រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ តុលាការកម្ពុជា បានដំណើរការងាររបស់ខ្លួនដោយគ្មានច្បាប់រៀបចំតុលាការ។ ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងយុត្តិធម៌ បានតាក់តែងសេចក្តីព្រាងច្បាប់ស្ដីពី "ការរៀបចំអង្គការតុលាការ" ក្នុងគោលបំណងផ្តល់ភាពស្របច្បាប់ដល់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ។ ប៉ុន្តែសេចក្តីព្រាងច្បាប់ទាំងបីនេះ គ្មានការចូលរួមផ្តល់យោបល់ពីសង្គមស៊ីវិលឡើយ។
មិនយូរទៀតទេ តុលាការកម្ពុជា នឹងអាចបំពេញការងាររបស់ខ្លួនក្រោមច្បាប់មួយដែលខ្លួនបានទន្ទឹងរង់ចាំអស់រយៈពេលចំនួន ២១ឆ្នាំ។
រដ្ឋធម្មនុញ្ញខ្មែរឆ្នាំ១៩៩៣ តម្រូវអោយកម្ពុជា បង្កើតច្បាប់ចំនួន៣ ដើម្បីគ្រប់គ្រងដំណើរការប្រព្រឹត្តទៅនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ ច្បាប់ទាំងបីនេះ មាន ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃប្រព័ន្ធតុលាការ ច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។
ជាងពីរទសវត្សរ៍បន្ទាប់ពីប្រឈមនឹងការរិះគន់ជាហូរហែ ចំពោះការខ្វះខាតច្បាប់សម្រាប់ដំណើរការប្រព្រឹត្តទៅនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ឥឡូវសេចក្តីព្រាងច្បាប់ទាំងបីបានលេចចេញជារូបរាង និងទំនងជាកំពុងស្ថិតនៅក្នុងការសិក្សារបស់ទីស្ដីការគណៈរដ្ឋមន្ត្រី មុនដាក់ជូនរដ្ឋសភា ដើម្បីអនុម័តចេញជាច្បាប់។ ប៉ុន្តែក្នុងដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ទាំងបីនេះ រាជរដ្ឋាភិបាលបានធ្វើឡើងដោយស្ងាត់ៗ ដោយផាត់ចោលសង្គមស៊ីវិលទាំងស្រុង នាំអោយមានក្តីព្រួយបារម្ភអំពីគុណភាពនៃច្បាប់ទាំងនោះ ថាតើអាចនឹងជួយដោះស្រាយវិបត្តិសង្គមប្រកបដោយយុត្តិធម៌ដែរឬទេ?
តទៅនេះ ខ្ញុំសូមលើកយកតែសេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ដែលជាច្បាប់មួយក្នុងចំណោមច្បាប់ទាំងបីមករាយការណ៍ជូន។
