មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោមអះអាងថា អាជ្ញាធរវៀតណាម បន្តធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដែលធ្វើដំណើរទៅលេងស្រុកកំណើត តាមរយៈការបង្ខំឲ្យធ្វើកិច្ចសន្យាមិនប្រឆាំងទាមទារវៀតណាម ដើម្បីរំដោះទឹកដីកម្ពុជាក្រោមវិញ។
មន្រ្តីព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកឲ្យដឹងថា វៀតណាមបានចាប់ផ្តើមធ្វើយុទ្ធនាការ គំរាមកំហែងពលរដ្ឋខ្មែរក្រោម ដែលធ្វើដំណើរទៅសួរសុខទុក្ខបងប្អូន និងឪពុកម្តាយដែលកំពុងរស់នៅលើទឹកដីកំណើតលើទឹកដីកម្ពុជាក្រោម។ កាលពីថ្ងៃទី២០ ខែកុម្ភៈ អាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង ដែលក្រោយមកវៀតណាមប្តូរឈ្មោះទៅជាខេត្ត សុកត្រាំង បានកោះហៅពលរដ្ឋខ្មែរក្រោមម្នាក់ ជាខ្មែរអាមេរិកាំង ទៅសួរចម្លើយពេលលោកទៅលែងស្រុកកំណើត។ មន្រ្តីវៀតណាមបានសាកសួរ លោកអស់រយៈពេលប្រមាណ ៣ម៉ោង និងបង្ខំឲ្យលោកធ្វើកិច្ចសន្យាមិនប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម ទើបអាចវិលត្រឡប់ទៅផ្ទះវិញបាន។
ព្រះភិក្ខុ សឺង យ៉ឹងរតនា មន្ត្រីព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម និងជាព្រះចៅអធិការវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California) មានថេរដីកាថា អាជ្ញាធរវៀតណាម បានបង្ខំ និងលួងលោមខ្មែរក្រោមមកពីកម្ពុជា និងសហរដ្ឋអាមេរិកកុំឲ្យធ្វើសកម្មភាពប្រឆាំង នឹងវៀតណាម ដោយសន្យាឲ្យផលប្រយោជន៍។ ព្រះអង្គបន្ត ទង្វើរបស់វៀតណាមជា ការរំលោភបំពានសិទ្ធិមនុស្ស ពីព្រោះពលរដ្ឋខ្មែរក្រោមមិនបានបង្កអំពើហិង្សា ឬប្រើប្រាស់មធ្យោបាយហិង្សា ដើម្បីទាមទារសិទ្ធិស្វ័យសម្រេចនោះទេ៖ «ការធ្វើទៅលើពលរដ្ឋខ្មែរក្រោមយើង ដែលធ្វើដំណើរពីអាមេរិក ក្រៅប្រទេស ក៏ដូចពីកម្ពុជា ចុះទៅស្រុកកំណើតសួរសុខទុក្ខឪពុកម្តាយ ឬវត្តអារាមនៅលើទឹកដីកម្ពុជាក្រោម ហើយរដ្ឋអំណាចវៀតណាមតែងតែកោះហៅ និងគំរាមកំហែង ហៅទៅសួរចម្លើយជាការរំលោភសិទ្ធិមនុស្សចំពោះពលរដ្ឋខ្មែរក្រោម»។
ព្រះអង្គបន្តទៀតថា វៀតណាមចាប់ផ្តើម លាបព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលជាអង្គការនយោបាយស្របច្បាប់ ដែលមានមូលដ្ឋាននៅអាមេរិកដើម្បីតស៊ូមតិ ទាមទារសិទ្ធិស្វ័យសម្រេចឲ្យពលរដ្ឋខ្មែរក្រោមទៅថ្ងៃអនាគត៖ «និយាយរួមគេរៀបរាប់ អំពីសកម្មភាពរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេសហ្នឹង គេទាញយកហេតុផលផ្សេងៗរបស់សហព័ន្ធ ហើយគេពន្យល់ថា សហព័ន្ធធ្វើហ្នឹង ដើម្បីប្រឆាំងប្រទេសវៀតណាម ដើម្បីរំដោះទឹកដី»។
សហព័ន្ធខ្មែរកម្ពុជា កាលពីខែមិថុនាកន្លងទៅ បានរៀបចំបុណ្យរំលឹកការបាត់បង់ទឹកដីខ្មែរក្រោម លើកទី ៧០ឆ្នាំ ហើយប្រកាសនឹងធ្វើយុទ្ធនាការទាមទារសិទ្ធិស្វ័យសម្រេចឲ្យខ្មែរក្រោមទៅថ្ងៃអនាគត។
ការបង្ខំរបស់វៀតណាមឲ្យពលរដ្ឋខ្មែរក្រោម ដែលមានលិខិតឆ្លងដែនអាមេរិកធ្វើកិច្ចសន្យាមិនប្រឆាំងនឹងវៀតណាមនេះ កើតឡើងប៉ុន្មានថ្ងៃក្រោយពេល វៀតណាមបានរឹបអូសលិខិតឆ្លងខ្មែរពី ព្រះសង្ឃខ្មែរក្រោមមួយអង្គ ដែលនិមន្តពីកម្ពុជាទៅចូលរួមមង្គលការបងប្អូន។
