សហព័ន្ធខ្មែរក្រោមព្រមានរដ្ឋាភិបាលវៀតណាមថា ខ្មែរក្រោមនឹងតវ៉ាទៅប្រទេស មហាអំណាចសេដ្ឋកិច្ចនៅលើពិភពលោក កុំឲ្យបន្តជួយសេដ្ឋកិច្ចវៀតណាម ប្រសិនបើប្រទេសមួយនេះ បន្តធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម។ ការព្រមាននេះ ដោយសារតែរដ្ឋាភិបាលវៀតណាម ទើបតែបានរឹបអូសលិខិតឆ្លងដែនពីព្រះសង្ឃខ្មែរក្រោមមួយអង្គ ដោយចោទប្រកាន់ព្រះអង្គថា បានប្រព្រឹត្តល្មើសច្បាប់អ៊ិនធឹណិត។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ មានប្រសាសន៍ថា វៀតណាមនឹងបាត់បង់ផលប្រយោជន៍ធំប្រសិនបើប្រទេសនេះ បន្តធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋខ្មែរក្រោម ដែលទៅលេងស្រុកកំណើតជាបន្តទៀត៖ «ខ្ញុំសូមយកឱកាសនេះ ប្រាប់ទៅរដ្ឋាភិបាលវៀតណាមថា រឿងគាបសង្កត់ទៅលើបងប្អូនខ្មែរក្រោម ជាពិសេស ព្រះតេជព្រះគុណ សឺន ទី ហ្នឹង បានប្រយោជន៍ដូចទៅនឹងកាក់។ វៀតណាមត្រូវសម្លឹងទៅប្រយោជន៍ដុំ»។
រដ្ឋាភិបាលវៀតណាមកំពុងតែព្យាយាមចាប់ដៃនឹងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដើម្បីធ្វើពាណិជ្ជកម្មជាមួយដោយមានការអនុគ្រោះពន្ធនាំចូល ជាថ្នូរនឹងការគោរពសិទ្ធិមនុស្ស។ កាលពីសប្ដាហ៍សហភាពអឺរ៉ុប បានយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងវៀតណាមឲ្យអនុគ្រោះ ៩៩ភាគរយលើទំនិញនាំចូលរបស់វៀតណាម។
ចំណែកសហរដ្ឋអាមេរិក ក៏គ្រោងនឹងបើកវេទិកា សន្ទនាអាមេរិកនិងវៀតណាម ជុំវិញបញ្ហាសិទ្ធិមនុស្ស ដែលនឹងធ្វើនៅឆ្នាំ ២០២០ខាងមុខ ពិនិត្យស្ថានភាពសិទ្ធិមនុស្សរបស់វៀតណាម ដើម្បីអាចធានាវៀតណាម អាចធ្វើពាណិជ្ជកម្មនឹងអាមេរិកលុះត្រាតែ ការគោរពសិទ្ធិមនុស្សមានលក្ខណៈរីកចំរើន។ ទោះបីយ៉ាងណា អង្គការសិទ្ធិមនុស្សអន្តរជាតិ បានរិះគន់ថា វៀតណាមមិនសមនឹងទទួលបានការអនុគ្រោះពន្ធនោះទេ ដោយសារតែ វៀតណាមមិនបានស្ដារស្ថានភាពសិទ្ធិមនុស្សឲ្យល្អប្រសើរនោះទេ ពិសេស ការបន្តឃុំខ្លួនអ្នកទោសនយោបាយប្រមាណ៣ រយនាក់ក្នុងពន្ធនាគារ គាបសង្កត់សេរីភាពបញ្ចេញមតិជាដើម។ អង្គការសង្គមស៊ីវិលសង្ឃឹមថា ស្ថានភាពអាក្រក់ស្ដីពីសិទ្ធិមនុស្សនៅវៀតណាម នឹងជំរុញឲ្យសភាសហភាពអឺរ៉ុបនឹងដកសេចក្ដីទុកចិត្តពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប និងវៀតណាម។
កាលពីខែមករាមុននេះ ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ធ្លាប់បានស្នើឱ្យក្រសួងការបរទេសអាមេរិក និង គណៈកម្មការដើម្បីសេរីភាពសាសនាអន្តរជាតិ ជំរុញឱ្យ រដ្ឋាភិបាលវៀតណាម ផ្ដល់សិទ្ធិសេរី ផ្នែក សាសនា នយោបាយ និងការអប់រំស្មើភាពគ្នា ដល់ខ្មែរកម្ពុជាក្រោមដែលកំពុងរស់នៅលើទឹកដីកំណើត។
ក្នុងជំនួបនឹងមន្ត្រីអាមេរិកលោក ប្រាប់ សេរីវុឌ្ឍ បានជម្រាបជូនមន្ត្រីអាមេរិកនូវក្ដីកង្វល់ជាច្រើន ជុំវិញការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោមពីសំណាក់អាជ្ញាធរវៀតណាម ដូចជា ការកេណ្ឌយុវជនខ្មែរក្រោមឱ្យចូលបម្រើទាហានវៀតណាម និងការរឹតបណ្ដឹងការបង្រៀនប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម ការគំរាមកំហែងសិទ្ធិបញ្ចេញមតិ និងការមិនដោះស្រាយករណីឃាតកម្មលើយុវជនខ្មែរក្រោមជាដើម។
ការព្រមានដាក់គំនាបជាថ្មីទៅលើរដ្ឋាភិបាលរបស់សហព័ន្ធខ្មែរក្រោមនេះ ដោយសារតែ ព្រះសង្ឃខ្មែរក្រោមព្រះនាម សឺន ទី កាលពីសប្ដាហ៍មុន ត្រូវបានអាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង ចោទប្រកាន់ថា ប្រព្រឹត្តបទល្មើសប្រឆាំងច្បាប់អ៊ិនធឹណែត (Cyber law) ដោយសារតែព្រះអង្គ បានចែកចាយព័ត៌មានស្ដីពីការប្រារព្ធខួប ៧០ឆ្នាំ នៃថ្ងៃបាត់បង់ទឹកដីខ្មែរក្រោមទៅឲ្យវៀតណាម និងខ្លឹមសារកិច្ចសម្ភាសន៍មន្ត្រីសហព័ន្ធខ្មែរក្រោមរបស់វិទ្យុអាស៊ីសេរីនៅតាមបណ្ដាញសង្គម (Facebook) ពេលព្រះអង្គគង់នៅកម្ពុជា។ អាជ្ញាធរវៀតណាម បានរឹបអូសយកលិខិតឆ្លងដែនពីព្រះអង្គ និងគំរាមចាប់ផ្សឹក ពេលព្រះអង្គទៅចូលរួមមង្គលការបងប្អូន បណ្ដាលឲ្យព្រះអង្គមិនអាចធ្វើដំណើរមកកម្ពុជាវិញបាន។ ព្រះអង្គ សឺន ទី បាននិមន្តទៅកម្ពុជារយៈពេល ២០ឆ្នាំ ហើយព្រះអង្គមានលិខិតឆ្លងដែរកម្ពុជា។ ករណីគំរាមកំហែង ព្រះសង្ឃខ្មែរក្រោមនេះ មិនមែនជាលើកដំបូងឡើយ។ ពលរដ្ឋខ្មែរក្រោមពីរនាក់ផ្សេងទៀត ក៏រងការគំរាមកំហែងស្រដៀងគ្នានេះដែរ ដោយសារតែពួកគេចែករំលែកព័ត៌មានស្ដីពីខ្មែរកម្ពុជាក្រោមនៅស្រុកកំណើត ដែលគ្រប់គ្រងដោយវៀតណាម។
មន្ត្រីសិទ្ធិមនុស្ស និងសហព័ន្ធខ្មែរក្រោមអះអាងថា ព្រះសង្ឃ សឺន ទី មិនបានប្រព្រឹត្តបទល្មើសនឹងច្បាប់វៀតណាមឡើយ ដោយសារតែព្រះសង្ឃជាពលរដ្ឋខ្មែរ និងមានលិខិតឆ្លងដែនខ្មែរ ហើយការចែកចាយព័ត៌មានព្រះសង្ឃធ្វើនៅកម្ពុជាទៀត។ ទោះបីជាយ៉ាងណា អាជ្ញាធរវៀតណាមបានសុខចិត្តប្រគល់លិខិតឆ្លងដែនឲ្យព្រះសង្ឃខ្មែរក្រោមវិញ ក្រោយពេលពលរដ្ឋខ្មែរក្រោមទូទាំងពិភពលោកប្រឆាំង និងតវ៉ាការរឹបអូសលិខិតឆ្លងដែនព្រះសង្ឃទាំងខុសច្បាប់នេះ។ ព្រះសង្ឃ សឺន ទី មានថេរដីកាថា ព្រះសង្ឃមិនបានប្រព្រឹត្តកំហុស ដូច្នោះទោះបីអាជ្ញាធរវៀតណាមបង្ខំឲ្យព្រះអង្គ ចុះហត្ថលេខាទទួលកំហុស ក៏ព្រះអង្គមិនធ្វើដែរ៖ «ត្មាមិនខ្លាចទេ។ ត្មាថា ដកលិខិតឆ្លងដែនហ្នឹងខុសនីតិវិធីច្បាប់វៀតណាម ហើយរំលោភសិទ្ធិ passport អា ត្មាទៀត»។
ព្រះសង្ឃ សឺន ទី មានថេរដីកាថា ព្រះអង្គនឹងចាកចេញពីទឹកដីកំណើតទៅកម្ពុជាវិញ ក្រោយពេល ព្រះអង្គទទួលអារម្មណ៍ថា ក្រុមគ្រួសារព្រះអង្គដែលកំពុងរស់នៅលើទឹកដីកំណើត មានសុវត្ថិភាព។
ការរឹបអូស លិខិតឆ្លងដែនពលរដ្ឋខ្មែរ ពីសំណាក់រដ្ឋាភិបាលវៀតណាម បណ្ដាលឲ្យមានមតិរិះគន់ជាច្រើនថា រដ្ឋាភិបាលវៀតណាម មិនបានគោរពច្បាប់កម្ពុជា។ មន្ត្រីនាំពាក្យក្រសួងការបរទេស លោក កុយ គួង ប្រាប់អាស៊ីសេរីថា ស្ថានទូតខ្មែរនៅវៀតណាមបានជួយធ្វើអន្តរាគមន៍ព្រះសង្ឃខ្មែរក្រោម រហូតវៀតណាមប្រគល់លិខិតឆ្លងដែនឲ្យព្រះសង្ឃវិញ។ ប៉ុន្តែ លោកការពារអាជ្ញាធរវៀតណាមថា ព្រះអង្គ សឺន ទី អាចប្រព្រឹត្តល្មើសច្បាប់វៀតណាម៖« វៀតណាមដកលិខិតឆ្លងដែនហ្នឹង ដោយសារតែគេយកឃើញព្រះអង្គ ធ្វើកំហុសតាមច្បាប់វៀតណាម » ។
ទោះបីយ៉ាងណាក៏ដោយ លោកថា ពលរដ្ឋខ្មែរក្រោមអាចបន្តធ្វើដំណើរទៅវៀតណាម ឬប្រទេសដទៃទៀតបាន ដោយគ្មានការគំរាមកំហែង។
ឆ្លើយតបទៅនឹងការទម្លាប់កំហុសលើពលរដ្ឋខ្មែរក្រោមនេះ លោក ប្រាក់ សេរីវុឌ្ឍ បដិសេធទាំងស្រុង។ លោកថា ព្រះអង្គ សឺន ទី មិនប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ៖ «ទីមួយវាអត់ប៉ះសន្តិសុខប្រទេសខ្មែរ។ ទី២ ក៏គ្មានប៉ះពាល់សន្តិសុខប្រទេសយួនដែរ»។
សព្វថ្ងៃមានពលរដ្ឋខ្មែរក្រោមរាប់លាននាក់ កំពុងរស់នៅលើទឹកដីកំណើត ដែលកំពុងគ្រប់គ្រងដោយវៀតណាម។ ខ្មែរក្រោមក្នុងស្រុក និងជំរុញពិភពលោក កំពុងស្វែងរកសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងទៅថ្ងៃអនាគត។
ព្រះអង្គ សឺន ទី មានថេរដីកាថា ទោះបីជាវៀតណាម បានគំរាម និងដកហូត លិខិតឆ្លងដែនក៏ដោយ ក៏ព្រះអង្គមិនខ្លាចអាជ្ញាធរវៀតណាមនោះទេ ហើយព្រះអង្គនឹងនិមន្តទៅលែងស្រុកកំណើតជាបន្តទៀត ប្រសិនបើគ្មានការរារាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។