ចម្លើយ​សារភាព​របស់ ភោគ ឆាយ ដែល​បន្សល់​ទុក​នៅ​គុក​ទួលស្លែង (ភាគ​១០៦ឃ)

នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​សូម​លើក​យក​សេចក្តី​រាយការណ៍​អំពី​ចម្លើយ​សារភាព​របស់​លោក ភោគ ឆាយ ស្តីពី​សកម្មភាព​និង​ការចាប់ផ្តើម​ទំនាក់​ទំនង​របស់​លោក​ជាមួយ​សកម្មជន​កុម្មុយនីស្ត​សំខាន់ៗ​មួយចំនួន។

0:00 / 0:00

ក្នុង​ឆ្នាំ​១៩៥៩ លោក ភោគ ឆាយ បាន​ចុះ​ឈ្មោះ​រៀន​នៅ​សាលា​ច្បាប់ ហើយ​ទន្ទឹម​គ្នា​នោះ​ដើម្បី​បាន​ប្រាក់​សម្រាប់​រស់នៅ​ខ្លួន​ឯង​ផង​និង​ផ្គត់ផ្គង់​ទៅ​ម្តាយ​ខ្លះ​ផង លោក​ក៏​បាន​ដើរ​បង្រៀន​នៅ​តាម​សាលា​ឯកជន​មួយចំនួន។

លោក ភោគ ឆាយ បាន​រៀបរាប់​ការបង្រៀន​នៅ​ឯ​សាលា​ឯកជន​ទាំង​នោះ​ដូច្នេះ​ថា៖ «ខ្ញុំ​បង្រៀន​នៅ​សាលា​ឯកជន​ជា​ច្រើន មាន​សាលា​ចតុមុខ ពី​ឆ្នាំ​១៩៥៩ ដល់ ៦០, សាលា​ខេមរា ពី​ឆ្នាំ​១៩៦០ ដល់ ៦១, សាលា​ចំរើន​វិជ្ជា​និង​ប្រសើរ​សិក្សា ពី​ឆ្នាំ​១៩៦១ ដល់ ៦២ ។ សាលា​ខេមរា​ជា​សាលា​របស់​អា លន់ ណុន ប្អូន​អា លន់ នល់។ នៅ​ខេមរា​ខ្ញុំ​បង្រៀន​វិជ្ជា​ភូមិសាស្ត្រ​និង​ប្រវត្តិសាស្រ្ត។ លន់ ណុន បាន​ប្រាប់​ខ្ញុំ​ថា ឱ្យ​ជួយ​សាលា​ខេមរា​ទៅ ថ្ងៃ​ក្រោយ​យើង​នឹង​បាន​រាប់អាន​គ្នា​ត​ទៅ​ទៀត។ដូច្នោះ​ហើយ​ពេល​នោះ​ខ្ញុំ​ខំ​យក​ចិត្ត លន់ ណុន ណាស់ ខិតខំ​បង្រៀន​ណាស់ ដើម្បី​ឱ្យ លន់ ណុន ចូល​ចិត្ត​ខ្ញុំ​ឱ្យ​ម៉ោង​ច្រើន​និង​បាន​ប្រាក់ខែ​ច្រើន។ សាលា​ចំរើន​វិជ្ជា មាន​ឈ្មោះ អ៊ុច វ៉ែន ជា​ប្រធាន។ ខ្ញុំ​ស្គាល់ អ៊ុច វ៉ែន នៅ​សាលា​ច្បាប់ ហើយ​គាត់​បាន​ហៅ​ខ្ញុំ​ឱ្យ​មក​បង្រៀន​នៅ​សាលា​ចំរើនវិជ្ជា។ ខ្ញុំ​សុខ​ចិត្ត​មក​តែ​គ្មាន​គិត​អី្វ​ក្រៅ​ពី​ប្រាក់​ខែ​ឡើយ»

លោក ភោគ ឆាយ ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ពេល​នោះ​លោក អ៊ុច វ៉ែន ដែល​ជា​អតីត​សាស្រ្តាចារ្យ​និង​ជា​អតីត​តំណាង​រាស្រ្ត​នៅ​ធ្វើ​ជា​លេខាធិការ​បណ្ណាល័យ ។ លោក​ថា លោក​ស្គាល់​លោក អ៊ុច វ៉ែន ដោយសារ​លោក​ចូល​ទៅ​ខ្ចី​សៀវភៅ​ពី​គាត់​យក​មក​អាន។

លោក ភោគ ឆាយ បាន​បន្ត​ថា លោក អ៊ុច វ៉ែន បាន​ឱ្យ​សៀវភៅ​ចម្រើន​ល្អៗ​មក​ឱ្យ​លោក​អាន ក៏​ប៉ុន្តែ​លោក​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ទេ លោក​បាន​សរសេរ​ដូច្នេះ ៖ «គាត់​ចង់​ឱ្យ​ខ្ញុំ​ងាក​ទៅ​រក​ផ្លូវ​ល្អ, ផ្លូវ​ចម្រើន, ផ្លូវ​បដិវត្តន៍ តែ​ខ្ញុំ​មិន​រវល់។ ខ្ញុំ​គិត​តែ​ពី​បុគ្គល​ខ្ញុំ។ គិត​តែ​ខំ​រៀន​យក​សញ្ញាបត្រ, មាន​កេរ្តិ៍ឈ្មោះ, មាន​ស្នាដៃ»

ក្នុង​រយៈកាល​ដែល​លោក​រៀន​នៅ​សាលា​ច្បាប់ លោក ភោគ ឆាយ បាន​ស្គាល់​និង​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​មនុស្ស​មួយចំនួន ដូច​ជា​លោក សារិន ឆាក និង​លោក អ៊ុច វ៉ែន ជា​ដើម។

លោក​បាន​រំឭក​ថា កាល​នោះ​លោក សារិន ឆាក ធ្វើការ​នៅ​ក្រសួង​ការ​បរទេស ហើយ​មក​រៀន​នៅ​សាលា​ច្បាប់​ថ្នាក់​ជាមួយ​លោក​ដែរ។ ក្នុង​ឆ្នាំ​១៩៦១ ដល់ ៦២ លោក សារិន ឆាក បាន​រៀបចំ​បង្កើត​សមាគម​និស្សិត​សាលា​ច្បាប់​មួយ​ដែល​លោក​ធ្វើ​ជា​ប្រធាន។ កាល​នោះ លោក ភោគ ឆាយ ក៏​ចូលរួម​ធ្វើ​ជា​សមាជិក​នៃ​សមាគម​នោះ​ដែរ​ដោយ​ទទួល​ភារៈ​ខាង​បោះពុម្ព​ផ្សាយ​ទស្សនាវដ្តី។

លោក ភោគ ឆាយ បាន​ឱ្យ​ដឹង​បន្ថែម​ថា នៅ​ក្នុង​ក្របខ័ណ្ឌ​សាលា​ច្បាប់​លោក​ទាក់​ទង​និង​យក​ចិត្ត​យក​ថ្លើម​និង​គោរព​មនុស្ស​ពីរ​រូប ទី​មួយ​គឺ​លោក ហ៊ូ យន់ ទី​ពីរ​គឺ​លោក អ៊ុច វ៉ែន។

លោក​បាន​រៀបរាប់​បន្ថែម​ដូច្នេះ ៖ «ហ៊ូ យន់ ធ្វើ​ជា​គ្រូ​ខ្ញុំ ក្នុង​ឆ្នាំ​១៩៦១ ដល់ ៦២ ផ្នែក​ខាង​វិជ្ជា​សេដ្ឋកិច្ច។ ហ៊ូ យន់ តែង​ហៅ​ខ្ញុំ​ទៅ​ប្រជុំ​ជាមួយ​និស្សិត​ដទៃ​ទៀត​ដើម្បី​ពិភាក្សា​ពី​បញ្ហា​នយោបាយ ធ្វើ​ឱ្យ​ខ្ញុំ​ចូល​ចិត្ត​ខាង​នយោបាយ​បន្តិច​ម្តងៗ ហើយ​ស្តាប់​បង្គាប់ ហ៊ូ យន់ គោរព ហ៊ូ យន់ និង​ទាក់ទង​ជាមួយ ហ៊ូ យន់ ជា​រៀង​រហូត។ ទី​២ គឺ អ៊ុច វ៉ែន ដែល​ពេល​នោះ​ធ្វើ​ជា​ប្រធាន​សមាគម​ចម្រើន​វិជ្ជា​ផង ខាង​កាសែត​បារាំង​ឈ្មោះ "ឡាដេប៉ែស" ផង ។ តាម​រយៈ អ៊ុច វ៉ែន ខ្ញុំ​ក៏​បាន​ស្គាល់​និង​ជិតស្និទ្ធ​ជាមួយ ចៅ សេង ចាងហ្វាង​កាសែត​បារាំង​ឈ្មោះ "ឡាដេប៉ែស" ទៀត​ដែរ ។ ចៅ សេង ក៏​អនុគ្រោះ​ឱ្យ​ខ្ញុំ​ចូល​សរសេរ​កាសែត "ឡាដេប៉ែស" ដោយ​ឱ្យ​ប្រាក់​ខែ​ខ្ញុំ ៣៥០០​រៀល​ក្នុង​មួយ​ខែ»

លោក​បាន​សរសេរ​ទៀត​ថា ការ​ដែល​លោក​មក​សរសេរ​កាសែត​ឡាដេប៉ែស​ក៏​ក្នុង​បំណង​ចង់​បាន​ប្រាក់​ខែ​ច្រើន​និង​បាន​កេរ្តិ៍ឈ្មោះ​ប៉ុណ្ណោះ។ លោក​ពុំ​ដែល​បាន​ជួប​លោក ស៊ឹម វ៉ា ទេ ព្រោះ​ពី​លោក ស៊ឹម វ៉ា កាល​នោះ​ធ្វើ​ទូត​នៅ​ឯ​ជប៉ុន។ គេ​បាន​ប្រាប់​លោក​ថា កាល​ក្នុង​ឆ្នាំ​១៩៥៥-៥៦ លោក ស៊ឹម វ៉ា ជា​មេ​នៃ​ចលនា​ប្រជាសេរី ប្រឆាំង​បដិវត្តន៍ ប្រឆាំង​ប្រជាជន ប៉ុន្តែ​លោក​ក៏​មិន​រវល់​ដែរ លោក​គិត​តែ​រឿង​ប្រាក់​ខែ។

នៅ​ក្នុង​ក្រុម​កាសែត​ឡាដេប៉ែស ក្រៅ​ពី​មនុស្ស​ពីរ​នាក់ គឺ​លោក ចៅ សេង ជា​ចាងហ្វាង ហើយ​លោក អ៊ុច វ៉ែន ជា​ចាងហ្វាង​រង លោក​បាន​ស្គាល់​មនុស្ស​បី​នាក់​ទៀត។

លោក ភោគ ឆាយ បាន​សរសេរ​ឱ្យ​ដឹង​ដូច្នេះ​ថា ៖ «នៅ​ក្នុង​ក្រុម​ឡាដេប៉ែស ខ្ញុំ​នៅ​ស្គាល់​មនុស្ស​មួយចំនួន​ទៀត គឺ ប៉ុក ដឺសកុមារ, រស់ ជេដ្ឋរ និង សូ ណែម ។ ប៉ុក ដឺសកុមារ និង រស់ ជេដ្ឋរ សុទ្ធតែ​មាន​អាយុ​ច្រើន​ជាង​ខ្ញុំ​ពី​បួន​ទៅ​ប្រាំ​ឆ្នាំ​ម្នាក់ ហើយ​ធ្វើការ​នៅ​ក្រសួង​ការបរទេស​ផង ។ សូ ណែម ធ្វើ​ជា​តំណាង​រាស្ត្រ។ នៅ​ក្នុង​ក្រុម​កាសែត​ឡាដេប៉ែស ខ្ញុំ​ឃើញ​យូរៗ​ម្តង បង ហ៊ូ នីម ក៏​មក​ចូលរួម​សរសេរ​ដែរ តែ​គាត់​សរសេរ​ជា​ប្រយោល​ទេ។ ក្នុង​ចំណោម​មនុស្ស​ប៉ុន្មាន​នាក់​នេះ ខ្ញុំ​ជិតដិត​នឹង ប៉ុក ដឺសកុមារ ជាង​គេ ព្រោះ​គាត់​ជា​កូន​កាត់​បារាំង ចូលចិត្ត​និយាយ​បារាំង​ដែល​ត្រូវ​នឹង​អត្តចរិត​របស់​ខ្ញុំ»

