សាសនា នៅ​ក្នុង​របប កម្ពុជា​ប្រជាធិបតេយ្យ (ភាគ៧៤)

នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាលមរណៈ ភាគ​ទី​៧៤ សូម​លើក​យក​សេចក្តី​រាយការណ៍ ស្ដី​អំពី​សាសនា​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ។

0:00 / 0:00

លោក សុខ មឿន ជា​អ្នក​សល់​ជីវិត​ពី​របប​ខ្មែរក្រហម​ម្នាក់​នៅ​ខេត្ត​ព្រៃវែង មាន​ប្រសាសន៍​ថា នៅ​ក្នុង​តំបន់​ដែល​លោក​រស់នៅ ព្រះសង្ឃ​ចាប់ផ្តើម​អវត្តមាន​តាំងពី​ឆ្នាំ​១៩៧៣ រហូត​ពេញ​មួយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ។

លោក សុខ មឿន បាន​ឲ្យ​ដឹង​ថា ៖ «លោកសង្ឃ​ក៏​អត់​មាន​ដែរ ចាប់តាំងពី​៧៣​មក គឺ​ខ្ញុំ​ដឹង​ថា​គេ​ផ្សឹក​ទាំងអស់ ចាប់​ពី​៧៣ រហូតដល់​៧៩​ហ្នឹង គឺ​អត់​មាន​សាសនា​ទេ»

ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​ឤស៊ីសេរី ដែល​បាន​ចោទ​ថា​ខ្មែរក្រហម​បំផ្លាញ​ព្រះពុទ្ធ​សាសនា​នោះ នួន ជា ប្រធាន​រដ្ឋ​សភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​ឆ្លើយ​បដិសេធ​ថា នោះ​ជា​ការ​ដោះស្រាយ​អ្វី​ដែល​ចាស់​ឱន​ថយ​ដើម្បី​កសាង​ថ្មី​ប៉ុណ្ណោះ ។

ភាព​ជាក់ស្តែង​នៅ​ក្នុង​របប​ខ្មែរក្រហម​ដែល​មាន​លោក នួន ជា ជា​មេដឹកនាំ​កំពូល​បន្ទាប់ពី ប៉ុល ពត នោះ រាល់​សាសនា​ត្រូវ​បាន​បំបាត់​ចោល ។ វត្ត​ឤរាម ព្រះវិហារ ត្រូវ​បាន​បិទ ហើយ​ប្រែក្លាយ​ទៅ​ជា​ឃ្លាំង ឬ​ជង្រុក​ស្រូវ ជា​កន្លែង​ចិញ្ចឹម​សត្វ ជា​មន្ទីរ​ឃុំឃាំង ឬ​ត្រូវ​កម្ទេចចោល ។

លោក ដាច់ ហុន នៅ​ខេត្ត​ពោធិ៍សាត់​បាន​មាន​ប្រសាសន៍​ថា វត្ត​ព្រះពុទ្ធ​សាសនា​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​នេះ ត្រូវ​បាន​កម្ទេច​ស្ទើរ​គ្មាន​សល់ ៖ «ខេត្ត​ពោធិ៍សាត់​គឺ​ចង់​អស់​វត្ត កម្ទេច​ចង់​អស់ ។ វិហារ​វា​វ៉ៃ​យក​ទៅ​ចាក់​ថ្នល់​ចាក់​អី ។ វត្ត​នៅ​ហ្នឹង​សល់​តិចតួច ប្រហែល​ជា 4-5​វត្ត​អី»

លោក ព្រំ ហ៊ាង នៅ​ខេត្ត​កណ្តាល​បាន​បញ្ជាក់​បន្ថែម​ដូច្នេះ​ថា ៖ «គេ​មិន​ឱ្យ​មាន​មិន​ឱ្យ​ជឿ​ទេ គេ​ថា​បើ​ទុក​លោក​ត្រូវ​ទុក​វត្ត ហើយ​បើ​ទុក​វាំង​ទុក​ស្តេច ។ គេ​និយាយតែ​ប៉ុណ្ណឹង ហើយ​មើល​ស្តេច​អី​អត់​មាន​ឯណា​ពេល​នោះ គ្មាន​ទេ​គេ​បំបិទ​ចោល​ទាំងអស់ ។ ស្តេច​ក៏​គ្មាន លោក​ក៏​គ្មាន»

