យុវជន​ខ្មែរ​បោះពុម្ព​អាវ​យឺត​មាន​ផែនទី​កម្ពុជា​ក្រោម​ចូលរួម​ក្នុង​ការ​តវ៉ា​បញ្ហា​ទឹក​ដី

0:00 / 0:00

សន្ទុះ​យុវជន​កម្ពុជា ដែល​ចាប់​អារម្មណ៍​អំពី​បញ្ហា​ខ្មែរ​កម្ពុជា​ក្រោម បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ។ សន្ទុះ​នេះ ស្ដែង​ចេញ​តាម​រយៈ​ការ​ចូលរួម​ជា​ហូរហែ​របស់​ពួក​គេ ក្នុង​វេទិកា​នានា​ពាក់ព័ន្ធ​បញ្ហា​ខ្មែរ​ក្រោម ការ​ប្រារព្ធ​ខួប​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម និង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំ​ទោស​ខ្មែរ​ចំពោះ​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ ជាដើម។

លើស​ពី​នេះ​ទៀត យុវជន​ខ្មែរ​មួយ​ចំនួន មិន​ត្រឹម​តែ​ចូលរួម​សកម្មភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ថែម​ទាំង​នាំ​គ្នា​បោះពុម្ព​អាវ​យឺត​ដែល​មាន​ផែនទី​ទឹក​ដី​កម្ពុជា​ក្រោម ពាក់​យ៉ាង​ព្រោងព្រាត​ទៀត​ផង។

ហេតុ​អ្វី​បាន​ជា​យុវជន​ខ្មែរ​បច្ចុប្បន្ន ចាប់​អារម្មណ៍​ពី​បញ្ហា​ទឹក​ដី​កម្ពុជា​ក្រោម​បែប​នេះ?

តើ​ទឹក​ដី​ខ្មែរ​ក្រោម​នៅ​កន្លែង​ណា? តើ​ខ្មែរ​ក្រោម​ជា​ខ្មែរ​ដែល​រស់នៅ​ខេត្ត​កំពត នៅ​តាកែវ ឬ​នៅ​ខេត្ត​ស្វាយរៀង ឬ? តើ​ខ្មែរ​ក្រោម​ជា​ជនជាតិ​វៀតណាម ឬ? តើ​នៅ​កម្ពុជា​ក្រោម មាន​ខ្មែរ​រស់នៅ​ដែរ​ឬ​ទេ? តើ​នៅ​កម្ពុជា​ក្រោម គេ​និយាយ​ភាសា​ខ្មែរ​ឬ​ទេ? ទាំង​នេះ​សុទ្ធ​សឹង​តែ​ជា​សំណួរ​មួយ​ចំនួន ដែល​ខ្មែរ​ក្រោម​នៅ​កម្ពុជា ធ្លាប់​បាន​ឮ​ពី​ប្រជាពលរដ្ឋ​ខ្មែរ។ មិន​ថា​ប្រជាពលរដ្ឋ​ខ្មែរ​សាមញ្ញ​នោះ​ទេ សូម្បី​តែ​សិស្ស​មួយ​ចំនួន ដែល​រៀន​ចប់​បាក់​ឌុប​ទៅ​ហើយ ក៏​មិន​ដឹង​ថា តើ​កម្ពុជា​ក្រោម នៅ​កន្លែង​ណា​នោះ​ទេ?

យ៉ាង​ណា​ក៏ដោយ​ចុះ អ្វីៗ​ហាក់​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស ខ្មែរ​ក្រោម​ដែល​មិន​សូវ​ត្រូវ​បាន​យុវជន​ខ្មែរ​ស្គាល់​ពី​មុន​នោះ បែរ​ជា​ត្រូវ​បាន​យុវជន​ខ្មែរ ជាពិសេស​យុវជន​ក្នុង​ក្រុង​ភ្នំពេញ យក​ចិត្ត​ទុក​ដាក់​គួរ​ជា​ទី​កត់​សម្គាល់។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ​នោះ គឺ​អាវ​យឺត​ដែល​មាន​ផែនទី និង​អក្សរ ដាក់​ថា ខ្មែរ​ក្រោម ក៏​ត្រូវ​បាន​យុវជន​នាំ​គ្នា​បោះពុម្ព​ពាក់​ជាទូទៅ​ទៀត​ផង កាល​ពី​ពេល​ថ្មីៗ​នេះ។

