បទសម្ភាសន៍​ជាមួយ​អតីត​មន្រ្តី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​វៀតណាម (ភាគ៧៩គ)

នាទី ​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាលមរណៈ ភាគ​ទី​៧៩គ សូម​លើក​យក​បទសម្ភាសន៍​ជាមួយ លោក ប៊ុយ ទីន អតីត​មន្រ្តី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​វៀតណាម និង​ជា​អគ្គ​និពន្ធ​នាយក​នៃ​កាសែត កងទ័ព​ប្រជាជន​វៀតណាម មក​ជម្រាប​ជូន ។

0:00 / 0:00

ជីវិតា ៖ មេ​ដឹកនាំ​និង​ទាហាន​ខ្មែរក្រហម​បាន​និយាយ​ថា មូលហេតុ​ដែល​វៀតណាម​ឤច​វាយ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​បាន​ដោយ​ងាយ គឺ​ដោយសារ​តែ​វៀតណាម​មាន​ជន​បង្កប់ ឬ​ក៏​គិញ​ជា​ច្រើន ហើយ​ទាហាន​ខ្មែរក្រហម និង​មេ​បញ្ជាការ​កងទ័ព​ជា​ច្រើន​សិប​នាក់​នៅ​ក្នុង​ភូមិ​ភាគ​បូព៌ា​នៃ​ប្រទេស តាម​បណ្តោយ​ព្រំដែន​វៀតណាម បាន​គាំទ្រ​ដល់​កងទ័ព​វៀតណាម ។ ហើយ​វៀតណាម​បាន​បញ្ជូន​គិញ និង​ប្រើប្រាស់​ជនជាតិ​ខ្មែរ​ខ្លះ​ជា​គិញ​របស់​ខ្លួន ដើម្បី​ស៊ើបការណ៍​ផ្នែក​យោធា​ឱ្យ​កងទ័ព​វៀតណាម តាំងពី​យូរ​យារ​ណាស់​មកហើយ ពោល​គឺ​មុន​ពេល​ដែល​វៀតណាម​ឈ្លានពាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ។ តើ​លោក​គិត​ថា ពាក្យ​សម្តី​ទាំងអស់​នេះ​ជា​ការ​ពិត​ដែរ​ឬ​ទេ ?

ប៊ុយ ទីន ៖ ពិត​ណាស់ មាន​កង​វរសេនា​ធំ​ខ្លះ​បាន​ចាកចេញ​ពី​ភ្នំពេញ ដូច​ជា ទាហាន​លោក ហ៊ុន សែន និង​ទាហាន ហេង សំរិន ។ ពួក​គេ​បាន​មក​ប្រមូលផ្តុំ​ក្នុង​ខែត្រ​ថាយនិញ ដើម្បី​រៀបចំ​និង​ធ្វើការ​ហ្វឹកហាត់ ។ ពួកគេ​បាន​បង្កើត​រណសិរ្ស​មួយ គឺ​រណសិរ្ស​រំដោះ​ជាតិ​កម្ពុជា ។ វៀតណាម​ប្រើប្រាស់​រណសិរ្ស​នេះ ដើម្បី​ពន្យល់​ដល់​ពិភពលោក​ថា នេះ​ជា​កងទ័ព​របស់​ខ្មែរក្រហម ដែល​ចង់​វិល​ត្រឡប់​ចូល​ទីក្រុង​ភ្នំពេញ​វិញ ។ វៀតណាម​បាន​ពន្យល់​ដល់​ពិភពលោក​ថា នេះ​ជា​កងទ័ព​កម្ពុជា​ដែល​វិល​ចូល​មក​កាន់កាប់​ភ្នំពេញ​វិញ ហើយ​មិនមែន​ជា​ការ​ឈ្លានពាន​របស់​វៀតណាម​ឡើយ ។ តាម​សភាព​ជាក់ស្តែង វា​គ្រាន់តែ​ជា​ការ​ពន្យល់ ប៉ុន្តែ​ខ្ញុំ​ឤច​អះឤង​បញ្ជាក់​ប្រាប់​លោក​ថា ក្រោយ​សង្គ្រាម​ឆ្នាំ​១៩៧៥ ដំបូង​ឡើយ វៀតណាម​មិន​មាន​បំណង​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​កម្ពុជា​ឡើយ ។ អគ្គ​លេខាធិការ​បក្ស​បាន​ដឹកនាំ​គណៈប្រតិភូ​វៀតណាម​មួយ មក​កាន់​ទីក្រុង​ភ្នំពេញ​ដើម្បី​ចរចា​ស្វែងរក​សន្តិភាព​តាម​បណ្ដោយ​ព្រំដែន ។

ជីវិតា ៖ ប៉ុល ពត បាន​និយាយ​ថា មេ​បញ្ជាការ​កងទ័ព​ខ្មែរក្រហម​ជា​ច្រើន​នាក់​នៃ​ភូមិ​ភាគ​បូព៌ា​បាន​គាំទ្រ​និង​ធ្វើការ​ឱ្យ​វៀតណាម ហើយ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​នរណា​ម្នាក់​ដឹងច្បាស់​នៅ​ឡើយ​ទេ ថា​តើ​វា​ពិត​ឬ​មិន​ពិត​នោះ ?

ប៊ុយ ទីន ៖ វា​ជា​ការ​ពិត ពីព្រោះ​ដូច​ដែល​ខ្ញុំ​បាន​ប្រាប់​លោក​ខាង​ដើម គឺ​ថា នៅ​សម័យ​បារាំង​មាន​ពួក​ខ្មែរ​ឥស្សរៈ​ជាង ១០០​នាក់​នៅក្នុង​វៀតណាម​ខាង​ជើង ។ ក្រោយ​ពី​ទស្សនកិច្ច​របស់ អៀង សារី ទៅ​កាន់​ទីក្រុង​ហាណូយ​ អ្នក​ទាំងអស់​នោះ ត្រូវ​បាន​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​វិញ ។ ពេល​មក​ដល់​ព្រៃ​ក្នុង​ទឹកដី​កម្ពុជា ខ្មែរក្រហម​ក៏​បាន​សម្លាប់​អ្នក​ទាំងអស់​នោះ​ចោល ពីព្រោះ​ពួក​គេ​គិត​ថា អ្នក​ទាំងអស់​នោះ​ជា​គិញ​របស់​វៀតណាម ។ ហើយ​ពួកគេ​ទាំងអស់​នោះ ក៏​បាន​ត្រូវ​សម្លាប់​ចោល ។ ខ្មែរក្រហម​ក៏​បាន​សម្លាប់​ជនជាតិ​ខ្មែរ ដែល​មកពី​ភាគ​បូព៌ា​នៃ​ប្រទេស ហើយ​និង​មកពី​វៀតណាម​ខាង​ត្បូង ពីព្រោះ​នៅក្នុង​វៀតណាម​ខាង​ត្បូង មាន​ខែត្រ​ជា​ច្រើន​ដែល​ប្រជាជន​ខ្មែរ​រស់នៅ ដូច​ជា​ខែត្រ​ត្រាវិញ​ជា​ដើម​នោះ ។

ជីវិតា ៖ លោក​បាន​មាន​ប្រសាសន៍​ថា លោក អៀង សារី បាន​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម ដើម្បី​ជួប​ជាមួយ​នឹង​អតីត​ខ្មែរ​ឥស្សរៈ ហើយ​នាំ​អ្នក​ទាំងនោះ​មក​កាន់​កម្ពុជា​វិញ ។ តើ​នៅ​ឆ្នាំ​ណា​ដែរ ?

ប៊ុយ ទីន ៖ ខ្ញុំ​គិត​ថា គឺ​នៅ​សម័យ​សង្គ្រាម​ឤមេរិកាំង នៅ​ឆ្នាំ​១៩៧១ គឺ​នៅ​ពេល​ដែល​លោក អៀង សារី អមដំណើរ​ទ្រង់​សីហនុ និង​មហេសី​របស់​ទ្រង់ ទៅកាន់​ទីក្រុង​ហាណូយ ដើម្បី​ធ្វើការ​បញ្ជូន​ខ្មែរ​ឥស្សរៈ​ទាំងអស់​នោះ​មក​កម្ពុជា​វិញ ។