ព្រះវិហារ​កាតូលិក​ភាគច្រើន​បំផុត​ត្រូវ​បាន​កម្ទេចចោល ពីព្រោះ​ពួក​ខ្មែរក្រហម​ចាត់ទុក​គ្រិស្តសាសនា​ជា​សាសនា​របស់​ចក្រពត្តិ ។

អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​បាន​សរសេរ​ថា មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ ជឿជាក់​ថា សាសនា​គឺ​ជា​ឧបសគ្គ​ចំពោះ​គោលបំណង​ដែល​ពួកគេ​ចង់​ឱ្យ​សម្រេច​បាន ។ ដោយសារ​តែ​ហេតុ​ផល​នេះ​ហើយ​ទើប​ពួកគេ​រិះរក​មធ្យោបាយ ដើម្បី​បំបាត់​ចោល​នូវ​ការ​ប្រតិបត្តិ​សាសនា​នានា នៅ​ទូទាំង​ប្រទេស​កម្ពុជា ហើយ​ដាក់​ការ​គោរព​បូជា​ចំពោះ​អង្គការ​បដិវត្តន៍ ជំនួស​ឱ្យ​ការ​គោរព​បូជា​ចំពោះ​សាសនា​ទៅវិញ ។

លោក ព្រុំ ហ៊ាង នៅ​ខេត្តកណ្តាល​បាន​មាន​ប្រសាសន៍​អំពី​ការ​គោរព​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដូច្នេះ​ថា ៖ «សូម្បីតែ​ម៉ែ​ឪ​ក៏​គេ​មិន​ឱ្យ​គោរព​ផង​ពេល​នោះ ។ គេ​ឱ្យ​សរសើរ​តែ​អង្គការ​គេ ។ អង្គការ​គេ​បាន​មាន​គុណ ។ គោរព​អង្គការ​គេ ជឿ​តាម​អង្គការ​គេ តាម​អង្គការ ។ កុំ​ឱ្យ​ជឿ​អ្នកណា ក្រៅពី​អង្គការ​ហ្នឹង​ឱ្យ​សោះ ។ អង្គការ​គេ​ហ្នឹង​ហើយ​ធំ កំពូល​ភព​គេ​នោះ»

ពួក​ខ្មែរក្រហម​យល់ឃើញ​ថា ឧបសគ្គ​ផ្ទាល់​ដ៏​ចម្បង​ចំពោះ​មុខ​បដិវត្តន៍ គឺ​ព្រះសង្ឃ​នៃ​ពុទ្ធ​សាសនា និង​ចាស់ទុំ​ដែល​កាន់​សាសនា​អ៊ិស្លាម ។ ក្រោយ​ជ័យជម្នះ​នៅ​ថ្ងៃ ១៧ មេសា ឆ្នាំ​១៩៧៥ ពួក​ខ្មែរក្រហម​បាន​ផ្សឹក​ព្រះសង្ឃ​ដោយ​បង្ខំ ហើយ​ឱ្យ​ទៅ​ធ្វើ​ការងារ​កសិកម្ម ដូច​ប្រជាជន​ដទៃ​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ ។

ព្រះតេជព្រះគុណ ខឹម សឿង នៅ​ខេត្ត​កំពង់ស្ពឺ​បាន​មាន​ពុទ្ធដីកា​ដូច្នេះ ៖ «ឤ​នេះ​ដូច​ថា សឹក​ខ្លួន​ឯង​ក៏​ដូច​គេ​ផ្សឹក​ដែរ ព្រោះ​យក​ទៅ​ឯ​ខាង​លើ​ឯណោះ ជិត​ចំប៉ី​ដី​ឆ្នាំង ។ យក​ទៅ​គេ​ប្រជុំ​ហើយ​គេ​ប្រគល់​ខោឤវ​ឱ្យ ។ គេ​ថា​សាសនា​ហ្នឹង​ជិះជាន់​គេ ។ ផ្សឹក​អស់ ផ្សឹក​ហ្នឹង​គឺ ៧៥​ហ្នឹង​តែម្តង ។ អត្មា​សឹក​ទៅ​មាន​គ្រួសារ ហើយ​នៅក្នុង​ភូមិ​ធម្មតា​ទេ ។ តែ​មក​ជំនាន់ ពត ចាប់ពី​៧៦​មក​ហ្នឹង គេ​ឱ្យ​ធ្វើ​ចល័ត លើក​ប្រព័ន្ធ​ភ្លឺ លើក​ទំនប់​អី​អ៊ីចឹង​ទៅ»