ជាក់ស្តែង យុវជន យស់ ស៊ីថា អាយុ ២៦​ឆ្នាំ សព្វថ្ងៃ​ជា​សមាជិក​របស់​បណ្ដាញ​យុវជន I Love Cambodia Hot News ដែល​ជា​បណ្ដាញ​មួយ​ក្នុង​ចំណោម​បណ្ដាញ​យុវជន​ដទៃ​ទៀត ចូលរួម​យ៉ាង​សកម្ម​ជាមួយ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ដឹក​នាំ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម​នោះ ឲ្យ​ដឹង​ថា ពី​មុន​មក គាត់​មិន​សូវ​បាន​ដឹង​អំពី​បញ្ហា​កម្ពុជា​ក្រោម​ឡើយ គឺ​ទើប​តែ​យល់​ច្បាស់​អំពី​ខ្មែរ​ក្រោម ប្រហែល​ជា​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ។

យុវជន យស់ ស៊ីថា៖ «កាល​ដែល​ខ្ញុំ​រៀន​ហ្នឹង ខ្ញុំ​មិន​សូវ​ជា​ដឹង​អី​ច្បាស់​ប៉ុន្មាន​ទេ ដោយសារ​តែ​កម្មវិធី​សិក្សា​គេ​អត់​មាន​និយាយ​ប្រវត្តិ​កម្ពុជា​ក្រោម​យ៉ាង​ម៉េច អី​យ៉ាង​ម៉េច​ផង ទើប​នឹង​ដឹង​ច្រើន​នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ជា​ក្រុម​ការងារ​របស់ I Love Cambodia Hot News នៅ​ពេល​ហ្នឹង ខាង​ខ្ញុំ​ដឹង​ច្រើន»

យុវជន យស់ ស៊ីថា ដែល​រៀន​បាន​ត្រឹម​តែ​ថ្នាក់​ទី​១០ និង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង នោះ កត់​សម្គាល់​បន្ថែម​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​គាត់​ចាប់​អារម្មណ៍ និង​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​ខ្មែរ​ក្រោម ដោយសារ​គាត់​អាណិត​អាសូរ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​គាត់​យល់​ថា កំពុង​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម ធ្វើ​បាប គាប​សង្កត់ និង​រំលោភ​បំពាន​លើ​សិទ្ធិ​សេរីភាព​ផ្សេងៗ។

យុវជន យស់ ស៊ីថា៖ «ដោយសារ​តែ​ខ្ញុំ​មើល​ឃើញ​ពី​ទុក្ខ​កង្វល់​របស់​ខ្មែរ​ក្រោម ខ្ញុំ​ឃើញ​មិន​ថា​ព្រះសង្ឃ មិន​ថា​ឧបាសក ដែល​រស់នៅៗ​ខាង​ខ្មែរ​ក្រោម​ហ្នឹង គឺ​គាត់​មាន​ទុក្ខ​ខ្លាំង​មែន​ទែន ដោយសារ​តែ​វៀតណាម គាត់​បាន​គាប​សង្កត់​ប្រជាជន គាប​សង្កត់​ព្រះសង្ឃ សូម្បី​តែ​រៀន​អក្សរ​ខ្មែរ​ដែល​ជា​ភាសា​ដើម​របស់​ខ្លួន​ហ្នឹង ក៏​មិន​ឲ្យ​រៀន​ផង។ អ៊ីចឹង​ទៅ​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ក្នុង​ទង្វើ​របស់​វៀតណាម»

ដោយសារ​តែ​ការ​ឈឺ​ឆ្អាល និង​ព្រួយ​បារម្ភ​អំពី​ខ្មែរ​ក្រោម ដែល​ជា​ជាតិ​សាសន៍​មាន​ឈាម​ជ័រ​តែ​មួយ​ជាមួយ​គ្នា​នេះ​ហើយ ទើប​ក្រុម​ការងារ​យុវជន​កម្ពុជា ​នឹក​គិត​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ពលរដ្ឋ និង​យុវជន​ខ្មែរ​អំពី​ទឹក​ដី​កម្ពុជា​ក្រោម។ យុវជន យស់ ស៊ីថា ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នឹង​ប្រទេស​វៀតណាម រូប​នេះ​បន្ថែម​ថា ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង និង​ធ្វើ​ឲ្យ​សាធារណជន​ខ្មែរ​ចាប់​អារម្មណ៍​ពី​រឿងរ៉ាវ​ទឹក​ដី​កម្ពុជា​ក្រោម សមាជិក​នៃ​បណ្ដាញ​យុវជន I Love Cambodia Hot News បាន​ប្រមូល​លុយ​កាក់​គ្នា​បន្តិចបន្តួច ដើម្បី​បោះពុម្ព​ជា​អាវ​យឺត​សម្រាប់​លក់។

យុវជន យស់ ស៊ីថា៖ «ក្នុង​ការ​ធ្វើ​អាវ​យឺត​ហ្នឹង​លក់ ក្នុង​គោល​បំណង​ចង់​បំផុសបំផុល​ដល់​យុវជន​ខ្មែរ​យើង​ឲ្យ​យល់​ដឹង​ឲ្យ​ច្បាស់​ពី​ប្រវត្តិ​ទឹក​ដី​ខ្មែរ​ក្រោម និង​ការ​ឈឺ​ចាប់​ខ្មែរ​ក្រោម ហើយ​ចង់​បង្ហាញ​ទៅ​ដល់​ខ្មែរ​ក្រោម​ថា ខ្មែរ​កណ្ដាល​ក៏​ចេះ​ឈឺ​ចាប់ និង​មិន​ទុក​ឲ្យ​គាត់​នៅ​ឯកោ»

អាវ​យឺត​ដែល​មាន​សរសេរ​អក្សរ​ធំៗ​ថា ខ្មែរ​ក្រោម​នៅ​ពី​ខាង​មុខ និង​ខ្មែរ​ក្រោម​ជា​របស់​ខ្មែរ ជា​ភាសា​ខ្មែរ និង​អង់គ្លេស​នៅ​ពី​ក្រោយ​ផង​នោះ រំលេច​ដោយ​រូប​ផែនទី​ទឹក​ដី​កម្ពុជា​ក្រោម និង​កោះ​ត្រល់​របស់​ខ្មែរ ដែល​ផ្គុំ​ឡើង​ដោយ​អក្សរ​ខ្មែរ​ក្រោម​តូច​ធំ និង​សរសេរ​ថា កម្ពុជា​ក្រោម​ជា​ទឹក​ដី​កំណើត​របស់​ខ្មែរ​នៅ​ចំ​កណ្ដាល។

អាវ​យឺត​ចំនួន​៥០០ ដែល​ទើប​ត្រូវ​បាន​បោះពុម្ព​ប្រហែល​មួយ​សប្ដាហ៍​កន្លង​មក​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ដាក់​លក់​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ក្នុង​អាវ​មួយ​តម្លៃ ៥​ដុល្លារ ហើយ​នៅ​ពេល​ដែល​មាន​អតិថិជន​កុម្ម៉ង់​ទិញ ពួក​គេ​នឹង​យក​ទៅ​ឲ្យ​ដល់​ទី​កន្លែង។ យុវជន យស់ ស៊ីថា ដែល​ជា​សមាជិក​ម្នាក់​នាំ​យក​ទំនិញ​របស់​ខ្លួន​ទៅ​ឲ្យ​អតិថិជន​ដែរ​នោះ ថ្លែង​ថា ចំណូល​ដែល​ទទួល​បាន​ពី​ការ​លក់​នោះ នឹង​ត្រូវ​យក​ទៅ​ជួយ​ក្នុង​ការងារ​សង្គម និង​ពលរដ្ឋ​រងគ្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

យុវជន យស់ ស៊ីថា៖ «ទាក់ទង​នឹង​ការ​ធ្វើ​អាវ​នេះ ពួក​ខ្ញុំ​មាន​គោល​បំណង ទី​១​នៅ​ពេល​ដែល​ពួក​ខ្ញុំ​លក់​អាវ​ខ្មែរ​ក្រោម​ហ្នឹង​ដាច់​ទៅ ពួក​ខ្ញុំ​នឹង​យក​លុយ​ហ្នឹង​ចាត់​ចែង​ធ្វើ​ការងារ​សង្គម ដូច​ជា​ការ​មនុស្សធម៌ ណា​មួយ​យើង​ដឹង​ស្រាប់​ហើយ​ថា ប្រទេស​យើង​ឥឡូវ កំពុង​រឿង​បញ្ហា​ដីធ្លី​ស្ទើរ​តែ​គ្រប់​ខេត្ត​ក្រុង​ហើយ ពួក​គាត់​មួយ​ថ្ងៃៗ​ឡើង​មក​ភ្នំពេញ ហើយ​អត់​មាន​ដំណោះស្រាយ​អ៊ីចឹង​ទៅ អ្នក​ខ្លះ​ទៅ​ឡើង​មក​អត់​មាន​បាយ អត់​មាន​អី​ហូប​អ៊ីចឹង​ទៅ។ ពួក​ខ្ញុំ​ធ្វើ​អា​ហ្នឹង។ ហើយ​ទី​២​ទៀត​នោះ គឺ​ជួយ​អ្នក​រងគ្រោះ​ទឹក​ជំនន់​ជួយ​ដល់​អ្នក​ទុរគត​អី គាត់​ត្រូវ​ការ​ជា​បន្ទាន់»

ខុស​ពី​ផលិតផល​ផ្សេងៗ​ទៀត​ដែល​អ្នក​ផលិត​តែង​ព្យាយាម​ស្វែងរក​អតិថិជន ឬ​មួយ​ក៏​ម៉ូយ​ដុំ​តាម​ទីផ្សារ​ធំៗ ដើម្បី​ដាក់​លក់​ផលិតផល​របស់​ខ្លួន ក្រុម​ផលិត​អាវ​យឺត​ដែល​មាន​រូប​ផែនទី​ទឹក​ដី​កម្ពុជា​ក្រោម និង​កោះ​ត្រល់​នេះ មិន​បាន​ស្វែងរក​ការ​ដាក់​លក់​នៅ​តាម​ទីផ្សារ​ឡើយ។ យុវជន យស់ ស៊ីថា ឲ្យ​ដឹង​ថា មូលហេតុ​ដោយសារ​ពួក​គេ​ពុំ​សូវ​ស្គាល់​អ្នក​លក់​ដូរ​តាម​ផ្សារ និង​មូលហេតុ​សំខាន់​បំផុត​នោះ គឺ​ពួក​គេ​ខ្លាច​ក្រែង​មាន​បញ្ហា​កើត​មាន​ឡើង​ដល់​ក្រុម​ខ្លួន ដោយសារ​ការ​ដាក់​លក់​អាវ​យឺត​ទាំង​នេះ​ជា​សាធារណៈ។

ទាក់ទង​នឹង​បញ្ហា​ទឹក​ដី​កម្ពុជា​ក្រោម វិញ មិន​ខុស​ពី​យុវជន​ខ្មែរ​មួយ​ចំនួន​ធំ​នោះ​ទេ សុបិន្ដ​របស់​យុវជន យស់ ស៊ីថា គឺ​ចង់​ឃើញ​ទឹក​ដី​សណ្ដ​ទន្លេ​មេគង្គ​សម្បូរ​ដោយ​ជីជាតិ​មួយ​នេះ វិល​ត្រឡប់​មក​ជា​របស់​កម្ពុជា វិញ។ យុវជន​រូប​នេះ​ថា យុវជន​កម្ពុជា មិន​ដែល​នឹក​គិត​ថា នឹង​បោះ​បង់​ចោល​ទឹក​ដី​ប្រកប​ដោយ​អំណោយ​ផល​នេះ​ឡើយ។ យុវជន​ដដែល​នេះ​សង្ឃឹម​ថា យុវជន​កម្ពុជា ទូទៅ នឹង​ស្វែង​យល់​អំពី​បញ្ហា​កម្ពុជា​ក្រោម ហើយ​សង្ឃឹម​ថា​នៅ​ពេល​ដែល​ពួក​គេ​ឡើង​ដឹក​នាំ​ប្រទេស​ក្នុង​ថ្ងៃ​អនាគត ពួក​គេ​នឹង​សើរើ​ពី​បញ្ហា​ទឹក​ដី​នេះ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។