កាលពីពាក់កណ្តាលខែកុម្ភៈនេះ ព្រះសង្ឃខ្មែរក្រោមព្រះនាម សឺន ទី ត្រូវបានអាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង ចោទប្រកាន់ថា ប្រព្រឹត្តបទល្មើសប្រឆាំងច្បាប់អ៊ិនធឹណែត (Cyber law) ដោយសារតែព្រះអង្គ បានចែកចាយព័ត៌មានស្ដីពីការប្រារព្ធខួប ៧០ឆ្នាំ នៃថ្ងៃបាត់បង់ទឹកដីខ្មែរក្រោមទៅឲ្យវៀតណាម និងខ្លឹមសារកិច្ចសម្ភាសន៍មន្ត្រីសហព័ន្ធខ្មែរក្រោមរបស់វិទ្យុអាស៊ីសេរីនៅតាមបណ្ដាញសង្គម (Facebook) ពេលព្រះអង្គគង់នៅកម្ពុជា។ ប៉ុន្តែដោយសារតែព្រះអង្គ សឺន ទី និងសហព័ន្ធខ្មែរកម្ពុជាក្រោមតស៊ូមតិលើឆាកអន្តរជាតិ ទើបអាជ្ញាធរវៀតណាម ប្រគល់លិខិតឆ្លងដែនព្រះអង្គវិញ និងសូមទោសព្រះអង្គ ដោយអាជ្ញាធរវៀតណាមអះអាងថា ការរឹបអូសលិខិតឆ្លងដែននេះ ធ្វើឡើងដោយសារតែការយល់ច្រឡំ។ ព្រះអង្គ សឺន ទី មានថេរដីកាថា វៀតណាមចង់បំបាក់ស្មារតីខ្មែរក្រោម ទើបធ្វើយុទ្ធនាការបង្ខំឲ្យខ្មែរសារភាព និងធ្វើកិច្ចសន្យាមិនប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម។
ព្រះភិក្ខុ សឺង យ៉ឹងរតនា អំពាវនាវឲ្យពលរដ្ឋខ្មែរក្រោមទាំងអស់ កុំចាញ់សម្លុតរបស់វៀតណាម ហើយបន្តតស៊ូមតិ ដើម្បីសិទ្ធិសេរីភាពទៅថ្ងៃអនាគត៖ «យើងកុំចុះហត្ថលេខាទទួលស្គាល់អ្វីមួយ ដែលរដ្ឋអំណាច ដែលរដ្ឋអំណាចយួនគេចោទប្រកាន់»។
សហព័ន្ធខ្មែរក្រោមធ្លាប់ ព្រមានរដ្ឋាភិបាលវៀតណាមថា ខ្មែរក្រោមនឹងតវ៉ាទៅប្រទេស មហាអំណាចសេដ្ឋកិច្ចនៅលើពិភពលោក កុំឲ្យបន្តជួយសេដ្ឋកិច្ចវៀតណាម ប្រសិនបើប្រទេសមួយនេះ បន្តធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម។ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ មានប្រសាសន៍ថា វៀតណាមនឹងបាត់បង់ផលប្រយោជន៍ធំប្រសិនបើប្រទេសនេះ បន្តធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋខ្មែរក្រោម ដែលទៅលេងស្រុកកំណើតជាបន្តទៀត។
រដ្ឋាភិបាលវៀតណាមកំពុងតែព្យាយាមចាប់ដៃនឹងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដើម្បីធ្វើពាណិជ្ជកម្មជាមួយដោយមានការអនុគ្រោះពន្ធនាំចូល ជាថ្នូរនឹងការគោរពសិទ្ធិមនុស្ស។ កាលពីសប្ដាហ៍សហភាពអឺរ៉ុប បានយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងវៀតណាមឲ្យអនុគ្រោះពន្ធ ៩៩ភាគរយលើទំនិញនាំចូលរបស់វៀតណាម។ ចំណែកសហរដ្ឋអាមេរិក ក៏គ្រោងនឹងបើកវេទិកា សន្ទនាអាមេរិកនិងវៀតណាម ជុំវិញបញ្ហាសិទ្ធិមនុស្ស ដែលនឹងធ្វើនៅឆ្នាំ ២០២០ខាងមុខ ពិនិត្យស្ថានភាពសិទ្ធិមនុស្សរបស់វៀតណាម ដើម្បីអាចធានាវៀតណាម អាចធ្វើពាណិជ្ជកម្មនឹងអាមេរិកលុះត្រាតែ ការគោរពសិទ្ធិមនុស្សមានលក្ខណៈរីកចំរើន។ ទោះបីយ៉ាងណា អង្គការសិទ្ធិមនុស្សអន្តរជាតិ បានរិះគន់ថា វៀតណាមមិនសមនឹងទទួលបានការអនុគ្រោះពន្ធនោះទេ ដោយសារតែ វៀតណាមមិនបានស្ដារស្ថានភាពសិទ្ធិមនុស្សឲ្យល្អប្រសើរនោះទេ ពិសេស ការបន្តឃុំខ្លួនអ្នកទោសនយោបាយប្រមាណ៣ រយនាក់ក្នុងពន្ធនាគារ គាបសង្កត់សេរីភាពបញ្ចេញមតិជាដើម។ អង្គការសង្គមស៊ីវិលសង្ឃឹមថា ស្ថានភាពអាក្រក់ស្ដីពីសិទ្ធិមនុស្សនៅវៀតណាម នឹងជំរុញឲ្យសភាសហភាពអឺរ៉ុបនឹងដកសេចក្ដីទុកចិត្តពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប និងវៀតណាមវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។