ទាក់ទង​នឹង​ការ​ផ្សឹក​ព្រះសង្ឃ​នៅ​ក្នុង​របប​ខ្មែរក្រហម​នេះ លោក នួន ជា បាន​ប្រាប់​វិទ្យុ​ឤស៊ីសេរី ដូច្នេះ​ថា ៖ «សង្គម​ពេល​នោះ​វា​ប្រែប្រួល ជា​សង្គម​សហករណ៍ សង្គម​អី ។ ព្រះសង្ឃ​លោក​ក៏​ត្រូវ​កែប្រែ​គំនិត លោក​ក៏​ត្រូវ​សម្រួល​ជីវិត​របស់​ព្រះអង្គ​ទៅ អ៊ីចឹង​ដែរ​ទៅ ។ នេះ​មិនមែន​យើង​មាន​ចេញ​ច្បាប់​មិន​ឱ្យ​បួស​មិន​ឱ្យ​អី​ទេ ។ យើង​គិត​ពី​រឿង​ស្រែ​សិន»

ព្រះ​ពុទ្ធ​បដិមា​ត្រូវ​បាន​បំផ្លាញ​ចោល ស្រប​តាម​ពាក្យ​ខ្មែរក្រហម​មួយ​ឃ្លា​បាន​និយាយ​ថា “កម្ទេច​ព្រះ​មួយ​អង្គ ចំណេញ​ស៊ីម៉ង់ត៍​មួយ​បាវ” ។

លោក កង សាខន នៅ​ខេត្ត​បាត់ដំបង​បាន​មាន​ប្រសាន៍​ដូច្នេះ​ថា ៖ «ធ្វើ​បាបៗ ព្រះ​តែ​ម្តង វត្ត​ជ្រោយម្ទេស ។ ព្រះ​យក​មក​វ៉ៃ​កម្ទេច​លាយ​ថ្ម និង​ស៊ីម៉ង់ត៍ ខ្សាច់​ធ្វើ​ជា​លាន​បោក​ស្រូវ​បែន​ស្រូវ​អីអ៊ីចឹង​ទៅ ។ ធ្វើ​លាន​យើង​ចាក់សាប​អ៊ីចឹង​ណា៎ ។ វិហារ​ដាក់​ជា​ជង្រុក​ស្រូវ»

រដ្ឋធម្មនុញ្ញ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​នៅ​ខែ​មករា ឆ្នាំ​១៩៧៦ បាន​ប្រកាស​ថា ប្រជាជន​កម្ពុជា​គ្រប់​រូប​មាន​សិទ្ធិ​ជឿ​ជំនឿ ឬ​សាសនា​ណា​ក៏បាន ហើយ​ក៏​មាន​សិទ្ធិ​មិនមាន​ជំនឿ​អ្វី ឬ​ក៏​មិនជឿ​សាសនា​ណា​ក៏បាន ។ រដ្ឋធម្មនុញ្ញនោះ​ក៏​មាន​ចែង​បន្ថែម​ទៀត​ថា មិន​អនុញ្ញាត​ឱ្យ​សាសនា​ប្រតិកិរិយា ដែល​បំផ្លិច​បំផ្លាញ​កម្ពុជា​ប្រជាធិបតេយ្យ និង​ប្រជាជន​កម្ពុជា​ដាច់ខាត ។ ប៉ុន្តែ​ការ​គោរព​ប្រតិបត្តិ​ខាង​សាសនា​របស់​ប្រជាជន​ទូទៅ​ត្រូវ​បាន​ហាម ។ ព្រះសង្ឃ​អង្គ​ណា​ដែល​នៅតែ​រឹងរូស ត្រូវ​ខ្មែរក្រហម​ចាប់​ដាក់គុក​ហើយ​ធ្វើ​គត់ ។

