ្លួន​តាំង​ពី​សម័យ​សង្គ្រាម ជាដើម។

 

នៅ​ពេល​ឡើង​មក​ដល់​ប្រទេស​កម្ពុជា របាយការណ៍​ស្រាវជ្រាវ​រក​ឃើញ​ថា ខ្មែរ​ក្រោម​ជួប​ប្រទះ​បញ្ហា​ជា​ថ្មី​ទៀត រួម​មាន៖

  • កង្វះ​លំនៅឋាន

  • កង្វះ​ដីធ្លី

  • គ្មាន​ការងារ​ធ្វើ

  • ចំណាយ​លើ​ការ​រស់នៅ​ខ្ពស់

  • ប្រឈម​នឹង​ការ​រើសអើង​ដោយ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ជនជាតិ​វៀតណាម

  • ពុំ​ទទួល​ស្គាល់​ពី​អាជ្ញាធរ

  • និង​កូនៗ​មិន​អាច​ទៅ​សាលារៀន​បាន ដោយសារ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ ជាដើម។

 

ក្រៅ​ពី​បញ្ហា​ទាំងអស់​នេះ ខ្មែរ​ក្រោម​ក៏​ប្រឈម​នឹង​ការ​រើសអើង​ផ្នែក​នយោបាយ​ពី​អាជ្ញាធរ​មូលដ្ឋាន ដោយ​ផ្អែក​លើ​ការ​សន្មត​ដែល​ថា ខ្មែរ​ក្រោម​គឺ​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​នៅ​កម្ពុជា។

បើ​និយាយ​ពី​ការ​យល់​ដឹង​របស់​ខ្មែរ​ក្រោម​ពី​សិទ្ធិ​ជា​ពលរដ្ឋ​ស្រប​តាម​ច្បាប់​របស់​កម្ពុជា វិញ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ភាគច្រើន​មិន​សូវ​បាន​ដឹង​ឡើយ។ ពួក​គេ​ក៏​មិន​សូវ​ដឹង​ពី​បែបបទ​ក្នុង​ការ​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ។ ក្នុង​ពេល​ជាមួយ​គ្នា ខ្មែរ​ក្រោម​ក៏​បាន​ជួប​ប្រទះ​នឹង​ផល​លំបាក​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ រួម​មាន៖

  • ការ​ធ្វើ​ត្រូវ​ចំណាយ​ពេល​យូរ

  • ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​ហ្មត់ចត់

  • តម្លៃ​ធ្វើ​ខ្ពស់

  • ដំណើរ​ការ​មិន​ច្បាស់លាស់

  • កង្វះ​ព័ត៌មាន

  • ការ​សូកប៉ាន់ ឬ​ពុក​រលួយ

  • និង​អាជ្ញាធរ​តម្រូវ​ឲ្យ​ទៅ​ជួប​ច្រើន​ដង។ល។

 

សង្គម​ស៊ីវិល​ធ្វើ​ការ​ស្រាវជ្រាវ​អំពី​ខ្មែរ​ក្រោម សង្កត់​ធ្ងន់​ថា បើ​ទោះ​ជា​សិទ្ធិ​ជា​ពលរដ្ឋ​របស់​ខ្មែរ​ក្រោម​នៅ​កម្ពុជា ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ច្បាប់​ស្ដីពី​សញ្ជាតិ​ខ្មែរ ព្រម​ទាំង​សេចក្តី​ថ្លែង​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ថា​ខ្មែរ​ក្រោម​ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​កម្ពុជា អាច​មាន​សិទ្ធិ​ស្មើ​គ្នា​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ក្តី ពួក​គេ​ថា​ជាក់ស្តែង​ខ្មែរ​ក្រោម​មិន​ទាន់​អនុវត្ត​បាន​នូវ​សិទ្ធិ​ទាំងអស់​នេះ​នៅ​ឡើយ គឺ​ខ្មែរ​ក្រោម​នៅ​តែ​ប្រឈម​នឹង​ការ​រើសអើង ខ្វះ​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ និង​ខ្វះ​ឯកសារ​បញ្ជាក់​ពី​អត្តសញ្ញាណ។

សង្គម​ស៊ីវិល​សន្និដ្ឋាន​ថា បញ្ហា​ទាំងអស់​នេះ​កើត​ឡើង​ដោយសារ​រដ្ឋាភិបាល​កម្ពុជា ខ្វះ​គោលការណ៍​ណែនាំ ឬ​នីតិវិធី​ច្បាប់​ច្បាស់លាស់​ដើម្បី​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​អាច​ចេញ​អត្តសញ្ញាណប័ណ្ណ​ដល់​ខ្មែរ​ក្រោម។

នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ឲ្យ​អាស៊ីសេរី​ដឹង​ថា ក្រុម​ការងារ​លោក​កំពុង​រៀបចំ​បោះពុម្ព​របាយការណ៍​ស្រាវជ្រាវ​នេះ ដើម្បី​ចែកចាយ​ឲ្យ​បាន​ទូលំទូលាយ។ លោក​ថា បន្ទាប់​មក អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រួម​ជាមួយ​សង្គម​ស៊ីវិល​ផ្សេង​ទៀត នឹង​ស្នើ​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​ស្វែងរក​លទ្ធភាព​នៃ​ការ​បង្កើត​លិខិត​បទដ្ឋាន​គតិយុត្តិ​ច្បាស់លាស់​ស្ដីពី​សិទ្ធិ​ជា​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។