ជីវិតា ៖ ដូច្នេះ មាន​ខ្មែរ​ឥស្សរៈ​ជា​ច្រើន​បាន​វិល​មក​តាម​សម្ដេច​ព្រះ​នរោត្តម សីហនុ និង​លោក អៀង សារី ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ​មែន​ទេ ? ប៊ុយ ទីន ៖ មិន​មែន​មក​ជាមួយ​អ្នក​ទាំង​អស់​នោះ​ទេ គឺ​ពួកគេ​មក​តាម​ក្រោយ ។

ជីវិតា ៖ លោក​បាន​និយាយ​ថា ខ្មែរក្រហម​បាន​សម្លាប់​ខ្មែរ​ឥស្សរៈ​ទាំង​នោះ ? តើ​ពួកគេ​ត្រូវ​បាន​សម្លាប់​នៅ​ឆ្នាំ​ណា ? ប៊ុយ ទីន ៖ ប្រហែល​ជា​ឆ្នាំ​១៩៧៣ ឬ​ក៏ ១៩៧៤ ។

ជីវិតា ៖ នៅ​អំឡុង​ពេល​របប​ខ្មែរក្រហម មេ​បញ្ជាការ​និង​ទាហាន​ខ្មែរក្រហម​ជា​ច្រើន​នាក់ បាន​ត្រូវ​ចាប់​មកពី​ភូមិ​ភាគ​បូព៌ា យក​មក​ឃុំ និង​សម្លាប់ចោល​នៅ​គុក​ទួលស្លែង ក្នុង​ក្រុង​ភ្នំពេញ ដោយ​ធ្លាប់​ចោទ​ថា ជា​គិញ​របស់​កងទ័ព​វៀតណាម ដែល​ព្យាយាម​ផ្ដួល​រំលំ​របប​ខ្មែរក្រហម ។ តើ​លោក​បាន​ដឹង​រឿង​ហ្នឹង​ច្រើន​ប៉ុណ្ណា ?

ប៊ុយ ទីន ៖ វា​មិន​ពិត​ទេ ខ្មែរ​មាន​មនោសញ្ចេតនា​ខ្លះៗ​ជាមួយ​នឹង​វៀតណាម ប៉ុន្តែ​ពួកគេ​មិន​មែន​ជា​គិញ​យក​ការណ៍​ឲ្យ​វៀតណាម​នោះឡើយ ខ្ញុំ​មិន​គិត​ដូច្នោះ​ទេ ។

ជីវិតា ៖ នៅ​ពេល​ដែល​មាន​មេដឹកនាំ​ពី​ក្រុង​ហាណូយ បាន​សម្រេចចិត្ត​ឈ្លានពាន​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​១៩៧៨ តើ​ពួកគេ​មាន​បាន​ពិភាក្សា​ជាមួយ​នឹង​ពួក​ខ្មែរក្រហម​ដែល​បាន​ចុះចូល​ជាមួយ​នឹង​កងទ័ព​វៀតណាម​ដែរ​ឬ​ទេ ដូច​ជា លោក ប៉ែន សុវណ្ណ លោក ហ៊ុន សែន លោក ហេង សំរិន និង​លោក ជា ស៊ីម ជាដើម ?

ប៊ុយទីន ៖ មែន​ហើយ​ពួកគេ​បាន​រៀបចំ​រួម​គ្នា នៅក្នុង​ព្រៃ​នា​ស្រុក​ស្នួល នៅ​ជាប់​នឹង​ព្រំដែន​ខែត្រ​ថាយនិញ ។ យើង​បាន​ជួប​ទាហាន​ចំនួន​បី​ក្រុម ហើយ​ក្រុម​ទាហាន ដែល​ទាហាន​ទាំង​នោះ​គឺ​ជា​កង​អនុសេនា​ធំ​របស់​ខ្មែរក្រហម ។

ជីវិតា ៖ ខ្ញុំ​សូម​បញ្ជាក់​ត្រង់​នេះ​បន្តិច ។ សំណួរ​ខ្ញុំ​គឺ​ថា នៅ​ពេល​ដែល​មេដឹកនាំ​វៀតណាម ជួប​ពិភាក្សាគ្នា​នៅ​ទីក្រុង​ហាណូយ អំពី​បញ្ហា​ថា​តើ​ត្រូវ​ឈ្លានពាន​កម្ពុជា ឬ​ក៏​អត់ ? តើ​មាន​មេ​ដឹកនាំ​អ្នក​តស៊ូ​ខ្មែរ​ដូច​ខ្ញុំ​រៀបរាប់​ជូន​ខាងលើ បាន​ចូលរួម​ពិភាក្សា​ពី​ផែនការ​ប្រយុទ្ធ​ជាមួយនឹង​ខ្មែរក្រហម​ដែរ​ឬ​ទេ ?

ប៊ុយ ទីន ៖ ខាង​ខ្មែរ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ពិភាក្សា​ដោយ​ផ្ទាល់​លើ​ផែនការ​នោះ​ទេ ។ វៀតណាម​បាន​ពន្យល់​ដល់​លោក ប៉ែន សុវណ្ណ និង​អ្នក​ផ្សេង​ទៀត ក្រោយពេល​ដែល​ពួកគេ​បាន​ធ្វើ​ផែនការ​រួចហើយ ។ លោក ប៉ែន សុវណ្ណ បាន​ស្នាក់នៅ​ក្នុង​ទីក្រុង​ហាណូយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ គាត់​គឺ​ជា​ប្រធាន​វិទ្យុ​នៃ​ទីក្រុង​ហាណូយ ផ្នែក​ភាសា​ខ្មែរ ។ ហើយ​លោក ប៉ែន សុវណ្ណ ក៏​បាន​បម្រើការ​ក្នុង​ជួរ​កងទ័ព​ប្រជាជន​វៀតណាម​ផងដែរ ពី​ឆ្នាំ​១៩៦២ ហើយ​ក្រោយ​មក អំឡុង​ពេល​ផ្ដើម​ការ​តស៊ូ​ប្រឆាំង​របប លន់ នល់ លោក​ក៏​បាន​ក្លាយ​ទៅ​ជា​ប្រធាន​វិទ្យុ​ផ្នែក​ភាសា​ខ្មែរ​របស់​ខ្មែរ​ក្រហម​នៃ​ទីក្រុង​ហាណូយ ហើយ​គាត់​ក៏​បាន​រៀបការ ជាមួយ​នឹង​ស្ត្រី​វៀតណាម​ទៀត​ផង ។ នៅ​ពេល​នោះ​គាត់​និយាយ​តែ​ភាសា​វៀតណាម​ទេ ហើយ​គាត់​មាន​ឱកាស​ប្រើ​ភាសា​ខ្មែរក្រហម នៅ​ក្នុង​ការងារ​តែប៉ុណ្ណោះ ។ ការងារ​ដំបូង​របស់ ប៉ែន សុវណ្ណ នៅក្នុង​ប្រទេស​វៀតណាម គឺ​បម្រើការ​ក្នុង​អង្គការ​សម្ងាត់​របស់​កងទ័ព​ប្រជាជន​វៀតណាម គឺ​នៅក្នុង​ផ្នែក​ចារកម្ម ។

ជីវិតា ៖ មាន​ពាក្យ​ចចាមអារ៉ាម​ខ្លះ​ថា ភរិយា​របស់លោក ប៉ែន សុវណ្ណ គឺ​ជា​កូនស្រី​របស់​ឧត្តមសេនីយ៍​វៀតណាម​ម្នាក់ មែន​ឬ​ទេ ?

ប៊ុយ ទីន ៖ មិន​មែន​ទេ ។ ប្រពន្ធ​របស់ ប៉ែន សុវណ្ណ គឺ​ជា​នារី​សាមញ្ញ​ស្រុក​ស្រែ​ម្នាក់ ។ ប៉ែន សុវណ្ណ ធ្វើការ​នៅ​ក្នុង​វិទ្យុ​ទីក្រុង​ហាណូយ មាន​មុខងារ​ជា​ប្រធាន​ផ្នែក​ខេមរភាសា ហើយ​នៅ​ពេល​ដែល​គាត់​ធ្វើការ​នៅក្នុង​ជួរ​កងទ័ព គាត់​មាន​មុខងារ​ជា​អនុ​សេនីយ៍​ឯក​តែប៉ុណ្ណោះ ។ តើ​លោក​ស្គាល់​លោក ខាង សារិន ទេ ? លោក ខាង សារិន គឺ​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ គាត់​ក៏​ធ្លាប់​បាន​បម្រើការ​នៅ​ក្នុង​ជួរ​កងទ័ព​វៀតណាម​នៅ​ទីក្រុង​ហាណូយ​ផងដែរ ៕