លោក ភោគ ឆាយ បាន​បន្ត​រៀន​នៅ​សាលា​ច្បាប់​ផង​និង​សរសេរ​កាសែត​ឡាដេប៉ែស​ផង រហូត​ដល់​ខែ​២ ឆ្នាំ​១៩៦៣ លោក​បាន​ប្រឡង​ចេញ​ពី​សាលា​ច្បាប់​ហើយ​ក៏​ទៅ​សុំ​ការងារ​ធ្វើ​នៅ​ឯ​ក្រសួង​ការបរទេស ដោយ​មាន​លោក ប៉ុកដឺស កុមារ និង សារិន ឆាក ដែល​កាល​នោះ​ធ្វើ​ជា​អគ្គលេខា​ក្រសួង​ជួយ​ជ្រោមជ្រែង​ផង។ ក្នុង​ដើម​ខែ​៤ លោក​បាន​ចូល​ធ្វើការ​នៅ​ក្រសួង​ការបរទេស​ដោយ​បាន​ប្រាក់​ខែ​៤​ពាន់​រៀល។

លុះ​ដល់​ថ្ងៃ​ទី​២៨ ខែ​៧ ឆ្នាំ​១៩៦៣ ដោយ​មាន​មិត្តភក្តិ​ជួយ​ផ្ចុងផ្តើម​ផង លោក ភោគ ឆាយ បាន​រៀបការ​ជាមួយ​អ្នកស្រី សៀក គីម ជា​កូន​ចៅ​ចិន​ឈ្មួញ​ស្រូវ​ម្នាក់​នៅ​ត្រពាំងជង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់។ លោក ភោគ ឆាយ បាន​ឱ្យ​ដឹង​ទៀត​ថា ឪពុក​ក្មេក​លោក​ឈ្មោះ ឃាម ទ្រី ជាប់​សាច់​ឈាម​ជាមួយ​ម្តាយ​របស់​លោក ងុយ កាន់ ជា​នាយទុន​ធំ​ម្នាក់​នៅ​ទីក្រុង​ភ្នំពេញ។

លោក ភោគ ឆាយ បាន​និយាយ​ថា លោក ងុយ កាន់ មិន​បាន​ចូលរួម​ក្នុង​មង្គលការ​របស់​លោក​ទេ ៖ «ពេល​ខ្ញុំ​ការ ងុយ កាន់ និង​គ្រួសារ​ពុំ​បាន​មក​ចូលរួម​ទេ ព្រោះ​គាត់​ខឹង​នឹង​ឪពុក​ក្មេក​ខ្ញុំ​ដែល​ព្រម​យក​ខ្ញុំ​ជា​កូន​ប្រសារ ព្រោះ​ខ្ញុំ​សរសេរ​កាសែត​ឡាដេប៉ែស ដែល ងុយ កាន់ សន្មត់​ថា​ជា​ខ្មែរ​ក្រហម។ តាម​ពិត​ខ្ញុំ​អត់​មាន​គោលជំហរ​បដិវត្តន៍​អ្វី​ទាល់​តែ​សោះ។ ឪពុក​ក្មេក​ខ្ញុំ​ទូន្មាន​ថា "បើ​គេ​មិន​រវល់​នឹង​យើង យើង​ក៏​កុំ​ទៅ​អំពល់​គេ។ គេ​មាន ឱ្យ​គេ​មាន​តែ​គេ​ចុះ។ តែ​ខ្ញុំ​ពុំ​បាន​ធ្វើ​តាម​បណ្តាំ​របស់​ឪពុក​ក្មេក​ទេ។ ថ្ងៃ​ក្រោយ​ខ្ញុំ​ទាក់ទង ងុយ កាន់ កាន់តែ​ជិត​ស្និទ្ធ​ខ្លាំង​ឡើង»

លោក ភោគ ឆាយ បាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់ពី​រៀបការ​ហើយ​លោក​បាន​ទៅ​លេង​គួរសម​នឹង​លោក ងុយ ថាន់ ជា​កូន​ច្បង​របស់​លោក ងុយ កាន់ ដែល​កាន់កាប់​ក្រុមហ៊ុន​មួយ​ឈ្មោះ ងុយ កាន់ ។ លោក ងុយ ថាន់ រាក់ទាក់​នឹង​លោក ភោគ ឆាយ ណាស់ ហើយ​ឧស្សាហ៍​ហៅ​លោក ភោគ ឆាយ ទៅ​ពិសារ​បាយ​នៅ​ផ្ទះ​គាត់​ញឹកញាប់​ផង៕