ការ​ត្រៀម​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នៅ​កម្ពុជា​ក្រោម

ដោយ យន់ សាមៀន
2019-04-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​​នៃ​ការ​រៀបចំ​សម្រាប់​​បុណ្យ​ចូល​ឆ្នាំ​ឆ្នាំ​ថ្មី នៅ​ភ្នំ​ខ្សាច់​វត្ត​មេ​រង​ថ្មី ឃុំ​ដើម​ជ្រៃ ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះ​ត្រពាំង ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី១៤ ខែ​មេសា ឆ្នាំ២០១៨។
ទិដ្ឋភាព​​នៃ​ការ​រៀបចំ​សម្រាប់​​បុណ្យ​ចូល​ឆ្នាំ​ឆ្នាំ​ថ្មី នៅ​ភ្នំ​ខ្សាច់​វត្ត​មេ​រង​ថ្មី ឃុំ​ដើម​ជ្រៃ ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះ​ត្រពាំង ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី១៤ ខែ​មេសា ឆ្នាំ២០១៨។
រូប៖ ហ្វេសប៊ុក រំដួល​ព្រះត្រពាំង ខ្មែរក្រោម

ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ត្រៀម​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នៅ​សប្ដាហ៍​នេះ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​កំពុង​រស់នៅ​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម ក៏​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ទទួល​ទេវតា​ថ្មី និង​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ដែរ។ ពលរដ្ឋ​ខ្មែរ​ក្រោម​អះអាង​ថា ក្ដី​ប្រាថ្នា​របស់​ពួក​គេ​សម្រាប់​ឆ្នាំ​ថ្មី គឺ​ពួក​គេ​ចង់​បាន​សិទ្ធិ​ពេញលេញ​ជា​ជនជាតិ​ដើម​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម។

មិន​ខុស​គ្នា​ទៅ​នឹង​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ទេ ថ្វី​ត្បិត​តែ​ពលរដ្ឋ​ខ្មែរ​ក្រោម​កំពុង​រង​ការ​គាប​សង្កត់​ផ្នែក​សិទ្ធិ​មនុស្ស​ និង​សាសនា​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម​ក៏​ដោយ​ ក៏​ពលរដ្ឋ​ខ្មែរ​ក្រោម​ខំប្រឹង​ប្រែង​ថៃ​រក្សា​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​មិន​ឱ្យ​បាត់បង់​នោះ​ទេ។ ខ្មែរ​កម្ពុជា​ក្រោម​បាន​រៀបចំ​វត្ត ផ្ទះ​សម្បែង និង​រៀបចំ​ខ្លួន ដើម្បី​ទទួល​ទេវតា​ថ្មី និង​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​កុរ ឆ្នាំ២០១៩ ដែល​នឹង​ចូល​មក​ដល់ ចាប់​ពី​ថ្ងៃ​អាទិត្យ ១០កើត ដល់​ថ្ងៃ​អង្គារ​ ១២កើត ដែល​ត្រូវ​នឹង​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី១៦ មេសា។

ព្រះភិក្ខុ សឺង យ៉ឹងរតនា​ ជា​ព្រះចៅ​អធិការ​វត្ត​ខេមរ​រង្សី​នៅ​ទី​ក្រុង​សាន់ហូស្សេ​ រដ្ឋ​កាលីហ្វ័រញ៉ា (California) និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មាន​ថេរ​ដីកា​ថា ខ្មែរ​កម្ពុជា​ក្រោម​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​នៅ​លើក​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដូច​ទៅ​នឹង​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ដែរ ទោះ​បី​ពួក​គេ​ឋិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​រដ្ឋាភិបាល​វៀតណាម​គ្រប់​ជំហាន​ក៏​ដោយ។

ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម​មួយ​ចំនួន​បាន​ប្រាប់​អាស៊ី​សេរី​ថា ​ក្ដី​ប្រាថ្នា​សម្រាប់​ឆ្នាំ​ថ្មី​របស់​ពួក​គេ គឺ​សិទ្ធិ​សេរីភាព​ មិន​មែន​មាស​ប្រាក់​លុយ​កាត់​ឡើយ។ ពួក​គេ​ថា ថ្មី​ត្បិត​តែ​វៀតណាម​មិន​ហាម​ឃាត់​ខ្មែរ​ក្រោម​មិន​ឱ្យ​បារម្ភ​ពិធី​ចូល​ឆ្នាំ​ថ្មី​ក៏​ដោយ ប៉ុន្តែ​រដ្ឋាភិបាល​កុម្មុយនិស្ត​មួយ​នេះ ក៏​មិន​ជួយ​សម្រួល​ដល់​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ឱ្យ​ពួក​គេ​មាន​ឱកាស​ចូល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឱ្យ​បាន​ពេល​លេញ​ដែរ។វៀតណាម​មិន​បាន​ផ្ដល់​ឱកាស​ឈប់​សម្រាក​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នៃ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ទេ។ ចំណែក​ឯ​សាលា​រៀន​ដែល​មាន​កូន​ខ្មែរ​ចូល​រៀន ក៏​មិន​ឈប់​សម្រាក​ដែរ។

ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ដើម្បី​សុ​វត្ថ​ភាព​ប្រាប់​អាស៊ី​សេរី​ថា លោក​បាន​ត្រៀម​ខ្លួន និង​បាន​ជួយ​រៀបចំ​ទីវត្ត​អារាម និង​បង្កើត​កម្មវិធី​កម្សាន្ត​ល្បែង​ប្រជាប្រិយ សិល្បៈ​ច្រៀង​កំដរ​ដើម្បី​ទទួល​ទេវតា​ថ្មី។ ក្រៅ​តែ​ចូលរួម​រៀបចំ​វត្ត លោក​ក៏​បាន​សំអាត​ផ្ទះ​សម្បែង​ទទួល​ឆ្នាំ​ថ្មី​ដែរ។ទោះ​បី​ជា​យ៉ាង​ណា​ក្ដី លោក​សោក​ស្ដាយ​ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម​ផ្សេង​ទៀត ដែល​ធ្វើ​ការងារ​នៅ​ទី​ឆ្ងាយ​មិនបាន​ចូលរួម​ពិធី​ចូល​ឆ្នាំ​នឹង​គេ៖ «អ្វី​ដែល​មិន​សប្បាយ​នោះ គឺ​យើង​នឹក​ឃើញ​ថា បង​ប្អូន​ដែល​មិន​បាន​មក​ស្រុក​វិញ​ ដែល​ជាប់​ធ្វើ​ការងារ​នៅ​នៅ​ក្រុមហ៊ុន​នៅ​ព្រៃនគរ​មិន​បាន​ចូលរួម​ជាមួយ​យើង។ ហេតុ​អី​គេ​មិន​ឱ្យ​យើង​មក​សម្រាក​មួយ​ថ្ងៃ​ពីរ​ថ្ងៃ ឬ​បី​ថ្ងៃ

លោក​បន្ត​លោក​សូម​ឧទ្ទិស​កុសលផល​បុណ្យ​ដែល​លោក​បាន​កសាង​ទាំងប៉ុន្មាន​កន្លងមក​ឱ្យ​ខ្មែរ​កម្ពុជាក្រោម​ទទួល​បាន​សិទ្ធិ​សេរី​ពេល​ទី​ជា​ជនជាតិ​ដើមកំណើត៖ «ខ្លួន​ខ្ញុំ​គ្មាន​ប្រាថ្នា​អ្វី​ច្រើន​នោះ​ទេ​មាន​តែ​សូម​សេរីភាព​ឱ្យ​បង​ប្អូន​យើង​ទាំង​អស់»

ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម​ម្នាក់ទៀត​រស់នៅ​ខេត្ត​ឃ្លាំង​ ប្រាប់​អាស៊ី​សេរី​ថា លោក​បាន​រៀបចំ​កម្ម​វី​ធី​សប្បាយៗ ជា​ច្រើន ដើម្បី​លេង​កម្សាន្ត​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី។ លោក​បន្ត​ថា សម្រាប់​ខេត្ត​ឃ្លាំង​ ខ្មែរ​កម្ពុជា​ក្រោម​បាន​លេង​ល្បែង​ប្លែក​ពី​នៅ​កម្ពុជា៖ «នៅ​ក្នុង​វត្ត​ដើម្បី​រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ចូល​មក​ថែ​រក្សា​នៅ​ឆ្នាំ​កុរ​ហ្នឹង យើង​នឹង​មាន​កម្មវិធី​ពួន​ភ្នំ​ខ្សាច់ ដើម្បី​បាន​បុណ្យ​កុសល​ជូន​ឪពុក​ម្ដាយ​គេ»

លោក​សង្ឃឹម​ថា ទេវតា​ឆ្នាំ​ថ្មី​ដែល​មក​ផ្លាស់​ទេវតា​ឆ្នាំ​ចាស់​នឹង​នាំ​មក​សេរីភាព​ជូន​ខ្មែរ​កម្ពុជា​ក្រោម​ដែល​កំពុង​រស់នៅ​បែប​វេទនា គ្មាន​សិទ្ធិ​សេរីភាព​សម្រេច​វាសនា​ខ្លួន​ឯង៖ «អ្វី​ដែល​ខ្ញុំ​ចង់​បាន​ធំ​បំផុត​នោះ គឺ​សូម​ប្រាថ្នា​សូម​លោក​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​រស់​នៅ​ក្រោម​អាណានិគម​របស់​យួន​ សូម​ឱ្យ​ពួក​គាត់​មាន​សិទ្ធិ​សេរីភាព»