លោកមេធាវី សុក សំអឿន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានប្រាប់វិទ្យុអាស៊ីសេរី ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា សេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ដែលរាជរដ្ឋាភិបាលកំពុងពិភាក្សាដោយមិនបើកចំហនេះ មានទាំងចំណុចល្អ និងចំណុចអាក្រក់។ លោកថា ចំណុចល្អទាំងនោះរួមមាន តុលាការនឹងមានច្បាប់មួយជាត្រីវិស័យ ដែលអាចធានានូវភាពប្រាកដនិយមក្នុងការបំពេញការងាររបស់ខ្លួន។
លោកមេធាវី សុក សំអឿន៖ «ក្នុងច្បាប់នេះយើងមានបង្កើតឲ្យមានតុលាការជំនាញខ្លះ ដូចជា តុលាការពាណិជ្ជកម្ម តុលាការការងារ ដែលយើងឃើញថ្មីពីរហ្នឹង។ ហើយចំណុចដែលល្អមួយទៀត គឺយើងឃើញមានក្នុងសេចក្ដីព្រាងច្បាប់ហ្នឹង ដូចជា ត្រៀមថានឹងពង្រីកឲ្យមានសាលាឧទ្ធរណ៍ឲ្យបានច្រើនជាងមុន។ ហីតាមដែលខ្ញុំដឹង ដូចជារដ្ឋាភិបាលចង់ពង្រីកថែមបួនតំបន់ទៀត។ ដល់អ៊ីចឹងទៅអាចនឹងងាយប្រសើរសម្រាប់កុំឲ្យមានស្ទះរឿងក្ដីនៅសាលាឧទ្ធរណ៍ បាទ!»។
កម្ពុជា រហូតមកដល់ពេលនេះ នៅមិនទាន់មានតុលាការជំនាញទេ។ លោកមេធាវី សុក សំអឿន បានបន្តថា វាមានសារប្រយោជន៍ណាស់ដែលកម្ពុជា ត្រូវមានតុលាការជំនាញ៖ «អឺ! នៅក្នុងសេចក្ដីព្រាងច្បាប់នេះយើងឃើញមានតុលាការជំនាញមានតែពីរទេ តុលាការពាណិជ្ជកម្ម តុលាការការងារ ព្រោះបញ្ហាតុលាការពាណិជ្ជកម្ម កន្លងមកយើងឃើញបានជជែកគ្នា ហើយយើងធ្លាប់មានស្នើសុំឲ្យបង្កើតតុលាការនេះយូរហើយ ប្រហែលជាជិត ២០ឆ្នាំហើយ សំណើហ្នឹងបាទ! ដោយសារយើងគិតថា សព្វថ្ងៃនេះមានន័យថាប្រជាពលរដ្ឋ សាធារណជនមិនទាន់មានការទុកចិត្តលើប្រព័ន្ធតុលាការយើងថាមានឯករាជ្យ ហើយកាត់ក្ដីដោយយុត្តិធម៌ អត់ទាន់មានការទុកចិត្តខ្លាំងប៉ុន្មានទេ។ ហេតុដូច្នេះហើយ ធ្វើឲ្យអ្នកវិនិយោគទុនជាច្រើនដែលគេមកធ្វើវិនិយោគនៅស្រុកខ្មែរហ្នឹងជួនកាលគេខ្លាចណាស់ គេខ្លាចជួនកាលស្រួលមិនស្រួលចាប់គុកទទេទៅ បាត់បង់លុយកាក់ បាត់បង់ទ្រព្យសម្បត្តិស្អីផ្សេងៗទៅ។ ដល់អ៊ីចឹងទៅធ្វើឲ្យអ្នកវិនិយោគទុនហ្នឹង ជាពិសេសអ្នកវិនិយោគទុនល្អៗហ្នឹងគេមិនចង់មកវិនិយោគស្រុកខ្មែរទេ។ ហេតុដូច្នេះយើងគិតថា បើអ៊ីចឹង បើសិនជាយើងរង់ចាំទាល់តែកែប្រព័ន្ធតុលាការទាំងមូល ប្រហែលជាមិនដឹងឆ្នាំណាទេ អាចឲ្យថាអាចឲ្យប្រជាពលរដ្ឋទុកចិត្តយើងត្រូវចំណាយពេលវេលាយូរ។ ដូច្នេះ ដើម្បីទាញឲ្យមានការចាប់អារម្មណ៍ពីអ្នកវិនិយោគទុនឲ្យច្បាស់ យើងគិតថា យើងចង់សម្រិតសម្រាំងតុលាការពាណិជ្ជកម្មមួយ បើសិនជាតុលាការពាណិជ្ជកម្មនោះមានការទុកចិត្តពីអ្នកវិនិយោគទុន នៅពេលនោះធ្វើឲ្យ ទោះបីជាតុលាការផ្នែកផ្សេងៗទៀតមិនទាន់ដំណើរការរលូនល្អក៏ដោយ ក៏យ៉ាងហោចណាស់ក៏នឹងធ្វើឲ្យអ្នកវិនិយោគទុនមានការទុកចិត្តលើការធ្វើវិនិយោគស្រុកខ្មែរដែរ។ សេចក្ដីទុកចិត្តដោយសារតុលាការនោះមានអ្នកជំនាញ មានចៅក្រម មានអីយល់ច្បាស់អំពីរឿងពាណិជ្ជកម្មនោះ? អឺ សំខាន់បំផុតគឺឲ្យការកាត់ក្ដីរបស់តុលាការពាណិជ្ជកម្មនោះល្អ យើងកុំអាលនិយាយពីរឿងថា ធ្វើម៉េចដើម្បីល្អ សំខាន់យើងចង់ឲ្យតុលាការហ្នឹងកាត់ក្ដីដោយយុត្តិធម៌ទៅ អាហ្នឹងនៅពេលហ្នឹងអ្នកវិនិយោគទុនគេមានការទុកចិត្តហើយ»។
ចំពោះតុលាការការងារវិញ លោកមេធាវី សុក សំអឿន បានសាទរដល់រដ្ឋាភិបាលដែលគ្រោងនឹងបង្កើតតុលាការជំនាញផ្នែកនេះ៖ «ជាការប្រសើរដែរដែលយកចិត្តទុកដាក់លើតុលាការការងារ ដោយសារស្អី ដោយសារស្រុកយើងឥឡូវយើងមានបញ្ហាការងារច្រើន រឿងបញ្ហាច្បាប់ការងារច្រើន ដោយសារស្អី ដោយសារអ្នកវិនិយោគទុនក៏មកច្រើន ជាពិសេសអ្នករោងចក្រផ្សេងៗដែលគេធ្វើវិនិយោគធំៗហ្នឹង គេមកច្រើន ដល់អ៊ីចឹងទៅធ្វើឲ្យមានបញ្ហារវាងនិយោជិត និងនិយោជក។ ដូច្នេះបើសិនជាមានតុលាការការងារមួយល្អ អាចនឹងបង្ក្រាបកុំឲ្យមានអំពើទំនាស់គ្នាហ្នឹងបាន។ នេះជាតុលាការជំនាញដែលក្នុងច្បាប់នេះបានលើកឡើង ក៏ប៉ុន្តែខ្ញុំគិតថានៅខ្វះតុលាការជំនាញច្រើនទៀត»។
ចំពោះតុលាការជំនាញច្រើនទៀត ដែលមេធាវីរូបនេះថាមានសារសំខាន់សម្រាប់សង្គមកម្ពុជា ប៉ុន្តែមិនមាននៅក្នុងសេចក្តីព្រាងច្បាប់នេះ រួមមានតុលាការជំនាញផ្នែកកុមារ៖ «សេចក្ដីព្រាងច្បាប់ចាស់មុននេះខ្ញុំឃើញគេដាក់តុលាការយុត្តិធម៌កុមារ ស្រាប់ឥឡូវវាបាត់អាហ្នឹង ខ្ញុំគិតថា ដូច្នេះខ្ញុំស្នើសុំឲ្យរដ្ឋាភិបាលគិតគូរតុលាការកុមារ ហើយនិងតុលាការគ្រួសារ។ ជួនកាលពេលខ្លះយើងអត់ចាប់អារម្មណ៍ ក៏ប៉ុន្តែនៅលើពិភពលោក តុលាការកុមារ គេ...ដូចជាប្រទេសហ្វីលីពីន ជាដើម តុលាការកុមារហ្នឹងមមាញឹករឿងក្ដីច្រើនជាងគេ ជាងតុលាការផ្សេងៗ ដោយសារស្អី ដោយសារក្មេងៗចាប់ផ្ដើមធំឡើងអ៊ីចឹងទៅ វាចាប់ផ្ដើមជ្រួលជ្រើមវាអីអ៊ីចឹងទៅ ជួនកាលវាប្រព្រឹត្តបទល្មើសអីផ្សេងៗច្រើនជាងមនុស្សធំ ជាពិសេសបើសិនយើងមិនអាចទប់នឹងគ្រឿងញៀនបាន បទល្មើសដែលពាក់ព័ន្ធនឹងគ្រឿងញៀនច្រើនពាក់ព័ន្ធក្មេងៗច្រើនជាង មិនសូវមនុស្សចាស់ប៉ុន្មានទេ។ ដល់អ៊ីចឹងទៅ ធ្វើឲ្យតុលាការកុមារហ្នឹងក៏សំខាន់ដែរ ហេតុដូច្នេះ ខ្ញុំគិតថា រដ្ឋាភិបាលគួរគិតគូររឿងតុលាការកុមារ និងតុលាការគ្រួសារហ្នឹងដែរ»។
ទាក់ទងនឹងរចនាសម្ព័ន្ធដឹកនាំរបស់តុលាការជំនាញដែលច្បាប់នេះគ្រោងនឹងបង្កើតវិញ លោកមេធាវី សុក សំអឿន អោយដឹងថា ប្រធានតុលាការជំនាញនីមួយៗមិនគួរស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រធានសាលាដំបូង ដូចចែងក្នុងច្បាប់នេះឡើយ៖ «ចំណុចមួយទៀតដែលខ្ញុំបារម្ភ យើងឃើញមានដាក់ថាតុលាការរដ្ឋបាល តុលាការព្រហ្មទណ្ឌ ក៏ប៉ុន្តែយើងឃើញក្នុងសេចក្ដីព្រាងច្បាប់ហ្នឹងហាក់ដូចប្រធានតុលាការទាំងអស់ហ្នឹងនៅក្រោមប្រធានតុលាការសាលាដំបូងមួយទៀត។ តុលាការជំនាញទាំងអស់នោះនៅក្រោមប្រធានតុលាការមួយ។ បើសិនជាអ៊ីចឹងខ្ញុំមានការបារម្ភខ្លាច ខ្ញុំៗថាខ្ញុំសុំឲ្យដាច់ដោយឡែកតែហ្មងទៅ បើយកល្អឲ្យមានអគារដាច់ដោយឡែក មានប្រធានតុលាការដាច់ដោយឡែក ដែលគ្រប់គ្រងដាច់ដោយឡែកអ៊ីចឹងទៅ វាចាំបាច់ឲ្យមានរចនាសម្ព័ន្ធមានថ្នាក់អីច្រើនដូចជាបញ្ហារដ្ឋបាល នាំឲ្យពិបាកស្មុគស្មាញរឿងការិយាល័យធិបតេយ្យហ្នឹងទេ ដូច្នេះបើសិនជាអាចមានអគារក្រៅ លើកលែងតែអត់មានអគារផ្សេង ខ្ញុំមិនជំទាស់ទេបាទ»។
រដ្ឋធម្មនុញ្ញកម្ពុជា ចែងយ៉ាងច្បាស់អំពីការបែងចែកអំណាចដាច់ពីគ្នារវាងតុលាការ និងអំណាចរដ្ឋាភិបាល។ ប៉ុន្តែខ្លឹមសារនៅក្នុងមាត្រា១១ នៃសេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំអង្គការតុលាការនេះ មានចន្លោះប្រហោងដែលអាចជាការទុកឱកាសអោយរដ្ឋាភិបាល ជ្រៀតជ្រែកចូលក្នុងកិច្ចការតុលាការ។ មួយផ្នែកធំនៃខ្លឹមសារក្នុងមាត្រា១១ ចែងអំពីក្រសួងយុត្តិធម៌ មានភារកិច្ចត្រួតពិនិត្យលើកិច្ចការរដ្ឋបាលរបស់តុលាការគ្រប់ជាន់ថ្នាក់។ ភារកិច្ចនេះមិនមែនជារឿងប្លែកទេ ប៉ុន្តែអ្វីដែលប្លែក និងជាបញ្ហានោះ គឺអ្នកតាក់តែងសេចក្តីព្រាងច្បាប់នេះ បានបញ្ចូលខ្លឹមសារមួយឃ្លាដែលមានសេចក្តីថា៖ «ក្នុងករណីចាំបាច់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាចចាត់អោយធ្វើអធិការកិច្ចលើបញ្ហាណាមួយជាកំណត់ រួចធ្វើរបាយការណ៍ជូនឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យ និងសម្រេច»។
ចំពោះចំណុចនេះ លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ការសរសេរច្បាប់ គេត្រូវតែសរសេរអោយបានច្បាស់ ជៀសវាងការបកស្រាយផ្សេងៗគ្នាបណ្ដាលអាចអោយក្រសួងយុត្តិធម៌ ដែលជាផ្នែកមួយនៃរដ្ឋាភិបាលឆក់ឱកាសលូកដៃចូលក្នុងកិច្ចការរបស់តុលាការ៖ «បើទស្សនៈខ្ញុំវិញ ទាំងក្រឡាបញ្ជីទាំងអី គួរតែឲ្យមកក្រោមតុលាការដាច់ហ្មង មិនបាច់តាមក្រសួងយុត្តិធម៌ អាហ្នឹងបើតាមទស្សនៈរបស់ខ្ញុំវិញណា។ ក៏ប៉ុន្តែបើសិនជាយើងអ៊ីចឹង ក៏...អានេះស៊ីសងលើការសម្រេចរបស់អ្នកនយោបាយទេ គ្រាន់តែខ្ញុំគិតថាគួរតែរដ្ឋាភិបាលជជែកគ្នា ជាពិសេសអស់លោកចៅក្រមធំៗ ជាពិសេសប្រធានតុលាការទាំងអស់គ្នាហ្នឹងគួរតែគិតមើល ថាតើយើងដូររចនាសម្ព័ន្ធបែបគ្រប់គ្រងតុលាការយើងដែរឬអត់ ឬក៏យើងចេះតែទុកអ៊ីចឹងៗទៅ ហើយយើងមិនព្រមធ្វើអភិវឌ្ឍដើម្បីឲ្យការងារ ជាពិសេសការងារគ្រប់គ្រង ព្រោះធម្មតាបើរឿងក្បួនគ្រប់គ្រង បើនាយកនៅក្នុងស្ថាប័នហ្នឹងធំហើយ ក៏ប៉ុន្តែដល់ពេលបុគ្គលិកហ្នឹងទៅ ទៅធ្វើអីគេអត់កើត ត្រូវមានមេមួយផ្សេងទៀតសម្រាប់គ្រប់គ្រង។ ដូច្នេះ ការគ្រប់គ្រងហ្នឹងប្រាកដជាអត់សូវមានប្រសិទ្ធភាពទេ។ ហេតុដូច្នេះ ខ្ញុំគិតថា គួរតែប្រើប្រធានតុលាការ តុលាការទាំងអស់ហ្នឹង ជជែកជាមួយនឹងក្រសួងទៅ ហើយក្រសួងយុត្តិធម៌ ក៏គួរតែគិតដែរ ព្រោះតាមពិតទៅ ក្រសួងយុត្តិធម៌ មានការងារច្រើនជាងហ្នឹងទៅទៀត ជាពិសេសបើសិនជាយើងប្រគល់ឲ្យការងារព្រាងច្បាប់ទាំងអស់ ក្រសួងយុត្តិធម៌ ប្រហែលជាក្រសួងយុត្តិធម៌ រកពេលសម្រាកអត់មានទេ។ ហេតុដូច្នេះ អាការងារតុលាការហ្នឹងគួរតែប្រលែងឲ្យឧត្ដមក្រុមចៅក្រម ហើយប្រធានតុលាការហ្នឹងចេះគ្រប់គ្រងចេះអីតៗគ្នាមក ខ្ញុំជឿថាមានប្រសិទ្ធភាពជាងអាឲ្យក្រសួងយុត្តិធម៌ណាផ្សេងមកគ្រប់គ្រងអ៊ីចឹង ធ្វើឲ្យក្រឡាបញ្ជីហ្នឹងក៏មិនសូវជាខ្លាចចៅក្រមហ្នឹងប៉ុន្មានដែរ ព្រោះចៅក្រមគាត់ក៏មិនសូវមានឥទ្ធិពលអត់ហ៊ានថាអីឲ្យក្រឡាបញ្ជីធ្វើម៉េចៗឲ្យត្រូវដែរ អាហ្នឹងបើសិនយើងរក្សាទុករបៀបហ្នឹង។ បើរឿងពាក់ព័ន្ធទៅនឹងការសង្ស័យថាក្រឡាបញ្ជីធ្វើខុសមិនខុស អាហ្នឹងយើង ខ្ញុំថាអូខេ អាចធ្វើបានមិនជាអី ក៏ប៉ុន្តែគួរតែមានបែបបទអីឲ្យស្រួលដែរ ហើយយ៉ាងហោចណាស់ក៏សរសេរឲ្យជាក់ច្បាស់ជាងនេះ កុំឲ្យសរសេរទូលំទូលាយបែបហ្នឹងបាទ!»។
លោកមេធាវី សុក សំអឿន គូសបញ្ជាក់ថា ច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ គឺជាច្បាប់ដ៏សំខាន់បំផុតមួយសម្រាប់ទ្រទ្រង់វិស័យយុត្តិធម៌នៅកម្ពុជា ដែលរដ្ឋាភិបាលត្រូវតែបើកឱកាសអោយមានការចូលរួមផ្តល់មតិយោបល់អោយបានផុលផុស ដើម្បីជៀសវាងការស្តីបន្ទោសនៅពេលក្រោយ៖ «កន្លងមកខ្ញុំសង្កេតឃើញថា អ្នកដែលព្រាងច្បាប់ហ្នឹងគាត់ប្រឹងព្យាយាមការពារ បើជជែកគ្នាវិញ ប្រឹងព្យាយាមការពារអត់កែ ខ្លាចគេចង់កែ។ ហើយខ្ញុំគិតថាគួរតែផ្លាស់ប្ដូរគំនិតហ្នឹង យើងប្រមូលមតិគ្នាមក ហើយយើងរើសអាមតិណាល្អៗមក ដើម្បីធ្វើការកែលំអច្បាប់ស្រុកយើង ពីព្រោះយើងធ្វើច្បាប់ប្រវត្តិសាស្ត្រ ហើយបើសិនជាអស់លោកដែលប្រឹងការពារច្បាប់ដែលលោកប្រឹងសរសេរ ហើយទីបំផុតអាដែងអឺ ថ្ងៃក្រោយទៅវាមិនល្អ មានន័យថាកេរ្តិ៍ឈ្មោះរបស់លោកមិនល្អរាប់ទសវត្សបាទ!»។
ច្បាប់រៀបចំអង្គការតុលាការដែលសង្គមកម្ពុជា រង់ចាំអស់រយៈពេល ២១ឆ្នាំកន្លងមកហើយនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងការពិនិត្យរបស់រដ្ឋាភិបាល មុននឹងដាក់ជូនទៅរដ្ឋសភា។ ក្រុមសង្គមស៊ីវិលកំពុងទាមទារការចូលរួមកែលំអច្បាប់នេះអោយមានភាពសុក្រឹត ពោលគឺច្បាប់មួយដែលអាចបម្រើផលប្រយោជន៍ពលរដ្ឋកម្ពុជា គ្រប់រូបដោយគ្មានប្រកាន់និន្នាការនយោបាយ។
ទោះជាយ៉ាងណា លទ្ធផលចុងក្រោយ ប្រសិនបើច្បាប់នេះចេញមកជាច្បាប់ល្អ វានឹងក្លាយជាយន្តការដ៏ប្រពៃមួយសម្រាប់រួមចំណែកទ្រទ្រង់យុត្តិធម៌ក្នុងសង្គមកម្ពុជា ប៉ុន្តែប្រសិនបើមិនល្អវិញនោះ វានឹងអាចជាឧបករណ៍ប្រើប្រាស់ដ៏គ្រោះថ្នាក់មួយរបស់អ្នកកាន់អំណាចរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។