ទាក់ទង​នឹង​បញ្ហា​នេះ ព្រះតេជព្រះគុណ ខឹម សឿង បាន​មាន​ពុទ្ធដីកា​ដូច្នេះ ៖ «កាល​ណោះ​គ្រូ​ឤត្មា​គេ​ចាប់ គ្រូ​នោះ​ឈ្មោះ អ៊ឹម ឡឹង ។ ចាប់​យក​ទៅ​សម្លាប់​បាត់ទៅ ។ លោក​ឋានៈ​ជា​វិន័យ​ធម៌​នៅ​ក្នុង​ស្រុក​ហ្នឹង ។ ឃុំ​គេ​បញ្ជា​ឈ្លប​គេ​ហ្នឹង ហើយ​ឈ្លប​ហ្នឹង​កូនសិស្ស​លោក​ដែរ​ទេ ។ ឤហ្នឹង​គេ​ចង់​យក​មុខ​យក​មាត់​គេ»

ការ​វាយប្រហារ​ទៅ​លើ​សាសនា ក៏​ដូច​ជា​វាយប្រហារ​ទៅលើ​គ្រួសារ​និង​តម្លៃ​គ្រួសារ​ដែរ ពីព្រោះ​ខ្មែរក្រហម​ចង់​កម្ទេច​ចោល​ទាំង​ស្រុង​នូវ​តម្លៃ​ទំនាក់​ទំនង និង​ឥរិយាបថ​នានា ដែល​មាន​មុន​សម័យ​បដិវត្តន៍ ដើម្បី​បង្កើត​ឡើង​នូវ​តម្លៃ​ថ្មី ទំនាក់​ទំនង​ថ្មី មនុស្ស​ថ្មី និង​សង្គម​ថ្មី​មួយ ។

ពួកគេ​ក៏​មិន​អត់ឱន​ឱ្យ​ដែរ​ចំពោះ​អំណាច​សីលធម៌ ដែល​ព្រះសង្ឃ​បាន​ប្រតិបត្តិ នៅតាម​ជនបទ​ស្រែចម្ការ​នោះ ដោយ​ចាត់ទុក​ថា នោះ​ជា​ការ​ប្រជែង​នឹង​អង្គការ​បដិវត្តន៍​ដោយ​ប្រយោល ។ សំខាន់​បំផុត​នោះ​គឺ ពួកគេ​បាន​ចាត់ទុក​ព្រះសង្ឃ​ជា​ឈ្លើង​សង្គម ជា​បញ្ញើក្អែក​ពី​អតីតកាល ដូច្នេះ​ព្រះអង្គ​គ្មាន​កន្លែង​ជ្រក​ឡើយ នៅក្នុង​សង្គម​ថ្មី​ចែស​ដែល​ខ្មែរក្រហម​ចង់​បង្កើត​ឡើង​នោះ ។

ព្រះតេជព្រះគុណ ខឹម សឿង បាន​មាន​ពុទ្ធដីកា​បន្ថែម​ដូច្នេះ ៖ «គេ​ថា​ព្រះសង្ឃ​ហ្នឹង​អនុធន ជិះជាន់​គេ សម្ងំ​សុខ ។ បើ​ថា​ពុទ្ធសាសនា វា​ជា​សាសនា​ជិះជាន់ បាន​ជា​គេ​បំបិទ​ចោល ។ គេ​និយាយ​តែ​ពី​រឿង​សាសនា ព្រះពុទ្ធ​ហ្នឹង​តែម្តង គេ​ត្រូវតែ​កម្ទេច​ចោល ពួក​នេះ​ហៅ​ថា​ឈ្លើង​ជញ្ជក់​ឈាម​គេ»

ពួក​ខ្មែរក្រហម​ក៏​បាន​យកចិត្តទុកដាក់​ណាស់​ដែរ ក្នុង​ការ​កម្ទេច​ចោល​នូវ​ការ​គោរព​របស់​ប្រជាជន​កម្ពុជា​ចំពោះ​ព្រះសង្ឃ និង​ពុទ្ធបដិមា ។

សាក្សី​ខ្លះ​បាន​និយាយ​ថា នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ពួក​ខ្មែរក្រហម​បាន​ចាត់ទុក​ព្រះពុទ្ធ​បដិមា ថា​គ្រាន់តែ​ជា​ស៊ីម៉ង់ត៍​ប៉ុណ្ណោះ ហើយ​ថា​ព្រះសង្ឃ​ជា​ពួក​វណ្ណៈជិះជាន់ មិនគួរ​ឱ្យ​គោរព​ស្មើ​នឹង​កូនក្មេង​ផង​ទេ ស្របនឹង​ពាក្យ​ស្លោក​មួយ​ឃ្លា​ទៀត​បាន​លើក​ឡើង​ថា “ថ្វាយបង្គំ​ព្រះ ដូច​ថ្វាយបង្គំ​ស៊ីម៉ង់ត៍ ថ្វាយបង្គំ​លោកសង្ឃ ដូច​ថ្វាយបង្គំ​កូន​អ្នកស្រុក” ។

លោកតា រស់ ឡញ ឤយុ ៧៩​ឆ្នាំ នៅ​ខេត្ត​សៀមរាប មានប្រសាសន៍​រំឭក​ឡើង​វិញ​ដូច្នេះ ៖ «អត់​ឱ្យ​ជំនឿ​ទេ ។ វា​ថា "សំពះ​ព្រះ ដូច​សំពះ​ស៊ីម៉ង់ត៍ សំពះ​លោកសង្ឃ ដូច​សំពះ​កូន​អ្នក​ស្រុក" ។ វា​មិន​ឱ្យ​គោរព វា​ឱ្យ​ជម្រុះ​ឱ្យ​អស់»

ចំពោះ​សាសនា​អ៊ិស្លាម​វិញ ក៏​ត្រូវ​ពួក​ខ្មែរក្រហម​ហាម​មិន​ឱ្យ​ជនជាតិ​ចាម​គោរព​ប្រតិបត្តិ​ដែរ ។ អ្នកស្រី កុប អៃសះ នៅ​ខេត្ត​កំពង់ធំ មាន​ប្រសាសន៍​រំឮក​ឡើង​វិញ​ដូច្នេះ ៖ «គេ​មិន​ឱ្យ​កាន់​សាសនា​ហ្នឹង អត់​ឱ្យ​យើង​គោរព​ទេ ។ សាសនា​អី​ធ្វើ​បាប​មិន​ហូប​សាច់​ជ្រូក​សាច់​អី ។ គេ​មិន​កាន់​សាសនា​ហ្នឹង​ទេ»

អ្នក​ដែល​នៅ​រស់​ពី​របប​ខ្មែរក្រហម​បាន​ឱ្យ​ដឹង​ដែរ​ថា ប្រជាជន​កម្ពុជា​ជា​ច្រើន​បាន​បន្ត​ប្រារព្ធ​ពិធី​សាសនា​នានា​ដោយ​លួច​លាក់ ប៉ុន្តែ​រាល់​ទង្វើ​ទាំង​នេះ​សុទ្ធតែ​ប្រព្រឹត្ត​ទៅ​ដោយ​បុគ្គល​ឯកជន​ម្នាក់ៗ មិនមែន​ជា​សមូហភាព​ទេ ។

លោកតា រស់ ឡញ មាន​ប្រសាសន៍​ថា​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក​តែង​លួច​សូត្រ​ធម៌​ស្ងាត់ៗ ៖ «អត់​ឱ្យ​ជំនឿ​ទេ ក៏ប៉ុន្តែ​យើង​លួចលាក់​ណា៎... ។ ថ្វាយបង្គំ​អី​យើង​នៅ​ឯ​ផ្ទះ​យើង​ស្ងាត់ អី​ទៅ ។ សូត្រ​ធម៌​សូត្រឤថ៌​ពេល​ដេក​អី»

ចំណែក​ឯ​អ្នកស្រី ហ្វា អ៊ីម៉ាស់ ក៏​មាន​ប្រសាសន៍​ដូចគ្នា​នេះ​ដែរ ៖ «ថ្វាយបង្គំ​បាន​ទេ រឿង​គោរព​ដាច់ខាត​អត់​បាន​ទេ ។ ថ្វាយបង្គំ​មាន ក៏ប៉ុន្តែ​លួច អត់​ឱ្យ​វា​ដឹង ។ ថ្វាយបង្គំ​កន្លែង​ណា​ស្ងាត់ៗ ។ យើង​នៅ​ផ្ទះ​យើង​ចេះតែលួចៗ​ទៅ ។ អត់​មាន​គេ​ឃើញ​ទេ»

ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ មាន​ព្រះសង្ឃ​និង​អ៊ិស្លាម​សាសនិកជន​មួយចំនួន​តូច បាន​ចូល​រួមចំណែក​ធ្វើបដិវត្តន៍ ហើយ​បាន​បោះបង់​ចោល​ជំនឿ​សាសនា​របស់​គេ ដើម្បី​ចូលរួម​ក្នុង​ជួរ​ខ្មែរក្រហម ។ ប៉ុន្តែ​ក៏មាន​ព្រះសង្ឃ និង​អ៊ិស្លាម​សាសនិកជន​ភាគច្រើន មាន​ជំនឿ់​យ៉ាង​មុតមាំ​លើ​ការ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​សាសនា និង​អ៊ិស្លាម​សាសនា ហើយ​គ្មាន​បំណង​ជម្រុះ​ចោល​ជំនឿ​ទាំង​នោះ​ឡើយ ។

អ្នកស្រី កុប អៃសះ ក៏​បាន​ឱ្យ​ដឹង​ថា​សាច់ញាតិ​របស់​អ្នកស្រី​ម្នាក់​ត្រូវ​ខ្មែរក្រហម​ចាប់​យក​ទៅ​បាត់​រហូត​មកដល់​សព្វថ្ងៃ ៖ «អ៊ំ​ខ្ញុំ​ផ្ទាល់​ខំ​ថ្វាយបង្គំ​យប់​ងងឹត​ហើយ​ហ្នឹង ថ្វាយបង្គំ​ប្រហែល​ម៉ោង ៧​កន្លះ ។ គិត​ទៅ​ដឹង​ភ្លាម គេ​ចាប់​យក​តាំងពី​ហ្នឹង ។ សង្គ្រាជ​យក​ទៅ​វ៉ៃចោល​ទល់​ឥឡូវ ។ វ៉ៃចោល​នៅ​បារាយណ៍​សណ្តែក ខេត្ត​កំពង់ធំ»

នៅ​ឯ​ខេត្ត​កំពង់ចាម​វិញ អ្នកស្រី ហ្វា អ៊ីម៉ាស់ ក៏​បាន​ឱ្យ​ដឹង​ដូចគ្នា​នេះ​ដែរ ៖ «បងប្អូន​ខ្ញុំ​ឈ្មោះ អរុណ ថ្វាយបង្គំ​ឱ្យ​គេ​ឃើញ ។ គេ​អត់​ឱ្យ​យើង​សំយ៉ាំង​ទេ ។ សូម្បីតែ​កូរឤន​ខាង​អ៊ិស្លាម ក៏​គេ​ឃើញ​គេ​យក​ចោល​ដែរ ។ អត់​ឱ្យ​បាន​នៅ​លើ​ផ្ទះ​មួយ​ទេ»

ពួក​ខ្មែរក្រហម​បាន​បំបែរ​ប្រទេស​កម្ពុជា​ឱ្យ​មនុស្ស​គ្រប់ៗ​គ្នា ត្រូវ​ស្ថិត​នៅ​ក្រោម​វិន័យ និង​ជា​ទី​ដែល​ត្រូវ​មាន​ស្វាមីភក្តិ​ចំពោះ​អង្គការ ដូច​ដែល​ព្រះសង្ឃ​ធ្លាប់​មាន​ចំពោះ​ព្រះចៅអធិការ ឬ​មេ​វត្ត​ដូច្នោះ​ដែរ ។ ពួក​ខ្មែរក្រហម​បាន​ទាមទារ​ឱ្យ​មនុស្ស​គ្រប់គ្នា​មាន​ស្វាមីភក្តិ​ចំពោះ​គេ​ដោយ​ឥត​សង្ស័យ ដូច​ដែល​គេ​ធ្លាប់​មាន​ចំពោះ​ព្រះសង្ឃ ហើយ​ក៏​បាន​ទាមទារ​នូវ​រាល់​អំណាច​ទាំងអស់ ដូច​ដែល​ខ្មែរ​អ៊ិស្លាម​មាន​ចំពោះ​ព្រះជាម្ចាស់ និង​គម្ពីរ​កូរឤន​ដូច្នោះ​ដែរ ។

ជា​ការ​ពិត​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ក៏​មាន​ទាំង​មេដឹកនាំ​សាសនា មូស្លីម សាសនា​ព្រះពុទ្ធ និង​សាសនា​ផ្សេងៗ​ទៀត ដែល​ត្រូវ​បាន​សម្លាប់​ផងដែរ ៕