បារាំង​បាន​កាត់ទឹក​ដីខ្មែរ​កម្ពុជាក្រោម​ទៅ​ឱ្យ​ប្រទេស​វៀតណាម​គ្រប់គ្រង​ទាំង​ខុសច្បាប់ និង​គ្មាន​ការ​យល់​ព្រម​ពី​ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម​កាលពី​ទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩។ គិត​ត្រឹម​ខែ​មិថុនា​ ឆ្នាំ២០១៩ ខាង​មុខ​នេះ​ មាន​រយៈ​ពេល ៧០ឆ្នាំ​ហើយ។ នាយករដ្ឋមន្ត្រី​វៀតណាម​ លោក (Nguyen Xuan Phuc) កាលពី​ថ្ងៃ​ពី​ដើម​ខែ​មេសា បាន​ចេញ​លិខិត​មួយ​ជូនពរ​ថ្មី​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ​ប៉ុន្តែ​លោក​មិន​បាន​ទទួល​ស្គាល់​ខ្មែរ​កម្ពុជា​ក្រោម​ជា​ជនជាតិ​ដើម​កំណើត​នោះ។ លោក​ចាត់​ទុក​ខ្មែរ​កម្ពុជាក្រោម​ជា​ជនជាតិ​ភាគ​តិច​រស់​នៅ​លើ​ទឹក​ដី​វៀតណាម​ទៅ​វិញ។ ក្នុង​លិខិត​ដដែល​នោះ​ លោក ហ្វៀង ស៊ិន​ផុក (Nguyen Xuan Phuc) បាន​ស្នើ​ឱ្យ​ខ្មែរ​កម្ពុជា​ក្រោម​ចូលរួម​អនុវត្ត​បំណង​របស់​អតីត​មេ​ដឹក​នាំ​វៀតណាម​លោក​ ហូ​ ជី​មិញ (HoChi Minh) ដើម្បី​ឱ្យ​វៀតណាម​រីក​ចម្រើន​ទៅ​មុខ ប៉ុន្តែ​លោក​មិន​បាន​អនុញ្ញាត​ឱ្យ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឈប់​សម្រាក​នោះ​ទេ។

ព្រះភិក្ខុ​សឺង​ យ៉ឹង​ រតនា​ ជា​ព្រះចៅ​អធិការ​វត្ត​ខេមរ​រង្សី​មាន​សង្ឃដីកា​ថា​លិខិត​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម​មិនបាន​ផ្ដល់​ផលប្រយោជន៍​ឱ្យ​ខ្មែរ​កម្ពុជាក្រោម​នោះ​ប៉ុន្តែ​លិខិត​គ្រាន់​ការ​លួងលោម​ចិត្ត​ខ្មែរ​កម្ពុជាក្រោម​តែប៉ុណ្ណោះ៖ «យើង​ចង់បាន​ក្នុង​ឱកាស​បុណ្យ​ប្រពៃណី​ជាតិ​របស់​ខ្លួន​យើង​បាន​ឈប់​សម្រាក​ដើម្បី​បាន​កម្មករ ​ឬ​អ្នក​ទៅ​ធ្វើ​ការងារ​នៅ​ទីក្រុង​មក​ស្រុក​ជួបជុំគ្នា​ទៅ​វត្ត​ ឬ​ជួបជុំ​ឪពុក​ម្ដាយ។ អាត្មាភាព​នៅតែ​ទទូច​ ចង់​បាន​ថា​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​រដ្ឋ​អំណាច​យួន​ ត្រូវតែ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ឈប់​សម្រាក»

ព្រះអង្គ​បន្ត​ថា​សហព័ន្ធ​នៅតែ​បន្ត​ទទូច​ឱ្យ​រដ្ឋាភិបាល​វៀតណាម​អនុញ្ញាត​ឱ្យ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឈប់​សម្រាក​ក្នុង​ពិធី​ចូលឆ្នាំ​ថ្មី​ដើម្បី​ជួបជុំ​បងប្អូន។ ភិក្ខុ​ សឺង​ យ៉ឹង​ រតនា ឱ្យ​ដឹង​ទៀត​ថា តាម​ស្ថិតិ​របស់​សហព័ន្ធ​នៅ​កម្ពុជាក្រោម​មាន​វត្ត ៤៦១វត្ត​ មាន​ព្រះសង្ឃ​ជាង​ប្រាំបួន​ពាន់​អង្គ​ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ប្រមាណ​ជាង ៧លាន​នាក់។ បច្ចុប្បន្ន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ធ្វើ​ចលនា​នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ទទួល​ខ្មែរ​កម្ពុជា​ក្រោម​ជា​ជនជាតិ​ដើម និង​មាន​សិទ្ធិ​ស្វ័យ​សម្រេច​ចិត្ត​ខ្លួន​ឯង​ទៅ​ថ្ងៃ​អនាគត។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​នឹង​ប្រារព្ធ​ទិវា​ប្រវត្តិសាស្ត្រ​ថ្ងៃ​បាត់បង់​ទឹក​ខ្មែរ​កម្ពុជា​ក្រោម​រយៈ​ពេល​ឆ្នាំ ៧០ឆ្នាំ​នៅ​ក្នុង​អគារ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ទីក្រុង​ឡា​អេ (La Hague) ប្រទេស ហូឡង់ នៅ​ថ្ងៃ​សៅរ៍​ ទី១ មិថុនា​ខាង​មុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល