ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​របប​លោក ហ៊ុន សែន អាច​ចូល​ជា​ធរមាន​នៅ​ឆ្នាំក្រោយ

ដោយ មួង ណារ៉េត
2019-07-28
Share
ថិត យ៉ូហូ (Ted Yoho) លោក ថិត យ៉ូហូ (Ted Yoho) តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ហ្វ្ល័ររីដា (Florida) និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​បរទេស​ទទួល​បន្ទុក​កិច្ចការ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ដឹក​នាំ​ឱ្យ​សេចក្ដី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន។
RFA

ច្បាប់​ដាក់ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របប​ក្រុងភ្នំពេញ ត្រូវ​បាន​បញ្ជូន​ដល់ដៃ​ព្រឹទ្ធសភា​អាមេរិក​ហើយ គឺ​មួយថ្ងៃ​ក្រោយ​រដ្ឋសភា​អាមេរិក បាន​អនុម័ត​ច្បាប់​នេះ​រួច កាលពី​ថ្ងៃទី១៦ ខែ​កក្កដា ។ គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស របស់​ព្រឹទ្ធសភា​អាមេរិក នឹង​ដាក់​ច្បាប់​នេះ ទៅ​ក្នុង​របៀបវារៈ ដើម្បី​បោះឆ្នោត​នៅ​កម្រិត​គណៈកម្មាធិការ​នេះ​សិន មុននឹង​បញ្ជូន​បន្ត​ទៅ​សភា​ពេញ​អង្គ​របស់​ព្រឹទ្ធសភា ដើម្បី​អនុម័ត ។

តើ​ច្បាប់​នេះ មាន​គោលដៅ និង​នីតិវិធី​យ៉ាង​ដូចម្ដេច​ខ្លះ?

ច្បាប់​ដែល​សមាជិកសភា ជា​អ្នក​ស្នើ​ឡើង​នេះ គឺ​ផ្ដើម​ដោយ​អក្សរ H.R. (House of Representatives) ត្រូវ​ឆ្លងកាត់​បួន​ដំណាក់កាល ។ ដំណាក់កាល​ដំបូង គឺ​ដាក់​ស្នើ​ច្បាប់​ ។ ដំណាក់​ទី​ពីរ​សភា​អនុម័ត​ ។ ដំណាក់កាល​ទី​បី ព្រឹទ្ធសភា​អនុម័ត​ ។ ចុងក្រោយ​ប្រធានាធិបតី​ចុះហត្ថលេខា ដើម្បី​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។

ឥឡូវនេះ ច្បាប់​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ទី​បី ដោយ​ស្ថិត​ក្នុង​ដៃ​គណៈកម្មាធិការ​កិច្ចការ ទំនាក់ទំនង​បរទេស​របស់​ព្រឹទ្ធសភា ដែល​មាន​ភារកិច្ច​សិក្សា​លើ​ខ្លឹមសារ​ច្បាប់​នេះ មុននឹង​ដាក់​ទៅ​ព្រឹទ្ធសភា​អនុម័ត​ ។ ដំណាក់កាល​ទី​ពីរ និង ទី​បី អាច​ប្រព្រឹត្តទៅ​ឆាប់ ឬ យូរ​អាស្រ័យ​ទៅ​លើ​ការ​ជំរុញ​ពី​តំណាងរាស្ត្រ ដែល​ស្នើ​ច្បាប់ និង​តំណាងរាស្ត្រ​ដែល​គាំទ្រ​សេចក្ដី​ស្នើ​ច្បាប់​នេះ​ ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ពលរដ្ឋ​ខ្មែរ​-​អាមេរិក​ទូទៅ អាច​ជួយ​ជំរុញ​ឱ្យ​ច្បាប់​នេះ​ចេញ​ឆាប់ ដោយ​សរសេរ​ញត្តិ​ទៅ​កាន់​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ ឬ តំបន់​របស់​ខ្លួន ឬ​ណាត់​ជួប​តំណាងរាស្ត្រ​ទាំងនោះ ដោយ​បញ្ជាក់​អំពី​គោលបំណង ដែល​ចង់​ឱ្យ​ប្រញាប់​អនុម័ត​ច្បាប់​នេះ ។

ក្រោយពី​ស្ថាប័ន​ព្រឹទ្ធសភា​អនុម័ត​រួច ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ។ ប្រធានាធិបតី មាន​ជម្រើស​បី ។ ទីមួយ ចុះហត្ថលេខា​លើ​ច្បាប់​នេះ ដើម្បី​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ។ ទី​ពីរ​ជំទាស់​ច្បាប់​នេះ ដោយ​ប្រើ​សិទ្ធិ​វ៉េតូ (veto) រួច​បញ្ជូន​វា​ត្រឡប់​ទៅ​សភា​វិញ​ ។ បើ​មតិ​ពីរ​ភាគបី​នៃ​សភា នៅតែ​គាំទ្រ​ច្បាប់​នេះ ការជំទាស់​របស់​ប្រធានាធិបតី គ្មាន​ប្រសិទ្ធភាព​ ។ ច្បាប់​នោះ​នឹង​ចូល​ជា​ធរមាន ។ ទី​បី ប្រធានាធិបតី មិន​ចាំបាច់​ធ្វើ​អ្វី​សោះ​ ។ ក្នុង​ករណី​ដែល​ប្រធានាធិបតី​មិន​ធ្វើ​អ្វី​សោះ​នេះ ក្រោយពី​ច្បាប់​នេះ​បាន​ដល់ដៃ​ប្រធានាធិបតី ១០ ថ្ងៃ វា​នឹង​ចូល​ជា​ធរមាន​ដោយ​ស្វ័យប្រវត្តិ ។

ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ២០១៩ (the Cambodia Democracy Act of 2019) H.R. 526 គឺជា​សេចក្ដី​ស្នើ​ច្បាប់ ដែល​រដ្ឋសភា​សហរដ្ឋ​អាមេរិក អនុម័ត​ជា​ឯក​ឆន្ទ​ម្តង​រួច​ទៅ​ហើយ នៅ​ចុង​អាណត្តិ​ទី ១១៥ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨។ កាលណោះ ច្បាប់​នោះ មាន​ឈ្មោះថា “​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៨ ឬ H.R 5754​ ។ ច្បាប់​នោះ បាន​ទៅ​ដល់ដៃ​ព្រឹទ្ធសភា​នៅ​ថ្ងៃ​បន្ទាប់​ ។ ប៉ុន្តែ ព្រឹទ្ធសភា មិន​ទាន់​បាន​អនុម័ត​នៅឡើយ ហើយ​អាណត្តិ​ចាស់​នោះ ក៏បាន​ផុត​នៅ​ត្រឹម​ចុង​ឆ្នាំ ២០១៨ ។

សភា​អាណត្តិ​ថ្មី នីតិកាល​ទី ១១៦ ចាប់ផ្ដើម​កាលពី​ដើមខែ មករា​ ។ មួយ​សប្ដាហ៍​ក្រោយមក តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​លោក ថិត យ៉ូហូ (Ted YOHO) បាន​ដាក់​សេចក្តី​ស្នើ​ច្បាប់​ដដែល​នេះ ដោយ​គ្រាន់តែ​ប្ដូរ​ឆ្នាំ និង រក្សា​ខ្លឹមសារ​ទាំងស្រុង​ឱ្យ​នៅ​ដដែល​ ។

ច្បាប់​នេះ ធ្វើឡើង​ក្នុង​គោលដៅ​ដាក់​សម្ពាធ​របប​លោក ហ៊ុន សែន ឱ្យ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ក្រោយ​របប​នេះ​ចាប់​ប្រធាន​គណបក្សប្រឆាំង​លោក កឹម សុខា ដាក់​ពន្ធនាគារ និង​បន្ត​ឃុំឃាំង​ខ្លួន​លោក​នៅ​ក្នុង​ផ្ទះ និង​រម្លាយ​គណបក្សប្រឆាំង​តែមួយ​គត់ ដែល​មាន​អាសនៈ ៥៥ នៅ​ក្នុង​រដ្ឋសភា មាន​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ពាក់​កណ្ដាល​ប្រទេស និង​ក្រោយមក​រៀបចំ​ការបោះឆ្នោត ដែល​ផាត់​ចោល​បក្ស​ប្រឆាំង​នេះ​ ។ ច្បាប់​ដដែល​នេះ នឹង​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​របប​សព្វថ្ងៃ និង​មន្ត្រី​យោធា ឬ​កង​សន្តិសុខ ដែល​បាន​ចូល​ដៃ​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​នោះ​ ។ ទណ្ឌកម្ម​ទាំងនោះ រួម​មានការ​បង្កក​ទ្រព្យសម្បត្តិ និង​បិទ​ទិដ្ឋាការ​មន្ត្រី​ទាំងនោះ ដោយ​មិន​ឱ្យ​ជាន់​ទឹកដី​អាមេរិក ។តំណាងរាស្ត្រ​អាមេរិក ពី​ខាង​គណបក្ស​កាន់អំណាច គឺ​គណបក្ស​សាធារណរដ្ឋ (the Republican) ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ឱ្យ​មាន​ច្បាប់​នេះ គឺ​លោក ថិត យ៉ូហូ (Ted YOHO) ថ្លែងប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ថា លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ព្រឹទ្ធសភា​ក៏​នឹង​អនុម័ត​ច្បាប់​នេះ​ឆាប់ៗ​ដែរ ។ ម្យ៉ាងទៀត ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ឱ្យ​ស្របតាម​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​និយម​ប្រជាធិបតេយ្យ និង​សហរដ្ឋអាមេរិក ដែល​ចង់​ឃើញ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​នឹង​គេ​៖ «​ច្បាប់​នេះ​ធ្វើឡើង​យ៉ាង​សមស្រប​បំផុត និង​ជា​អ្វី​ដែល​ត្រូវតែ​ធ្វើជា​ចាំបាច់​ ។ លោក ហ៊ុន សែន ក្បត់​ពាក្យ​សន្យា​ក្នុង​កិច្ចព្រមព្រៀង ដែល​កម្ពុជា​ត្រូវតែ​រៀបចំ​ការបោះឆ្នោត ឱ្យ​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ ។ ប៉ុន្តែ ជា​អកុសល ពេល​គណបក្ស​សង្គ្រោះ​ជាតិ កើន​ប្រជាប្រិយ​ភាពជា​លំដាប់ ក្នុង​ការ​បោះឆ្នោត​ជា​បន្តបន្ទាប់​នោះ ស្រាប់តែ​លោក ហ៊ុន សែន រករឿង​គណបក្ស​នេះ រហូតដល់​រម្លាយ​ចោល​ទាំងស្រុង រួចហើយ​ចាប់​មេដឹកនាំ​បក្ស​នេះ​ដាក់​ពន្ធនាគារ និង​ធ្វើទុក្ខបុកម្នេញ​សកម្មជន​បក្ស​ប្រឆាំង​ឥត​ស្រាកស្រាន្ត​ ។ តើ​ទង្វើ​អស់ទាំង​នេះ ឱ្យ​យើង​អត់ទ្រាំ​យ៉ាងដូចម្ដេច​បាន​? សហភាព​អឺរ៉ុប ក៏​យល់ឃើញ​ដូច​យើង​ដែរ​ ។ បើ​កុំ​តែ​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ យើង​ក៏​មិន​ជ្រៀតជ្រែក​ក្នុង​រឿង​នេះ​ដែរ»

លោក ថិត យ៉ូហូ (Ted YOHO) មាន​សុទិដ្ឋិនិយម​ខ្ពស់ ថា​ច្បាប់​នេះ​នឹង​ត្រូវ​ព្រឹទ្ធសភា​អនុម័ត ដោយ​គ្មាន​ជំទាស់ ឬ អល់អែក​អ្វី​នោះ​ឡើយ​ ។ លោក​សង្ឃឹម​រហូត​ដល់ ៩៨% ថា​ព្រឹទ្ធសភា​នឹង​យល់​ស្របតាម​សំណើ​នេះ​ដែរ​ ។ ក្រោយ​មក​ច្បាប់​នេះ នឹង​ចុះហត្ថលេខា​ប្រកាស​ឱ្យ​ចូល​ជា​ធរមាន​ ។ ដូច្នេះ លោក​រំពឹង​ថា នៅ ៦ ខែ ឬ មួយ​ឆ្នាំ មុន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន៖ «ខ្ញុំ​សង្ឃឹម​ថា ច្បាប់​នេះ​នឹង​ធ្វើ​ឱ្យ​មេដឹកនាំ​ដូចជា​លោក ហ៊ុន សែន រៀន​គិត​ឱ្យ​វែងឆ្ងាយ​ទៅ​អនាគត ថា​តើ​គាត់​ចង់​ឱ្យ​គេ​ចងចាំ​គាត់​ថា ជា​មេដឹកនាំ​អាក្រក់ និង​ជា​ជន​ផ្ដាច់ការ ឬ​ជា​មេដឹកនាំ​ល្អ ដែល​គួរ​ឱ្យ​គោរព ដូច​អតីត​ប្រធាន​ធិបតី​អាមេរិក​លោក ជច វ៉ាស៊ីនតោន (George Washington) ឬ​លោក អាប្រាហាម លីនខុន (Abraham Lincoln)​ ។ ទុក​ឱ្យ​លោក ហ៊ុន សែន ជា​អ្នក​ជ្រើសរើស​ដោយ​ខ្លួនឯង​ចុះ​ថា ត្រូវ​យក​មួយ​ណា»

ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ខែ​វិច្ឆិកា ២០២០ ។

សហរដ្ឋអាមេរិក គឺជា​ប្រទេស​ហត្ថលេខី​មួយ ក្នុងចំណោម​ប្រទេស ១៩ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ​១៩៩១​ ។ កិច្ច​ព្រមព្រៀង​នោះ គឺ​ដើម្បី​រក​ដំណោះស្រាយ​រួម បិទ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ នៃ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ដោយ​កម្ពុជា​សន្យា​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ជា​មូលដ្ឋាន ដោយ​រៀបចំ​ឱ្យ​មានការ​បោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង យុត្តិធម៌​ ។​

ប៉ុន្តែ រយៈពេល​ជាង​មួយ​ឆ្នាំ ចុងក្រោយ​នេះ ពោល​គឺ ២៥​ឆ្នាំ ក្រោយ​មាន​កិច្ចព្រមព្រៀង​នេះ របប​លោក ហ៊ុន សែន រង​ការរិះគន់ និង​ថ្កោលទោស​ជុំ​ទិស ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ មាន​សភាព​ធ្ងន់ធ្ងរ ដែល​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ ។

សហរដ្ឋអាមេរិក មាន​យន្តការ​ច្បាប់​ជាច្រើន ដើម្បី​ដាក់​សម្ពាធ​លើ​របប​លោក ហ៊ុន សែន ឱ្យ​ងាក​មក​រក​គន្លង​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ រួម​ទាំង​ការរៀបចំ ឱ្យ​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង យុត្តិធម៌​ផង​ ។ យន្តការ​ច្បាប់​ទាំងនោះ រួមមាន​ទាំង ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៩ នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល